ក្រសួង​អប់រំ​កែប្រែ​ម៉ោង​បង្រៀន​សិស្ស​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង

ដោយ យាង សុជាមេត្តា
2016.05.02
សិស្ស កំពង់ឆ្នាំង ៦២០ សិស្ស​សាលា​បឋម​សិក្សា​សាមគ្គី​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំង កំពុង​អង្គុយ​រង់ចាំ​ទទួល​អំណោយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ មីនា ២០១៥។
RFA/Chin Chetha

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២ ឧសភា ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ កែប្រែ​ម៉ោង​បង្រៀន​សិស្ស​ក្នុង​ពេល​ដែល​កម្ពុជា កំពុង​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង។

សិស្ស​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ​ដែល​កន្លង​មក​ធ្លាប់​ចូល​រៀន​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់ ត្រូវ​កាត់​បន្ថយ​ម៉ោង​សិក្សា​កន្លះ​ម៉ោង គឺ​ចូល​រៀន​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ១០​កន្លះ ហើយ​ពេល​រសៀល​ដែល​ធ្លាប់​ចូល​រៀន​ពី​ម៉ោង ១ ដល់​ម៉ោង ៥ តែ​ពេល​នេះ​ត្រូវ​កែប្រែ​ពី​ម៉ោង ១​កន្លះ​ដល់​ម៉ោង ៥ វិញ។

ក្រសួង​អប់រំ បញ្ជាក់​ថា ការ​កែប្រែ​ម៉ោង​សិក្សា​នេះ ដើម្បី​បង្ការ​ហានិភ័យ និង​ជៀសវាង​ជំងឺ​ផ្សេងៗ​ចំពោះ​សិស្ស​បណ្ដាល​មក​ពី​ការ​ឡើង​កម្តៅ​ខ្លាំង ខ្យល់​កន្ត្រាក់ ខ្យល់​ព្យុះ ជាពិសេស​ចំពោះ​សិស្ស​តូចៗ។ ការ​ណែនាំ​នេះ ចាប់​ផ្ដើម​អនុវត្ត​ពី​ពេល​នេះ​រហូត​ដល់​ផុត​រយៈពេល​ក្តៅ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦។

បន្ថែម​ពី​លើ​នេះ ក្រសួង​អប់រំ ក៏​ណែនាំ​ឲ្យ​គ្រប់​សាលា​រៀន​ទាំងអស់ ត្រូវ​ត្រៀម​ទឹក​សម្រាប់​គ្រូ សិស្ស​ប្រើប្រាស់ និង​ឲ្យ​សិស្ស​យក​ទឹក​ឆ្អិន​មក​ទទួល​ទាន ព្រម​ទាំង​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ចេញ​លេង​គ្រប់គ្រាន់ និង​បើក​ទ្វារ​បង្អួច​ឲ្យ​ស្រឡះ​មាន​ខ្យល់​ចេញ​ចូល​ល្អ​ក្នុង​ពេល​សិក្សា។

ការ​ណែនាំ​របស់​ក្រសួង​អប់រំ ស្រប​ពេល​ដែល​ក្រសួង​ធនធាន​ទឹក ព្យាករ​ថា ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១១ ឧសភា អាកាសធាតុ​នៅ​កម្ពុជា នៅ​តែ​ក្តៅ​រហូត​ដល់ ៤០​អង្សា​សេ និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។