ស្នងការ​ប៉ូលិស​ខេត្ត​សៀមរាប​ស្វែងរក​ព្រះសង្ឃ​ខ្មែរ​ក្រោម​និង​តា​អាចារ្យ​ដែល​បាត់​ខ្លួន

ដោយ ហង្ស សាវយុត
2017-07-03
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អធិការ​រង​នគរបាល​ក្រុង​សៀមរាប លោក នួន ស័ក្តិចំរើនរិទ្ធ បង្ហាញ​ពី​សម្ភារៈ​មួយ​ចំនួន​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម។ រូបថត​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។
អធិការ​រង​នគរបាល​ក្រុង​សៀមរាប លោក នួន ស័ក្តិចំរើនរិទ្ធ បង្ហាញ​ពី​សម្ភារៈ​មួយ​ចំនួន​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម។ រូបថត​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ចេញ​បញ្ជា ព្រម​ទាំង​បញ្ជូន​រូបថត​តាម​សារ​អេឡិចត្រូនិក​ទៅ​កម្លាំង​របស់​ខ្លួន​នៅ​គ្រប់​ស្រុក និង​ឃុំ​ទាំងអស់​ទូទាំង​ខេត្ត​សៀមរាប ឲ្យ​ជួយ​សម្គាល់​ភិនភាគ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់​ដែល​កំពុង​តែ​បាត់​ខ្លួន។

ការ​ចេញ​បញ្ជា​ឲ្យ​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​តា​អាចារ្យ​ម្នាក់​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ពី​មហាជន​ជាច្រើន ដែល​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​អាច​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ហើយ​ធ្វើ​ទារុណកម្ម និង​យក​ទៅ​ឃុំ​ខ្លួន។

មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បដិសេធ​ថា កម្លាំង​ប៉ូលិស​មិន​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់ វាយ​ធ្វើ​ទារុណកម្ម ហើយ​កំពុង​បាត់​ខ្លួន​មិន​ដឹង​នៅ​ទីណា​នោះ​ទេ។

អធិការ​រង​នគរបាល​ក្រុង​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក​វរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កក្កដា ថា កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា គឺ​ប្រជា​ការពារ​នៅ​សង្កាត់​ស្រងែ បាន​ជួប​ព្រះសង្ឃ​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់​ដើរ​កាត់​ភូមិ​នៅ​ពេល​យប់។ ក្រុម​ប្រជា​ការពារ​ក៏​បាន​សួរ​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ​ថា​ទៅ​ណា​មក​ណា? ពេល​នោះ​ដោយសារ​តែ​ព្រះសង្ឃ និង​តា​អាចារ្យ​មិន​ដឹង​និយាយ​ភាសា​អ្វី​ស្ដាប់​គ្នា​មិន​បាន ក៏​នាំ​មក​ប្រគល់​ឲ្យ​ប៉ូលិស។ នៅ​ឯ​ប៉ុស្តិ៍​ស្រងែ ប៉ូលិស​បាន​សាកសួរ​ព្រះសង្ឃ​អង្គ​នោះ​ដោយ​ស្គាល់​ព្រះនាម មាស វិចិត្រ មាន​កំណើត​នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម ព្រម​ទាំង​តា​អាចារ្យ​ឈ្មោះ ប្រាក់ នី។ ប៉ូលិស​បាន​ឆែក​ថង់​យាម​ពិនិត្យ​ឃើញ​មាន​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​ជំនឿ​អរូបិយ​ជាច្រើន ដូចជា​ខ្នាយ​តាន់ ចែកាច់ អង្កាំ​ធម៌ ព្រម​ទាំង​កូន​កាំបិត​ស្នៀត​មួយ​ផង។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​យល់​ថា​ព្រះសង្ឃ និង​តា​អាចារ្យ​ម្នាក់​នោះ​ពុំ​មាន​កំហុស ហើយ​ក៏​សួរ​ពី​ដំណើរ​បម្រុង​ទៅ​ណា?

លោក​អធិការ​រង​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា​ព្រះសង្ឃ និង​តា​អាចារ្យ​មាន​បំណង​ទៅ​រក​ធម៌​នៅ​ភ្នំ​គូលែន ប៉ូលិស​ក៏​ចាត់​ប្រជា​ការពារ​ជិះ​ម៉ូតូ ៣​គ្រឿង​ឌុប​ព្រះសង្ឃ និង​តា​អាចារ្យ​មក​ក្រុង​សៀមរាប បំណង​យក​ទៅ​ដាក់​ឲ្យ​ជិះ​ឡាន​ក្រុង។ នៅ​វេលា​ម៉ោង​ជាង ១១​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា នោះ នៅ​ពេល​ដែល​ប្រជា​ការពារ​ដឹក​មក​ដល់​ជិត​ផ្ទះ​អង្គការ​មេត្តា​ករុណា ក៏​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ នាំ​គ្នា​ចុះ​ពី​លើ​ម៉ូតូ រត់​គេច​ខ្លួន ហើយ​ចោល​សម្ភារៈ​មួយ​ចំនួន។

