ដាណឺម៉ាក​ផ្ដល់​ជំនួយ​​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​លើក​ស្ទួយ​ផ្នែក​កសិកម្ម​នៅ​ខេត្ត​២

ដោយ ហង្ស សាវយុត
2017-06-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយិកា​អង្គការ​អាដា (ADA) ប្រចាំ​ប្រទេស​ដាណឺម៉ាក អ្នកស្រី បូឌីល ប៉ាឡេសិន (Bodil Pallesen) ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នៃ​ដំណើរ​ការ​គម្រោង​ពង្រឹង​ភាព​អង់អាច​ដល់​សហគមន៍​កសិកម្ម កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧ នា​ខេត្ត​សៀមរាប។ RFA/Hang Savyouth
នាយិកា​អង្គការ​អាដា (ADA) ប្រចាំ​ប្រទេស​ដាណឺម៉ាក អ្នកស្រី បូឌីល ប៉ាឡេសិន (Bodil Pallesen) ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នៃ​ដំណើរ​ការ​គម្រោង​ពង្រឹង​ភាព​អង់អាច​ដល់​សហគមន៍​កសិកម្ម កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧ នា​ខេត្ត​សៀមរាប។ RFA/Hang Savyouth
RFA/Hang Savyouth

ប្រទេស​ដាណឺម៉ាក (Denmark) បាន​ផ្ដល់​ជំនួយ​ទឹក​ប្រាក់ ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក តាម​រយៈ​អង្គការ​អាដា (ADA) ដើម្បី​បង្កើត​គម្រោង​ពង្រឹង​អំណាច​កសិកម្ម​ដល់​សហគមន៍​កសិករ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ ឱ្យ​ជួយ​បណ្ដុះបណ្ដាល​កសិករ​ឱ្យ​ផលិត​កសិកម្ម​បាន​កាន់​តែ​ច្រើន ហើយ​មាន​ទីផ្សារ​សមរម្យ​សម្រាប់​លក់​ផលិតផល​ទាំង​នោះ។ ការ​ផ្ដល់​ជំនួយ​នេះ ស្រប​ពេល​ដែល​កសិករ​ខ្មែរ​ជា​ច្រើន​កំពុង​ត្អូញត្អែរ​ជុំវិញ​រឿង​កសិផល​របស់​ពួកគេ​ដែល​ផលិត​បាន តែ​លក់​បាន​តម្លៃ​ថោក ឬ​មិន​មាន​ទីផ្សារ។

គម្រោង​ដែល​មាន​ឈ្មោះ​ថា ពង្រឹង​ភាព​អង់អាច​ដល់​សហគមន៍​កសិកម្ម​មាន​រយៈពេល ៣​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៧ រហូត​ទៅ​ដល់​ឆ្នាំ​២០២០ នោះ គឺ​នឹង​ជួយ​ដល់​កសិករ​នៅ​ក្នុង​ឃុំ​ចំនួន​២៩ របស់​ស្រុក​ចំនួន​៥ ក្នុង​ខេត្ត​សៀមរាប និង​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត​របស់​ខេត្ត​ឧត្តរមានជ័យ។

នាយិកា​អង្គការ​អាដា ប្រចាំ​ប្រទេស​ដាណឺម៉ាក គឺ​អ្នកស្រី បូឌីល ប៉ាឡេសិន (Bodil Pallesen)។អ្នកស្រី​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​នៃ​ដំណើរការ​គម្រោង​ពង្រឹង​ភាព​អង់អាច​ដល់​សហគមន៍​កសិកម្ម នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មិថុនា ថា​គម្រោង​ថ្មី​ដែល​មាន​ឈ្មោះ​ថា​អ៊ីហ្ស៊ី (Easy) គឺ​ជា​ការ​ចងក្រង​ក្រុម​ឱ្យ​មាន​ក្រុម​ជួយ​ខ្លួន​ឯង និង​សហគមន៍​កសិកម្ម ក្នុង​បំណង​ជួយ​អភិវឌ្ឍន៍​សហគមន៍​កសិកម្ម ជួយ​អភិវឌ្ឍ​មុខ​របរ និង​ជួយ​ពង្រឹង​ជីវភាព​ពលរដ្ឋ​ក្រីក្រ តាម​រយៈ​ការ​ចូលរួម​ផែនការ​វិនិយោគ​ថ្នាក់​ឃុំ។

