អគ្គលេខាធិការ​រង​រដ្ឋសភា​ប្រកាស​ផ្ដល់​ប្រាក់​ខែ​ដំបូង​ជា​ជំនួយ​សប្បុរសធម៌

ដោយ សុ ជីវី
2014.09.27

អគ្គលេខាធិការ​រង​រដ្ឋសភា លោក ហ៊ីង សុខសាន្ត ប្រកាស​ផ្តល់​ប្រាក់​ខែ​ដំបូង​ជា​ជំនួយ​សប្បុរសធម៌។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ លោក ហ៊ីង សុខសាន្ត ដែល​ជា​អគ្គលេខាធិការ​រង​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ថា​នឹង​ផ្តល់​ប្រាក់​ខែ​របស់​លោក ដែល​មាន​ចំនួន​ប្រមាណ ៣​លាន​រៀន ប្រហែល​នឹង ៧៥០​ដុល្លារ​នោះ ទៅ​អោយ​ស្ថាប័ន​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ចំនួន​៣។ ក្នុង​នោះ​រួម​មាន ៥០​ភាគរយ​នៃ​ប្រាក់​នោះ នឹង​ផ្តល់​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​ផ្នែក​ដែល​នៅ​សល់ នឹង​ផ្តល់​ទៅ​អោយ​មណ្ឌល​កុមារ​កំព្រា​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​អ្នក​ធ្វើ​ការ​អភិរក្ស​បរិស្ថាន នៅ​តំបន់​អារ៉ែង ក្នុង​ខេត្ត​កោះកុង។ លោក ហ៊ីង សុខសាន្ត​បន្ត​ថា មូលហេតុ​ដែល​លោក​ចែក​រំលែក​ប្រាក់​ខែ​នេះ ដោយសារ​លោក​ធ្លាប់​ឆ្លង​កាត់​ជីវិត​លំបាក​ជា​ក្មេង​កំព្រា​ឪពុក។

លោក ហ៊ីង សុខសាន្ត៖ «អ្វី​ដែល​ខ្ញុំ​បាន​ម៉ោ​ពី​ប្រាក់​បៀវត្ស​នេះ គឺ​បាន​មក​ពី​ថវិកា​ជាតិ មិន​មែន​បាន​មក​ពី​បុគ្គល​ណា​ទេ។ ដូច្នេះ​ខ្ញុំ​យក​មក​ជួយ​ជាតិ និង​សង្គម​យើង​វិញ ហើយ​និង​ប្រាក់​ខែ​ទី​មួយ​របស់​ខ្ញុំ។ ឯ​ប្រាក់​ខែ​ចាប់​ពី​ខែ​ទី​២​របស់​ខ្ញុំ ជួយ​ទៅ​លើ​ការ​ស្រាវជ្រាវ បង្កើន​ធនធាន​មនុស្ស។ ពីព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​ក្មេង​កំព្រា បើ​អត់​ការ​អប់រំ​ទេ ក៏​អត់​បាន​ថ្ងៃ​នេះ​ដែរ»

លោក ហ៊ីង សុខសាន្ត ដែល​មាន​អាយុ ៣៣​ឆ្នាំ ទើប​ត្រូវ​តែង​តាំង​ជា​អគ្គលេខាធិការ​រង​រដ្ឋសភា កាល​ពី​ដើម​ខែ​កញ្ញា នេះ អះអាង​ថា នឹង​បន្ត​ចែក​រំលែក​ប្រាក់​ខែ​របស់​លោក​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​ទៅ​ផ្នែក​សិក្សា​ស្រាវជ្រាវ​របស់​យុវ​សិស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ដែរ​ថា លោក​ប្រាថ្នា​អោយ​យុវជន​ដទៃ​ទៀត ងាក​មក​គិតគូរ​ពី​កិច្ច​ការងារ​មនុស្សធម៌​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បី​ផ្តល់​ឱកាស​អោយ​យុវជន ឬ​ពលរដ្ឋ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។