បទសម្ភាសន៍​ជាមួយ​អ្នក​ស្រាវជ្រាវ​ស្ដីពី​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ដល់​កុមារ

ដោយ សាន សែល
2017.07.17
យូហ្យុន ផាក ២០១៧ ១៤៤០ អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា ធ្វើ​បទ​បង្ហាញ​ស្ដីពី​ចលនា​ពិភពលោក​មួយ​ឈ្មោះ ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild) កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo courtesy of World Economic Forum
Photo courtesy of World Economic Forum

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​កូរ៉េ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​អ្នក​ស្រាវជ្រាវ ឌី.ឃ្យូ (DQ Institute, a think tank) (https://www.dqinstitute.org/)។ អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) ស្រាវជ្រាវ​លើ​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ឲ្យ​មាន​សុវត្ថិភាព និង​រុងរឿង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ក្នុង​ការ​បង្កើត​វប្បធម៌​ឌីជីថល​មួយ។ វិទ្យាស្ថាន​របស់​អ្នកស្រី ផ្ដោត​សំខាន់​លើ​ការ​កសាង​ជំនាញ​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​កុមារ​ដើម្បី​បញ្ជ្រាប​ចំណេះ​ដឹង​ស្ដីពី​បច្ចេកវិទ្យា​ឌីជីថល។

កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) បាន​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ចលនា​ពិភពលោក​មួយ​ឈ្មោះ «ឌី.ឃ្យូ អេវឺរីឆាល (#DQEveryChild)»

លោក សាន សែល បាន​ជជែក​ជាមួយ​នឹង​អ្នកស្រី​បណ្ឌិត យូហ្យុន ផាក (Yuhyun Park) អំពី​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល។

លោក សាន សែល៖ យើង​កំពុង​ដើរ​ចូល​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ សម័យ​ឌីជីថល​ដែល​ផ្ដោត​លើ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា។ អ្នកស្រី​កំពុង​ស្រាវជ្រាវ និង​ធ្វើ​កិច្ច​ការងារ​ជាច្រើន​ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ។ អ្នកស្រី តើ​វា​មាន​សារសំខាន់​យ៉ាង​ណា​ចំពោះ​កុមារ​ក្នុង​ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា ពី​ក្រម​សីលធម៌​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ឥឡូវ​ខ្ញុំ​សូម​និយាយ​អ៊ីចេះ! ប្រសិន​បើ​លោក​ចង់​បើក​ឡាន តើ​វា​មាន​ចាំបាច់​ប៉ុនណា​ដែល​លោក​ត្រូវ​ទៅ​រៀន​បើក​ឡាន ដូចជា​ពី​របៀប​បើកបរ​ដោយ​សុវត្ថិភាព និង​ដោយ​ទទួល​ខុស​ត្រូវ? នេះ​របស់​ដែល​លោក​ត្រូវ​រៀន​មុន​គេ មិន​ថា​អ៊ីចឹង?

នៅ​ពេល​លោក​រៀន លោក​នឹង​ដឹង​ថា ពេល​ភ្លើង​សញ្ញា​ពណ៌​ក្រហម លោក​ត្រូវ​ឈប់។ មិន​ចឹង​ណ៎! ពេល​លោក​ត្រូវ​បត់​ឆ្វេង លោក​ត្រូវ​ស៊ីញ៉ូ​ភ្លើង​បត់​ឆ្វេង។ យើង​ជឿ​ថា នេះ​ជា​មេរៀន​គ្រឹះ​សម្រាប់​ជីវិត​ដែល​កុមារ​ត្រូវ​រៀន។

ជា​ញឹកញយ ឪពុក​ម្ដាយ គ្រូបង្រៀន និង​អ្នក​បង្កើត​គោល​នយោបាយ យល់​ថា កុមារ​គួរ​តែ​ឲ្យ​ពួក​គេ​រៀន​ស្វែងយល់​ពី​បច្ចេកវិទ្យា​ដោយ​ខ្លួន​ឯង ដោយសារ​អ្នក​អប់រំ​ទាំងនោះ​មិន​ដែល​ស្ថិត​នៅ​ក្នុង​ពិភព​ឌីជីថល​កាល​ពី​ពួក​គេ​នៅ​ពី​ក្មេង។ មនុស្ស​ចាស់​ទាំងនោះ​អាច​មិន​យល់​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា ការ​ចេះ​ប្រើ​អ៊ីនធឺណិត (how to be online)។ តើ​វា​មាន​ន័យ​យ៉ាង​ម៉េច​ពេល​ដែល​លោក​សម្រេច​ចិត្ត​បង្ហោះ​រូប​លើ​អ៊ីនធឺណិត? លោក​អាច​បង្ហោះ​បាន​ដោយ​គ្រាន់​តែ​ចុច​តា​ម៉ា​ដង​ទៅ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​លោក​ពេញ​មួយ​ជីវិត។ ពេល​លោក​សរសេរ​ខមមិន (comment) មួយ វា​អាច​ធ្វើ​ឲ្យ​លោក​ល្បី​មួយ​រំពេច ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​មួយ​ដែរ។ ដូច្នេះ ខមមិន​នេះ​អាច​សម្លាប់​អនាគត​របស់​លោក។

