សមត្ថកិច្ច​ខ្មែរ​បន្ត​បិទ​ច្រក​របៀង​តាម​ព្រំដែន​ខេត្ត​បាត់ដំបង​និង​ខេត្ត​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន
2017-07-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ច្រក​របៀង​ព្រំដែន​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។
ច្រក​របៀង​ព្រំដែន​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

សមត្ថកិច្ច​កម្ពុជា នៅ​ថ្ងៃ​ទី​៣ កក្កដា បន្ត​បិទ​ច្រក​របៀង​ព្រំដែន​ជាប់​ប្រទេស​ថៃ មួយ​រយៈ​ចាប់​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តទៅទៀត ខណៈ​ថៃ កំពុង​តែ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​មក​កម្ពុជា វិញ​នោះ។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រសិន​បើ​សមត្ថកិច្ច​បិទ​ច្រក​រយៈពេល​យូរ នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន។

ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​របៀង​នៅ​ព្រំដែន​ថៃ ភ្លាម នៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​សភាព​ស្ងប់ស្ងាត់​ពុំ​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ។

មន្ត្រី​ច្រក​របៀង​ព្រំដែន​ទំនប់​ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ លោក រ័ត្ន វាសនា មាន​ប្រសាសន៍​ខណៈ​លោក​ប្រចាំ​ការ​នៅ​មាត់​ច្រក នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ថា មេ​បញ្ជាការ​ទាហាន​ភូមិភាគ​ទី​៥ បញ្ជា​ឲ្យ​បិទ​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ចាប់​ពី​ថ្ងៃ​ទី​១ កក្កដា មក ចំណែក​ច្រក​អន្តរជាតិ​ដំណើរការ​ជា​ធម្មតា។ លោក​អះអាង​ថា មូលហេតុ​ដែល​បិទ​ច្រក​នេះ ដើម្បី​ការពារ​កុំ​ឲ្យ​ពលករ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់៖ «បិទ​ទាំង​ចេញ ទាំង​ចូល​តែ​ម្ដង មិន​អាច​ឆ្លង​កាត់​បាន​ទេ គឺ​អ្នក​ដែល​ត្រឡប់​មក​ពី​ធ្វើ​ការ​ប្រទេស​ថៃ អាច​ចូល​បាន តែ​ទៅ​មិន​បាន​ទេ។ ទំនិញ​ទាំង​របស់​ខ្មែរ និង​របស់​ថៃ ក៏​មិន​អាច​ចេញ​ចូល​បាន​ដែរ ហើយ​ពលរដ្ឋ​ដើរ​ទៅ​ទិញ​ទំនិញ​ក្នុង​ដី​ថៃ ក៏​មិន​បាន​ដែរ»

ចំណែក​ពលរដ្ឋ​រស់នៅ​ឃុំ​អូរបីជាន់ ជាប់​ព្រំដែន​ថៃ លោក លឿម ណូ ថ្លែង​នៅ​ខាង​មុខ​ច្រក​អូរបីជាន់ ថា ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​មក មិន​សូវ​មាន​មនុស្ស​ឆ្លង​កាត់​ទៅ​ប្រទេស​ថៃ តាម​ច្រក​មួយ​នេះ​ដូច​មុន​ទេ។ លោក​អះអាង​ថា ចាប់​តាំង​ពី​បិទ​ច្រក​មក ពុំ​ទាន់​ប៉ះពាល់​ធំដុំ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​នៅ​ឡើយ​ទេ៖ «ខ្ញុំ​ចង់​ឲ្យ​គេ​បើក​ឆាប់ៗ មិន​ចង់​ឲ្យ​គេ​បិទ​យូរ ព្រោះ​ជា​កន្លែង​ធ្លាប់​រក​ស៊ី ហើយ​យើង​អាច​ចូល​ទិញ​របស់​របរ​ក្នុង​ទឹក​ដី​ថៃ បាន។ ដល់​គេ​បិទ​ច្រក​អស់ វា​លំបាក»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ថ្វី​បើ​រយៈពេល​ខ្លី​ពុំ​មាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ក្ដី ប៉ុន្តែ​ប្រសិន​បើ​សមត្ថកិច្ច​បិទ​ច្រក​រយៈពេល​យូរ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន ព្រោះ​ពលរដ្ឋ​ដែល​ក្រីក្រ​មិន​អាច​ឆ្លង​ទៅ​ធ្វើ​ការ​វិល​ល្ងាច​នៅ​ប្រទេស​ថៃ បាន​ដូច​មុន៖ «យើង​គួរ​តែ​បើក​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការងារ​ប្រទេស​ថៃ វិល​ល្ងាច​ជា​ធម្មតា ព្រោះ​វា​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់។ ចំពោះ​អ្នក​ដែល​នាំ​ពលករ​ឆ្លង​កាត់​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ សមត្ថកិច្ច​ត្រូវ​តែ​ហាមឃាត់​កុំ​ឲ្យ​ពួក​គាត់​ចូល​ទៅ​ថៃ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​មេ​បញ្ជាការ​ទាហាន​ភូមិភាគ​ទី​៥ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ពី​ការ​បិទ​ច្រក​ព្រំដែន​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ កក្កដា។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ច្រក​ទំនប់​ដាច់ អះអាង​ថា ការ​បិទ​ច្រក​របៀង​នេះ​មិន​អនុញ្ញាត​ទាំង​ពលរដ្ឋ​ខ្មែរ និង​ថៃ ឆ្លង​កាត់​បាន​ទេ។ ចំណែក​រយៈពេល​បិទ​ច្រក មន្ត្រី​ច្រក​រូប​នេះ​បន្ថែម​ថា មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​ថា​នឹង​បើក​ឲ្យ​ដំណើរការ​វិញ​នៅ​ពេល​ណា​នៅ​ឡើយ។

ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​ថៃ ក៏​បន្ត​បញ្ជូន​ពលករ​ត្រឡប់​មក​កម្ពុជា តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មិន​ទាន់​ឈប់​នៅ​ឡើយ ហើយ​ពលករ​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ធ្វើ​ដំណើរ​ចាប់​ពី ៨០០ ទៅ​ជាង ១​ពាន់​បាត ឬ​ប្រហែល​ជាង ១២​ម៉ឺន​រៀល​ក្នុង​ម្នាក់ ដើម្បី​ត្រឡប់​មក​ដល់​កម្ពុជា។ ពួក​គាត់​អះអាង​ថា ចំណាយ​ប្រាក់​ច្រើន​នៅ​ស្រុក​អារញ្ញ ជាប់​ព្រំដែន​កម្ពុជា អស់​ម្នាក់​ចន្លោះ​ពី ៣០០ ទៅ ៦០០​បាត ឬ​ប្រហែល ៧​ម៉ឺន​រៀល​ក្នុង​ម្នាក់ ឲ្យ​ទៅ​សមត្ថកិច្ច​ថៃ និង​មាន​មនុស្ស​និយាយ​ភាសា​ខ្មែរ​ប្រចាំ​នៅ​ស្រុក​អារញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល