ក្រសួង​មហាផ្ទៃ​សម្រេច​ដក​តួនាទី​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​បាញ់​គំរាម​ពលរដ្ឋ​តាម​ផ្លូវ

ដោយ អ៊ុង សេរីវុទ្ធ
2017-06-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​ដក​តួនាទី​កូន​ប្រុស​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប ដែល​បាញ់​គំរាម​ពលរដ្ឋ​តាម​ដង​ផ្លូវ ក្រោយ​ពី​​មន្ត្រី​រូប​នោះ បើក​រថយន្ត​កៀររថយន្ត​មួយ​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​គ្នា តាម​ដង​ផ្លូវ​ជាតិ​លេខ១ និង​ព្យាយាម​បើក​គេច។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ស្រង់​សម្ដី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ នៅ​ថ្ងៃ​ទី១៤ មិថុនា ថា ការ​ដាក់​ទោស​ទណ្ឌ​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​កណ្ដាល លោក លឹម ចំណាន ដែល​ជា​កូន​ប្រុស​របស់​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម គឺ​ជាការ​អនុវត្ត​តាម​វិន័យ​របស់​នគរបាល ទោះបីជា​គ្មាន​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ និង​គ្មាន​ការ​យោគយល់​ចំពោះ​កូន​អ្នក​ធំ​នោះ​ឡើយ។

លោក គៀត ច័ន្ទថារិទ្ធ អះអាង​ថា តាម​សំណើ​របស់​អគ្គស្នងការ​នគរបាល​ជាតិលោក នេត សាវឿន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេច​ពិន័យ​មន្ត្រី​រូប​នោះ ដោយ​ហាម​មិន​ឲ្យ​ប្រព្រឹត្តិ​អំពើ​ដូចនេះ​ម្ដង​ទៀត បន្ថយ​ឋានន្តរសក្ដិ​ពី​វរសេនីយ៍ទោ មក​ត្រឹម​វរសេនីយ៍ត្រី និង​ដក​តួនាទី​ពី​នាយរង​ការិយាល័យ មក​ជា​មន្ត្រី​ប៉ូលិស​ធម្មតា។

លោក លឹម ចំណាន ត្រូវ​បាន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​វីដេអូ​ខ្លីប​ដែល​ម្ចាស់​រថយន្ត​រងគ្រោះ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​ល្ងាច​ថ្ងៃ​ទី១០ មិថុនា។ វីដេអូ​ខ្លឹប​នោះ​បង្ហាញ​ពី​សកម្មភាព​របស់​​លោក លឹម ចំណាន បើក​រថយន្ត​របស់​ខ្លួន​ប៉ះ​រថយន្ត​ជន​រងគ្រោះ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១ ក្នុង​ទិស​ដៅ​ស្រប​គ្នា។ បន្ទាប់​មក​ជន​រងគ្រោះ​ព្យាយាម​បើក​រថយន្ត​តាម​ពី​ក្រោយ ស្រាប់​តែ​លោក លឹម ចំណាន ដក​កាំភ្លើង​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​បើក​គេច​ខ្លួន។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក លឹម ចំណាន បាន​ទេ​នៅ​ថ្ងៃ​ទី១៤ មិថុនា ជុំវិញ​ករណី​នេះ។ ប៉ុន្តែ​ឪពុក​របស់​លោក​ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ប៉ុល លឹម ប្រាប់​កាសែត ឌឹ ខេមបូឌាដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ថា ការ​ដែល​​កូន​ប្រុស​របស់​លោក​បាញ់​កាំភ្លើង​នៅ​ថ្ងៃ​កើត​ហេតុ​នោះ ដើម្បី​ជា​ការ​គំរាម​ម្ចាស់​រថយន្ត​ដែល​បើក​ដេញ​កូន​ប្រុស​របស់​លោក និង​ជា​ការ​ការពារ​ខ្លួន។

តាម​ច្បាប់ មន្ត្រី​នគរបាល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​អាវុធ​គំរាម​ប្រជាពលរដ្ឋ ដោយ​គ្មាន​បទ​បញ្ជា​នោះ​ឡើយ លើកលែង​តែ​ករណី​ការពារ​ខ្លួន​ស្រប​ច្បាប់ ឬ​ការពារ​ប្រជាពលរដ្ឋ ឬ​ទ្រព្យសម្បត្តិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Shooting Innocence People in public Just Resign

Jun 15, 2017 04:54 AM

គេហទំព័រ​ទាំងមូល