ការ​ដែល​កុមារ​យល់​ដឹង​ពី​អ្វី​ដែល​ហៅ​ថា​ការ​ចេះ​ប្រើ​អ៊ីនធឺណិត គឺ​វា​សំខាន់​យក​តែ​មែន​ទែន ត្បិត​ថា​រាល់​ថ្ងៃ​ហ្នឹង ពិភព​ឌីជីថល​ជា​ពិភព​ចម្បង​របស់​ពួក​គេ​នា​ពេល​ឥឡូវ​ហ្នឹង មិន​មែន​ជា​ពិភព​បន្ទាប់បន្សំ​អី​ទៀត​នោះ​ទេ។ យើង​កំពុង​តែ​ប្រឈម​គ្រោះថ្នាក់​គ្រប់​សព្វ​បែប​យ៉ាង ដោយសារ​តែ​មិន​ទាន់​យល់​ពី​ចំណេះ​ដឹង​ឌីជីថល (digital intelligent)

លោក សាន សែល៖ អ្នកស្រី​បណ្ឌិត​បាន​លើក​ឡើង​ពី​កុមារ។ អ្នកស្រី​ចង់​សំដៅ​លើ​ក្មេង​ក្នុង​ក្រុម​អាយុ​ណា​ដែរ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ក្មេង​ណា​ក៏ដោយ​ដែល​ប្រើ​អ៊ីនធឺណិត ចាប់​ផ្តើម​ប្រើ​បណ្ដាញ​សង្គម​ដូចជា​ហ្វេសប៊ុក (facebook) ឬ​ចាប់​ផ្តើម​លេង​ហ្គេម។ នេះ​ហើយ​ដែល​ក្រុម​ក្មេង​ដែល​ខ្ញុំ​បាន​និយាយ។ រាល់​ថ្ងៃ ឪពុក​ម្ដាយ​មួយ​ចំនួន​ប្រហែល​គិត​ថា កូនៗ​របស់​ពួក​គេ​សប្បាយ​រីករាយ​ពេល​លេង​ហ្គេម។ ប៉ុន្តែ​ឥឡូវ ហ្គេម​មិន​ត្រឹម​តែ​ជា​ហ្គេម​ទេ។ ក្មេងៗ​មិន​មែន​លេង​ហ្គេម​ទេ គេ​ជួប​មនុស្ស​ថ្មីៗ និង​បាន​ព័ត៌មាន​តាម​រយៈ​ការ​លេង​ហ្គេម។ ចឹង​ហ្គេម​ក៏​បាន​ក្លាយ​ជា​បណ្ដាញ​សង្គម​មួយ។ ឪពុក​ម្ដាយ​អាច​មិន​ដឹង​ថា កូនៗ​កំពុង​សេពគប់​ក្រុម​មនុស្ស​ប្រភេទ​ណា​ខ្លះ? វា​សំខាន់​ដែល​ឪពុក​ម្ដាយ​គួរ​ដឹង​ពី​ជីវិត​លើ​អ៊ីនធឺណិត​របស់​កូនៗ​ខ្លួន ហើយ​គួរ​មាន​គោលការណ៍​ណែនាំ​កូនៗ​ពី​របៀប​ដែល​កូនៗ​ចាប់​ផ្ដើម​ជីវិត​ឌីជីថល​ប្រកប​ដោយ​សុវត្ថិភាព។

អ្នក​ចូល​រួម​កំពុង​សាកល្បង​​ប្រើ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន នៅ​លើ​ទូរស័ព្ទ​ដៃ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។
អ្នក​ចូល​រួម​កំពុង​សាកល្បង​​ប្រើ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន នៅ​លើ​ទូរស័ព្ទ​ដៃ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​វេទិកា​សម្ព័ន្ធ​យុវជន កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។
RFA/Yang Chandara

