ធនាគារ ANZ ផ្ដល់​ប្រាក់​២​ម៉ឺន​ដុល្លារ​ជួយ​លើក​ស្ទួយ​យុវជន​ក្រីក្រ​តាម​រយៈ​ការ​ហាត់​សិល្បៈ

ដោយ ហង្ស សាវយុត
2015.02.26
នុកឃី ហ្គ្រេនធ៍ (Knuckey Grant) ហួត តារា ៦២០ តំណាង​ធនាគារ អេ.អិន.ហ្សិត (ANZ Royal) លោក នុកឃី ហ្គ្រេនធ៍ (Knuckey Grant) និង​នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ លោក ហួត តារា (កណ្ដាល) ធ្វើ​សន្និសីទ​កាសែត​ជុំវិញ​ការ​ផ្ដល់​ជំនួយ​ទឹក​ប្រាក់​២​ម៉ឺន​ដុល្លារ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA/Hang Savyouth

រយៈពេល ២០​ឆ្នាំ​មក​ហើយ សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ដែល​ជា​អង្គការ​មិន​រក​កម្រៃ បាន​កើត​ឡើង​នៅ​ខេត្ត​បាត់ដំបង ដើម្បី​ជួយ​កុមារ និង​យុវជន​ក្រីក្រ​ឲ្យ​មាន​ឱកាស​រៀន​សូត្រ ព្រម​ទាំង​មាន​ជំនាញ​ផ្នែក​គំនូរ សិល្បៈ តូរ្យតន្ត្រី និង​ការ​សម្ដែង​សៀក ជាដើម។

រហូត​មក​ដល់​បច្ចុប្បន្ន សមាគម​ហ្វារ​ពន្លឺ​សិល្បៈ បាន​ពង្រីក​ខ្លួន​ទៅ​ជា​សហគ្រាស​សង្គម​ហ្វារ​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ជួយ​លើក​ស្ទួយ​ការ​រស់នៅ​របស់​យុវជន និង​កុមារ​ក្រីក្រ​ឲ្យ​កាន់​ប្រសើរ​ឡើង។ គម្រោង​ថ្មី​នៅ​ក្នុង​ខេត្ត​សៀមរាប កំពុង​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​ខ្លះ​មាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ។

ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ផ្ដល់​កញ្ចប់​ទឹក​ប្រាក់​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​សហគ្រាស​សង្គម​ហ្វារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ កន្លង​ទៅ។ ការ​ផ្ដល់​ថវិកា​នេះ គឺ​ក្នុង​គោល​បំណង​ចូលរួម​ចំណែក​បង្កើន​ការ​អប់រំ​ទៅ​ដល់​យុវជន និង​កុមារ​ក្រីក្រ​ខ្មែរ​ឲ្យ​មាន​និរន្តរភាព។

នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​សង្គម​ហ្វារ គឺ​លោក ហួត តារា។ លោក​ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​កញ្ចប់​ប្រាក់ ២​ម៉ឺន​ដុល្លារ​នោះ​ថា សហគ្រាស​សង្គម​ហ្វារ មាន​ទស្សនវិស័យ​លើ​គំនិត​ច្នៃប្រឌិត​សិល្បៈ​ដែល​គ្រប់​គ្នា​ប្រដូច​ទៅ​នឹង​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ សម្រាប់​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ឲ្យ​មាន​ការ​រីក​ចម្រើន និង​រស់​រវើក។ លោក ហួត តារា បញ្ជាក់​ថា ថ្វី​ត្បិត​តែ​ជំនួយ​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ គឺ​ជា​ចំនួន​តិចតួច ប៉ុន្តែ​វា​មាន​សារសំខាន់​ក្នុង​ការ​ជួយ​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ និង​អាច​ជួយ​ពង្រឹង​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​បាន។

