ព្រះសង្ឃ​និង​យុវជន​ស្នើ​ពង្រឹង​វិស័យ​អប់រំ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ

ដោយ ថា កិត្យា
2015.09.22
ព្រះសង្ឃ ៦២០ ព្រះសង្ឃ​មាន​ថេរ​ដីកា​ទៅ​កាន់​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុង​កិច្ច​សន្ទនា​អំពី "គុណភាព​អប់រំ និង​ភាព​ជា​ពលរដ្ឋ​សកម្ម​របស់​យុវជន" កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Yang Chandara

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

ព្រះសង្ឃ និង​យុវជន​កម្ពុជា ចង់​ឃើញ​ការ​រីក​ចម្រើន​របស់​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ដើរ​ទន្ទឹម​គ្នា។ ការ​លើក​ឡើង​នេះ នៅ​ពេល​មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា គុណភាព​អប់រំ​ខាង​ពុទ្ធចក្រ កំពុង​ចុះ​ទន់​ខ្សោយ។ ជា​ការ​ឆ្លើយ​តប គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា ទេសចរណ៍ វប្បធម៌ វិចិត្រ​សិល្បៈ ស្នើ​ឲ្យ​ក្រសួង​អប់រំ គិតគូរ​យក​ចិត្ត​ទុក​ដាក់​តាម​សំណូមពរ​របស់​ព្រះសង្ឃ និង​យុវជន។

សាលា​ពុទ្ធិក គឺ​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ទទួល​យក​កុលបុត្រ​ខ្មែរ​ដែល​បួស​ជា​សង្ឃ ចូល​មក​សិក្សា​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​ជា​គ្រាប់​ពូជ​ល្អ​ទាំង​សាសនា និង​សង្គម​ជាតិ។

ទោះ​បី​យ៉ាង​ណា​ក្តី ព្រះសង្ឃ និង​ពុទ្ធសាសនិក​ជាច្រើន តែង​តែ​រិះគន់​ថា គុណភាព​អប់រំ​ខាង​ពុទ្ធចក្រ​ហាក់​ធ្លាក់​ចុះ​ជា​លំដាប់ ដោយ​ពុំ​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​អប់រំ និង​ប្រមុខ​រដ្ឋាភិបាល​នោះ​ឡើយ។

សមណៈ​និស្សិត​មួយ​អង្គ​ព្រះនាម ប៉ង់ ម៉ូនិច សម្ដែង​ការ​ទើស​ព្រះទ័យ​ថា ការ​អប់រំ​ផ្នែក​ពុទ្ធចក្រ​គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ឡើយ ដោយ​ខុស​ឆ្ងាយ​ពី​ខាង​អាណាចក្រ។ សមណៈ​និស្សិត​អង្គ​នេះ​បញ្ជាក់​ថា សមណៈ​សិស្ស​និស្សិត​អង្គ​ខ្លះ បាន​ចេះ​ចាំ​ភាសា​បាលី​សំស្ក្រឹត ប៉ុន្តែ​គេ​ពុំ​ឲ្យ​តម្លៃ​ឡើយ៖ «កាល​ពី​លោក​ប្រឡង​បាក់​ឌុប​អត់​មាន​វិទ្យុ​ទូរទស្សន៍​ណា​ទៅ​ចាប់​អារម្មណ៍​នោះ​ទេ។ យើង​ទៅ​មើល​លោក អត់​មែន​ទែន ចេះ​តែ​បាលី​សំស្ក្រឹត ទៅ​ធ្វើ​អី​កើត? ដល់​ពេល​អ៊ីចឹង គុណភាព​អប់រំ​ទន់​ខ្សោយ​មែន​ទែន។ ដូច្នេះ​លោកៗ​យើង​ជាង ៥​ម៉ឺន​អង្គ​ដែរ ត្រូវ​គិតគូរ​កន្លែង​អប់រំ​ឡើង​វិញ»

ក្តី​កង្វល់​ពី​ការ​ធ្លាក់​ចុះ​ការ​អប់រំ​ខាង​ពុទ្ធចក្រ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​កិច្ច​សន្ទនា​រវាង​យុវជន ជាមួយ​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ស្ដីពី​គុណភាព​អប់រំ និង​ភាព​ជា​ពលរដ្ឋ​សកម្ម​របស់​យុវជន ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ភោជនីយដ្ឋាន អ័រគីដេ ក្រុង​ភ្នំពេញ ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ថា វ៉ាយ.អ.ឌី.ភី (YRDP)។

ក្រៅ​ពី​ព្រះសង្ឃ ក៏​មាន​យុវជន​ចូលរួម​រំលែក​យោបល់ និង​ចោទ​ជា​សំណួរ​ទៅ​កាន់​វាគ្មិន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យ៉ែម បុញ្ញឫទ្ធិ និង​តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អ្នកស្រី គឹម សេដ្ឋានី។

ស្ថាបនិក​ក្រុម​សង្គម​យុវជន​កម្ពុជា គឺ​យុវជន ពុធ កុលកា រិះគន់​ថា ក្រសួង​អប់រំ អនុវត្ត​ខុស​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា ដែល​ចែង​ថា រដ្ឋ​ត្រូវ​ជួយ​ផ្សព្វផ្សាយ និង​លើក​តម្កើង​សាលា​បាលី និង​ពុទ្ធិកសិក្សា។ យុវជន​រូប​នេះ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ សាលា​បាលី និង​ទីកន្លែង​ស្នាក់​គង់​នៅ​សិក្សា នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ព្រះសង្ឃ​ដដែល៖ «យើង​ឃើញ​ថា ពុទ្ធិកវិទ្យាល័យ​មាន​ច្រើន​នៅ​តាម​ខេត្ត​នានា ប៉ុន្តែ​ពុទ្ធិក​សាកលវិទ្យាល័យ​មាន​តែ​ក្នុង​ក្រុង​ភ្នំពេញ។ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ​អង្គ​ផ្សេងៗ​ទៀត ពិបាក​មក​រៀន​នៅ​ភ្នំពេញ ហើយ​ពិបាក​រក​កន្លែង​ស្នាក់​នៅ​ដើម្បី​សិក្សា។ អង្គ​ខ្លះ​រក​កន្លែង​អត់​បាន​ត្រឡប់​ទៅ​ខេត្ត​វិញ»

មាត្រា​៦៨ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ ចែង​ថា រដ្ឋ​មាន​តួនាទី​ផ្ដល់​កិច្ចការ​អប់រំ​ផ្នែក​បឋម និង​មធ្យម​សិក្សា​នៅ​សាលា​រៀន​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​ឥត​បង់​ថ្លៃ។ ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាង​តិច​ប្រាំបួន​ឆ្នាំ។ ចំណែក​វាក្យខណ្ឌ​ទី​៣ ចែង​ថា រដ្ឋ​មាន​តួនាទី​ជួយ​ផ្សព្វផ្សាយ និង​លើក​តម្កើង​សាលា​បាលី និង​ពុទ្ធិកសិក្សា។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា ទទួល​បន្ទុក​អប់រំ យុវជន កីឡា វប្បធម៌ និង​ទេសចរណ៍ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ជា​ការ​ពិត​ក្នុង​នាម​ជា​ព្រះសង្ឃ ពេល​បញ្ចប់​ការ​សិក្សា​ផ្នែក​ភាសា​បាលី និង​សំស្ក្រឹត គឺ​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​បាន​ទេ ហើយ​ព្រះសង្ឃ​មួយ​ចំនួន​ទៀត​អាច​បង្រៀន​ជាប់​កិច្ចសន្យា​មួយ​ឆ្នាំ​ម្តង ដោយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​តិច​ជា​ទីបំផុត។ មិន​មែន​ជា​ប្រាក់​បៀវត្សរ៍​កម្រិត​អប្បបរមា​ដោយ​ក្រសួង ឬ​មួយ​ដោយ​រដ្ឋាភិបាល ដែល​នេះ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​គុណភាព​អប់រំ​ផ្នែក​ពុទ្ធចក្រ។ លោក​ថា ក្រសួង​អប់រំ គួរ​តែ​ចាប់​ផ្ដើម​មើល​បញ្ហា​នេះ​ឡើង​វិញ ដោយ​កុំ​ទុក​ប្រព័ន្ធ​អប់រំ​ខាង​វិស័យ​ពុទ្ធសាសនា​ដោយឡែក៖ «ផ្នែក​ខាង​ព្រះពុទ្ធ​សាសនា​ធ្លាក់​ចុះ​ត​ទៅ​ទៀត គឺ​នៅ​មាន​ការ​ប្រព័ន្ធ​គ្រប់គ្រង ប្រព័ន្ធ​រៀបចំ​ពុទ្ធិក​សាលា​បាលី​តាំង​ពី​បឋម​ដល់​មធ្យម ចូល​ដល់​ពុទ្ធិក​សាកលវិទ្យាល័យ​ហ្នឹង គឺ​នៅ​មាន​បញ្ហា​ច្រើន ព្រោះ​ព្រះសង្ឃ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​សិក្សា​ផង ការ​ស្នាក់នៅ​ផង ការ​ទទួល​ស្គាល់​នៅ​ពេល​ដែល​រៀន​ចប់​ផង។ ដូច្នេះ ដំណោះស្រាយ គឺ​ប្រព័ន្ធ​អប់រំ​ទាំងអស់ ត្រូវ​ប្រមូល​យក​មក​គិត​សិក្សា​ជា​រួម ដើម្បី​ឲ្យ​មាន​តុល្យភាព ក៏ដូចជា​ស្មើ​គ្នា​រវាង​ពុទ្ធិក និង​ខាង​អាណាចក្រ។ មិន​ត្រូវ​ឲ្យ​មា​ការ​រើសអើង ហើយ​មិន​ត្រូវ​ទម្លាក់​កម្រិត ឬ​គុណភាព​នោះ​ទេ»

តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​អ្នកស្រី គឹម សេដ្ឋានី មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​នេះ​នោះ​ទេ ហើយ​វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​អ្នក​នាំ​ពាក្យ និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា។

បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​បោះបង់​សាលា​ពុទ្ធិកសិក្សា ដោយ​ងាក​ទៅ​សិក្សា​មុខវិជ្ជា​ខាង​ក្រៅ ដែល​សមស្រប​ជាមួយ​ទីផ្សារ​ការងារ​បច្ចុប្បន្ន។

ទាក់ទិន​នឹង​ការ​ថមថយ​ការ​អប់រំ​ផ្នែក​ពុទ្ធិក​នេះ ព្រះ​ឧទ្ទេស​សាស្ត្រាចារ្យ​បង្ហាត់​ភាសា​បាលី​នៅ​ពុទ្ធិក​បឋម​សិក្សា​នៅ​វត្ត​បឹងដោល ខេត្ត​ព្រៃវែង ព្រះតេជព្រះគុណ ឆាត សុឆេត មាន​ថេរ​ដីកា​ថា បញ្ហា​នេះ​ដោយសារ​កង្វះ​ការ​ចូលរួម​ឲ្យ​តម្លៃ​ពី​គ្រប់​ជ្រុងជ្រោយ។

ព្រះតេជព្រះគុណ ឆាត សុឆេត យល់​ថា សាលា​ពុទ្ធិកសិក្សា គឺ​ជា​ស្ថាប័ន​ដ៏​សំខាន់​សម្រាប់​វប្បធម៌ និង​អក្សរសាស្ត្រ​ជាតិ​ខ្មែរ ហើយ​បើ​កាល​ណា​សាលា​បណ្តុះបណ្តាល​ភាសា​បាលី និង​សំស្ក្រឹត ធ្លាក់​ចុះ​នោះ គឺ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ៖ «សំដៅ​ទៅ​ដល់​ប្រទេស​ជាតិ​នោះ ពីព្រោះ​ភាសា​បាលី និង​ភាសា​សំស្ក្រឹត គឺ​ជា​ភាសា​មូលដ្ឋាន​មួយ​ដែល​យើង​ខ្ចី​ភាសា​ទាំង​ពីរ​នេះ​មក​ប្រើ​ជាង ៥០​ភាគរយ។ កាល​ណា​តែ​យើង​បាត់​ភាសា​បាលី និង​ភាសា​សំស្ក្រឹត ហាក់​បីដូចជា​យើង​នឹង​ខ្វះ​ពាក្យ​ក្នុង​ការ​យក​មក​ប្រើ​ច្រើន ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សង្គម»

គិត​ចាប់​តាំង​ពី​គ្រិស្ដសករាជ ១៩២៦ សាលា​បាលី​បាន​ក្លាយ​ទៅ​ជា​ទី​ប្រជុំ​អ្នក​ប្រាជ្ញ​ជាតិ​ខ្មែរ ដែល​បាន​បង្រៀន​ទាំង​វិជ្ជា​ផ្លូវ​លោក និង​ផ្លូវ​ធម៌ និង​ភាសា​បាលី​សំស្ក្រឹត បារាំង ឡាតាំង ជាដើម។ តាម​រយៈ​សាលា​បាលី​នេះ ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​សាលា​បាលី​បាន​បាត់បង់​សាប​សូន្យ​ទៅ​វិញ​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត គឺ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ក្រោយ​ពី​របប​នេះ​ត្រូវ​បាន​ផ្ដួល​រំលំ ព្រះពុទ្ធ​សាសនា​បាន​រស់​ឡើង​វិញ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រជាជន និង​រាជ​រដ្ឋាភិបាល។

ក្រោយ​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​នោះ ព្រះសង្ឃ និង​យុវជន​កម្ពុជា ចង់​ឃើញ​ការ​រីក​ចម្រើន​របស់​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​ដើរ​ទន្ទឹម​គ្នា និង​ផ្ដល់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ចាំបាច់ ព្រោះ​ព្រះពុទ្ធ​សាសនា បាន​ចូលរួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់​ការ​អប់រំ​ចរិយា​ធម៌ សីលធម៌ សង្គម និង​បាន​កសាង​សមិទ្ធផល​ផ្សេងៗ​ដល់​សង្គម​ជាតិ។ ដើម្បី​ឲ្យ​ពុទ្ធិកសិក្សា​រឹងមាំ​ឡើង​វិញ​នោះ គឺ​ទាំង​ក្រសួង​អប់រំ និង​មន្ត្រី​សង្ឃ ត្រូវ​គិតគូរ​បន្ថែម​ទៀត​តាំង​ពី​ថ្នាក់​ពុទ្ធិក​បឋម រហូត​ដល់​មហា​វិទ្យាល័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។