ចម្លើយ​សារភាព​ប្រាប់​តុលាការ​របស់ ជួប សម្លាប់ ជាច្រើន​ចំណុច​មិន​មែន​ជា​ការពិត

ដោយ យ៉ង ចាន់តារា
2017.07.09
ជួប សម្លាប់ ២០១៦ ៨៥៥ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

(មាន​វីដេអូ​នៅ​ខាង​ក្រោម)

​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​​ខួប​គម្រប់ ១​ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព។ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​កាហ្វេ​ក្នុង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ជាង ៨​ខែ​ក្រោយ​មក ជន​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយ​ពេល​សារភាព​ថា ខ្លួន​ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី រឿង​ជំពាក់​លុយ ៣​ពាន់​ដុល្លារ។

តើ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ការ​វិវឌ្ឍន៍​បែប​ណា​ខ្លះ?

ទោះ​បី​ជា​តុលាការ​រក​ឃើញ​ថា បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជា​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ក៏ដោយ​ចុះ ក៏​សំណុំ​រឿង​នេះ​នៅ​មាន​ភាព​មន្ទិល និង​ភាព​មិន​ស៊ីសង្វាក់​គ្នា​ជាច្រើន​ចំណុច ដែល​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មិន​ជឿ​ថា អឿត អាង ហៅ ជួប សម្លាប់ ជា​ឃាតក​ពិត​នោះ​ទេ។

ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

អឿត អាង ដែល​ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ បាន​សារភាព​ប្រាប់​តុលាការ​ថា ដើម​ហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ គឺ​ដោយសារ​ខ្លួន​ខឹង​នឹង​បណ្ឌិត កែម ឡី ដែល​ឆបោក​លុយ ៣​ពាន់​ដុល្លារ និង​មិន​គោរព​តាម​ពាក្យ​សន្យា​សង់​ផ្ទះ​ឲ្យ​ខ្លួន​នៅ​តំបន់​បឹង​ត្រកួន​ជាប់​ព្រំដែន​ថៃ។

លុយ ៣​ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

អឿត អាង អះអាង​ទៀត​ថា ខ្លួន​បាន​ស្គាល់​បណ្ឌិត កែម ឡី និង​ហ៊ាន​រហូត​ដល់​ឲ្យ​ខ្ចី​លុយ ៣​ពាន់​ដុល្លារ​នោះ តាម​រយៈ​បុគ្គល​ម្នាក់​ដែល​រូប​គេ​ហៅ​ឈ្មោះ​ថា ពូ លិស ដែល​បាន​ស្គាល់​គ្នា​នៅ​ប្រទេស​ថៃ។

ផ្អែក​លើ​ចម្លើយ​ទាំងនេះ បូក​រួម​ទាំង​ការ​សារភាព​ថា​ខ្លួន​ជា​ឃាតក​តែ​ម្នាក់​គត់ មិន​មាន​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង បាន​ធ្វើ​ឲ្យ​តុលាការ​កាត់​ទោស អឿត អាង ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។

តើ​ចម្លើយ​សារភាព​របស់ អឿត អាង ដែល​នាំ​ទៅ​រក​ការ​កាត់​ទោស​រូប​គេ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​មាន​ភាព​ត្រឹមត្រូវ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ដល់​កម្រិត​ណា?

ការ​អះអាង​របស់ អឿត អាង ប្រាប់​តុលាការ ស្តាប់​មើល​ហាក់ដូចជា​បុគ្គល​រូប​នេះ​បាន​រស់នៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ស្គាល់​មនុស្សម្នា​ច្រើន​នៅ​តំបន់​ចំការគ ក៏ប៉ុន្តែ​តាម​ការពិត អឿត អាង គ្មាន​ប្រវត្តិ​រស់នៅ​តំបន់​នោះ​ឡើយ ហើយ​ក៏​មិន​អាច​មាន​ដីធ្លី​ជា​កេរ​អាករ ឬ​ជា​ទ្រព្យ​សម្បត្តិ​អ្វី​នៅ​តំបន់​ដាច់ស្រយាល​មួយ​នេះ​ដែរ។

