មន្ត្រីសង្គមស៊ីវិល និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ស្នើទៅស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតី និងអំពើពុករលួយដែលកើតមាននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ការស្នើនេះ បន្ទាប់ពីមានពាក្យបណ្ដឹងដែលចេញពីមន្ត្រីនគរបាលខេត្តកំពង់ធំ ដោយស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងស្នងការ និងស្នងការរងពីរនាក់ ពីព្រោះមានភាពអសកម្មក្នុងការងារ និងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលលិខិតរបស់មន្ត្រីនគរបាលទាំងនោះហើយ។
ព័ត៌មានស្ដីពីអំពើពុករលួយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានបញ្ចេញជាលើកទីពីរ ប៉ុន្តែលើកទីពីរនេះ គឺធ្ងន់ធ្ងរជាងលើកទីមួយដែលកើតឡើងកាលពីឆ្នាំ២០១៤ ទៅទៀត។
ភាពធ្ងន់ធ្ងរនោះ ដោយសារមានពាក្យបណ្ដឹងពីសំណាក់តំណាងមន្ត្រីនគរបាលខេត្តមួយចំនួន ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែម្តង ដោយស្នើសុំដកស្នងការខេត្ត គឺលោក ជូ សំអាន និងស្នងការរងពីរនាក់ផ្សេងទៀត រួមមានលោក អ៊ិត គឹមស្រ៊ុន និងលោក ខៀវ ចាននី ចេញពីមុខតំណែង។ ការស្នើនេះ ដោយមន្ត្រីនគរបាលលើកឡើងក្នុងលិខិតថា ស្នងការខេត្ត និងស្នងការរងទាំងនេះ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
ករណីនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវមានវិធានការជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់មន្ត្រីដែលស្អាតស្អំ៖ « អាហ្នឹងធ្វើឲ្យមានភាពអសកម្មដល់ជួរមន្ត្រីនគរបាលជាតិ។ ហេតុអី ? ដូចជាការដំឡើងឋានៈ ការចូលក្របខ័ណ្ឌហ្នឹង ជាថ្នូរនឹងការសូកប៉ាន់ហ្នឹង។ ពេលហ្នឹងហើយវាជាការសម្លាប់មនសិការមន្ត្រីដែលគេស្អាតស្អំ »។
កាលពីថ្ងៃទី៣ កុម្ភៈ ពាក្យបណ្ដឹងមួយច្បាប់ដែលមានឈ្មោះ និងស្នាមមេដៃដែលអះអាងថាជាមន្ត្រីនគរបាលយុត្តិធម៌នៅខេត្តកំពង់ធំ ចំនួន ៦រូប ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយរៀបរាប់ពីភាពអសកម្មរបស់ស្នងការនគរបាលខេត្ត លោក ជូ សំអាន ដូចជាដឹកនាំគ្មានគោលជំហរ និងជំនាញច្បាស់លាស់។ លើសពីនេះ ដឹកនាំបែបអត្តនោម័តិ និងបក្ខពួកនិយម ហើយឃុបឃិតគ្នាជាមួយស្នងការរងទទួលផែនធនធានមនុស្ស គឺលោក អ៊ិត គឹមស្រ៊ុន និងស្នងការរងម្នាក់ទៀតទទួលផែនសន្តិសុខ គឺលោក ខៀវ ចាននី ប្រព្រឹត្តអំពើពុករលួយ។ អំពើពុករលួយទាំងនោះដូចជាករណីយកប្រាក់ពីការតែងតាំងមន្ត្រី និងរើសបញ្ចូលក្របខ័ណ្ឌមន្ត្រីនគរបាលថ្មី ដោយក្នុងបុគ្គលម្នាក់ចំនួន ៥ពាន់ដុល្លារទៅ ៧ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយមានពលរដ្ឋខ្លះមិនជាប់ជាមន្ត្រីនគរបាលផង ប៉ុន្តែប្រាក់ទាំងនោះក៏ត្រូវស៊ីដាច់ថែមទៀត។
លិខិតដដែលបញ្ជាក់ថា ការតែងតាំងមន្ត្រីវិញ គឺត្រូវបង់ប្រាក់ចំនួន ២លានរៀលទៅជាង ១០លានរៀល ឬស្មើប្រមាណពី ៥០០ដុល្លារទៅ ៣ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមន្ត្រីម្នាក់ ចំពោះការទទួលបានតំណែងដូចជាមេប៉ុស្តិ៍ នាយរងផ្នែក នាយផ្នែក និងអធិការរងស្រុក ជាដើម។
លិខិតដដែលស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្លាស់ប្ដូរមន្ត្រីទាំងបីនាក់ចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពីព្រោះជាបញ្ហាធ្ងន់ធ្ងរមិនអាចដឹកនាំ និងធ្វើការងាររួមគ្នាបន្តទៀតបាន។
