សហគមន៍​ទេសចរណ៍​អំពាវនាវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចូល​អភិវឌ្ឍ​បឹង​ពារាំង

ដោយ ហង្ស សាវយុត
2017.07.20
បឹង​ពារាំង សៀមរាប ២០១៧ ១៤៤០ ក្រុម​ល្បាត​របស់​សហគមន៍​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង សង្កាត់​ជ្រាវ ខេត្ត​សៀមរាប បើក​កាណូត​ការពារ​ព្រៃ​លិច​ទឹក សត្វ​ស្លាប និង​បឹង​ត្រី​មេ​ពូជ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hang Savyouth

សហគមន៍​ទេសចរណ៍ វប្បធម៌ ធម្មជាតិ សង្កាត់​ជ្រាវ មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ទៅ​កាន់​បឹង​ពារាំង នៃ​ទន្លេសាប បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត ដើម្បី​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​អាច​រក​កម្រៃ​បាន ក៏ប៉ុន្តែ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​មិន​ទាន់​យល់ព្រម​អនុញ្ញាត​ច្បាប់​នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​ទៅ​កាន់​បឹង​ពារាំង​ត្រូវ​រាំង​ស្ទះ។

សហគមន៍​ប្រឹងប្រែង​ការពារ​ព្រៃ​លិច​ទឹក បឹង​ត្រី​មេ​ពូជ ព្រម​ទាំង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​តំបន់​បឹង​ពារាំង ក្នុង​បឹង​ទន្លេសាប រយៈពេល ២-៣​ឆ្នាំ​មក​ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ។

តំណាង​សហគមន៍​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប អំពាវនាវ​សូម​ប្រមុខ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​នេះ ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ពាក់ព័ន្ធ មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម ជាដើម ឲ្យ​យល់ព្រម​អនុញ្ញាត​ច្បាប់​ដើម្បី​មាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ទៅ​កាន់​តំបន់​បឹង​ពារាំង ប្រយោជន៍​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​នា​ពេល​អនាគត។

ប្រធាន​សហគមន៍​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង នៅ​សង្កាត់​ជ្រាវ គឺ​លោក គង់ មង្គល។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​កក្កដា ថា រយៈពេល ២-៣​ឆ្នាំ​មក​ហើយ​ដែល​សហគមន៍​របស់​លោក បាន​រៀបចំ​កម្លាំង​ចុះ​ល្បាត​ការពារ​ព្រៃ​លិច​ទឹក កន្លែង​បឹង​ត្រី​មេ​ពូជ ព្រម​ទាំង​សត្វ​ស្លាប​ជាច្រើន​នៅ​តំបន់​បឹង​ពារាំង។ លោក​យល់​ថា តំបន់​បឹង​ពារាំង​នៃ​បឹង​ទន្លេសាប​ទំហំ​ជាង ៣.២០០​ហិកតារ ដែល​មាន​ព្រៃ​លិច​ទឹក​ល្អ​ស្អាត មាន​ជម្រក​ត្រី​ពង​កូន ព្រម​ទាំង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ គឺ​មាន​សក្ដានុពល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត ដើម្បី​បង្កើត​ការងារ ព្រម​ទាំង​កម្រៃ​ឲ្យ​ពលរដ្ឋ​បាន។

លោក គង់ មង្គល បញ្ជាក់​ថា បច្ចុប្បន្ន​នេះ សហគមន៍​បាន​រៀបចំ​គម្រោង​ធ្វើ​ផ្លូវ​ឲ្យ​ល្អ​ស្អាត បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត ក៏ប៉ុន្តែ​ឧបសគ្គ​មិន​អាច​ធ្វើ​បាន​ដោយសារ​តែ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម ខេត្ត​សៀមរាប មិន​អនុញ្ញាត៖ «យើង​រាល់​ថ្ងៃ​ប្រឈម​បញ្ហា​ផ្លូវ ប្រសិន​បើ​មាន​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប ឬ​ក៏​ក្រសួង និង​ប្រមុខ​រដ្ឋាភិបាល យើង​នឹង​ធ្វើ​ផ្លូវ​នេះ​ឲ្យ​ធំ ព្រម​ទាំង​ជីក​ព្រែក​ឲ្យ​ទូក​ធ្វើ​ដំណើរ​បាន»

អាជ្ញាធរ​សង្កាត់​ជ្រាវ ធ្លាប់​បង្ហាញ​ការ​ជឿជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ជួយ​អភិវឌ្ឍ​តំបន់​បឹង​ពារាំង​ឲ្យ​ទៅ​ជា​កន្លែង​ទេសចរណ៍​ធម្មជាតិ​បាន​នៅ​ពេល​អនាគត គឺ​វា​នឹង​បង្កើត​ការងារ​ជាច្រើន​ឲ្យ​ប្រជាពលរដ្ឋ​ជាង ២.០០០​គ្រួសារ​ដែល​រស់នៅ​សង្កាត់​នេះ។

ចៅ​សង្កាត់​រង​ទី​មួយ​សង្កាត់​ជ្រាវ លោក ក្ដឹប សុវត្ថិ បាន​គាំទ្រ​សហគមន៍​ជ្រាវ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ទៅ​កាន់​បឹង​ពារាំង​នោះ៖ «មាន​ផល​ប្រយោជន៍​ជាច្រើន​ដែល​យើង​ត្រូវ​គាំទ្រ ព្រោះ​វា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ឲ្យ​មក​កម្សាន្ត»

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប លោក ទា គឹមសុទ្ធ អះអាង​ថា សហគមន៍​ទេសចរណ៍ វប្បធម៌ ធម្មជាតិ​បឹង​ពារាំង សង្កាត់​ជ្រាវ មិន​អាច​ចូល​ទៅ​អភិវឌ្ឍ​នៅ​បឹង​ពារាំង​បាន​ទេ ពីព្រោះ​តំបន់​នោះ​មាន​សហគមន៍​នេសាទ​មួយ​ផ្សេង​ទៀត​បាន​សិទ្ធិ​គ្រប់គ្រង​ជា​យូរ​មក​ហើយ។ លោក​ថា នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា អាជ្ញាធរ​ខេត្ត​សៀមរាប នឹង​ជួប​ប្រជុំ​ដោះស្រាយ​ចំពោះ​រឿង​នេះ៖ «គាត់​ត្រូវ​តែ​ជា​សមាជិក​នៃ​សហគមន៍​នេសាទ ទើប​អាច​យក​ផល​ប្រយោជន៍​មក​បង្កើត​ជា​ទេសចរណ៍​នៅ​ក្នុង​សហគមន៍​នេសាទ​ហ្នឹង​បាន»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ប្រមុខ​រដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អធិប្បាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​ស្លាប​កម្រ​នៅ​កម្ពុជា ដូចជា​នៅ​តំបន់​បឹង​ពារាំង ជាដើម។ លោក​យល់​ថា សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ មិន​ត្រឹម​តែ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​កម្ពុជា ដូចជា​នៅ​បឹង​ពារាំង​ខេត្ត​សៀមរាប ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។