ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ច្រើន​នៅ​ខេត្ត​រតនគិរី​បោះបង់​កសិកម្ម​ប្រពៃណី

ដោយ រដ្ឋា វិសាល
2015.08.18
ដំឡូងមី រតនគិរី ៦២០ កសិករ​នៅ​ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រមូល​ផល​ដំឡូង​មី កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១២។
RFA/Ratha Visal

ប្រពៃណី​ធ្វើ​ស្រូវ​ចម្ការ​របស់​ជនជាតិ​ដើម​នៅ​ខេត្ត​រតនគិរី បាន​វិវឌ្ឍ​ថយ​ក្រោយ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កសិករ​ខ្មែរ​នាំ​ចូល​ដំណាំ​កសិឧស្សាហកម្ម​កាន់​តែ​ច្រើន ទៅ​កាន់​តំបន់​សហគមន៍​ជនជាតិ​ដើម​ទាំង​នោះ។

អ្នក​ភូមិ​ខ្លះ ងាក​មក​ធ្វើ​ស្រូវ​សន្ទូង ឬ​ស្រូវ​ពង្រោះ។ ចំណែក​អ្នក​ភូមិ​ខ្លះ​ទៀត ប្រើប្រាស់​ដី​សម្រាប់​ដំណាំ​សណ្ដែក ឬ​ដំឡូងមី​ជំនួស​វិញ។

ស្រូវ​ចម្ការ ឬ​ស្រូវ​ភ្នំ​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី និយម​ដាំ​ជា​សំខាន់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​នា​ពេល​បច្ចុប្បន្ន​នេះ ថយ​បរិមាណ​ជា​បន្តបន្ទាប់ ដោយសារ​អ្នក​ភូមិ​ចាប់​យក​របៀប​ធ្វើ​ស្រែ ឬ​ចម្ការ​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​នា​សម័យ​បច្ចុប្បន្ន ពោល​គឺ​កសិករ​ជនជាតិ​ដើម និយម​ធ្វើ​ស្រែ​តាម​ប្រពៃណី​ជនជាតិ​ខ្មែរ គឺ​ធ្វើ​ស្រូវ​សន្ទូង ឬ​ស្រូវ​ពង្រោះ និង​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជំនួស​វិញ។

តួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី មុន​ឆ្នាំ​២០១០ ផ្ទៃ​ដី​ដាំ​ស្រូវ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច​មាន​ជាង ១​ម៉ឺន ៥​ពាន់​ហិកតារ ក្នុង​ចំណោម​ផ្ទៃ​ដី​ស្រែ​សរុប​របស់​កសិករ​ទូទាំង​ខេត្ត​រតនគិរី ជាង ២​ម៉ឺន ៥​ពាន់​ហិកតារ។ រហូត​បច្ចុប្បន្ន តួលេខ​ផ្ទៃ​ដី​ស្រូវ​ចម្ការ​បាន​ថយ​ចុះ​នៅ​ប្រមាណ​ជាង ១​ម៉ឺន ២​ពាន់​ហិកតារ គឺ​តិច​ជាង​ផ្ទៃ​ដី​ធ្វើ​ស្រែ​សន្ទូង ឬ​ស្រែ​ពង្រោះ​របស់​កសិករ​ខ្មែរ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា ចាត់​ទុក​ការ​ថយ​ចុះ​បរិមាណ​ដី​ស្រូវ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ថា​ជា​ការ​វិវឌ្ឍ​ទៅ​រក​ការ​ធ្វើ​កសិកម្ម​បែប​សម័យ​ទំនើប តម្រូវ​តាម​ទីផ្សារ​ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​តម្លៃ​ទីផ្សារ​ល្អ​ប្រសើរ។ យ៉ាង​ណា​មិញ លោក​ថា​ការ​បោះបង់​ប្រពៃណី​ធ្វើ​ស្រូវ​ចម្ការ​របស់​សហគមន៍ នាំ​ឲ្យ​កសិករ​ជនជាតិ​ដើម​ភាគ​តិច​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ពី​វិស័យ​កសិកម្ម បង្កើន​ជីវភាព​គ្រួសារ​បាន​កាន់​តែ​ប្រសើរ៖ «បង​ប្អូន​យើង​មួយ​ចំនួន​គាត់​ដាំ​ដំឡូងមី​ចម្ការ​ចាស់ៗ គាត់​ឃើញ​ទិន្នផល​ស្រូវ​លែង​បាន​ផល គាត់​ដាំ​ដំឡូងមី​វិញ ហើយ​ដាំ​សណ្ដែក​សៀង។ ជាទូទៅ គាត់​ងាក​មក​ធ្វើ​ដី​ច្រប់​ប្រភព​ធ្វើ​ស្រែ គាត់​យក​ដី​ចម្ការ​ដាំ​ដំឡូង ដូច្នេះ​ដី​ស្រែ​កើន​ឡើង​ដោយសារ​ប្រភព​ច្រប់​ប្រភព​ទឹក»

ពូជ​ស្រូវ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពូជ​ស្រូវ​របស់​កសិករ​ខ្មែរ ដែល​និយម​ធ្វើ​ស្រែ​សន្ទូង ឬ​ស្រែ​ពង្រោះ មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ដាក់​លក់​តាម​ទីផ្សារ​ក្នុង​ស្រុក ឬ​នាំ​ចេញ​ទៅ​ទីផ្សារ​បរទេស​មាន​តម្លៃ​ខ្ពស់​ទៀត​ផង។ ជាទូទៅ កសិករ​ជនជាតិ​ដើម​ភាគ​តិច ដាំ​ពូជ​ស្រូវ​ចម្ការ​ស្រប​ទៅ​តាម​ស្ថានភាព​ដី​នៅ​តាម​ទី​ទួល ឬ​ជម្រាល​ភ្នំ សម្រាប់​ត្រៀម​បម្រុង​ការ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង រស់នៅ​ស្រុក​អូរជុំ លោក ង៉ុក ប៊ុនភៀច កត់​សម្គាល់​ថា បច្ចុប្បន្ន​សមាជិក​សហគមន៍​ខ្លះ​ចាប់​យក​ដី​ទំនាប​ក្បែរ​អូរ ឬ​ច្រប់​មាន​ប្រភព​ទឹក ហើយ​លើក​ភ្លឺ​ធ្វើ​ស្រែ​សន្ទូង ឬ​ស្រែ​ពង្រោះ​ទៅ​តាម​ទម្លាប់​កសិករ​ខ្មែរ ដែល​ចូល​មក​រស់នៅ​ជិត​តំបន់​សហគមន៍។ លោក​កត់​សម្គាល់​ទៀត​ថា ដំណាំ​សណ្ដែក​សៀង ឬ​ដំណាំ​ដំឡូងមី ក៏​បាន​ទាក់ទាញ​កសិករ​ជនជាតិ​ដើម ឲ្យ​បោះបង់​ដី​ដាំ​ស្រូវ​ចម្ការ ដោយសារ​តែ​ដំណាំ​កសិឧស្សាហកម្ម​ទាំង​នោះ​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់ ប្រៀបធៀប​ចំណូល​ពី​ដាំ​ស្រូវ​ចម្ការ៖ «ខាង​ស្រូវ​បើ​យើង​ដាំ​ទៅ​ដូចជា​ចម្ការ​អ៊ីចឹង ជួន​កាល​អត់​ទទួល​បាន​ផល​ច្រើន​ទេ ព្រោះ​ដី​អស់​ជីជាតិ បើ​គាត់​ដាំ​សណ្ដែក​សៀង​ដាំ​ដំឡូង​ហ្នឹង គាត់​ទទួល​បាន​ទិន្នផល​ច្រើន។ ជួន​កាល បើ​គាត់​អត់​គ្រប់គ្រាន់​សម្រាប់​ស្រូវ​របស់​គាត់ គាត់​យក​សណ្ដែក​យក​ដំឡូង​ទៅ​លក់​ទិញ​អង្ករ​បាន»

ដូច​គ្នា​នេះ​ដែរ ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់នៅ​ស្រុក​អូរយ៉ាដាវ លោក ក្លាន ឃឿង ចាត់​ទុក​ការ​ធ្វើ​ស្រែ និង​ចម្ការ​បែប​សម័យ​ថ្មី ថា​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម។ លោក​ថា បច្ចុប្បន្ន​មាន​សមាជិក​សហគមន៍​ខ្លះ ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​កសិកម្ម​បែប​សម័យ​ថ្មី​ក្នុង​មួយ​ឆ្នាំៗ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ពី​ចម្ការ​ស្វាយចន្ទី ចម្ការ​សណ្ដែក ឬ​ចម្ការ​ដំឡូង ជាដើម៖ «ដាំ​តាម​ខ្មែរ​ឥឡូវ​មាន​ការ​ប្រែប្រួល មាន​ការ​រីក​ចម្រើន ចំណេញ​ច្រើន​ដែរ ណា​មួយ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ផង ចំណេញ​ច្រើន។ ពេល​ដែល​គាត់​ដាំ​ស្រូវ​ច្រើន​ឆ្នាំ ដី​អស់​ជីជាតិ អត់​សូវ​មាន​ផល​ទេ»

នៅ​ខេត្ត​រតនគិរី ផ្ទៃ​ដី​ធ្វើ​ស្រូវ​សន្ទូង ឬ​ស្រូវ​ពង្រោះ​មាន​នៅ​ស្រុក​កូនមុំ ស្រុក​លំផាត់ ស្រុក​វ៉ឺនសៃ និង​ស្រុក​អូរយ៉ាដាវ។ ទិន្នផល​ស្រូវ​ជា​មធ្យម​មាន​បរិមាណ​ជាង ២​តោន​ក្នុង​ផ្ទៃដី​មួយ​ហិកតារ។ ជាទូទៅ តួលេខ​ប្រមូល​ផល​ស្រូវ​ប្រចាំ​ឆ្នាំ​ក្នុង​ខេត្ត​នេះ មាន​ប្រមាណ​ជាង ៤​ម៉ឺន​តោន។

