លោក ហ៊ុន សែន កោត​សរសើរ​ឡាវ​ថា​លក់​អគ្គិសនី​ឲ្យ​ខ្មែរ​ក្នុង​តម្លៃ​ថោក

ដោយ ម៉ែន សុធីរ
2017-01-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) (ឆ្វេង) និង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Men Sothyr
RFA/Men Sothyr

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កោត​សរសើរ​រដ្ឋាភិបាល​ឡាវ ថា​បាន​លក់​អគ្គិសនី​ឲ្យ​កម្ពុជា ក្នុង​តម្លៃ​ថោក បើ​ទោះ​បី​ជា​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​ក្តី​កង្វល់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដោយសារ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។

ការ​ថ្លែង​នេះ ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល និង​អគារ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល នៅ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មករា។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​សម្ដែង​មោទនភាព​ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​លក់​អគ្គិសនី​ឲ្យ​កម្ពុជា ក្នុង​តម្លៃ​ថោក។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ មករា លោក ហ៊ុន សែន បាន​ថ្លែង​ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ លោក ថងលួង ស៊ីស៊ូលីត (Thongloun Sisoulith) ថា​បាន​លក់​អគ្គិសនី​ឲ្យ​ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ព្រះវិហារ ក្នុង​តម្លៃ​ទាប ក៏ប៉ុន្តែ​លោក ហ៊ុន សែន ពុំ​បាន​បញ្ជាក់​លម្អិត​ទេ​ថា រដ្ឋាភិបាល​ឡាវ លក់​អគ្គិសនី​ចំនួន​ប៉ុន្មាន​មេហ្គា​វ៉ាត់ និង​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​ពី​ឡាវ ឬ​យ៉ាង​ណា ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បើក​ឲ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៧ ខាង​មុខ​នេះ៖ «ខ្ញុំ​សូម​អរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បាន​លក់​អគ្គិសនី​ក្នុង​តម្លៃ​ថោក​ជូន​មក​កម្ពុជា ដែល​ភាគច្រើន​ប្រើប្រាស់​នៅ​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ព្រះវិហារ»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​រស់នៅ​ខែត្រ​ស្ទឹងត្រែង នៅ​តែ​ត្អូញត្អែរ​ថា ពួក​គេ​កំពុង​ប្រើប្រាស់​អគ្គិសនី​ដែល​រដ្ឋាភិបាល​កម្ពុជា ទិញ​ពី​ឡាវ ក្នុង​តម្លៃ​ថ្លៃ គឺ ១​គីឡូវ៉ាត់​ម៉ោង (1KW/H) តម្លៃ ៩៥០​រៀល។ តម្លៃ​នេះ​ថ្លៃ​ជាង​នៅ​ប្រទេស​ឡាវ ទ្វេ​ដង ពោល​គឺ​នៅ​ប្រទេស​ឡាវ មាន​តម្លៃ​ប្រមាណ ២០០​រៀល​ក្នុង ១​គីឡូវ៉ាត់​ម៉ោង។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោកស្រី តឹម ស្រីម៉ុម ចាត់​ទុក​អគ្គិសនី​ដែល​គាត់​កំពុង​ប្រើប្រាស់​សព្វថ្ងៃ ថា​នៅ​មាន​តម្លៃ​ថ្លៃ​នៅ​ឡើយ ដែល​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​គាត់​ប្រសើរ​ឡើយ។ លោកស្រី​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទិញ​អគ្គិសនី​ពី​ឡាវ ក៏ប៉ុន្តែ​លោកស្រី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បញ្ចុះ​តម្លៃ​អគ្គិសនី​ដូច​នៅ​ប្រទេស​ឡាវ។ លោកស្រី​ក៏​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត ប្រសិន​បើ​ការ​ទាញ​យក​ថាមពល​អគ្គិសនី​បង្ក​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​បរិស្ថាន​ធ្ងន់ធ្ងរ៖ «ខ្ញុំ​ចង់​ឲ្យ​ថោក​ជាង​ហ្នឹង​តិច​ទៀត ព្រោះ​អី​អគ្គិសនី​ឥឡូវ​មាន​តម្លៃ ៩៥០​រៀល។ ខ្ញុំ​ចង់​ថោក​ដូច​នៅ​ប្រទេស​ឡាវ ព្រោះ​អី​នៅ​ផ្ទះ​ខ្ញុំ​អស់ ៧​ទៅ ៨​ម៉ឺន​ដែរ»

មន្ត្រី​សម្របសម្រួល​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) លោក ឯក ចំរើន ចាត់​ទុក​ការ​ទាញ​យក​ថាមពល​អគ្គិសនី​ជា​រឿង​សំខាន់ ក៏ប៉ុន្តែ​លោក​ចង់​ឲ្យ​មាន​តម្លាភាព​ចំពោះ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ការ​ទទួល​ខុស​ត្រូវ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ជាក់ស្តែង​ដល់​ពលរដ្ឋ និង​បរិស្ថាន។ លោក​ចាត់​ទុក​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ ឬ​ទន្លេ​មេគង្គ​របស់​ប្រទេស​ឡាវ មាន​ប្រៀប​ជាង​កម្ពុជា ឆ្ងាយ ហើយ​ពលរដ្ឋ​ដែល​រងគ្រោះ​ច្រើន​ជាង​គេ គឺ​ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ប៉ែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ ជាពិសេស​ពលរដ្ឋ​មាន​ជីវភាព​ផ្អែក​លើ​ផល​នេសាទ៖ «ស្នើសុំ​ប្រមុខ​រដ្ឋាភិបាល​មេត្តា​បញ្ចេញ​សារ​រួម​គ្នា និង​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​មក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ច្បាស់​អំពី​ផល​ប៉ះពាល់​អំពី​ទំនប់​វារីអគ្គិសនី​ដន​សាហុង»

អតីត​អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន សន្និដ្ឋាន​ថា លោក​នាយក​រដ្ឋមន្ត្រី​រំពឹង​ថា នៅ​គ្រា​ដែល​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដែល​ឡាវ សាងសង់​រួច ឡាវ នឹង​លក់​អគ្គិសនី​មក​ឲ្យ​កម្ពុជា ក៏ប៉ុន្តែ​លោក​ពុំ​ទាន់​ឃើញ​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​ឡាវ ព្រមព្រៀង​ទិញ​លក់​អគ្គិសនី​មក​ឲ្យ​កម្ពុជា នោះ​ទេ។ លោក​ថា កន្លង​ទៅ ក្រុមហ៊ុន មេហ្គា​ហ្វើស (Mega First Corporation Berhad) ដែល​កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ថៃ រួច​ហើយ ថា​បើ​គេ​សាងសង់​ទំនប់​រួច នឹង​លក់​អគ្គិសនី​ទាំង​ស្រុង​ឲ្យ​ប្រទេស​ថៃ។

លោក​ពុំ​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​កិច្ចព្រមព្រៀង​ទិញ​អគ្គិសនី​ពី​ឡាវ បន្ត​ទៀត ឬ​យ៉ាង​ណា ខណៈ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​កំពុង​សាងសង់​នៅ​ជិត​ទី​រួម​ខែត្រ​ស្ទឹងត្រែង នឹង​បើក​ឲ្យ​ដំណើរ​ការ​នៅ​ដំណាច់​ឆ្នាំ​២០១៧៖ «ទំនប់​សេសាន​ក្រោម​ពីរ​ដែល​សាងសង់​ហើយ​ហ្នឹង គឺ​វា​នៅ​ជិត​ទី​រួម​ខែត្រ​ស្ទឹងត្រែង ហ្នឹង។ ចឹង​ហេតុ​អី​បាន​យើង​ចាំបាច់​ត្រូវ​ទិញ​ភ្លើង​មក​ពី​ឡាវ។ ជាទូទៅ ប្រទេស​ឡាវ មាន​ទំនប់​ច្រើន​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​លក់​ទៅ​ថៃ ហើយ​ម្យ៉ាង​ទៀត គេ​ត្រូវ​មាន​កិច្ចព្រមព្រៀង​ទិញ​ភ្លើង​រួច​ហើយ បាន​គេ​សាងសង់»

រដ្ឋាភិបាល​កម្ពុជា បាន​ទិញ​អគ្គិសនី​ពី​ឡាវ នៅ​ខែត្រ​ស្ទឹងត្រែង តាំង​ពី​ឆ្នាំ​២០០៩ ចំនួន​ពី ៥ ទៅ ៧​មេហ្គា​វ៉ាត់ ហើយ ៧​មេហ្គា​វ៉ាត់​នេះ គឺ​ជា​ភ្លើង​ដែល​ឡាវ ទាញ​ពី​ទំនប់​វារីអគ្គិសនី​មួយ​ឈ្មោះ​ថា ហួយ ហួ ឋិត​នៅ​ដៃ​ទន្លេ​សេកុង ប្រទេស​ឡាវ។ រដ្ឋាភិបាល​ឡាវ គ្រោង​ធ្វើ​ឲ្យ​ប្រទេស​ឡាវ ក្លាយ​ជា​ធនាគារ​អគ្គិសនី​ធំ​ជាង​គេ​នៅ​អាស៊ាន តាម​រយៈ​ការ​កសាង​ទំនប់​វារីអគ្គិសនី​ចំនួន​ជាង ៣០០​ទំនប់​ទូទាំង​ប្រទេស ក្នុង​នោះ​មាន ២៨​ទំនប់​ឋិត​ក្នុង​ដៃ​ទន្លេ​សេកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល