រំឭក​អំពី​គុណសម្បត្តិ​លោក​បណ្ឌិត កែម ឡី

ដោយ ឡេង ម៉ាលី
2016.08.10
បញ្ចុះ​សព កែម ឡី តាកែវ ២០១៦ ៨៥៥ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​ពិធី​បញ្ចុះ​សព​លោក​បណ្ឌិត កែម ឡី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​បណ្ឌិត កែម ឡី ចាត់​ទុក​ថា លោក​ជា​អ្នក​ក្លាហាន ហ៊ាន​និយាយ​ការ​ពិត​ដ៏​ឆ្នើម​ឧត្ដម​ម្នាក់ ដើម្បី​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ។ អ្នក​ខ្លះ​យល់​ថា បណ្ឌិត កែម ឡី ជា​អវតា​តំណាង​ឲ្យ​ពន្លឺ​នៃ​ការ​ពិត និង​ចង់​ដាក់​ឈ្មោះ​លោក​ថា “អាទិទេព​នៃ​សច្ចធម៌”។

នៅ​ក្នុង​ការ​ប្រារព្ធ​ខួប ៣០​ថ្ងៃ នៃ​មរណភាព​របស់​លោក នៅ​ថ្ងៃ​ទី​១០ សីហា នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្ដាប់​បូជនកិច្ច​វាចា​រំឭក​គុណសម្បត្តិ លោក​បណ្ឌិត កែម ឡី អ្នក​និយាយ​ការ​ពិត​ដើម្បី​យុត្តិធម៌ ដែល​និពន្ធ​ដោយ​បណ្ឌិត ឡៅ ម៉ុងហៃ និង​អាន​ដោយ​លោក ឡេង ម៉ាលី៖

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ គ្រាប់​កាំភ្លើង ២​គ្រាប់​បាន​ផ្ដាច់​ជីវិត​លោក​បណ្ឌិត កែម ឡី។ ជាតិ​ខ្មែរ​បាន​បាត់បង់​មហា​បុត្រា​ដ៏​ឆ្នើម​ម្នាក់​ហើយ។ ឃាតកម្ម​លើ​រូប​គាត់ គឺ​ជា​សោកនាដកម្ម​មួយ​ទៀត​របស់​ជាតិ​ខ្មែរ។ រំពេច​នោះ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​ទាំង​មូល​តក់ស្លុត​ជា​ខ្លាំង ហើយ​ភ្លាមៗ នោះ មនុស្ស​ម្នា​ជា​ច្រើន​ពពាក់ពពូន​នៅ​កន្លែង​ឃាតកម្ម ដោយ​ទឹក​មុខ​ក្រៀមក្រំ ចិត្ត​សោកសង្រេង និង​ខឹងសម្បា​ជា​ខ្លាំង។ ពួក​គេ​ក៏​បាន​ដឹក​សាកសព​ទៅ​តម្កល់​នៅ​វត្ត​ចាស់ នៅ​ត្រើយ​ខាង​កើត​នៃ​ដង​ទន្លេសាប ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​សព។

ជាតិ​ខ្មែរ​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​គាត់។ អស់​ពេល​ជា​ច្រើន​ថ្ងៃ មនុស្ស​ជា​ច្រើន​បាន​ចូលរួម​សម្ដែង​មរណទុក្ខ​ គោរព​វិញ្ញាណក្ខន្ធ និង​កាន់ទុក្ខ​ចំពោះ​មរណភាព​គាត់​យ៉ាង​ច្រើន​កុះករ។ មនុស្សម្នា​ជា​ច្រើន​ទៀត ដែល​មិន​អាច​ទៅ​វត្ត​នោះ ក៏​បាន​ប្រារព្ធ​ពិធីបុណ្យ​កាន់ទុក្ខ​នៅ​តាម​ភូមិឋាន​រៀងៗ ខ្លួន។ មរណភាព​របស់​គាត់​ក៏​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ក្រៀមក្រំ​ផង​ដែរ ហើយ​មាន​អ្នក​មុខ​អ្នក​ការ​បរទេស​ជា​ច្រើន បាន​ចូលរួម​សម្ដែង​មរណទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​គាត់។

ទាំង​អស់​គ្នា​ទទូច​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​លក្ខណៈ​ឯករាជ្យ​មួយ​លើ​ឃាតកម្ម​នេះ ដោយ​មាន​ការ​ចូលរួម​ពី​អន្តរជាតិ​ផង ពីព្រោះ​ពួក​គេ​មិន​ទុក​ចិត្ត​ការ​ស៊ើប​អង្កេត​របស់​ខ្មែរ ដោយសារ​លោក​បណ្ឌិត កែម ឡី ជា​អ្នក​រិះគន់​ដ៏​ល្បីល្បាញ​ម្នាក់​ចំពោះ​រដ្ឋាភិបាល ហើយ​ឃាតកម្ម​នេះ ត្រូវ​បាន​មតិ​ទូទៅ​សង្ស័យ​ថា ជា​ឃាតកម្ម​ដោយ​មូល​ហេតុ​នយោបាយ។ ជា​ច្រើន​ឆ្នាំ​មុន​ឃាតកម្ម​នេះ គាត់​បាន​ប្ដេជ្ញា​បូជា​ជីវិត​គាត់​ដើម្បី​ស្រាវជ្រាវ​ដល់​ទីកន្លែង​ផ្ទាល់​រក​ការ​ពិត​លើ​រឿងរ៉ាវ​មួយ​ចំនួន​ធំ ដែល​ពាក់ព័ន្ធ​នឹង​នយោបាយ ជា​ពិសេស ក្នុង​វិស័យ​អភិបាលកិច្ច និង​យុត្តិធម៌​សង្គម។ ក្នុង​ចំណោម​រឿង​ទាំង​នេះ មាន​រឿង​ពុករលួយ និង​រឿង​ខ្វះ​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល និង​រដ្ឋបាល​សាធារណៈ ចំណុច​ខ្វះខាត និង​បរាជ័យ ការ​គ្រួសារ​បក្សពួក​និយម ការ​រង​ទុក្ខវេទនា​របស់​កម្មករ​ក្នុង​ស្រុក និង​កម្មករ​ចំណាក​ស្រុក ការ​មិន​បាន​ការពារ​សិទ្ធិ និង​សុខុមាលភាព​របស់​ពួក​គាត់ ការ​ទន្ទ្រាន​យក​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃឈើ អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម ដី​សម្បទាន​ធំៗ នៅ​ជាប់​នឹង​ប្រទេស​វៀតណាម បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​នោះ ការ​មក​តាំង​ទីលំនៅ​លើ​ទឹកដី​ដោយ​ជនជាតិ​វៀតណាម ការ​ផ្ដល់​សម្បទាន​កោះ​នានា នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ និង​ដំណើរ​ការ​មិន​ប្រជាធិបតេយ្យ​នៃ​គណបក្ស​នយោបាយ។

មុន​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី បាន​ផ្ដើម​គម្រោង​មួយ​ឈ្មោះ​ថា “យុទ្ធនាការ​១០០​រាត្រី”។ នៅ​ក្នុង​គម្រោង​នេះ គាត់​ទៅ​ស្នាក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ តាម​បណ្ដោយ​ទល់​ដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​តាម​កោះ​ខ្លះ​ក្នុង​ឈូង​សមុទ្រ​ថៃ និង​នៅ​តាម​ភូមិ​ខ្មែរ​ក្រោម​នៅ​វៀតណាម ខាងត្បូង ហើយ​និង​នៅ​ភូមិ​ខ្មែរសុរិន្ទ ក្នុង​ខេត្ត​សុរិន្ទ នៃ​ភូមិភាគ​ឦសាន​ប្រទេស​ថៃ។​ គាត់​មាន​គោល​បំណង​ស្វែង​យល់​អំពី​ជីវិត​រស់​នៅ និង​ក្ដី​បារម្ភ​របស់​អ្នក​ភូមិ​ទាំង​នោះ។ គាត់​កំពុង​តែ​បណ្ដុះបណ្ដាល និង​រៀបចំ​ក្រុម​យុវជន និង​បញ្ញវន្ត​ជា​ច្រើន​រូប​ឲ្យ​ចេះ​ធ្វើ​ការ​ស្រាវជ្រាវ និង​ចេះ​តាក់តែង​គោល​នយោបាយ​ក្នុង​វិស័យ​ផ្សេងៗ​ជា​ច្រើន។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ បណ្ឌិត កែម ឡី ពេល​ចុះ​ទៅ​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ បណ្ឌិត កែម ឡី ពេល​ចុះ​ទៅ​ពិនិត្យ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA/Brach Chev

អម​ដោយ​ហេតុការណ៍ និង​ទិន្នន័យ​ផង លោក​បណ្ឌិត កែម ឡី និយាយ​ការ​ពិត​ជាក់ស្ដែង​អស់​ទាំង​នេះ ដោយ​ត្រង់ៗ និង​តាម​រយ:​រឿង​និទាន​នៅ​ក្នុង​វេទិកា​នានា តាម​វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ គាត់​ធ្វើការ​នេះ ទាំង​ទឹក​ចិត្ត​ក្លាហាន​ដោយ​គ្មាន​បារម្ភ​អ្វី​ដល់​សន្តិសុខ​របស់​គាត់​ផ្ទាល់​ឡើយ។ គាត់​និយាយ​ពី​រឿងរ៉ាវ​អស់​ទាំង​នោះ ដោយ​ធ្វើ​ការ​បទអត្ថាធិប្បាយ ការ​ពិនិត្យពិច័យ​មើល​ពី​របៀប​ដែល​រឿង​ទាំង​នោះ​ត្រូវ​បាន​មើល​រំលង ឬ​ត្រូវ​បាន​ចាត់ចែង ឬ​ដោះស្រាយ ទិតៀន​ដល់​ការ​ធ្វេសប្រហែស ការ​ខ្វះ​ប្រសិទ្ធភាព ឬ​ការ​បរាជ័យ​ក្នុង​ការ​ចាត់ចែង​ដោះស្រាយ​រឿង​ទាំង​នោះ ព្រម​ទាំង​ដាក់​ស្នើ​សុំ​ដំណោះស្រាយ​ចំពោះ​រឿង​ទាំង​នោះ ហើយ​និង​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់ និង​ផ្លាស់ប្ដូរ។ រឿងរ៉ាវ​អស់​ទាំង​នោះ​ជា​ច្រើន និង​ការ​ពិត​ជាក់​ស្ដែង​ខ្លះ​ក្នុង​រឿង​នោះ ត្រូវ​បាន​សាធារណជន​ដឹង​ឮ​ជា​ទូទៅ​ទៅ​ហើយ។ ក្នុង​ចំណោម​អ្នក​ស្ដាប់​គាត់​ទាំង​អស់ មាន​អ្នក​ស្ដាប់​ជា​ច្រើន ប្រាថ្នា​ចង់​សម្ដែង​មតិ​អំពី​រឿង​ទាំង​នេះ​ជា​សាធារណៈ ប្រសិន​បើ​ពួក​គេ​មាន​ចំណេះ​ដឹង គុណ​សម្បត្តិ ភាព​ប៉ិនប្រសព្វ និង​សេចក្ដី​ក្លាហាន ដូច​លោក​បណ្ឌិត កែម ឡី។

លោក​បណ្ឌិត កែម ឡី បាន​ដឹង​ការ​ពិត​ទាំង​នោះ​យ៉ាង​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់។ គាត់​បាន​និយាយ​បញ្ជាក់​ពី​រឿងរ៉ាវ​ទាំង​នោះ ដោយ​មាន​ហេតុការណ៍ និង​ទិន្នន័យ​ជាក់​ស្ដែង ហើយ​បាន​រៀបរាប់​ប្រាប់​អ្នក​ស្ដាប់​គាត់​ដោយ​ប្រើប្រាស់​ពាក្យពេចន៍​សាមញ្ញ ងាយ​យល់​ គឺ​គាត់​និយាយ​ភាសា​របស់​ប្រជាពលរដ្ឋ ជួនកាល​មាន​ទាំង​ប្រើប្រាស់​ការ​ឌឺដង​បញ្ឈឺ ដើម្បី​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​អ្វី​ដែល​គាត់​និយាយ។ អ្នក​ស្ដាប់​ទាំង​ឡាយ​បាន​យល់​កាន់​តែ​ច្បាស់​នូវ​ការពិត​ទាំង​នោះ។ ក្នុង​នាម​ប្រជាពលរដ្ឋ​គាត់​និយាយ​ផ្ដាំ​ផ្ញើ​ជា​សាធារណៈ នូវ​ការ​ពិត​អស់​ទាំង​នោះ ទៅ​ឲ្យ​អ្នក​ដែល​មាន​អំណាច និង​មាន​កាតព្វកិច្ច​ត្រូវ​ដោះស្រាយ​រឿង​ទាំង​នោះ។ ពលរដ្ឋ​ស្រឡាញ់​ចូល​ចិត្ត​គាត់​ណាស់ ហើយ​ថែម​ទាំង​គាំទ្រ​គំនិត និង​ការ​ទាមទារ​របស់​គាត់​ផង។ ពួក​គេ​ជឿជាក់​តាម​ពាក្យ​សម្ដី​របស់​គាត់​ដែល​ពោរពេញ​ដោយ​ការពិត និង​សោភណភាព​ពីរោះ​ពិសា។

