និស្សិត និងព្រះសង្ឃដែលជាសិស្សរបស់បណ្ឌិត កែម ឡី និងសាស្ត្រាចារ្យមួយចំនួននៅសាកលវិទ្យាល័យមួយនាខេត្តបាត់ដំបង សរសើរលោកបណ្ឌិត កែម ឡី ថាជាគ្រូបង្រៀនល្អម្នាក់មិនងាយរកបាននៅក្នុងសង្គមខ្មែរ។ ពួកគាត់បញ្ជាក់ថា លោកបណ្ឌិតជាគ្រូបង្រៀនមានអាកប្បកិរិយាសាមញ្ញ ហើយបង្រៀនកូនខ្មែរឲ្យយល់ដឹងអំពីបញ្ហាសង្គម ហើយមិនពាក់ព័ន្ធនឹងការងារគណបក្សនយោបាយនោះទេ។ ទាំងព្រះសង្ឃ និងនិស្សិត សោកស្ដាយចំពោះការស្លាប់លោកបណ្ឌិត ថាជាការបាត់បង់ធនធានមនុស្សដ៏កម្រនៅកម្ពុជា។
នៅសាកលវិទ្យាល័យ អន្តរជាតិ ឌូវី ខេត្តបាត់ដំបង មាននិស្សិតរៀនថ្នាក់អនុបណ្ឌិតជាមួយបណ្ឌិត កែម ឡី ចំនួន ៣០នាក់ ក្នុងនោះមានព្រះសង្ឃចំនួន ២អង្គ។ ទាំងព្រះសង្ឃ និងនិស្សិតនៅសាកលវិទ្យាល័យមួយនេះ លើកឡើងថា នៅពេលទទួលដំណឹងថា ឃាតកបានបាញ់សម្លាប់សាស្ត្រាចារ្យរបស់ខ្លួនទាំងកណ្ដាលថ្ងៃនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កក្កដា នោះ គឺមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តជាខ្លាំង ហើយស្ទើរតែមិនជឿថា នេះគឺជារឿងពិតនោះទេ។
ព្រះតេជព្រះគុណ ស៊ិន ស៊ីន មានថេរដីកានៅខាងមុខថ្នាក់រៀនអគារជាន់ទី៤ នៃសាកលវិទ្យាល័យ ឌូវី ក្រុងបាត់ដំបង ថា ព្រះអង្គបានរៀនជាមួយបណ្ឌិត កែម ឡី ចំនួន ៣មុខវិជ្ជា ប្រហែលជាង ១ឆ្នាំ នៅក្នុងសាកលវិទ្យាល័យមួយនេះ។ ព្រះតេជព្រះគុណបន្ថែមថា មុខវិជ្ជាដែលបណ្ឌិត កែម ឡី បង្រៀនទាំង ៣មុខវិជ្ជាកន្លងទៅនោះ សុទ្ធសឹងតែជាមុខវិជ្ជាដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវការអភិវឌ្ឍនៅក្នុងសង្គម។ ព្រះតេជព្រះគុណមានថេរដីកាទៀតថា សាស្ត្រាចារ្យរូបនេះមានទេពកោសល្យខ្ពស់ក្នុងការពន្យល់សិស្ស ដូចជាការប្រើពាក្យសាមញ្ញ និងទន់ភ្លន់ងាយយល់បានឆាប់រហ័ស៖ « ថ្ងៃនោះអាត្មាកំពុងប្រជុំនៅក្នុងថ្នាក់ គ្រាន់តែឮដំណឹងលោកបណ្ឌិតស្លាប់ភ្លាម នៅក្នុងខ្លួនដូចជាបាត់អស់ព្រលឹង រកធ្វើអីមិនត្រូវ។ អាត្មាមានតែការសោកស្ដាយ ហើយយើងខិតខំប្រឹងបន្តទៀតក្នុងនាមជាសិស្ស ដែលគាត់បានខំបណ្ដុះបណ្ដាលមក »។
រហូតមកទល់ពេលនេះ ឃាតកបានបាញ់សម្លាប់បណ្ឌិត កែម ឡី មានរយៈពេលជាង ៣ខែហើយ គឺសមត្ថកិច្ចនៅពុំទាន់ចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ក្រៅពីឃាតកឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដើម្បីយកទៅផ្ដន្ទាទោសបាននៅឡើយ។
ស្រដៀងគ្នានេះដែរ និស្សិតរៀនជាមួយបណ្ឌិត កែម ឡី ម្នាក់ទៀតពាក់អាវឆ្នូតក្រឡាដៃវែង រាងស្គម សម្បុរស្រអែម លោក ប៉ុន វុត្ថា ថ្លែងថា លោកស្រឡាញ់អាកប្បកិរិយា និងការបង្រៀនរបស់បណ្ឌិត កែម ឡី ណាស់ ពីព្រោះសាស្ត្រាចារ្យរូបនេះជាមនុស្សដំបូងដែលបង្រៀនឲ្យលោកចេះផ្លាស់ប្ដូរចិត្តគំនិត ជាពិសេសទៅលើការសិក្សាស្រាវជ្រាវ និងឲ្យចេះតាមដានបញ្ហានៅក្នុងសង្គមបានច្រើនទៀតផង។ បុរសវ័យជិត ៣០ឆ្នាំរូបនេះបន្ថែមថា