​អ្នកស្រី​បញ្ជាក់​ថា គម្រោង​ថ្មី​មួយ​នេះ អាច​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ប្រមាណ​ជាង ៣​ម៉ឺន​នាក់៖ «ខ្ញុំ​គិត​ថា តាម​រយៈ​ការ​បង្កើត​សហគមន៍​កសិកម្ម​នេះ គឺ​ពិត​ជា​ធ្វើ​ឱ្យ​កសិករ​នៅ​តាម​ភូមិ​នានា មាន​ភាព​រឹងមាំ​នៅ​ពេល​ដែល​កសិករ​ទាំង​នោះ​ដើរ​ទាំង​អស់​គ្នា ក្នុង​ចង្កោម​សហគមន៍ គឺ​វា​អាច​នឹង​ជួយ​កសិករ​ឱ្យ​ទិញ​ជីរ​កសិកម្ម​បាន​ថោក ខ្ចី​លុយ​ពី​ឥណទាន​ក៏​មាន​អត្រា​ការ​ប្រាក់​ថោក ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​លក់​កសិផល​បាន​ចំណេញ​ច្រើន»

​ប្រធាន​អង្គការ​អាដា ប្រចាំ​កម្ពុជា លោក ខេល វ៉ូឌ័រ ណេលសិន (Kield Vodder Nielsen) មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ដែល​ធ្វើ​ការ​ខាង​ផ្នែក​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៦ មក បាន​ប្រឹងប្រែង​ជួយ​កសិករ​ខ្មែរ ឱ្យ​មាន​ចំណូល​ខ្ពស់​នៅ​ក្នុង​គ្រួសារ ហើយ​អង្គការ​របស់​លោក​នឹង​ជួយ​បង្រៀន​ដល់​កសិករ​ថែម​ទៀត​ឱ្យ​ផលិត​កសិផល​បាន​កាន់​តែ​ច្រើន ព្រម​ទាំង​មាន​បំណង​ឱ្យ​ផលិតផល​របស់​កសិករ​មាន​ទីផ្សារ​សមរម្យ​ដើម្បី​លើក​ស្ទួយ​ជីវភាព ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង។

អង្គការ​អាដា នឹង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង Easy ដោយ​រំពឹង​ថា នឹង​អាច​ជួយ​កសិករ​ចំនួន ៣​ម៉ឺន​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប និង ៣​ម៉ឺន​នាក់​ទៀត​នៅ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​មាន​សុវត្ថិភាព​ស្បៀង បង្កើន​ចំណូល​ពី​វិស័យ​កសិកម្ម និង​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ឱ្យ​បាន​សមរម្យ៖ «បច្ចុប្បន្ន​នេះ​បើ​ក្រឡេក​មើល​ក្នុង​ខេត្ត​សៀមរាប គឺ​កសិផល​ប្រមាណ ៧០% បាន​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម និង​ថៃ។ ទីផ្សារ​លក់​កសិផល​ទាំង​នេះ គឺ​ជា​សក្ដានុពល​យ៉ាង​ធំ​សម្រាប់​កសិករ​ខ្មែរ​ជំនួស​ឱ្យ​ការ​នាំ​កសិផល​មក​ពី​ក្រៅ​ស្រុក​ទាំង​នោះ។ យើង​មើល​ក្នុង ១​ឆ្នាំៗ​កសិករ​ខ្មែរ​បាន​ផលិត​ស្រូវ​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ដូច្នេះ​យើង​គួរ​តែ​ជំរុញ​ទីផ្សារ​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​កសិករ​ឱ្យ​មាន​ចំណូល​ខ្ពស់»

​ប្រធាន​នាយកដ្ឋាន​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ជា សាំងដូណា បាន​គាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អាដា ដែល​ចងក្រង​កសិករ​ទៅ​ជា​សហគមន៍​កសិកម្ម ដើម្បី​លើក​ស្ទួយ​តម្លៃ​ផលិតផល បំណង​ជួយ​លើក​ស្ទួយ​ជីវភាព​កសិករ​នេះ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត និង​ជួយ​ជំរុញ​ឱ្យ​សហគមន៍​កសិកម្ម​កាន់​តែ​ខំ​ប្រឹងប្រែង​ផលិត​កសិផល​លក់​ក្នុង​ទីផ្សារ ជា​ពិសេស​គឺ​ជំរុញ​ឱ្យ​ស្ត្រី​បាន​ចូល​រួម​ដឹក​នាំ​នៅ​ក្នុង​សហគមន៍​កសិកម្ម​កាន់​តែ​ច្រើន​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល