សង្គមស៊ីវិលធ្វើការពាក់ព័ន្ធសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ លើកឡើងថា កុមាររស់នៅសហគមន៍ក្រីក្រក្នុងទីក្រុងជាច្រើន នៅតែជួបបញ្ហាប្រឈមទាំងការរស់នៅ និងការអប់រំ ដែលមិនអាចឲ្យពួកគេចូលរួមចំណែកបានពេញលេញក្នុងការអភិវឌ្ឍសង្គម។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះកុមាររស់នៅសហគមន៍ក្រីក្រនៅទីក្រុង និងទទួលស្គាល់ពួកគេក្នុងការអភិវឌ្ឍសង្គម។
សង្គមស៊ីវិលធ្វើការពាក់ព័ន្ធសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ ចង់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាចម្បងៗ រួមមាន អនាម័យ ទឹកស្អាត អាហារូបត្ថម្ភ ការអប់រំ ដែលតែងគំរាមកំហែងដល់ការរស់នៅរបស់កុមារក្នុងសហគមន៍ក្រីក្រនៅទីក្រុង។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងទិវាកុមារអន្តរជាតិលើកទី៦៧ ដែលធ្វើឡើងក្រោមប្រធានបទ «ទីក្រុងសម្រាប់កុមារ» នៅថ្ងៃទី១ ខែមិថុនា។
ប្រធានកម្មវិធីតស៊ូមតិនៃសមាគមធាងត្នោត លោក សឿង សារ៉ន ឲ្យដឹងថា បញ្ហាប្រឈមរបស់កុមារ មិនមែនកើតមានតែចំពោះសហគមន៍ជនបទប៉ុណ្ណោះទេ។ ជាក់ស្តែង លោកថា កុមារម្នាក់ក្នុងចំណោម ៣នាក់ដែលរស់នៅតាមសហគមន៍ក្រីក្រនៅទីក្រុង ក៏នៅតែរស់នៅក្នុងស្ថានភាពលំបាក ទាំងបរិស្ថានកន្លែងរស់នៅ ការបៀតបៀន ការកេងប្រវ័ញ្ច អាហារូបត្ថម្ភ ការអប់រំ អសន្តិសុខ និងសិទ្ធិទទួលបានសេវាសាធារណៈមិនទាន់បានពេញលេញនៅឡើយ។
លោក សឿង សារ៉ន យល់ថា បញ្ហានេះកើតឡើងមកពីកុមារទាំងនោះ ត្រូវបានគេផាត់ចេញ និងការយកចិត្តទុកដាក់ពីសង្គមនៅមានកម្រិត៖ « តាមការសង្កេតរបស់ខ្ញុំ កត្តាសំខាន់ដែលធ្វើឲ្យពួកគាត់ប្រឈមបញ្ហា ដោយសារតែសង្គម និងអាជ្ញាធរនាំគ្នាបំភ្លេចចោល ទុកពួកគេចោល។ ហេតុនេះ សេវាសាធារណៈផ្សេងៗ គាត់នឹងជួបប្រឈមហើយ »។
ទន្ទឹមគ្នានេះ តំណាងអាណាព្យាបាលកុមារដែលរស់នៅក្នុងសហគមន៍ក្រីក្រនៅទីក្រុងភ្នំពេញ លោកស្រី រស់ ហ្វីយ៉ាស និយាយដែរថា កុមារនៅទីក្រុងដែលគ្រួសារមានជីវភាពក្រីក្រ មិនអាចទទួលបានការអប់រំពេញលេញដូចកុមារដទៃនោះទេ។ ហេតុនេះ លោកស្រីជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវតែគិតគូរបញ្ហានេះជាបន្ទាន់៖ « សុំឲ្យរដ្ឋាភិបាល គាត់ជួយកុមារនៅសហគមន៍ក្រីក្រ ទាំងថវិកា សាលារៀន និងអ្វីក៏ដោយឲ្យកុមារចង់បាន ឲ្យពួកគេមានសិទ្ធិ និងអប់រំដូចក្មេងទូទៅដែរ កុំឲ្យពួកគាត់ដើរទៅរកផ្លូវខុសច្បាប់ ដែលបង្កអសន្តិសុខសង្គមទៅថ្ងៃក្រោយ »។
ចំណែកឯតំណាងកុមាររស់នៅក្នុងសហគមន៍ក្រីក្រនៅទីក្រុងភ្នំពេញ កុមារា សេង រតនា ព្រួយបារម្ភពីអនាគតរបស់ខ្លួន និងកុមារដទៃទៀតក្នុងសហគមន៍ នៅតែប្រឈមមិនទាន់មានទឹកស្អាតប្រើប្រាស់ សំរាមស្អុយរលួយ ទឹកលិច ល្បែងស៊ីសង និងគ្រឿងញៀន ជាដើម៖ « បញ្ហាខ្ញុំជួប កន្លែងរស់នៅ មានភក់ សំរាម ទឹកស្អាត ព្រោះរាល់ថ្ងៃពួកខ្ញុំប្រើទឹកទន្លេ មិនមានអនាម័យ នៅហ្នឹងមានល្បែងច្រើនណាស់។ ខ្ញុំបារម្ភថា អនាគតពួកខ្ញុំ ត្រូវបានសង្គមស្អប់ខ្ពើម »។
ឆ្លើយតបនឹងបញ្ហានេះ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ហួត ហៃ ទទួលស្គាល់ថា កុមាររស់នៅសហគមន៍ក្រីក្រនៅតែជួបបញ្ហាប្រឈម។ ហេតុនេះ ទើបរដ្ឋាភិបាលតែងប្រារព្ធទិវាកុមារអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីឲ្យគោរពសិទ្ធិកុមារ។ លោកបន្តថា សាលារាជធានីភ្នំពេញ នឹងខំដោះស្រាយបញ្ហាប្រឈមរបស់ក្រុមកុមារដែលងាយរងគ្រោះ។
របាយការណ៍របស់អង្គការសមាគមធាងត្នោត ដែលបានបង្ហាញនៅថ្ងៃទិវាកុមារអន្តរជាតិលើកទី៦៧ ឲ្យដឹងថា កុមាររស់នៅក្នុងសហគមន៍ចំនួន ៣៤០ទីតាំងដែលស្ថិតនៅក្នុងសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ គឺពួកគេរស់នៅក្នុងស្ថានភាពលំបាក ដូចជា ការមិនទទួលបានទឹកស្អាតប្រើប្រាស់ កង្វះខាតអនាម័យ កង្វះខាតសេវាគ្រប់គ្រង កាកសំណល់ និងភ្លើងអគ្គិសនីមិនគ្រប់គ្រាន់ជាដើម។ ជាងនេះ ការសិក្សាកាលពីឆ្នាំ២០១៥ កន្លងទៅរបស់អង្គការភីន ក៏បង្ហាញថា កុមាររស់នៅសហគមន៍ក្រីក្រនៅភ្នំពេញ នៅតែខ្វះអាហារ មានភាពស្លេកស្លាំង ខ្សោយកម្លាំង និងរៀនមិនពូកែ ដែលកំពុងជះឥទ្ធិពលដល់អនាគតធនធានមនុស្សកម្ពុជា ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។