សហភាព​ការងារ​ប្រកាន់​ជំហរ​ហែ​ក្បួន​ជាង​៣​ពាន់នាក់​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា

ដោយ ខែ សុណង
2017.04.27
អាត់ ធន់ ៨៥៥ ២០១៦ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
Photo: RFA

សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ​ដែល​មាន​ផ្នែក​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្ដេជ្ញា​ថា​នឹង​ហែ​ក្បួន​ជាង ៣​ពាន់​នាក់ ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។ ការ​បង្ហាញ​ជំហរ​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​បដិសេធ​ការ​ជួបជុំ​ហែ​ក្បួន​របស់​ពួក​គេ។

សហព័ន្ធ​សហជីព និង​សមាគម​ក្នុង​វិស័យ​ការងារ ចាត់​ទុក​ថា ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​ឲ្យ​ពួក​គេ​ហែ​ក្បួន​ដាក់​ញត្តិ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា គឺ​ជា​ការ​រំលោភ​សិទ្ធិ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ មេសា ថា បន្ទាប់​ពី​លោក​បាន​ដាក់​លិខិត​ជូន​ដំណឹង​ជួបជុំ​ហែ​ក្បួន​ជាង ៣​ពាន់​នាក់ ដើម្បី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា កាល​ពី​ថ្ងៃ​ទី​១០ មេសា សាលា​រាជធានី​ភ្នំពេញ​ទើប​តែ​បាន​ផ្ដល់​ចម្លើយ​បដិសេធន៍​ដោយ​គ្មាន​ការ​ពិភាក្សា និង​ពន្យល់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ។

លោក​ថា ក្រុម​ការងារ​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ពិចារណា​ឡើង​វិញ និង​ចង់​ជួប​ពិភាក្សា​ពន្យល់​ពី​ហេតុផល​នៃ​ការ​ប្រារព្ធ​ពិធី ហើយ​ក្រុម​ការងារ​នៅ​តែ​មាន​ជំហរ​ហែ​ក្បួន​ដដែល ពុំ​ទាន់​មាន​ការ​ផ្លាស់ប្ដូរ​ទេ៖ «បើ​តាម​ច្បាប់​បាតុកម្ម​មាត្រា​៩ មាត្រា​១០ មាត្រា​១១ មាត្រា​១២ អាជ្ញាធរ​ត្រូវ​អនុញ្ញាត​ឲ្យ​គេ​ធ្វើ បើ​សិន​ជា​រក​មិន​ឃើញ​ថា ទិវា​ហ្នឹង​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ក៏​វា​ចំ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ។ បើ​សិន​ជា​អ្នក​ធ្វើ​នៅ​តែ​ចង់​ធ្វើ គឺ​ត្រូវ​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សម្រេច​ចុង​ក្រោយ ប៉ុន្តែ​គាត់​អត់​បាន​ធ្វើ​តាម​ច្បាប់​ទេ គឺ​គាត់​ធ្វើ​តាម​ទម្លាប់ និង​បទបញ្ជា ខ្ញុំ​គិត​ថា​វា​ជា​ការ​រំលោភ​មួយ»

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែង​ថា លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ជា​លិខិត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ច្បាប់ និង​ការ​សម្រេច​ចិត្ត​របស់​ស្ថាប័ន ដូច្នេះ​ប្រហែល​ជា​គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​នោះ​ទេ៖ «ក្នុង​ការ​មិន​អនុញ្ញាត​ឲ្យ​គាត់​ជួបជុំ​នៅ​សួនច្បារ​សាធារណៈ ហើយ​និង​ដង្ហែ​ក្បួន​តាម​ផ្លូវ យើង​បាន​ជម្រាប​ជូន​នៅ​ក្នុង​កម្មវត្ថុ និង​មូលហេតុ​របស់​លិខិត​ហើយ បើ​ទោះ​ជា​ការ​ពិភាក្សា​អ្វី​ផ្សេង​ទៀត ក៏​វា​នៅ​តែ​មិន​ឋិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុញ្ញាត​នោះ​ទេ។ គាត់​អាច​ធ្វើ​បាន តែ​យើង​មិន​ជំទាស់​នឹង​ការ​ប្រារព្ធ​ពិធី​នោះ​ទេ យើង​ក៏​សាទរ​ដោយ​វិធីសាស្ត្រ​ផ្សេង ដោយ​ធ្វើ​នៅ​ទីតាំង​ដែល​មិន​មាន​ប៉ះពាល់​ដល់​អ្នក​ដទៃ»

លិខិត​សាលា​រាជធានី​ភ្នំពេញ ចុះ​ហត្ថលេខា​ដោយ​លោក​អភិបាល​រង ឃួង ស្រេង បាន​សរសេរ​ថា សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​ឯកជន ដោយ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ។ ក្នុង​ករណី​នៅ​មាន​ការ​ជួបជុំ ឬ​ហែ​ក្បួន​តាម​ដង​ផ្លូវ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ខួប​លើក​ទី​១៣១ ឆ្នាំ​២០១៧ រៀបចំ​ឡើង​ក្រោម​ប្រធានបទ បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព។ ក្នុង​ពិធី​នេះ សហព័ន្ធ​មក​ពី​វិស័យ​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គ្រោង​នឹង​ជួបជុំ​គ្នា​ជាង ៣​ពាន់​នាក់ នៅ​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC) នៅ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១ ឧសភា ថ្លែង​សារ​អំពី​ទុក្ខ​លំបាក​របស់​កម្មករ បន្ទាប់​មក​ហែ​ក្បួន​លើក​បដា​តាម​ដង​វិថី​មាត់​ទន្លេ រួច​ឆ្ពោះ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ឲ្យ​ដោះស្រាយ​បញ្ហា​នានា។

ក្រៅ​ពី​នេះ ក៏​មាន​សហជីព​មួយ​ចំនួន​ជូន​ដំណឹង​អំពី​ការ​ប្រារព្ធ​ពិធី​ថ្ងៃ​ទី​១ ឧសភា ដែរ ដោយ​ខ្លះ​ចង់​ជួបជុំ​គ្នា​ដើរ​ក្បួន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ក្រសួង​ការងារ និង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ជាដើម សាលា​រាជធានី​ភ្នំពេញ​យល់ព្រម​ឲ្យ​ធ្វើ​ធម្មតា ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។