កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ

ដោយ ឡេង ម៉ាលី
2017.06.19
ចាន់ សុផល ២០១៧ ១៤៤០ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បឋម​ស្ដីពី​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ក្នុង​ទិវា​អន្តរជាតិ​ខួប​លើក​ទី​៦ នៃ​ការ​អនុម័ត​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ លេខ​១៨៩ នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Leng Maly

កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ និង​តំណាង​អង្គការ​ស្ថាប័ន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​នេះ​ជិត ១០០​នាក់ នៅ​ថ្ងៃ​ទី​១៨ មិថុនា នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​ខួប​លើក​ទី​៦ នៃ​ការ​អនុម័ត​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ លេខ​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ។ ការ​រំឭក​ខួប​នេះ ក៏​ជា​ការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ​សម្រាប់​ពួក​គាត់។

កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ដែល​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​ខួប​លើក​ទី​៦ នៃ​ការ​អនុម័ត​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ លេខ​១៨៩ សុទ្ធតែ​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ឯកជន ជួយ​ការពារ​សិទ្ធិ​របស់​ពួក​គាត់ ដោយ​ការ​បង្កើត​ច្បាប់​ស្រប​តាម​អនុសញ្ញា​នេះ។

អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ម្នាក់ គឺ​លោកស្រី សាវ ភន ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ថា មូលហេតុ​ដែល​លោកស្រី​ចង់​បាន​ច្បាប់​ការពារ​សិទ្ធិ និង​ឲ្យ​តម្លៃ​ដល់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ ព្រោះ​បច្ចុប្បន្ន​នេះ លក្ខខណ្ឌ​ការងារ​មិន​បាន​ល្អ​ប្រសើរ​ដូច​កម្មករ​ក្នុង​វិស័យ​ដទៃ​ទៀត​ទេ៖ «ឲ្យ​មាន​តម្លៃ​ដូច​ពួក​រោងចក្រ ដូចជា​មួយ​ឆ្នាំ​ឡើង​ប្រាក់​ខែ​ម្ដង​អី​អ៊ីចឹង។ កន្លែង​បុរី​ហ្នឹង​ខ្ញុំ​ឈប់​តែ​ថ្ងៃ​អាទិត្យ ថ្ងៃ​បុណ្យ​ជាតិ ខ្ញុំ​ឈប់​តែ​បុណ្យ​ភ្ជុំ និង​ចូល​ឆ្នាំ​តែ​ប៉ុណ្ណឹង។ កម្មករ​រោងចក្រ​គាត់​មាន​សិទ្ធិ​ជាង​កម្មករ​តាម​ផ្ទះ រាល់​ថ្ងៃ​ហ្នឹង។ គាត់​មាន​សិទ្ធិ​ទាមទារ។ គាត់​មាន​សហជីព​គ្រប់គ្រាន់​ទាមទារ​ឲ្យ​កម្មករ​រោងចក្រ​ហ្នឹង​មាន​ថ្ងៃ​សម្រាក​ថ្ងៃ​បុណ្យ​ទាន​អី។ ចំពោះ​ខ្ញុំ​អត់​មាន គឺ​មាន​តែ​ឯង»

