រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឲ្យ​អាជីវករ​អាច​លក់​ដូរ​នៅ​តូប​តាម​ផ្សារ​ដោយ​ពុំ​មាន​អាណត្តិ

ដោយ សុ ជីវី
2016.08.16
ហ៊ុន សែន ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង ២០១៦ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។ Photo courtesy of Prime Minister Hun Sen Facebook
Photo courtesy of Prime Minister Hun Sen Facebook

រដ្ឋាភិបាល​សម្រេច​ឲ្យ​អ្នក​លក់​ដូរ​តាម​ផ្សារ​មាន​សិទ្ធិ​កាន់​កាប់ ប្រើប្រាស់ អាស្រ័យ​ផល និង​ផ្ទេរ​ទៅ​ឲ្យ​កូន​ចៅ ឬ​អ្នក​ដទៃ​បាន​ចំពោះ​តូប រាន ស្តង់ និង​កន្លែង​លក់​ដូរ​ដទៃ​ទៀត​នៅ​ក្នុង​ផ្សារ បើ​ទោះ​បី​ជា​ពុំ​មាន​កម្មសិទ្ធិ​ផ្ដល់​ឲ្យ​ក៏ដោយ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា នេះ​ជា​យុទ្ធសាស្ត្រ​ពន្លត់​ភ្លើង ជា​ជាង​អង្គុយ​បក់​ផ្សែង។

សង្គម​ស៊ីវិល​សាទរ​ចំពោះ​ចំណាត់​ការ​នេះ ថែម​ទាំង​ចង់​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​រឹត​បន្តឹង​បញ្ហា​មួយ​ចំនួន ដូចជា​ការ​ទារ​ភាស៊ី និង​តម្លៃ​ឈ្នួល​ផ្សេងៗ​ទៀត​ដែល​តែង​ត្រូវ​គេ​ទារ​លើស​ពី​ច្បាប់​កំណត់។

សារាចរ​ស្ដីពី​ការ​គ្រប់គ្រង​ផ្សារ​នៅ​ទូទាំង​ប្រទេស ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​លោក​នៅ​ពេល​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។

បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​សីហា ជា​ថ្ងៃ​ដែល​សារាចរ​ស្ដីពី​ការ​គ្រប់គ្រង​ផ្សារ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា នេះ​ជា​ការ​ឆ្លើយ​តប​តាម​តម្រូវការ​របស់​អាជីវករ ក្រោយ​លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ពលរដ្ឋ និង​ទទួល​បាន​សំណើ​សុំ​ពន្យារ​អាណត្តិ​កាន់​កាប់​តូប​ឲ្យ​បាន​ច្រើន​ឆ្នាំ​ជាង​មុន។

លោក ហ៊ុន សែន បន្ត​ថា នេះ​ក៏​ជា​យុទ្ធសាស្ត្រ​ការពារ​ប្រយោជន៍​ពលរដ្ឋ និង​ទប់ទល់​នឹង​ពួក​អាក្រក់ ដែល​បោកប្រាស់​ក្រុម​អាជីវករ។ បើ​ទោះ​បី​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី​ពុំ​បាន​បញ្ជាក់​ថា ក្រុម​នោះ​ជា​អ្នក​ណា​ឡើយ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​ផ្សារ៖ «បើ​សិន​ជា​យន្តការ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ហើយ​ដោះស្រាយ វា​អាច​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​អាជីវករ​គ្នា​ឯង​ហ្នឹង​ដែរ។ សិទ្ធិ​មួយ​ចំនួន​ក្នុង​ការ​គ្រប់គ្រង​តូប​នានា​ក្នុង​ផ្សារ​ដែល​កន្លង​មក ឃើញ​ថា​មាន​ការ​គ្រប់គ្រង​ហ្នឹង​មិន​មាន​មូលដ្ឋាន​អី​ឲ្យ​ច្បាស់លាស់​ទេ ហើយ​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​អាជីវករ»

សារាចរ​របស់​រដ្ឋាភិបាល បាន​បែង​ចែក​ជា​បួន​ប្រភេទ​ផ្សារ​ធំៗ​ដើម្បី​គ្រប់គ្រង គឺ​ផ្សារ​ប្រភេទ ក ខ គ និង​ឃ។ ប្រភេទ ក ជា​ផ្សារ​ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល។ ប្រភេទ ខ សំដៅ​ផ្សារ​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជា​សាធារណៈ ដើម្បី​ឲ្យ​ឯកជន​ប្រមូល​ភាស៊ី។ ប្រភេទ គ ជា​ផ្សារ​ដែល​សង់​ដោយ​ឯកជន​នៅ​លើ​ដី​រដ្ឋ។ ចំណែក​ប្រភេទ ឃ គឺ​ផ្សារ​ដែល​សាងសង់​ដោយ​ឯកជន​នៅ​លើ​ដី​ដែល​ទិញ​ពី​រដ្ឋ។ សារាចរ​បញ្ជាក់​ថា ក្នុង​ផ្សារ​ប្រភេទ ក និង ខ រដ្ឋាភិបាល​មិន​កំណត់​អាណត្តិ​លើ​សិទ្ធិ​កាន់​កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល អាជីវករ​អាច​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ទៅ​កូន​ចៅ ឬ​អ្នក​ដទៃ ប៉ុន្តែ​ផ្សារ និង​ទីតាំង​ផ្សារ​នៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ។ ចំពោះ​ប្រភេទ គ និង ឃ អាជីវករ​មាន​សិទ្ធិ​ដូច​នៅ​ផ្សារ​ប្រភេទ ក និង ខ បាន​នៅ​ពេល​ណា​ផ្សារ​ទាំង​នោះ ត្រូវ​ផ្ទេរ​មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ។ សារាចរ​ក៏​បាន​ណែនាំ​ឲ្យ​អាជីវករ​ទាំងអស់​ត្រូវ​បន្ត​ប្រាក់​ឈ្នួល ប្រាក់​ពន្ធ និង​ភាស៊ី​ទៅ​តាម​សៀវភៅ​បន្ទុក។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​អាច​កើត​ឡើង ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ពង្រឹង​ការ​ប្រមូល​ថ្លៃ​ជួល និង​ប្រាក់​ភាស៊ី៖ «បើ​និយាយ​ឲ្យ​ចំ​ទៅ វា​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អាជីវករ​ឈឺ​ចាប់។ អ្នក​ដែល​រង​ផល​ប៉ះពាល់​មុន​គេ គឺ​អាជីវករ​អ្នក​ដែល​រង​ផល​ប៉ះពាល់ ទី​២ គឺ​អតិថិជន​ដែល​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ហ្នឹង។ បើ​សិន​ជា​អ្នក​លក់​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ គេ​ទារ​ភាស៊ីថ្លៃ​ហួស​ពី​សៀវភៅ​បន្ទុក ធ្វើ​ឲ្យ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ ដែល​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​សាធារណជន​ទូទៅ»

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សារាចរ​ដដែល​សង្កត់​ធ្ងន់​ថា ពិត​មែន​ថា​អាជីវករ​អាច​ផ្ទេរ​ការ​កាន់​កាប់​ទៅ​ឲ្យ​កូន​ចៅ ឬ​អ្នក​ដទៃ ក៏​អាជ្ញាធរ​ពុំ​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​ឡើយ ពោល​គឺ​ការ​កាន់​កាប់ ត្រូវ​សុំ​ប័ណ្ណ​សម្គាល់​សិទ្ធិ​ពី​សាលា​រាជធានី ខេត្ត ក្រុង ស្រុក ឬ​ខណ្ឌ តាម​សភាព​ជាក់ស្ដែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។