លោក​អធិការ​រង​ក្រុង​សៀមរាប ឲ្យ​ដឹង​ថា លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ គេ​បាន​ឃើញ​មនុស្ស ២​នាក់​គ្មាន​ពាក់​អាវ ស្លៀក​ការុង នាំ​គ្នា​ដើរ​ជិត​វត្ត​កេសរារាម កណ្ដាល​ទីក្រុង​សៀមរាប ហើយ​ពេល​នោះ​កម្លាំង​ប៉ូលិស​សណ្ដាប់ធ្នាប់​ក្រុង​មួយ​ផ្នែក​ទៀត ក៏​ទៅ​សាកសួរ ព្រម​ទាំង​នាំ​ចូល​ទៅ​ក្នុង​វត្ត​កេសរារាម ដោយ​ក្មេង​វត្ត​បាន​ឲ្យ​ខោ​ខ្លី​ពណ៌​ទឹកប៊ិច​ម្នាក់​មួយ​ស្លៀក។ ប៉ូលិស​មិន​បាន​ចាប់​អារម្មណ៍​ថា​អ្នក​ស្លៀក​ការុង​ទាំង​ពីរ​នាក់ គឺ​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​អាចារ្យ​ដែល​រត់​គេច​ខ្លួន​កាល​ពី​យប់​នោះ​ទេ គឺ​ស្មាន​ថា​ជា​មនុស្ស​វិកលចរិត ហើយ​ក៏​ឲ្យ​កម្លាំង​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​យក​ទៅ​ដាក់​នៅ​ក្នុង​វត្ត​ទេពប្រណម្យ នៃ​តំបន់​អង្គរធំ ដើម្បី​ឲ្យ​ព្រះសង្ឃ​ទីនោះ​ជួយ​ផ្ដល់​បាយ​ទឹក។

លោក នួន ស័ក្តិចំរើនរិទ្ធ បដិសេធ​ចោល​ការ​ចោទ​ប្រកាន់​ពី​មហាជន​តាម​បណ្ដាញ​សង្គម ដែល​ថា​ប៉ូលិស​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់ វាយ​ធ្វើ​ទារុណកម្ម​នោះ ជា​រឿង​មិន​ពិត​ទេ៖ «មាន​តែ​ជម្រើស​ហ្នឹង​ទេ ដែល​អាច​ជួយ​ពួក​គាត់​ទាំង​ពីរ​ហ្នឹង​បាន ក្រែង​គាត់​ដាច់​បាយ​ដាច់​អី ពីព្រោះ​វត្ត​គឺ​ជា​កន្លែង​អ្នក​ចិត្ត​ធម៌ អាច​ជួយ​អ្នក​ទាំងនោះ​បាន»

ព្រះសង្ឃ មាស វិចិត្រ ២០១៧ ១៤៤០
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម មាស វិចិត្រ កាល​ពី​មិន​ទាន់​បាត់​ព្រះ​កាយ។ Photo Provided Photo Provided

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ក្រុម​គ្រួសារ​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាន​ទៅ​ពឹងពាក់​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​សៀមរាប ឲ្យ​ជួយ​តាម​រក​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ និង​តា​អាចារ្យ​ដែល​កំពុង​បាត់​ខ្លួន​នោះ ដោយ​ពួក​គេ​បង្ហាញ​រូបថត​ព្រះសង្ឃ​គ្មាន​ស្បង់​ចីវរ ហើយ​ដេក​ឱប​គ្នា​ជាមួយ​នឹង​តា​អាចារ្យ​ទំនង​ជា​ត្រូវ​នរណា​ម្នាក់​វាយ​ធ្វើ​បាប។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ បុគ្គលិក​អាជ្ញាធរ​អប្សរា និង​ប៉ូលិស​យាម​ការពារ​ប្រាសាទ​ជាច្រើន​នៅ​តំបន់​អង្គរធំ អះអាង​ថា គេ​បាន​ឃើញ​បុរស​ពីរ​នាក់ ម្នាក់​ក្មេង និង​ម្នាក់​ទៀត​ចាស់ ស្លៀក​ខោ​ខ្លី​ពណ៌​ទឹកប៊ិច ត្រូវ​ប៉ូលិស​ដឹក​យក​មក​ដាក់​នៅ​វត្ត​ទេពប្រណម្យ មែន។ ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បុរស​ចំណាស់​នោះ​បន្ទាប់​ពី​ស្នាក់នៅ​ក្នុង​វត្ត​បាន​ប្រហែល​ជា ២​ម៉ោង ក៏​សុំ​លុយ​គេ​បាន​ប្រហែល ១​ម៉ឺន​រៀល ហើយ​ជិះ​ម៉ូតូ​ឌុប​ចោល​បុរស​ក្មេង​នោះ​ទៅ។ ចំណែក​បុរស​ក្មេង គឺ​គេ​មិន​ស្គាល់​ថា​ព្រះសង្ឃ​ទេ ហាក់​មាន​ស្មារតី​ខុស​ធម្មតា ដោយ​ចេះ​តែ​ឈរ​សូត្រ​ធម៌ និង​រត់​ចុះ​រត់​ឡើង​នៅ​លើ​ថ្ម​ប្រាសាទ​ដែល​បាក់បែក។ អ្នក​ភូមិ​បាន​ចង្អុល​ប្រាប់​ថា មាន​អាវ​មួយ​ដែល​បុរស​ក្មេង​នោះ​ដោះ​ចោល​នៅ​លើ​ថ្ម​ប្រាសាទ​នៅ​ឡើយ។

មេ​ប៉ុស្តិ៍​នគរបាល​ការពារ​បេតិកភណ្ឌ​នៅ​ប្រាសាទ​ភិមានអាកាស លោក លៃ លឿប ឲ្យ​ដឹង​ថា លោក​បាន​ឃើញ​បុរស​ក្មេង​ម្នាក់​នោះ​នៅ​ក្នុង​វត្ត​ទេពប្រណម្យ ជាច្រើន​ម៉ោង ដោយ​លោក​ទៅ​សាកសួរ​ទើប​ដឹង​ថា​គាត់​មាន​ស្មារតី​ខុស​ប្រក្រតី៖ «សតិ​ដូចជា​បែកៗ​អារម្មណ៍ ពេល​ឃើញ​ខ្ញុំ ក៏​ស្រែក​ហៅ​ម៉ែ​ឪ ហើយ​រត់​ទៅ​ពួន។ ពេល​ហៅ​ចេញ​មក​ភ័យ ស្រែក​ថា​កុំ​វាយៗ»

លោក​មេ​ប៉ុស្តិ៍​នគរបាល​ការពារ​បេតិកភណ្ឌ​ដដែល​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​១៩ ខែ​មិថុនា បុរស​ម្នាក់​នោះ​បាន​ដើរ​ចេញ​ពី​វត្ត​ទេពប្រណម្យ ដោយ​រូប​លោក​បាន​ជូន​ដំណើរ​ទៅ​ដល់​ប្រាសាទ​បាយ័ន ក៏​មាន​ប៉ុស្តិ៍​មួយ​ទៀត​ទទួល​បន្ត ហើយ​ទៅ​ដល់​មុខ​អង្គរវត្ត ក៏​ឮ​ថា​ប៉ុស្តិ៍​ប៉ូលិស​ការពារ​ប្រាសាទ​មួយ​ទៀត​ជូន​ទៅ​ដល់​ភូមិ​គោកដូង សង្កាត់​ទឹកវិល ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ដឹង​ដំណឹង​នៅ​ទីណា​ទេ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ លោក សួស ណារិន ជឿ​ថា ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ​ដែល​កំពុង​បាត់​ខ្លួន ប្រហែល​ជា​មាន​សតិ​ខុស​ប្រក្រតី​មែន ដោយសារ​តែ​បែក​ធម៌ ប៉ុន្តែ​លោក​នៅ​តែ​យល់​ថា កម្លាំង​ប៉ូលិស​នៅ​តែ​មាន​កំហុស ដោយសារ​តែ​ឃើញ​មនុស្ស​មាន​សតិ​ខុស​ប្រក្រតី​ហើយ មិន​កាក់​ទុក​រក​សាច់ញាតិ បែរ​ជា​ដឹក​យក​ទៅ​ដាក់​វត្ត​ដោយ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​នោះ។

ប៉ុន្តែ​ឪពុក​របស់​ព្រះសង្ឃ និង​គ្រូ​ក្លឹប​ល្បុក្កតោ​នៅ​សង្កាត់​ក្របីរៀល ធ្លាប់​អះអាង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ថា ពេល​គាត់​ជួប​ព្រះសង្ឃ​នៅ​មុន​ថ្ងៃ​បាត់​ខ្លួន គឺ​ព្រះសង្ឃ​មាន​សតិ​ធម្មតា ដោយ​គ្រាន់​តែ​ព្រះសង្ឃ​ប្រាប់​ថា លោក​មាន​បំណង​ទៅ​ភ្នំ​គូលែន ដើម្បី​ធ្វើ​ជា​លោក​ធុតង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល