យុវជន​ជាង​២០​នាក់​ស្វែង​យល់​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លី​ដែល​កើត​ក្នុង​តំបន់​ពួក​គាត់​រស់នៅ

ដោយ សូត សុខប្រាថ្នា
2016.11.06
ពលរដ្ឋ​អ្នក​សារព័ត៌មាន ២០១៦ ៨៥៥ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ភាព​ជា​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ដល់​ក្រុម​យុវជន​ជាង ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ក្រុម​យុវជន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មាន​តួនាទី​សំខាន់​នៅ​ពេល​ពួក​គាត់​ដើរ​តួនាទី​ជា​អ្នក​សារព័ត៌មាន ដូចជា​ការ​ផ្តល់ និង​សរសេរ​ព័ត៌មាន​ខ្លីៗ​នូវ​រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា ស៊ី.ស៊ី.អាយ.អិម (CCIM) បើក​វគ្គ​បណ្តុះបណ្តាល​ស្ដីពី​ភាព​ជា​ប្រជាពលរដ្ឋ​អ្នក​សារព័ត៌មាន​ដល់​ក្រុម​យុវជន​ជាង ២០​នាក់​ចូលរួម។

ក្រុម​យុវជន​យល់​ឃើញ​ថា ការ​សរសេរ​ព័ត៌មាន​ខ្លីៗ​ដែល​ជា​ព័ត៌មាន​មាន​ប្រយោជន៍ គឺ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពិសេស​យុវជន​ត្រូវ​យល់​ដឹង​អំពី​តួនាទី​ជា​អ្នក​សារព័ត៌មាន។ បន្ថែម​ពី​នេះ ការ​រាយការណ៍​ព័ត៌មាន ឬ​ការ​ផ្តល់​ជូន​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌​ខ្ពស់ គឺ​រឹត​តែ​ចាំបាច់​ក្នុង​ការ​កែប្រែ​សង្គម ឲ្យ​ឈាន​ទៅ​រក​ភាព​វិជ្ជមាន​ថែម​ទៀត​ផង។

យុវជន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​មក​ពី​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក ម៉ៅ វាសនា ឲ្យ​ដឹង​ថា វគ្គ​បណ្តុះបណ្តាល​ភាព​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន គឺ​ពិត​ជា​មាន​សារសំខាន់​ដល់​ប្រជាជន​គ្រប់​រូប ពិសេស​ក្រុម​យុវជន​ដែល​ជា​ក្រុម​មនុស្ស​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ច្រើន​ជាង​គេ។ លោក​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​លោក​យល់​ដឹង​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លីៗ បើ​ទោះ​បី​ជា​មិន​ដូច​ក្រុម​អ្នក​សារព័ត៌មាន​អាជីព​ក៏ដោយ ប៉ុន្តែ​ធ្វើ​ឲ្យ​មហាជន​បាន​ដឹង​អំពី​ហេតុការណ៍ ឬ​រឿងរ៉ាវ​ដែល​កើត​មាន​តាម​មូលដ្ឋាន​របស់​ពួក​គេ៖ «ព័ត៌មាន​ហ្នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​មួយ។ នៅ​ពេល​កន្លែង​ណា​ដែល​ព័ត៌មាន​ចូល​ទៅ​ដល់​កន្លែង​ណា មនុស្ស​នៅ​ទីនោះ​គេ​នឹង​ចាប់​បាន​ថា​មាន​អ្វី​កើត​ឡើង»

យុវជន​ដដែល​អះអាង​ថា ចំណេះ​ដឹង​ដែល​ខ្លួន​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ រូប​គេ​នឹង​ខិតខំ​ពង្រឹង​សមត្ថភាព ហើយ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ផ្សេង​ទៀត ព្រម​ទាំង​យក​ចំណេះ​ដឹង​ទាំងនោះ​ធ្វើ​ជា​របៀប​តស៊ូ​មតិ ជាដើម។

វគ្គ​បណ្តុះបណ្តាល​ភាព​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន គឺ​ធ្វើ​ឡើង​ចំនួន​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា ដែល​មាន​យុវជន​ចូលរួម​ជាង ២០​នាក់​មក​ពី​តាម​បណ្ដា​សាកលវិទ្យាល័យ​ផ្សេងៗ​នៅ​រាជធានី​ភ្នំពេញ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ខេមរៈ កញ្ញា រឹម ផាត បុប្ផាភួង យល់​ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សំខាន់​សម្រាប់​យុវជន​ក្នុង​ការ​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​ព័ត៌មាន​របស់​ពួក​គេ។ ជាង​នេះ​ទៀត កាន់​តែ​ធ្វើ​ឲ្យ​កញ្ញា​អាច​ចែក​រំលែក ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់​តែ​ល្អ និង​មាន​ប្រយោជន៍​បន្ថែម​ទៀត​ដល់​មហាជន​នៅ​ក្នុង​សង្គម៖ «យើង​ធ្វើ​ការ​ប្រៀបធៀប​មុន​ការ​ចូលរួម និង​ក្រោយ​ការ​ចូលរួម​ឃើញ​ថា សមត្ថភាព​នៃ​ការ​សរសេរ​របស់​យើង​នឹង​អាច​ខុស​ប្លែក​ពី​មុន»

ដោយសារ​វគ្គ​បណ្តុះបណ្តាល​ពេល​នេះ​មាន​តែ​យុវជន​ចូលរួម ទើប​កញ្ញា បុប្ផាភួង ចង់​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ​បន្ថែម​ទៀត ប៉ុន្តែ​សុំ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ត្រូវ​អញ្ជើញ​ក្រុម​ពលរដ្ឋ​តាម​មូលដ្ឋាន ប្រជា​សហគមន៍​ដែល​មាន​បញ្ហា​ប្រឈម ដូចជា​បញ្ហា​បរិស្ថាន ឬ​បញ្ហា​ដីធ្លី ព្រម​ទាំង​ពលរដ្ឋ​នៅ​តាម​តំបន់​ដាច់ស្រយាល​មក​ចូលរួម​ដែរ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​ជា​គ្រូ​បង្គោល​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ លោក ណុប វី មាន​ប្រសាសន៍​ថា គោល​បំណង​សំខាន់ គឺ​ដើម្បី​ផ្តល់​ជំនាញ​ជា​មូលដ្ឋាន​មួយ​ចំនួន​ដល់​អ្នក​ចូលរួម ដូចជា​ជំនាញ​ថត​រូប ឬ​ថត​វីដេអូ។ លើស​ពី​នេះ បង្រៀន​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា ដូចជា​ទូរស័ព្ទ​ដៃ​ក្នុង​ការ​ថត​សំឡេង ឬ​ចែក​រំលែក​ព័ត៌មាន និង​របៀប​សរសេរ​ព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ក្នុង​កម្រិត​មួយ​ដែល​ពួក​គេ​អាច​ទទួល​យក​បាន៖ «អ្នក​សារព័ត៌មាន​យើង​ហ្នឹង គឺ​មាន​ចំនួន​តិច ហើយ​ភាគច្រើន​ធ្វើ​ការ​នៅ​តែ​ទីក្រុង​ភ្នំពេញ​ទេ។ ដូច្នេះ​ប្រសិន​បើ​មិន​មាន​ពលរដ្ឋ​អ្នក​សារព័ត៌មាន​ទេ នៅ​ពេល​មាន​ព័ត៌មាន ឬ​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​នៅ​មូលដ្ឋាន គឺ​អ្នក​សារព័ត៌មាន​នៅ​ភ្នំពេញ គាត់​អត់​បាន​ដឹង​ទេ»

លោក​មើល​ឃើញ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​កាន់​តែ​សកម្ម​ក្នុង​ការ​ចែក​រំលែក​ដំណឹង ឬ​ព័ត៌មាន​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម ជា​ជាង​ការ​ផ្សព្វផ្សាយ​រូបភាព ឬ​បញ្ចេញ​មតិ​អ្វី​មួយ​ដែល​មិន​មាន​ប្រយោជន៍។

កន្លង​ទៅ មជ្ឈមណ្ឌល ស៊ី.ស៊ី.អាយ.អិម បាន​បើក​វគ្គ​បណ្តុះបណ្តាល​របៀប​នេះ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ជិត ១០០​នាក់​មក​ហើយ។

លោក ណុប វី បញ្ជាក់​ថា ខាង​លោក​នឹង​ខិតខំ​បង្កើត​វគ្គ​បណ្តុះបណ្តាល​បែប​នេះ​កាន់​តែ​ច្រើន​ដល់​ប្រជា​សហគមន៍ និង​យុវជន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន និង​កាន់​តែ​សកម្ម​ក្នុង​ការ​ចូលរួម​រាយការណ៍​ព័ត៌មាន​ដែល​កើត​ឡើង​ក្នុង​សហគមន៍​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។