នៅពេលបង្រៀនសិស្សក្នុងថ្នាក់រៀន លោកបណ្ឌិត តែងតែផ្ដល់ដំបូន្មានដែលជាក្រមសីលធម៌ល្អដល់សិស្ស ឲ្យមានគតិបណ្ឌិតចេះស្រឡាញ់ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនទៅមុខ៖ « អ្វីដែលយើងទទួលបានប្រយោជន៍ពីលោកបណ្ឌិត គឺជាចំណេះដឹងថ្មីមួយដែលសាលានៅខេត្តបាត់ដំបង មិនទាន់មានពីមុនមក។ ហើយតាមដឹង មុខវិជ្ជានេះជាគំនិតផ្ដួចផ្ដើមរបស់បណ្ឌិត កែម ឡី ផ្ទាល់ ហើយខ្ញុំជឿថា បើសិនជាលោកនៅរស់នោះ លោកបណ្ឌិតនឹងមានគំនិតផ្ដួចផ្ដើមអ្វីផ្សេងទៀតជាពុំខាន »។
ក្រៅអំពីនិស្សិតដែលរៀនជាមួយបណ្ឌិត កែម ឡី ហើយ នៅមានសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ អន្តរជាតិ ឌូវី ខេត្តបាត់ដំបង ជាច្រើននាក់ទៀត ក៏ស្ងើចសរសើរពីការប៉ិនប្រសប់របស់បណ្ឌិត កែម ឡី នេះដូចគ្នា។
នាយករង និងជាប្រធានការិយាល័យសិក្សានៃសាកលវិទ្យាល័យ អន្តរជាតិ ឌូវី លោក ភន ម៉ុច មានប្រសាសន៍ថា បណ្ឌិត កែម ឡី មកបង្រៀននិស្សិតថ្នាក់អនុបណ្ឌិតជំនាញផ្នែកការត្រួតពិនិត្យ តាមដាន និងការស្រាវជ្រាវ នៅសាកលវិទ្យាល័យនេះចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ រហូតដល់ខែមិថុនា ឆ្នាំ២០១៦។ លោកអះអាងថា លោកបណ្ឌិតមកបង្រៀនសិស្សតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចំនួន ១១ម៉ោង ហើយវិលត្រឡប់ទៅភ្នំពេញវិញនៅរសៀលថ្ងៃអាទិត្យ ក្រោយពីលោកបង្រៀនចប់៖ « ការបង្រៀនរបស់លោក គឺលោកបង្រៀនទាំងទ្រឹស្ដី និងការចុះអនុវត្តផ្ទាល់នៅតាមសហគមន៍នានា។ ហើយលោកបានដាក់លំហាត់ឲ្យនិស្សិតចុះទៅស្រង់ និងរកទិន្នន័យផ្សេងៗ ដើម្បីសរសេរជារបាយការណ៍ »។
លោក ភន ម៉ុច បញ្ជាក់ថា បណ្ឌិត កែម ឡី បង្រៀនសិស្សនៅក្នុងថ្នាក់រៀនដោយពុំមានពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយនោះឡើយ។ លោក ភន ម៉ុច ហៅការស្លាប់របស់បណ្ឌិត កែម ឡី ថាជាការបាត់បង់ធនធានមនុស្សដ៏កម្រ ហើយមានចំណេះដឹងខ្ពង់ខ្ពស់ និងមានអាកប្បកិរិយាល្អមិនងាយរកបាន៖ « ហើយជាពិសេសនោះ ដោយសារតែនិស្សិតរបស់យើងបានសិក្សានូវមុខជំនាញនោះ គឺនិស្សិតរបស់យើងបានមានសមត្ថភាពក្នុងការបង្កើតមូលនិធិរវាងនិស្សិត និងនិស្សិត ដើម្បីធ្វើការសន្សំលុយ ហើយក៏បង្កើតបានអង្គការមួយឈ្មោះ វិទ្យាស្ថានស្រាវជ្រាវអាស៊ាន។ ហើយក្រុមនិស្សិតទទួលបានអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃ »។
លោក ភន ម៉ុច បន្ថែមថា មុខវិជ្ជាទាំង ៣មុខដែលបណ្ឌិត កែម ឡី បានបង្រៀននោះ គឺចប់សព្វគ្រប់អស់ទៅហើយ។
និស្សិត និងព្រះសង្ឃនៃសាកលវិទ្យាល័យ អន្តរជាតិ ឌូវី គ្រោងប្រារព្ធពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅចុងខែតុលា ឆ្នាំ២០១៦។ ទោះជាយ៉ាងណា អ្នកផ្ដួចផ្ដើមពុំទាន់បញ្ជាក់អំពីទីកន្លែងដែលត្រូវធ្វើពិធីបុណ្យនៅវត្តណាឲ្យបានច្បាស់លាស់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។