ផ្ទុយ​ពី​ការ​អះអាង​របស់​កសិករ​ជនជាតិ​ដើម ពី​ការ​កែប្រែ​ទម្លាប់​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ជនជាតិ​ដើម មក​រក​ការ​ធ្វើ​កសិកម្ម​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន មន្ត្រី​មូលដ្ឋាន​ជាន់​ខ្ពស់​នៃ​អង្គការ​សេដាក (CEDAC) ខេត្ត​រតនគិរី លោក ខៀវ ឬទ្ធី សម្ដែង​ការ​បារម្ភ​ពី​កង្វះ​ខាត​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​សហគមន៍ ពាក់ព័ន្ធ​ការ​ធ្វើ​កសិកម្ម​បច្ចុប្បន្ន ដែល​ការ​ចំណាយ​ច្រើន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​មិន​ទទួល​បាន​ផល​ល្អ​នោះ​ឡើយ។ លោក​ថា កសិករ​ជនជាតិ​ដើម​ភាគ​តិច គួរ​ស្វែង​យល់​ពី​របៀប​ធ្វើ​កសិកម្ម​តាម​ទ្រឹស្ដី​សេដ្ឋី​ស្រុក​ស្រែ ដែល​អង្គការ​សេដាក បាន​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ជូន​សហគមន៍ ដែល​អាច​លើក​ស្ទួយ​ជីវភាព​រស់នៅ​សហគមន៍​ជនជាតិ​ដើម​នា​ពេល​បច្ចុប្បន្ន ទើប​អាច​គេច​ផុត​ពី​ហានិភ័យ​ក្នុង​ការ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ៖ «និយាយ​ថា​ឲ្យ​ស្រែ​ខ្លឹម​មាន​ន័យ​ថា ឲ្យ​គាត់​ធ្វើ​ស្រែ​នៅ​លើ​ដី​គាត់​ឲ្យ​ជាក់លាក់ ប្រើ​បច្ចេកទេស​ត្រឹមត្រូវ​លើ​ដី​ហ្នឹង ដើម្បី​ឲ្យ​ដី​គាត់​ទៅ​ជា​ដី​ខ្លឹម​មាន​ន័យ​ថា គាត់​ធ្វើ​លើ​ដី​តូច​បាន​ផល​ច្រើន។ គាត់​បោះបង់​ធ្វើ​ស្រូវ​តាម​ចម្ការ គាត់​ងាក​មក​ដាំ​ដំឡូង​អ៊ីចឹង​ទៅ ដល់​សួរ​គាត់​ថា​ចំណេញ​ប៉ុន្មាន គាត់​ថា​អត់​បាន​ចំណេញ​ដូច​ស្រូវ​ទេ។ គាត់​ចំណាយ​ថ្លៃ​ដើម​ខ្ពស់។ គាត់​ចំណាយ​ថ្លៃ​ថ្នាំ​ពុល​ផង ថ្លៃ​ជម្រះ​ស្មៅ​ញឹកញាប់ ដល់​លក់​ចុង​ក្រោយ​បាន​ទាប»

ស្រូវ​អង្ករ​ដែល​កសិករ​ខេត្ត​រតនគិរី ផលិត​បាន​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​នៅ​ឡើយ។ ជា​ធម្មតា អាជីវករ​លក់​អង្ករ​បាន​នាំ​ចូល​អង្ករ​ប្រមាណ ១​ពាន់​តោន​រៀង​រាល់​ឆ្នាំ​ពី​បណ្ដា​ខេត្ត​កំពង់ចាម បាត់ដំបង ឬ​ទីផ្សារ​ក្រុង​ភ្នំពេញ ដើម្បី​ផ្គត់ផ្គង់​ការ​ហូប​ចុក​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ។

ក្រៅ​ពី​ដំណាំ​ស្រូវ​នៅ​ខេត្ត​រតនគិរី កសិករ​ខ្មែរ និង​ជនជាតិ​ដើម​ភាគ​តិច ដាំ​ដំណាំ​ដំឡូង​មាន​ផ្ទៃ​ដី​ជាង ១​ម៉ឺន ៤​ពាន់​ហិកតារ ផ្តល់​ទិន្នផល​ដំឡូង​ស្ងួត​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ១០​ម៉ឺន​តោន។ ដំណាំ​សណ្ដែក​សៀង មាន​ផ្ទៃ​ដី​ជាង ៤​ពាន់​ហិកតារ ផ្តល់​ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ៤​ពាន់​តោន។ ដំណាំ​ស្វាយចន្ទី មាន​ផ្ទៃ​ដី​ជាង ១​ម៉ឺន ៧​ពាន់​ហិកតារ ផ្តល់​ទិន្នផល​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ជាង ៨​ពាន់​តោន និង​ដំណាំ​កៅស៊ូ រួម​មាន​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន និង​ចម្ការ​កៅស៊ូ​គ្រួសារ​មាន​ជាង ៦​ម៉ឺន ៧​ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។