ប្រធាន​ក្រុម​នៃ​បណ្ដាញ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ លោកស្រី មាស ស្រអែមផល្លា មាន​ប្រសាសន៍​ថា ពួក​លោកស្រី​ចង់​ឲ្យ​ថៅកែ​ផ្ដល់​ពេលវេលា​ធ្វើ​ការ​ត្រឹមត្រូវ​ប្រសើរ​ឡើង ព្រោះ​កម្មករ​ខ្លះ​ត្រូវ​ធ្វើ​ការ​ជាង ១៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​គ្មាន​ប្រាក់​ឈ្នួល​បន្ថែម៖ «ប្រឈម​ខ្លាំង​ជាង​គេ គឺ ២៤​ម៉ោង ហើយ​យប់​ពេល​ដែល​យើង​អត់​មាន​ខោ​អាវ​ផ្លាស់ ខ្ញុំ​ស្មុគស្មាញ​ក្នុង​ចិត្ត​ណាស់! តែ​ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច។ ខ្ញុំ​តស៊ូ​ដើម្បី​បាន​ថវិកា​សម្រាប់​បង​ប្អូន​ខ្ញុំ​ត​ទៅ​មុខ​ទៀត។ ការ​ប្រឈម​មុខ​ទី​ពីរ គឺ​ប្រើ​ជ្រុល​ម៉ោង ខ្ញុំ​ក្ដៅ​ក្រហាយ​ណាស់! ខ្ញុំ​ខឹង​ណាស់។ បើ​ថា​ម៉ោង​ប៉ុន្មាន​ឲ្យ​ខ្ញុំ​ប៉ុណ្ណឹង​មក។ ខ្ញុំ​អត់​តូច​ចិត្ត​ទេ តែ​បើ​លើស ខ្ញុំ​ក្ដៅ​ក្រហាយ​មែន​ទែន។ បញ្ហា​ប្រឈម​ទី​បី ថ្ងៃ​ដែល​អត់​ធ្វើ​ការ ដូចជា​ថ្ងៃ​អាទិត្យ អី​អ៊ីចឹង ហៅ​ទៅ​អត់​ឲ្យ​លុយ។ ខ្ញុំ​ខឹង​ណាស់។ បើ​ធ្វើ​ហើយ​ហុច​លុយ​បួន​ដប់​រៀល គឺ​អរ​រត់​ចង់​ធ្លាក់​ជណ្ដើរ​ក៏​មាន​ដែរ តែ​បើ​អត់​ខឹង​ណាស់»

អនុសញ្ញា​លេខ​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ ត្រូវ​បាន​អង្គការ​អន្តរជាតិ​ខាង​ការងារ អនុម័ត​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១១។ ប្រទេស​ជា​សមាជិក​អនុសញ្ញា​លេខ​១៨៩ ជាទូទៅ​ដែល​ប្រារព្ធ​ទិវា​នេះ​នៅ​ថ្ងៃ​ទី​១៦ មិថុនា។ ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ផ្ដល់​សច្ចាប័ន​ចូល​ជា​សមាជិក​នៅ​ឡើយ​ទេ។

ប្រធាន​បណ្ដាញ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា អ្នកស្រី វុន សម្ផស្ស ថ្លែង​ថា ការ​ប្រារព្ធ​ទិវា​អនុម័ត​អនុសញ្ញា​១៨៩ ថ្ងៃ​ទី​១៦ មិថុនា ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៣។ អ្នកស្រី​បន្ត​ថា រៀង​រាល់​លើក​នៃ​ការ​ប្រារព្ធ​ទិវា​អនុសញ្ញា​លេខ​១៨៩ ក្រុម​បណ្ដាញ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ តែង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ផ្ដល់​សច្ចាប័ន និង​ទទួល​ស្គាល់​អនុសញ្ញា​នេះ៖ «បើ​និយាយ​ទៅ ឆ្នាំ​ហ្នឹង​វា​ប្រសើរ​ជាង​ឆ្នាំ​មុនៗ ដោយសារ​តែ​ខាង​ក្រសួង ពេល​ដែល​គេ​មាន​កិច្ច​ពិភាក្សា​អី គឺ​គេ​តែងតែ​ហៅ​តំណាង​ខាង​យើង​ចូលរួម​ដែរ ទាក់ទង​នឹង​ការ​ធ្វើ​ប្រកាស​ទាក់ទង​អនុសញ្ញា​១៨៩ ហ្នឹង គេ​ហៅ​បណ្ដាញ​កម្មករ​តាម​ផ្ទះ​ចូលរួម​ដែរ។ អ៊ីចឹង​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​សច្ចាប័ន​ឲ្យ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ស្រុក​ខ្មែរ​យើង​ឆាប់ៗ»

នៅ​លើ​ពិភពលោក​មាន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ជាង ១០០​លាន​នាក់។ ទាក់ទង​នឹង​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច លោក ចាន់ សុផល បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​បឋម​នៅ​ខែ​មេសា ថា កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ជួប​ការ​រំលោភ​បំពាន​ទាំង​ពេលវេលា​ធ្វើ​ការ​ច្រើន និង​ការ​រំលោភ​បំពាន​ដោយ​ពាក្យ​សម្ដី។

ក្នុង​ចំណោម​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា ចំនួន ៦០០​នាក់ មាន ៦៥% មាន​ថៅកែ​បរទេស។ ពួក​គាត់ ៧៣% មាន​កិច្ចសន្យា​ផ្ទាល់​មាត់ ក្នុង​នោះ​ចំនួន ៣០% មិន​មាន​កិច្ចសន្យា​អ្វី​ទាំងអស់។ ចំនួន ១% ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវ​កាយ និង​ផ្លូវ​ភេទ។ មូលហេតុ​មក​ធ្វើ​ជា​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ គឺ​ចំនួន​ពាក់​កណ្ដាល​ដោយសារ​គ្មាន​ការងារ​នៅ​តាម​ខេត្ត។

តាម​ការ​អង្កេត​នេះ លោក និង​ក្រុម​បណ្ដាញ​នានា ផ្ដល់​យោបល់​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរ គឺ​ត្រូវ​មាន​កិច្ចសន្យា​សម្រាប់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ៖ «ត្រូវ​មាន​ការ​គាំពារ​ដោយ​សង្គម កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ បង្កើន​ប្រាក់​ឈ្នួល ទទួល​បាន​ផល​ប្រយោជន៍​ផ្សេងៗ និង​ការ​រួម​គ្នា​ជា​សមាគម និង​ពង្រឹង​សិទ្ធិ»

ប្រធាន​បណ្ដាញ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា អ្នកស្រី វុន សម្ផស្ស ឲ្យ​ដឹង​ថា នៅ​លើ​ពិភពលោក​មាន​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ជាង ១០០​លាន​នាក់។ ចំណែក​នៅ​កម្ពុជា មាន​ប្រហែល ២៥​ម៉ឺន​នាក់។ ពួក​គាត់ ៩០% ធ្វើ​ការ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ៨០% ជា​ស្ត្រី​ដែល​ភាគច្រើន​ផ្លាស់​ទី​ពី​ជនបទ​មក​ទីក្រុង។ ១០% មាន​អាយុ​ក្រោម ១៥​ឆ្នាំ។ ១៦% មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ ១៨​ឆ្នាំ។ ៨០% រស់នៅ​ក្នុង​ផ្ទះ​របស់​ថៅកែ ដែល​ក្នុង​ចំណោម​នោះ​មាន ២០% ពុំ​មាន​បន្ទប់​ស្នាក់នៅ​សមរម្យ​ទេ។ ៦០% រក​ចំណូល​បាន​ទាប​ជាង ៥០​ដុល្លារ​អាមេរិក និង​មាន​តែ ១៤% ប៉ុណ្ណោះ ដែល​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៧០ ទៅ ១០០​ដុល្លារ​ក្នុង​មួយ​ខែ។ ៣០% ធ្វើ​ការ​ចំនួន ៩ ទៅ ១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

នាយក​មជ្ឈមណ្ឌល​អាមេរិកាំង ដើម្បី​សាមគ្គីភាព​ការងារ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីល្លាម ខន់ឃ្លីន (William Conklin) ឲ្យ​ដឹង​ថា អនុសញ្ញា​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​២៤ បាន​ផ្ដល់​សច្ចាប័ន។ ក្នុង​ទិវា​នេះ មាន​សហព័ន្ធ​កម្មករ​ការងារ​តាម​ផ្ទះ​ចំនួន ៦២​សហព័ន្ធ និង​កម្មករ​ជាង ៥០​ម៉ឺន​នាក់​ចូលរួម​សាមគ្គី​គ្នា​ផ្ដល់​សារ​ជា​អន្តរជាតិ​ថា ទាំងអស់​គ្នា​ដើម្បី​ម្នាក់ ម្នាក់ៗ​ដើម្បី​ទាំងអស់​គ្នា មាន​សេចក្ដី​ថ្លៃថ្នូរ ការងារ​សមរម្យ​សម្រាប់​កម្មករ​តាម​ផ្ទះ មិន​គិត​ពី​ជាតិ​សាសន៍ ជា​ជន​ចំណាក​ស្រុក ឬ​ជា​ជន​ភៀស​ខ្លួន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។