ការ​និយាយ​ពិត​របស់​គាត់​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ចេះ​ដឹង​ច្រើន។ ឥឡូវ​នេះ​មនុស្សម្នា​យល់​ច្បាស់​ហើយ​ថា នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ​មាន​អ្វី​ខ្លះ​ដែល​មាន​ដំណើរការ​មិន​ល្អ ហើយ​អ្នក​ណា​ខ្លះ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ដំណើរ​ការ​មិន​ល្អ​ទាំង​នោះ។ មហាជន​យល់​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​កែលម្អ ហើយ​ប្រហែល​ជា​ដឹង​ថា អ្នក​ណា​អាច​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​បាន​ទៀត​ផង។ ប្រជាពលរដ្ឋ​ស្រឡាញ់​ចូលចិត្ត​គាត់​ណាស់ ហើយ​ចង់​ស្តាប់​សម្តី​គាត់។ មាន​អ្នក​ស្ដាប់​គាត់​កាន់​តែ​ច្រើន​ឡើង ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ គាត់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់​ទុក​ជា​មនុស្ស​របស់​ពួក​គេ។ ប៉ុន្តែ​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា “ពាក្យ​ពិត​រែង​ស្លែង”។ ការ​និយាយ​ការ​ពិត​បែប​នេះ មិន​បាន​ធ្វើ​​ឲ្យ​ក្រុម​អ្នក​នយោបាយ​ទាំង​សង្ខាង ដែល​ជា​ទិសដៅ​ចម្បង​នៃ​ពាក្យ​សម្ដី​ទាំង​នោះ ដែល​ជួនកាល​ជា​ពាក្យ​សម្ដី​ទិតៀន​ខ្លាំងៗ ផង​នោះ មាន​ការ​ចូលចិត្ត​ប៉ុន្មាន​ទេ។

លោក​បណ្ឌិត កែម ឡី គឺ​ជា​អ្នក​និយាយ​ការ​ពិត​ដ៏​ឆ្នើម​មួយ​រូប ដែល​មាន​អ្នក​កាន់​ទុក្ខ​សោក​នៃ​មរណភាព​របស់​គាត់​ដ៏​ច្រើន​មហិមា បន្ទាប់​ពី​ចំនួន​អ្នក​កាន់​ទុក្ខសោក​នៃ​ការ​ចូល​ទិវង្គត​របស់​ព្រះមហាវីរក្សត្រ កាល​ពី​ជិត ៤​ឆ្នាំ​មុន​ដែរ។ នេះ​ជា​សក្ខីភាព​បញ្ជាក់​ថា គាត់​ពិត​ជា​មាន​ឥទ្ធិពល​ដ៏​ធំធេង​ណាស់។

ចំពោះ​​អ្នក​ដែល​យល់​ឃើញ​ថា គាត់​ជា​អ្នក​ទិតៀន គេ​មិន​ស្វាគមន៍​រូប​គាត់ និង​ពាក្យ​ពិត​របស់​គាត់​ទេ។ ជួនកាល គាត់​បាន​ទទួល​រង​ការ​ត្មះតិះដៀល​យ៉ាង​សែន​ឈឺ​ចាប់ និង​ទទួល​គំរាម​លាក់មុខ​ខ្លះ ដល់​ជីវិត​ទៀត​ផង។ ការ​មិន​ស្វាគមន៍​នេះ កាន់​តែ​កើន​ឡើង​ថែម​ទៀត នៅ​ពេល​ដែល​និយាយ​ការ​ពិត គឺ​បដិវត្តន៍ គឺ​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ –មែន​ទែន​ទៅ​ ការ​និយាយ​ការពិត​របស់​គាត់ គឺ​ជា​បដិវត្តន៍​មែន​ដែល​ជា​ការវិវឌ្ឍន៍​មួយ​ត្រូវ​បាន​ប្រឆាំង​ទប់ទល់​វិញ​យ៉ាង​ខ្លាំងក្លា។

ដូច​ដែល​អ្នក​និពន្ធ​ជាតិ​រុស្សី​ឈ្មោះ អាឡិចសាន់ឌ័រ សូលសេស្ស៊ីធស៊ីន (Alexander Solzhesitsyn) បាន​និយាយ​ថា “អ្នក​និពន្ធ​ដ៏​ឆ្នើម​ឧត្តម គឺ​ជា​រដ្ឋាភិបាល​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ខ្លួន”។ ដូច្នេះ លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​និយាយ​ការ​ពិត ដ៏​ឆ្នើម​ឧត្ដម​ម្នាក់ ក៏​មិន​ខុស​អី​ពី​រដ្ឋាភិបាល​ទី​ពីរ​នៅ​ក្នុង​ប្រទេស​គាត់​ឡើយ ដែល​ជា​ប្រទេស​មួយ មាន​វប្បធម៌​និយាយ​ច្រើន​ជាង​សរសេរ។ គេ​មិន​ចូល​ចិត្ត​កាន់​តែ​ខ្លាំង​ថែម​ទៀត ខណៈ​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង ២០១៨ ឈាន​ជិត​មក​ដល់។ ការ​និយាយ​ការ​ពិត​របស់​បណ្ឌិត កែម ឡី អាច​នឹង​បំបែរ​សំឡេង​ឆ្នោត និង​ផ្លាស់ប្ដូរ​ជោគវាសនា​របស់​គណបក្ស​នយោបាយ ដែល​ប្រកួត​ប្រជែង​គ្នា​នោះ​បាន។ គាត់​អាច​នឹង​ទៅ​ជា​គ្រោះថ្នាក់​ដល់​ជីវិត ជា​ពិសេស​ដល់​គណបក្ស​ណា​ដែល​កំពុង​មាន​វាសនា​ទីទើរ អាច​លិច​អាច​អណ្ដែត​បំផុត។ គ្រោះថ្នាក់​បែប​នេះ គឺ​ត្រូវ​តែ​កម្ចាត់​ចោល។ គេ​មិន​ត្រូវ​ទុក​ឲ្យ​​បណ្ឌិត កែម ឡី និយាយ​ការ​ពិត​តទៅ​ទៀត​ទេ។ គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់។ មនុស្ស​ស្លាប់​អត់​និយាយ​ទេ។

ទោះ​បី​ជា​បាន​បាត់បង់​មហា​បុត្រា​ដ៏​ឆ្នើម​ម្នាក់​ក៏ដោយ ជាតិ​ខ្មែរ​នៅ​តែ​អាច និង​គួរ​តែ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ ហើយ​ប្រមូល​យក​មក​វិញ​នូវ​កំណប់​គតិបណ្ឌិត​របស់​លោក​បណ្ឌិត កែម ឡី។ ប៉ុន្តែ​ជា​ដំបូង​ជាតិ​ខ្មែរ​នេះ ត្រូវ​ដោះ​បំណុល​យុត្តិធម៌​ដែល​ខ្លួន​ជំពាក់​គាត់​ជា​បន្ទាន់ ហើយ​ដើម្បី​យុត្តិធម៌​នេះ ត្រូវ​ស្វែង​រក​ការពិត​ទាំង​អស់ និង​គ្មាន​អ្វី​ក្រៅ​ពី​ការ​ពិត​តែ​ប៉ុណ្ណោះ ក្នុង​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​ករណី​ឃាតកម្ម​ទៅ​លើ​រូប​គាត់ ព្រោះ​ថា យុត្តិធម៌​មិន​អាច​មាន​ទេ​បើ​គ្មាន​ការ​ពិត។

បន្ទាប់​មក​ជាតិ​ខ្មែរ​គួរ​តែ​ពិចារណា និង​ឲ្យ​តម្លៃ​ដល់​គតិ​បណ្ឌិត​របស់​លោក​បណ្ឌិត កែម ឡី គំនិត​របស់​គាត់ គោលការណ៍​របស់​គាត់ បរិចារកិច្ច​របស់​គាត់ និង​តម្លៃ​របស់​គាត់​ចំពោះ​ជាតិ។ គាត់​គឺ​ជា​មនុស្ស​របស់​ប្រជាពលរដ្ឋ គាត់​ជា​អ្នក​អប់រំ​របស់​ពួក​គេ ជា​សំឡេង​របស់​ពួក​គេ ជា​ពន្លឺ​រស្មី​ភ្លឺ​ចែងចាំង​ ជា​ពន្លឺ​នៃ​ការ​ពិត​របស់​ពួក​គេ។ ពន្លឺ​នេះ មិន​ត្រូវ​ទុក​ឲ្យ​រលត់​ជាមួយ​រូបកាយ​គាត់​ឡើយ។ គេ​គួរ​តែ​ធ្វើ​អ្វីៗ ទាំង​អស់ ដើម្បី​រក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​នូវ​អមតភាព​របស់​គាត់។

លោក​បណ្ឌិត កែម ឡី បាន​បូជា​ជីវិត​គាត់​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​ស្វែង​រក​ការពិត និយាយ​ពាក្យ​ពិត​ដោយ​ជម្នះ​រាល់​គ្រោះ​កាច​ទាំង​ឡាយ ដើម្បី​និយាយ​ការពិត​ហើយ​ទាំង​នេះ​គឺ​សម្រាប់​តែ​ជាតិ​ទាំង​មូល​ប៉ុណ្ណោះ ដើម្បី​លើក​កម្ពស់​អភិបាលកិច្ច និង​សុខុមាលភាព​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ហើយ និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អយុត្តិធម៌​ដែល​កំពុង​យាយី​ដល់​អ្នក​ទន់​ខ្សោយ និង​អ្នក​ក្រីក្រ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ​២០១៤ គាត់​បាន​និយាយ​ថា គាត់​មិន​ចង់​ធ្វើ​អ្វី​ទេ គាត់​អត់​មាន ចង់​ធ្វើ​គណបក្ស​ អត់​មាន​ចង់​ធ្វើ​រដ្ឋាភិបាល អត់​មាន​ចង់​អង្គុយ​កៅអី​ធំ ក្រៅ​ពី​ការ​ចូលរួម​សកម្មភាព​សង្គម “រហូត​ដល់​ស្លាប់​ទៅ​ក៏​ជា​មុខ​តំណែង​ដ៏​វិសេសវិសាល​សម្រាប់​គាត់"។

ដូច្នេះ ដើម្បី​ឲ្យ​ក្លាយ​ជា​មហានគរ​ដ៏​ឆ្នើម​មួយ ជាតិ​ខ្មែរ​ត្រូវ​ផ្ដល់​កិត្តិយស និង​ធ្វើ​បូជនកិច្ច​ឲ្យ​បាន​សម​ស្រប​ជូន​គាត់។ សម្រាប់​កិច្ចការ​នេះ ជាតិ​ខ្មែរ​គួរ​សម្លឹង​មើល​ទៅ​សហរដ្ឋអាមេរិក ដែល​ជា​មហានគរ​មួយ​ដ៏​ឆ្នើម​ដើម្បី​រៀន​អំពី​អ្វី​ដែល​ប្រទេស​នោះ​បាន​ធ្វើ​ដើម្បី​ផ្តល់​កិត្តិយស និង​ធ្វើ​បូជនកិច្ច​ជូន​ដល់​មហា​បុត្រា​ដ៏​ឆ្នើម​របស់​គេ​មួយ​រូប គឺ​លោក​បណ្ឌិត ម៉ាទីន លូធឺ ឃីង  (Martin Luther King Jr.)  ដែល​ជា​មេដឹកនាំ​ចលនា​ទាមទារ​សិទ្ធិ​ពលរដ្ឋ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ទី​១៩៥០ និង ១៩៦០ ដែល​លោក​បណ្ឌិត កែម ឡី មាន​ដំណើរ​ជីវិត និង​ភ័ព្វវាសនា​ស្រដៀង​នឹង​គាត់​ច្រើន​ណាស់។ មនុស្ស​ទាំង​ពីរ​នាក់​នេះ សុខចិត្ត​បូជា​ជីវិត​ដើម្បី​មូលហេតុ​ដ៏​ឧត្ដុង្គឧត្ដម លោក ម៉ាទីន លូធឺ ឃីង សិទ្ធិ​ពលរដ្ឋ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ស្បែក​ខ្មៅ និង​លោក​បណ្ឌិត កែម ឡី  អភិបាលកិច្ច សុខុមាលភាព និង​យុត្តិធម៌ សម្រាប់​ពលរដ្ឋ​ខ្មែរ។ មនុស្ស​ទាំង​ពីរ​នាក់​នេះ បាន​ពុះពារ​យ៉ាង​អង់អាច​ដោយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ នេះ​គឺ​ជា​គ្រោះ​កាច​ធំ​បំផុត​ដែល​ពួកគាត់​ទាំង​ពីរ​នាក់​មាន​ប្រផ្នូល​ដឹង​ជា​មុន។ មនុស្ស​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​បាញ់​នឹង​កាំភ្លើង ហើយ​មនុស្ស​ទាំង​ពីរ​នាក់​នេះ គ្មាន​បន្សល់​ទុក​អ្វី​ឲ្យ​គ្រួសារ​ខ្លួន​ទាល់​តែ​សោះ។

បើ​យោង​តាម​គំរូ​នៅ​សហរដ្ឋអាមេរិក ប្រទេស​កម្ពុជា គួរ​ពិនិត្យ​ឲ្យ​ល្អិតល្អន់​លើ​បញ្ហា​នានា ដែល​លោក​បណ្ឌិត កែម ឡី បាន​លើក​ឡើង ហើយ​ដើម្បី​ជា​បូជនកិច្ច​ជូន​រូប​គាត់ ត្រូវ​ធ្វើ​តាម​អនុសាសន៍​របស់​គាត់ ហើយ​និង​ដោះស្រាយ​ឲ្យ​បាន​សមស្រប។ បូជនកិច្ច​នេះ នឹង​កាន់តែ​សម​ស្រប​ថែម​ទៀត ប្រសិន​បើ​យើង​អាច​ទទួល​ស្គាល់​គាត់​ថា​ជា “អ្នក​និយាយ​ការ​ពិត​ដ៏​ឆ្នើម​ឧត្ដម”។

នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​លោភលន់​អត្តទត្ថភាព (គឺ​ការ​គិត​តែ​ប្រយោជន៍​ខ្លួន​ឯង​ហួសហេតុ) អគតិ (គឺ​សេចក្ដី​លំអៀង) ការ​ប្រកាន់​បក្សពួក​ស្មារតី​វង្វេងវង្វាន់ ការ​ភូត​កុហក ការ​និយាយ​ពាក្យ​មិន​ពិត និង​ការ​ឃោសនា កំពុង​តែ​ធ្វើ​ឲ្យ​គំនិត​ស្មារតី​ប្រជាពលរដ្ឋ​ខ្លួន​រារែក​ស្ទាក់ស្ទើរ ច្របូកច្របល់​ខូច​ប្រឡូច និង​ពុល​ទៅ​ទៀត​ផង​នោះ ហើយ​និង​បណ្ដាល​ឲ្យ​សីលធម៌​ពួកគេ​ធ្លាក់​ចុះ ប្រទេស​នេះ គួរ​តែ​លើក​តម្កើង​នូវ​គុណ​តម្លៃ​ដែល​គាត់​ប្រកាន់​ខ្ជាប់​នៅ​ពេល​ដែល​គាត់​និយាយ​ពន្យល់​គេ។ គុណ​តម្លៃ​នេះ គឺ​ការពិត។ ជាតិ​ខ្មែរ​គួរ​តែ​ប្រកាន់​យក​ការពិត និង​ភាព​ទៀង​ត្រង់​ទុក​ជា​គុណតម្លៃ​គោល​មួយ​របស់​ជាតិ និង​ជា​គុណធម៌​មួយ​សម្រាប់​ប្រជាពលរដ្ឋ។ ប្រទេស​នេះ គួរ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្លួន​ចេះ​ស្វះស្វែង​រក​ការពិត លើក​ស្ទួយ​ការ​និយាយ ការ​ពិត និង​ការ​ឲ្យ​តម្លៃ​ទៅ​លើ​ការពិត ហើយ​និង​អនុញ្ញាត​ឲ្យ​អ្នក​ស្រាវជ្រាវ​រក​ការ​ពិត និង​អ្នក​និយាយ​ការ​ពិត​មាន​លំហ​ឯករាជ្យ និង​សុខ​សុវត្ថិភាព​មួយ​សម្រាប់​ពួក​គេ​ផ្ទាល់។

បូជនកិច្ច​ជូន​លោក​បណ្ឌិត កែម ឡី​ ដែល​បាន​ចូល​មរណភាព​ហើយ​នោះ និង​កាន់តែ​ឧត្តុងឧត្តម​ឡើង​ថែម​ទៀត ប្រសិនបើ​ជាតិ​ខ្មែរ​អាច​រក្សា​ការពារ​ពន្លឺ​នៃ​ការពិត ដែល​គាត់​ជា​តំណាង​នោះ​ឲ្យ​នៅ​តែ​ភ្លឺ​ចែងចាំង​រហូត​ត​រៀង​ទៅ ហើយ​ជាតិ​ខ្មែរ​គួរ​តែ​សាងសង់​រូប​សំណាក់​ធំ​មួយ​របស់​លោក​បណ្ឌិត កែម ឡី ទុក ជា​ស្ដូប​អនុស្សាវរីយ៍​ដែល​ជា​អវតារ​តំណាង​ឲ្យ​ពន្លឺ​នៃ​ការ​ពិត​នេះ និង​ប្រារព្ធ​ដាក់​ឈ្មោះ​ថា “អាទិទេព​នៃ​សច្ចធម៌” ដែល​ភាសា​សំស្ក្រឹត​ហៅ​ថា “សត្យទេវៈ” ឬ​បាលី​ហៅ​ថា “សច្ចទេវៈ” និង​ភាសា​ឡាតាំង​ហៅ​ថា “Veritas” ដោយ​មាន​ចំណារ​ចារិក​ភាសិត ២ នៅ​ពី​ក្រោម​រូប​សំណាក់​នោះ​ថា “យុត្តិធម៌​ត្រូវ​តែ​មាន​ទោះ​ជា​មេឃ​ត្រូវ​រលំ​ភ្នំ​ត្រូវ​រលាយ​ក៏ដោយ” ជា​ភាសា​ឡាតាំង​ថា “Fiat Veritas, et pereat mundus” និង “ការពិត​ត្រូវ​តែ​មាន​ទោះ​ជា​មេឃ​ត្រូវ​រលំ​ភ្នំ​ត្រូវ​រលាយ​ក៏ដោយ” ជា​ភាសា​ឡាតាំង​ថា “Fiat institia, et pereat mundus”។

សោកនាដកម្ម​នៃ​ការ​ធ្វើឃាត​លោក​បណ្ឌិត កែម ឡី បាន​បណ្ដាល​ឲ្យ​ជាតិ​ខ្មែរ​រួបរួម​គ្នា​រួច​ហើយ។ បូជនកិច្ច​ជាតិ​ជូន​គាត់​ដូច​មាន​ស្នើ​ខាង​លើ មាន​តែ​ជួយ​ការ​រួបរួម​គ្នា​នេះ​ឲ្យ​បាន​កាន់​តែ​រឹងមាំ​ថែម​ទៀត​ប៉ុណ្ណោះ ហើយ​បើ​សម្រេច​បាន​យ៉ាង​ដូច្នេះ​មែន​នោះ​ មរណភាព​ដ៏​សង្វេគ​របស់​លោក​បណ្ឌិត កែម ឡី នឹង​អាច​ជា​ចំណុច​ផ្លូវបត់​មួយ​ទៅ​រក​ល្អ​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល។ ការ​ធ្វើ​យ៉ាង​នេះ គឺ​អាច​ជួយ​ព្រលឹង​លោក​បណ្ឌិត កែម ឡី ឲ្យ​បាន​ទៅ​ដល់​សុគតិភព​មិន​ខាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។