អនុប្រធាន​ភូមិ​ចំការគ គឺ​លោក ប៉ុន អឿន ដែល​បាន​ទៅ​រស់នៅ និង​ធ្វើ​ជា​អាជ្ញាធរ​ភូមិ​នេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​នោះ អះអាង​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​នៅ​ក្នុង​ភូមិ​របស់​លោក​មាន​ឈ្មោះ អឿត អាង ឬ​មួយ​ក៏​ឈ្មោះ ជួប សម្លាប់ នោះ​ទេ។ លើស​ពី​នេះ លោក​ថា​គ្មាន​ការ​ទិញ​លក់​ដី​ណា​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ចំការគ ដែល​មាន​ម្ចាស់​ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ នោះ​ឡើយ។ លោក​កាន់​តែ​ច្បាស់​ក្នុង​ចិត្ត ដោយសារ​បាន​ឃើញ​ជន​នោះ​តាម​កញ្ចក់​ទូរទស្សន៍ ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី៖ «អត់​ទេ! អត់​ដែល​ស្គាល់​ទេ មែន​នៅ​ក្នុង​ភូមិ​នេះ​ផង​ហ្នឹង។ អត់​ដែល​មាន​ទេ ឮ​តែ​គេ​ថា​នៅ​ស្វាយចេក តែ​មិន​ដែល​ឃើញ​មក​ទីនេះ​ផង​ហ្នឹង»

មិន​មែន​តែ អឿត អាង ឬ ជួប សម្លាប់ នោះ​ទេ សូម្បី​តែ​ឈ្មោះ លិស ដែល អឿត អាង បាន​ប្រាប់​តុលាការ​ថា​ជា​អ្នក​ណែនាំ​ឲ្យ​គាត់​ស្គាល់​បណ្ឌិត កែម ឡី នោះ ក៏​មិន​មាន​នៅ​ក្នុង​ភូមិ​របស់​លោក​ដែរ។ ចំណែកឯ​បណ្ឌិត កែម ឡី វិញ ក៏​មិន​ដែល​មាន​វត្តមាន​ក្នុង​ភូមិ​ចំការគ ដូច​គ្នា។

ងាក​ទៅ​តំបន់​បឹង​ត្រកួន វិញ ក៏​គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ ធ្លាប់​ស្គាល់ ឬ​ដឹង​ឮ​ពី​ឈ្មោះ អឿត អាង ឈ្មោះ លិស និង​បណ្ឌិត កែម ឡី ដែរ។

ពលរដ្ឋ​ម្ចាស់​ស្រុក អាជីវករ និង​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​បឹង​ត្រកួន អះអាង​ដូច​គ្នា​ថា មិន​ដែល​ឃើញ​មុខ​អ្នក​ទាំង​បី​មក​ដល់​តំបន់​ដាច់ស្រយាល​ក្បែរ​ព្រំដែន​ថៃ នេះ​ឡើយ។

ចម្លើយ​សារភាព​របស់ អឿត អាង ទាក់ទង​នឹង​វត្តមាន​របស់​គាត់​នៅ​តំបន់​ចំការគ និង​បឹង​ត្រកួន​នេះ គួរ​តែ​ជា​ចំណុច​សំខាន់​ដែល​តុលាការ​សួរ​ដេញដោល​ឲ្យ​បាន​ស៊ី​ជម្រៅ​កាល​ពី​អំឡុង​សវនាការ​លើ​អង្គ​សេចក្តី​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ មុន​នឹង​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ តុលាការ​បាន​មើល​រំលង​ចំណុច​នេះ។

ចម្លើយ​សារភាព​មិន​ត្រឹមត្រូវ​មួយ​ទៀត​របស់ អឿត អាង គឺ​ទាក់ទង​នឹង​ឈ្មោះ។ “ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល” គឺ​ជា​សម្ដី​ដែល អឿត អាង ប្រកាស​ប្រាប់​តុលាការ​ថា ខ្លួន​មាន​ឈ្មោះ​តែ​មួយ​គត់​ពី​កំណើត គឺ ជួប សម្លាប់ ហើយ​គាត់​ថែម​ទាំង​អះអាង​ថា បាន​ដឹង​ថា​ខ្លួន​មាន​ឈ្មោះ ជួប សម្លាប់ នេះ តាំង​តែ​ពី​អាយុ ១០​ឆ្នាំ ខណៈ​រស់នៅ​តំបន់​ចំការគ។