លោក សាន សែល៖ បើ​យើង​មើល​ពី​ជ្រុង​មួយ កុមារ​ខ្លះ​កំពុង​ប្រើ​ឧបករណ៍​ឌីជីថល និង​បច្ចេកវិទ្យា​ច្រើន។ តើ​វា​នឹង​មាន​ប្រយោជន៍​អ្វី​ខ្លះ​ទៅ ប្រសិន​បើ​ក្មេងៗ​ទាំងនោះ​ប្រើ​វា​ដោយ​ត្រឹមត្រូវ?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ បច្ចេកវិទ្យា​ឌីជីថល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ទាំងអស់។ អូ! មិន​មែន​ទាំងអស់​ទេ។ យើង​មិន​ចង់​បាន​ខ្លឹមសារ​ព័ត៌មាន​ដែល​បង្ហាញ​ភាព​ហិង្សា​ឲ្យ​ក្មេង​ឃើញ​ទេ។ បច្ចេកវិទ្យា​ជា​ដាវ​វេទមន្ត​មួយ។

លោក​មិន​អាច​បដិសេធ​មិន​ប្រើ​វា​នោះ​ទេ។ វា​សំខាន់​លើ​ឥរិយាបថ​នៃ​ការ​ប្រើប្រាស់​របស់​យើង។ យើង​កំពុង​បង្រៀន​កូន​ក្មេង​ពី​ពិភព​ឌីជីថល។

ឧទាហរណ៍ យើង​បង្រៀន​ក្មេង​ពី​របៀប​បង្កើត​ហ្វេសប៊ុក។ តាម​ធម្មជាតិ កូន​ក្មេង​គឺ​ស្មោះត្រង់ គេ​មិន​កុហក។ គេ​ដាក់​ឈ្មោះ​ពិតប្រាកដ ព័ត៌មាន​ផ្ទាល់​ខ្លួន លេខ​ទូរស័ព្ទ ឈ្មោះ​ឪពុក​ម្ដាយ។ គេ​អាច​មិន​ដឹង​ពី​ការ​លួច​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ទាំងនេះ​ទេ ឬ​បញ្ហា​ឯកជន​ភាព និង​ការ​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ។ ពួក​គេ​ព្យាយាម​បង្ហាញ​ខ្លួន​ឯង​ថា​ជា​មនុស្ស​ល្អ​នៅ​លើ​ពិភព​ឌីជីថល។

ឪពុក​ម្ដាយ​គួរ​យល់​ដឹង​ថា តើ​ការ​បង្ហាញ​ព័ត៌មាន​ទាំងនេះ​វា​ធ្វើ​ឲ្យ​កូនៗ​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ណា​ខ្លះ?

វា​មិន​មែន​ហ្វេសប៊ុក​ទេ​ដែល​ត្រូវ​រងគ្រោះ​នោះ។ តាម​ពិត ឪពុក​ម្ដាយ និង​កូនៗ​ពួក​គេ​ហ្នឹង​ដែល​មិន​បាន​យល់​ថា ស្អី​ទៅ​ការ​ប្រើ​អ៊ីនធឺណិត ហើយ​អ្វី​ដែល​ជា​ផល​លំបាក​កើត​ឡើង​ដោយសារ​ឥរិយាបថ​របស់​គេ។ វា​ជា​រឿង​វែង​អន្លាយ។ តែ​ដើម្បី​ខ្លី គឺ​កុមារ​ប្រាកដ​ជា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​ឲ្យ​មាន​សុវត្ថិភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ។

លោក សាន សែល៖ ស្ថាប័ន​អ្នកស្រី​កំពុង​ធ្វើ​យុទ្ធនាការ #DQEveryChild។ សូម​អ្នកស្រី​ជម្រាប​ពី​យុទ្ធនាការ​នេះ​បន្តិច​មើល!

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ #DQEveryChild ជា​ចលនា​ពិភពលោក​ដែល​យើង​ចង់​ពង្រឹង​សិទ្ធិ​អំណាច​កុមារ​ទាំងអស់​ជុំវិញ​ពិភពលោក។ លោក​ហៅ​វា​ជា​វ៉ាក់សាំង។ យើង​ចង់​ផ្តល់​អំណាច​ឲ្យ​ក្មេង​ដែល​អាច​ងាយ​រងគ្រោះ​ដោយ​ភាព​អវិជ្ជមាន និង​ជំរុញ​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន។ យើង​ផ្តល់​មេរៀន​ជីវិត​សំខាន់​ពី​ពិភព​ឌីជីថល​ឲ្យ​កុមារ។ យើង​មាន​គេហទំព័រ​មួយ (https://www.dqworld.net) ឲ្យ​កូន​ក្មេង​ចូល​ទៅ​លេង ហៅ​ថា Plug & Play

ប្រទេស​កម្ពុជា អាច​យក​កម្មវិធី​បង្រៀន​ងាយៗ​នេះ​ទៅ​ឲ្យ​ក្មេង​រៀន។ យើង​មាន​ផ្តល់​សម្ភារៈ​បង្រៀន មាន​ទាំង​មេរៀន​ដែរ។ ក្មេង​អាច​ចូល​ទៅ​រៀន​ដោយ​ខ្លួន​ឯង។ កម្មវិធី​នេះ ជួយ​ឲ្យ​ក្មេង​អាច​រៀន​បាន​ពេល​ដែល​ឪពុក​ម្ដាយ ឬ​គ្រូ​មិន​ទាន់​យល់​ដឹង​អំពី​ចំណេះ​ដឹង​នេះ។

បន្ទាប់​ពី​រៀន​ហើយ មាន​លំហាត់​ឲ្យ​ក្មេង​ធ្វើ ដើម្បី​តេស្ដ​សមត្ថភាព។ វា​មាន​លំហាត់​ពី​ទម្លាប់​ប្រើ​អ៊ីនធឺណិត ចំណេះ​ដឹង​ពី​ការ​កត់​សម្គាល់​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ដឹង​ពី​ចំណុច​ខ្លាំង​ផ្ទាល់​ខ្លួន។

ស្រប​ពេល​គ្នា​នេះ យើង​ក៏​មាន​របស់​ដើម្បី​វាយ​តម្លៃ​ពី​របៀប​ចិញ្ចឹម​កូន​របស់​ឪពុក​ម្ដាយ​ពួក​គេ​ផង​ដែរ។ ចំណុច​សំខាន់​គួរ​ជួយ​ក្មេង និង​ឪពុក​ម្ដាយ​ពួក​គេ ដោយ​ផ្តល់​ព័ត៌មាន​ដើម្បី​ជួយ​ក្មេង​ឲ្យ​បើកបរ។ និយាយ​ទៅ គឺ​កម្មវិធី​នេះ​ជួយ​ឲ្យ​ក្មេង​ប្រើ​អ៊ីនធឺណិត ឬ​ឧបករណ៍​ឌីជីថល​ឲ្យ​កាន់​មាន​ប្រសិទ្ធភាព។ នៅ​ពេល​យល់​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​កុមារ យើង​ចង់​ពង្រឹង​ឪពុក​ម្ដាយ​របស់​ពួក​គេ។ ស្រប​ពេល​គ្នា​នេះ យើង​ក៏​ចង់​សហការ​ជាមួយ​សាលារៀន។ យើង​ចង់​ផ្តល់​របាយការណ៍​ទៅ​ឲ្យ​ប្រទេស​នីមួយៗ​ដើម្បី​ស្វែងយល់ ហើយ​អាច​ពង្រឹង​សមត្ថភាព។

លោក សាន សែល៖ តើ​អ្នកស្រី​កំពុង​ស្វែងរក​កិច្ចសហការ​នៅ​ប្រទេស​កម្ពុជា?

អ្នកស្រី​បណ្ឌិត យូហ្យុន ផាក៖ ខ្ញុំ​ពិត​ជា​ចង់​បាន​ការ​សហការ​នៅ​ប្រទេស​កម្ពុជា។ មាន​អ្នក​ស្រាវជ្រាវ និង​ស្ថាប័ន​មួយ​ចំនួន​បាន​ទាក់ទង​មក​ពួក​យើង ដើម្បី​ធ្វើ​ការ​រួម​គ្នា ពិសេស​ជួយ​បកប្រែ​ឯកសារ​ដែល​បាន​ផលិត ទៅ​ជា​ភាសា​ខ្មែរ។ មែន​ទែន​ទៅ វា​ជា​ការ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ចលនា​សង្គម។ យើង​ស្វាគមន៍​រាល់​អ្នក​ដទៃ​ទាំងអស់​ដែល​មាន​បំណង​ជួយ​កុមារ។

សម្គាល់៖ សូម​លោក​អ្នក​នាង​រង់ចាំ​អាន និង​ស្តាប់​បទសម្ភាសន៍​នេះ​បន្ត​ទៀត ដែល​ជជែក​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​លើ​សុខភាព​របស់​កុមារ នៅ​ក្នុង​ការ​ផ្សាយ​របស់​អាស៊ីសេរី នៅ​លើក​ក្រោយ៕

ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ស្ដាប់​បទសម្ភាសន៍​វគ្គ​បញ្ចប់

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។