លោក សន ជ័យ បន្ថែមទៀតថា អំពើពុករលួយក្នុងការតែងតាំងមន្ត្រី ព្រមទាំងជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌទាំងនេះ នឹងធ្វើឲ្យមានភាពអសកម្មក្នុងការងារបម្រើប្រជាពលរដ្ឋ ម្យ៉ាងធ្វើឲ្យមន្ត្រីទាំងនោះនាំគ្នាប្រព្រឹត្តអំពើពុករលួយចំពោះប្រជាពលរដ្ឋជាដើម៖ « យើងបារម្ភខ្លាចមន្ត្រីដែលបានតំណែងដោយអំពើពុករលួយ គេយកកន្លែង គេយកមុខតំណែងគេហ្នឹងទៅស្រង់ដើម »។
ទាក់ទងបញ្ហានេះ អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន និងស្នងការរងទទួលផែនធនធានមនុស្ស លោក អ៊ិត គឹមស្រ៊ុន បានទេនៅថ្ងៃទី២១ កុម្ភៈ។
ដោយឡែកស្នងការរងទទួលផែនសន្តិសុខ លោក ខៀវ ចាននី មានប្រសាសន៍ថា គាត់មិនបានដឹងថាគេប្ដឹងរូបលោកទេ ហើយរុញឲ្យសួរទៅស្នងការខេត្ត និងស្នងការរងខេត្តម្នាក់ទៀត។ យ៉ាងនេះក្តី លោកអះអាងថា មិនបានពាក់ព័ន្ធករណីអំពើពុករលួយដូចការចោទប្រកាន់ឡើយ៖ « ចំពោះខ្ញុំវិញក៏ខ្ញុំមិនបានទទួលសំណូកពីបងប្អូនប្រជាពលរដ្ឋ ឬមន្ត្រីដែលនៅក្នុងអង្គភាពចូលជ្រើសរើសថ្មីដែរ »។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ពាក្យបណ្ដឹងនេះ លោក ស ខេង បានទទួលហើយ និងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែវិធានការយ៉ាងណានោះ លោកមិនទាន់អាចជម្រាបជូនបានទេ៖ « សម្ដេចក្រឡាហោមលោកបានពិនិត្យយ៉ាងយកចិត្តទុកដាក់នូវពាក្យបណ្ដឹងហ្នឹង »។
កាលពីឆ្នាំ២០១៤ ករណីអំពើពុករលួយ គឺកើតមាននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធរឿងបាត់ប្រាក់រំឭកមុខងារ និងប្រាក់ឋានន្តរស័ក្ដិរបស់មន្ត្រីនគរបាលជិត ៤០០នាក់ ដែលមានទំហំទឹកប្រាក់រាប់សិបលានរៀល។ កាលណោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរតំណែងអនុប្រធានការិយាល័យទទួលផែនហិរញ្ញវត្ថុម្នាក់ គឺលោក ជឹម លក្ខិណា ចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទៅកាន់ស្ថាប័នក្រសួងវិញ ដើម្បីត្រួតពិនិត្យចំពោះភាពមិនប្រក្រតីរបស់ខ្លួន។ ក្រៅពីនេះ មន្ត្រីគណបក្សប្រឆាំងខេត្តកំពង់ធំ រកឃើញថា មានករណីពុករលួយក្នុងការជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌនគរបាលថ្មីកាលណោះថែមទៀតផង ប៉ុន្តែការលើកឡើងនេះត្រូវបានស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន ទាត់ចោលពេលនោះដែរ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី យល់ថា ករណីពុករលួយពេលនេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងបញ្ហាកើតមានកាលពីឆ្នាំ២០១៤ ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិនបានចាត់វិធានការផ្លូវច្បាប់លើមន្ត្រីទាំងនោះឡើយ ក្រៅតែពីមន្ត្រីផ្នែកហិរញ្ញវត្ថុម្នាក់ដែលគ្រាន់តែជាពិន័យផ្នែករដ្ឋបាលប៉ុណ្ណោះ។ ចំណែកភាពមិនប្រក្រតីដែលកើតមានពេលនេះ លោកថាអាចធ្វើឡើងជាប្រព័ន្ធ ដែលទាមទារឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត ព្រមទាំងផ្ដន្ទាទោសមន្ត្រីដែលជាប់ពាក់ព័ន្ធតាមច្បាប់ ជាជាងគ្រាន់តែពិន័យរដ្ឋបាលនោះ៖ « វាច្បាស់ណាស់ គឺត្រូវតែមានការផ្ដន្ទាទោសផ្នែកព្រហ្មទណ្ឌ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានផ្ដន្ទាទោសមន្ត្រីអង្គការសង្គមស៊ីវិលដែលកំពុងជាប់ពន្ធនាគាររាល់ថ្ងៃហ្នឹង ដោយសាររឿងទឹកប្រាក់តិចតួចទេ »។
សមាជិកក្រុមប្រឹក្សាខេត្តរូបនេះបន្ថែមថា ប្រសិនបើក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការលើមន្ត្រីដែលជាប់ពាក់ព័ន្ធអំពើពុករលួយទាំងនេះ ហើយផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នោះ គឺបង្ហាញដល់មតិសាធារណជនថា ការអនុវត្តច្បាប់នៅកម្ពុជា មានស្តង់ដារតែមួយ និងផ្តល់ភាពយុត្តិធម៌ដល់មន្ត្រីថ្នាក់ក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។