តាម​ការ​អះអាង​របស់​លោកស្រី ឯក តាប់ ដែល​ជា​ម្តាយ​របស់ អឿត អាង កូន​នេះ​បាន​រស់នៅ​ជាមួយ​គាត់​នៅ​ឡើយ​នៅ​ពេល​អាយុ ១០​ឆ្នាំ គឺ​រស់នៅ​ក្នុង​ភូមិ​ទន្លេស ឃុំ​នគរភាស ស្រុក​អង្គរជុំ ហើយ​ក្រោយ​មក រូប​គេ​បាន​ទៅ​រស់នៅ​ជាមួយ​សាច់ញាតិ​ខាង​ឪពុក​នៅ​ភូមិ​ដដែល​នោះ មុន​នឹង​ចូល​ធ្វើ​ជា​ទាហាន​រដ្ឋ​កម្ពុជា ប្រចាំ​នៅ​ស្រុក​អង្គរជុំ នៅ​អាយុ ១៥​ឆ្នាំ។ ដូច្នេះ អឿត អាង ទំនង​ជា​មិន​មែន​ជា​អ្នក​ស្រុក​ចំការគ ខេត្ត​បន្ទាយមានជ័យ ដូច​ការ​អះអាង​របស់​គាត់​ឡើយ។

លោកស្រី ឯក តាប់ អះអាង​ទៀត​ថា គាត់​ជា​អ្នក​ដាក់​ឈ្មោះ​កូន​ថា អឿត អាង តាំង​តែ​ពី​កំណើត​មក​ម្ល៉េះ មិន​មែន​ឈ្មោះ ជួប សម្លាប់ នោះ​ទេ៖ «ពេល​ទៅ​ធ្វើ​ទាហាន​នោះ គេ (អឿត អាង) ទៅ​នៅ​ជាមួយ​នឹង​អ៊ំ​ខាង​ឪពុក នៅ​ភូមិ​ទន្លេស ហ្នឹង​ឯង ប៉ុន្តែ​សព្វថ្ងៃ​គាត់​ខូច (ស្លាប់) បាត់​ហើយ»

ចំណុច​សំខាន់​មួយ​ទៀត គឺ​លុយ​ចំនួន ៣​ពាន់​ដុល្លារ​ដែល អឿត អាង អះអាង​ថា​បាន​ឲ្យ​បណ្ឌិត កែម ឡី ខ្ចី​នេះ ក៏​អាច​ជា​រឿង​មិន​ពិត​ដូច​គ្នា។ អ្នក​ដែល​ហ៊ាន​អះអាង​បែប​នេះ គឺ​អាចារ្យ​វត្ត មិត្តភ័ក្ដិ​ជិតស្និទ្ធ ហើយ​និង​ប្រពន្ធ​របស់ អឿត អាង ផ្ទាល់​តែ​ម្តង។

អនុប្រធាន​គណៈកម្មការ​អាស្រម​ភ្នំ​ពើង​តានន់ លោក លន់ លាន អះអាង​ថា អឿត អាង ដែល​កាលនោះ​នៅ​ជា​សង្ឃ ធ្លាប់​បាន​ស្នាក់នៅ​អាស្រម​ភ្នំ​ពើង​តានន់ បាន​រយៈពេល​ប្រហែល ៣​ឆ្នាំ តែ​ក្រោយ​មក​បាន​សឹក​ទៅ​វិញ ដោយសារ​ផ្ទុះ​រឿង​អាស្រូវ​លួច​សេព​មេថុន។ ពេល​លាចាក​សិក្ខាបទ​នោះ លោក​ថា អឿត អាង មិន​មាន​សេសសល់​លុយកាក់​ឡើយ៖ «ដូច​មិន​មែន​បណ្ឌិត កែម ឡី ទៅ​ខ្ចី​លុយ ៣​ពាន់​ពី អឿត អាង ទេ។ ឋានៈ​ប៉ុណ្ណឹង​ទៅ​ខ្ចី​លុយ ឲ្យ​គេ​សម្លាប់​នោះ ខ្ញុំ​មិន​ជឿ​ទេ។ ពេល​លាចាក​សិក្ខាបទ មិន​មាន​សេសសល់​អ្វី​ទេ។ ចេញ​ពី​វត្ត​នេះ​ទៅ ទៅ​បិណ្ឌបាត​បាត់​មួយ​អាទិត្យ ទើប​ត្រឡប់​មក​វិញ ហើយ​សឹក​នៅ​ស្រុក​ពួក»

ចំណែក​ឯ​លោក អ៊ំ អឿង ដែល​ជា​ក្លើ​របស់ អឿត អាង វិញ ក៏​អះអាង​ដូច​គ្នា​នេះ​ដែរ។ លោក​បញ្ជាក់​ថា ក្រោយ​ពី​សឹក អឿត អាង បាន​សុំ​ផ្ទះ​លោក​ស្នាក់នៅ​ក្នុង​ភូមិ​នគរភាស២ ឃុំ​នគរភាស ស្រុក​អង្គរជុំ ហើយ​ពេល​នោះ អឿត អាង មាន​តែ​សម្ពាយ​ជាប់​ខ្លួន​មួយ​ប៉ុណ្ណោះ ដែល​ក្នុង​សម្ពាយ​នោះ​មាន​ខោ​អាវ​ប៉ុន្មាន​កំប្លេ និង​សៀវភៅ​ប៊ិក​មួយ​ចំនួន។ អឿត អាង ខ្លួន​ឯង​ក៏​បាន​ប្រាប់​លោក​ដែរ​ថា ខ្លួន​មិន​មាន​លុយកាក់​សេសសល់​អ្វី​នោះ​ទេ។ លោក​មិន​ជឿ​ថា អឿត អាង ដែល​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន​នោះ មាន​ដីធ្លី​នៅ​តំបន់​ចំការគ និង​លុយ ៣​ពាន់​ដុល្លារ​ឲ្យ​បណ្ឌិត កែម ឡី ខ្ចី​នោះ​ឡើយ៖ «បើ​វា (អឿត អាង) មាន វា​មិន​មក​នៅ​អត់​ឃ្លាន​នៅ​ទីនេះ​ទេ។ តាំង​ពី​សឹក​មក វា​នៅ​តែ​ឃុំ​នគរភាស នេះ​ទេ។ បើ​មាន​ដី​លក់ មនុស្ស​នេះ​វា​មិន​ដែល​អត់​ឃ្លាន​អ៊ីចឹង​ទេ កុំ​ច្រឡំ​នោះ»

រីឯ​លោកស្រី ហឿម ហ៊ត់ ដែល​ជា​ប្រពន្ធ​របស់ អឿត អាង វិញ ក៏​អះអាង​ដែរ​ថា ក្រោយ​ពេល​សែនព្រេន​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ អឿត អាង មិន​ដែល​មាន​ទ្រព្យ​សម្បត្តិ​អ្វី​ប្រគល់​ឲ្យ​លោកស្រី​ឡើយ ហើយ​ក៏​មិន​បាន​ប្រកប​របរ​អ្វី​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ដែរ។ ផ្ទុយ​ទៅ​វិញ អឿត អាង មាន​តែ​យក​ម៉ូតូ​ដែល​លោកស្រី​ខំ​ទិញ​ឲ្យ យក​ទៅ​លក់​បាន​ប្រាក់​យក​ទៅ​លេង​ល្បែង​ចាញ់​អស់​ជាច្រើន​រយ​ដុល្លារ​ថែម​ទៀត៖ «គាត់​អត់​មាន​បាន​រក​ចំណូល​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែលឮ​ថា គាត់​មាន​ទ្រព្យ​របស់​អ្វី​ឡើយ។ គាត់​មិន​ដែល​មាន​លុយ​ជាប់​ខ្លួន​ទេ បើ​គាត់​មាន ១​ម៉ឺន២​ម៉ឺន​រៀល គាត់​ឲ្យ​មក​ខ្ញុំ​ហើយ»

ភរិយា​របស់ អឿត អាង លោកស្រី ហឿម ហ៊ត់ រស់នៅ​ភូមិ​នគរភាស២ ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧។
ភរិយា​របស់ អឿត អាង លោកស្រី ហឿម ហ៊ត់ រស់នៅ​ភូមិ​នគរភាស២ ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Chuop Sereyroth


ជា​រួម ចម្លើយ​សារភាព​ទាំង​អម្បាលម៉ាន​របស់ អឿត អាង ទាក់ទង​នឹង​តំបន់​ចំការគ និង​បឹង​ត្រកួន នៅ​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ នោះ មិន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ព័ត៌មាន​ពិត​ជាក់ស្តែង​នៅ​តំបន់​នោះ​ឡើយ ក៏ប៉ុន្តែ​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ជួប សម្លាប់ ដែល​បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នោះ បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក យុង ផានិត ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ ជួប សម្លាប់ បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​នេះ គឺ​ដោយសារ​កូន​ក្តី​របស់​លោក​ដឹង​កំហុស និង​ចង់​ឲ្យ​តុលាការ​សម្រាល​ទោស​ដើម្បី​មាន​ឱកាស​កែ​ខ្លួន។

ទោះ​ជា​បែប​នេះ​ក្តី សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា ការ​ផ្ដន្ទាទោស​នេះ​ធ្វើ​ឡើង​ដោយ​តក់ក្រហល់​បន្សល់​នូវ​ភាព​មន្ទិល​សង្ស័យ​ជាច្រើន​ចំណុច។

សព​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ទំនិញ​ស្តារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
សព​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​ទំនិញ​ស្តារ​ម៉ាត (Star Mart) ក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ដូច​បាន​បញ្ជាក់​ពី​ខាង​ដើម​ហើយ​ថា លុយ ៣​ពាន់​ដុល្លារ​នោះ អឿត អាង អះអាង​ថា ខ្លួន​បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង​នៅ​តំបន់​ចំការគ។ ចុះ​បើ​រូប​គាត់​គ្មាន​ដីធ្លី​ទ្រព្យ​សម្បត្តិ​អ្វី​នៅ​តំបន់​នោះ​ផង តើ​គេ​អាច​មាន​លុយ ៣​ពាន់​ដុល្លារ​នោះ​មក​ពីណា? ហើយ​បើ​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ​ម្រាក់​ក្លើ រួម​ទាំង​អ្នក​ធ្លាប់​ស្គាល់ អឿត អាង ផង សុទ្ធតែ​អះអាង​ដូច​គ្នា​ថា បុគ្គល​នេះ​ក្រីក្រ​ស្ទើរ​រក​បាយ​ហូប​គ្មាន​ផង​នោះ តើ​ហេតុ​ដូចម្ដេច​បាន​ជា​គាត់​អាច​មាន​លុយ​រាប់​ពាន់​ដុល្លារ​ឲ្យ​បណ្ឌិត កែម ឡី ខ្ចី​ទៅ​កើត ខណៈ​អ្នក​ទាំង​ពីរ​មិន​ដែល​ស្គាល់​គ្នា​ផង​នោះ?

ដូច្នេះ​មាន​ន័យ​ថា អំពើ​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ អាច​មាន​មូលហេតុ​ផ្សេង​នៅ​ពី​ក្រោយ ដែល​មិន​មែន​ជា​រឿង​លុយ ៣​ពាន់​ដុល្លារ​នោះ​ទេ។

នៅ​ត្រង់​ចំណុច​នេះ សំណួរ​ដែល​ត្រូវ​បាន​សាធារណជន​ចោទ​ឡើង ថា​តើ​ហេតុ​អ្វី​បាន​ជា​តុលាការ​សម្រេច​កាត់​ទោស ជួប សម្លាប់ ដោយ​ប្រញាប់ប្រញាល់​បែប​នេះ? តើ​ហេតុ​អ្វី​បាន​ជា​មាន​តែ ជួប សម្លាប់ ម្នាក់​គត់​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស? តើ​ការ​ស៊ើប​អង្កេត​បន្ត​របស់​តុលាការ នឹង​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដូចជា​អ្នក​លក់​កាំភ្លើង​ឲ្យ ជួប សម្លាប់ អ្នក​ទទួល​ឲ្យ ជួប សម្លាប់ ស្នាក់នៅ​ក្នុង​ក្រុង​ភ្នំពេញ ឬ​អ្នក​នៅ​ពី​ក្រោយ​ខ្នង ជួប សម្លាប់ យក​មក​ផ្ដន្ទាទោស​បាន​ដែរ​ឬ​យ៉ាង​ណា?

ទាំង​សាធារណមតិ​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ចង់​ដឹង​ចម្លើយ​តប​នឹង​ចម្ងល់​ទាំងនេះ ហើយ​ប្រសិន​បើ​តុលាការ​អាច​ស្រាយ​ចម្ងល់​ទាំងនេះ​បាន ស្ថាប័ន​ជាតិ​មួយ​នេះ​អាច​នឹង​បញ្ចៀស​បាន​នូវ​ការ​រិះគន់​ដែល​ថា ស្ថាប័ន​នេះ​អសមត្ថភាព ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។