លោក ហួត តារា ឲ្យ​ដឹង​ថា លោក​នឹង​យក​ប្រាក់ ២​ម៉ឺន​ដុល្លារ​នេះ​ទៅ​បង្រៀន​សិល្បៈ​សៀក ដល់​យុវជន និង​កុមារ​ក្រីក្រ ព្រម​ទាំង​អញ្ជើញ​កុមារ​កំព្រា​ពី​តាម​អង្គការ​ផ្សេងៗ​នៅ​ខេត្ត​សៀមរាប ឲ្យ​មក​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​កែប្រែ​ជីវិត​រស់នៅ។ គម្រោង​ទឹក​ប្រាក់​នេះ ក៏​នឹង​សហការ​ដៃគូ​ជាមួយ​សាលា​បៃ (SALA BAI) ដើម្បី​បង្រៀន​សិល្បករ​សៀក និង​យុវជន​ទាំង​ឡាយ ឲ្យ​ចេះ​ពី​របៀប​សន្សំ​ប្រាក់​នៅ​ពេល​ដែល​គាត់​មាន​ការងារ​ធ្វើ និង​ខ្លះ​ទៀត​យក​ទៅ​រៀបចំ​ការ​សម្ដែង​មហោស្រព​សៀក​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា ខាង​មុខ៖ «ដើម្បី​ឲ្យ​គាត់​យល់​ថា សិល្បករ​ហ្វារ​ពន្លឺ​សិល្បៈ​ដែល​សម្ដែង​ថ្ងៃ​នេះ គឺ​ធ្លាប់​ជា​កុមារ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ពិបាក​ពី​មុន​មក គាត់​ធ្លាប់​ជា​អ្នក​រើស​សំរាម​តាម​ផ្លូវ​ក៏​មាន គាត់​ធ្លាប់​ជា​កុមារ​កំព្រា ប៉ុន្តែ​ថ្ងៃ​នេះ​គាត់​ជា​សិល្បករ​ដែល​មាន​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ខ្លាំង»

លោក ហួត តារា ឲ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ បាន​ចំណាយ​ប្រាក់​ប្រមាណ ១​លាន​ដុល្លារ​កន្លះ ដើម្បី​ទ្រទ្រង់​គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​សៀក តូរ្យតន្ត្រី ការ​សិក្សា​រៀន​សូត្រ និង​ជំនាញ​គំនូរ ទៅ​ដល់​យុវជន និង​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ។

តំណាង​ធនាគារ អេ.អិន.ហ្សិត លោក នុកឃី ហ្គ្រេនធ៍ (Knuckey Grant) មាន​ប្រសាសន៍​ថា ជំនួយ​ទឹក​ប្រាក់ ២​ម៉ឺន​ដុល្លារ​នេះ មិន​មែន​ធំ​ដុំ​ទេ ក៏ប៉ុន្តែ​វា​គឺ​ជា​ទឹក​ចិត្ត​ដែល​ធនាគារ អេ.អិន.ហ្សិត ចូលរួម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់រំ​យុវជន និង​កុមារ​ក្រីក្រ​ខ្មែរ៖ «សម្រាប់​ធនាគារ អេ.អិន.ហ្សិត បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ ដែល​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ទេ គឺ​នៅ​ក្នុង​ពិភពលោក​ទាំង​មូល។ ខ្ញុំ​យល់​ថា ការ​អប់រំ​ចំណេះ​ដឹង និង​ផ្នែក​សិល្បៈ​ប្រពៃណី​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​កត្តា​ដ៏​សំខាន់។ ដូច្នេះ​ហើយ​បាន​ជា​យើង​សម្លឹង​មើល​ទៅ​សហគ្រាស​សង្គម​ហ្វារ ជុំវិញ​គម្រោង​នេះ»

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​សាលា​បៃ (Sala Bai) ដែល​កំពុង​ជួយ​បង្ហាត់​បង្រៀន​យុវជន​ក្រីក្រ​ខ្មែរ​ឲ្យ​ចេះ​ជំនាញ​ចុងភៅ ជំនាញ​សណ្ឋាគារ និង​គ្រប់គ្រង នៅ​ក្នុង​ខេត្ត​សៀមរាប ក៏​ទទួល​ស្គាល់​ថា ការ​ជួយ​លើក​ស្ទួយ​យុវជន និង​កុមារ​ក្រីក្រ​ខ្មែរ ឲ្យ​មាន​ការងារ​ធ្វើ​ក្នុង​សង្គម គឺ​ជា​គោល​បំណង​ដ៏​សំខាន់​បំផុត។

ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ សាលា​បៃ កញ្ញា មេយែល បាប៊ីយែរ (Mayelle Barbier) ដែល​ជា​ដៃគូ​ជាមួយ​សហគ្រាស​សង្គម​ហ្វារ មាន​ប្រសាសន៍​ថា សាលា​បៃ នឹង​ជួយ​រៀបចំ​ឲ្យ​មាន​សិក្ខា​សាលា​ស្ដី​អំពី​ការ​ចាត់​ចែង និង​ទុក​ដាក់​លុយ​កាក់​ទៅ​ដល់​យុវជន​ក្រីក្រ​ទាំង​ឡាយ ដែល​មាន​ការ​ធ្វើ​ឲ្យ​ចេះ​សន្សំ​លុយ​កាក់។ ការ​ឲ្យ​យុវជន​ក្រីក្រ​ចេះ​សន្សំ​ទុក​លុយ​កាក់ គឺ​ជា​ការ​ប្រសើរ​ណាស់ ដើម្បី​ឲ្យ​គេ​មាន​លទ្ធភាព​កាន់​តែ​ច្រើន​ឡើងៗ​ជួយ​ដល់​ក្រុម​គ្រួសារ និង​ខ្លួន​ឯង។

សហគ្រាស​សង្គម​ហ្វារ គឺ​ជា​ផ្នែក​មួយ​នៃ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ដែល​បង្កើត​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៦ នៅ​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ជួយ​បង្រៀន​កុមារ​ក្រីក្រ​ទាំង​អក្សរសាស្ត្រ​ជាតិ ការ​សម្ដែង​សៀក តូរ្យតន្ត្រី និង​គូរ​គំនូរ ជាដើម។

បច្ចុប្បន្ន នៅ​ក្នុង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ ខេត្ត​បាត់ដំបង គឺ​មាន​យុវជន និង​កុមារ​ក្រីក្រ​ប្រមាណ​ជាង ១.២០០​នាក់ បាន​ចូល​ទៅ​រៀន​អក្សរ និង​ជំនាញ​ជាច្រើន​ទៀត​ក្នុង​១​ថ្ងៃៗ។ សមាគម​នេះ បាន​ផ្លាស់ប្ដូរ​ខ្សែ​ជីវិត​កុមារ​ក្រីក្រ​ជាច្រើន ឲ្យ​ប្រែ​ក្លាយ​ទៅ​ជា​អ្នក​មាន​ជំនាញ និង​អាជីព​ប្រសើរ​ឡើង។

កញ្ញា ពិន ភូណាំ ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​អ្នក​ចេះ​សម្ដែង​សៀក​យ៉ាង​ស្ទាត់​ជំនាញ ឲ្យ​ដឹង​ថា កាល​ពី​កុមារភាព គឺ​នាង​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ ដែល​ឪពុក​ចូល​ចិត្ត​សេព​គ្រឿង​ស្រវឹង និង​ឧស្សាហ៍​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ម្ដាយ។ កាល​ពី​អាយុ ៧​ឆ្នាំ រូប​នាង និង​ប្អូនស្រី តែង​នាំ​គ្នា​ដើរ​រើស​អេតចាយ​យក​ទៅ​លក់​បាន​ប្រាក់​យក​មក​ផ្គត់ផ្គង់​គ្រួសារ និង​រៀន​សូត្រ។ ប៉ុន្តែ ជីវិត​របស់​នាង​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង បន្ទាប់​ពី​បាន​ចូល​រៀន និង​ហាត់​សម្ដែង​សៀក​នៅ​ក្នុង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ មក៖ «សាលា​ហ្វារ​ជា​កន្លែង​មួយ​ដែល​អប់រំ​យើង​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ជីវិត​រស់នៅ។ តាម​រយៈ​ហ្វារ តាម​រយៈ​ការ​រៀន​សូត្រ​របស់​ខ្ញុំ ជាពិសេស​គឺ​ជំនាញ​សិល្បៈ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់ប្ដូរ​ពី​ក្មេង​រើស​អេតចាយ​តាម​ផ្លូវ ក្លាយ​ទៅ​ជា​អ្នក​សម្ដែង»

នាយក​ប្រតិបត្តិ​សហគ្រាស​សង្គម​ហ្វារ បង្ហាញ​ទស្សនៈ​យល់​ឃើញ​ថា បច្ចុប្បន្ន​ក្រុម​សិល្បៈ​សៀក​ដែល​តែង​សម្ដែង​ដោយ​មាន​បង្កប់​សារ ធ្វើ​ឲ្យ​អ្នក​ទស្សនា​អាច​សើច​សប្បាយ អាច​យំ និង​ឲ្យ​ចងចាំ​គន្លឹះ​ខ្លះៗ​ផង​នោះ មិន​មែន​ត្រឹម​តែ​ជា​ការ​បង្កើត​ការងារ ដើម្បី​ជួយ​ដល់​យុវជន​ឲ្យ​ទទួល​បាន​កម្រៃ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏​ជា​ឧបករណ៍​សំខាន់​សម្រាប់​ការ​ផ្លាស់ប្ដូរ​សង្គម និង​ការ​អប់រំ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។