ព្រះសង្ឃ​ខ្មែរ​ក្រោម​១​អង្គ​និង​តា​អាចារ្យ​ម្នាក់​បាត់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2017.06.26
ព្រះសង្ឃ មាស វិចិត្រ ២០១៧ ១៤៤០ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះនាម មាស វិចិត្រ កាល​ពី​មិន​ទាន់​បាត់​ព្រះ​កាយ។ Photo Provided
Photo Provided

គ្រួសារ​របស់​ព្រះសង្ឃ​មួយ​អង្គ​ដែល​មាន​កំណើត​នៅ​កម្ពុជា​ក្រោម កំពុង​ស្វែងរក​ព្រះសង្ឃ និង​តា​អាចារ្យ​ម្នាក់​ដែល​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប។ ការ​ស្វែងរក​ព្រះសង្ឃ និង​តា​អាចារ្យ​ម្នាក់​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​បាន​ឃើញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ប៉ូលិស បង្ហោះ​រូប​ព្រះសង្ឃ និង​អាចារ្យ​នោះ​អាក្រាត​កាយ ដោយ​ស្លៀក​ការុង​ជំនួស​ស្បង់​ចីវរ និង​សម្លៀកបំពាក់ ហើយ​ទំនង​ជា​មាន​ការ​វាយ​ធ្វើ​បាប​អ្នក​ទាំង​ពីរ​នោះ​ផង។

ខ្មែរ​ក្រោម​មួយ​ក្រុម​បាន​ទៅ​ពឹងពាក់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) នៅ​ខេត្ត​សៀមរាប ឲ្យ​ជួយ​ស្វែងរក​ព្រះសង្ឃ​កម្ពុជា​ក្រោម ១​អង្គ និង​តា​អាចារ្យ​ម្នាក់​ទៀត ដែល​កំពុង​តែ​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​នេះ។

បុរស​ម្នាក់​ក្នុង​ចំណោម​ខ្មែរ​ក្រោម​ជាច្រើន​នាក់​ទៀត​ដែល​ទៅ​ពឹងពាក់​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​រក​កូន​របស់​គាត់​នោះ គឺ​លោក មាស សេរី។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មិថុនា ថា កូន​ប្រុស​របស់​លោក​ដែល​បួស​ជា​ព្រះសង្ឃ​មក​គង់​នៅ​ស្រុក​ខ្មែរ​ជាង ១០​ឆ្នាំ​នោះ បាន​បាត់​ព្រះ​កាយ​នៅ​ក្នុង​ខេត្ត​សៀមរាប រយៈពេល ៨​ថ្ងៃ​ហើយ។

បុរស​ដដែល​បញ្ជាក់​ថា ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១​ព្រះវស្សា មាន​កំណើត​នៅ​ភូមិ​ជ្រៃតាសូរ ឃុំ​កីយ៉ា ស្រុក​មាត់សមុទ្រ នៃ​ខេត្ត​ព្រះត្រពាំង បាន​និមន្ត​មក​គង់​នៅ​វត្ត​ទួលសង្កែ នៃ​ទីក្រុង​ភ្នំពេញ​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ និង​តា​អាចារ្យ​ម្នាក់​ឈ្មោះ នី បាន​ទៅ​លេង​សាច់ញាតិ​នៅ​សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ហើយ​និមន្ត​ត្រឡប់​វិញ​ទាំង​យប់​ក៏​បាត់​ខ្លួន​តាំង​ពី​ពេល​នោះ​មក៖ «រក​កូន​ហ្នឹង​មិន​ឃើញ ខ្ញុំ​ក៏​បាន​ចូល​ទៅ​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​ស្រង៉ែ រក​ឃើញ​លិខិត​កិច្ចសន្យា​ដែល​មាន​ឈ្មោះ​កូន​របស់​ខ្ញុំ ព្រម​ទាំង​មាន​រូបថត​កូន​របស់​ខ្ញុំ និង​រូប​តា​អាចារ្យ​អាក្រាត​កាយ​ដោយ​គេ​ឲ្យ​ស្លៀក​ការុង​ផង»

លោក មាស សេរី បញ្ជាក់​ថា នៅ​ពេល​ដែល​លោក​បាន​ឃើញ​លិខិត​កិច្ចសន្យា​មាន​ផ្ដិត​មេដៃ ព្រម​ទាំង​មាន​រូបថត​កូន​របស់​គាត់​ដែល​ជា​ព្រះសង្ឃ​ត្រូវ​អាក្រាត​កាយ​ស្លៀក​ការុង​ជាមួយ​តា​អាចារ្យ​ដូចនេះ លោក​យល់​ថា ព្រះសង្ឃ និង​តា​អាចារ្យ​ទំនង​ជា​មាន​ជន​ណា​ព្រួត​គ្នា​វាយ​ធ្វើ​បាប។

អ្នក​ភូមិ​ទទា សង្កាត់​ក្របីរៀល លោក រស់ សេរី ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា គឺ​ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ និង​តា​អាចារ្យ​ឈ្មោះ នី បាន​និមន្ត​ទៅ​លេង​នៅ​ផ្ទះ​របស់​លោក ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​អំណោយ​សប្បុរសធម៌​ដល់​ក្លឹប​ក្បាច់​គុន​ល្បុក្កតោ​របស់​លោក​ផង។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ដដែល​នេះ ព្រះសង្ឃ​បាន​ចាកចេញ ព្រម​ទាំង​ហាមឃាត់​រូប​លោក​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ជុំវិញ​ការ​និមន្ត​ចាកចេញ​នោះ​ផង៖ «លោក​និមន្ត​ចេញ​ទៅ គឺ​ម៉ោង ៩ និង ២០​នាទី​យប់ ដល់​ពេល​លោក​និមន្ត​ចេញ​ទៅ​ហើយ ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៍​ថា​នឹង​មាន​អ្វី​ទៀត​ទេ។ ដល់​ពីរ​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា មាន​ការ​ចាប់​លោក​សង្ឃ និង​តា​ម្នាក់​វាយ​ធ្វើ​បាប​នៅ​សង្កាត់​ស្រង៉ែ»

ប្រភព​ពី​សាច់ញាតិ​របស់​ព្រះសង្ឃ​កម្ពុជា​ក្រោម​នោះ​អះអាង​ថា គេ​បាន​ឮ​ព័ត៌មាន​ថា ក្រុម​ប្រជា​ការពារ​នៅ​ភូមិ​ស្រង៉ែ បាន​ចាប់​ព្រះសង្ឃ និង​តា​អាចារ្យ​ម្នាក់​នោះ ដោយ​សង្ស័យ​ថា​ជា​ជន​ខិលខូច​ដើរ​រក​លួច​ឆក់ ហើយ​ក្រោយ​មក​ក៏​បាន​បញ្ជូន​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្រង៉ែ។ គេ​មិន​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​បក​ស្បង់​ចីវរ​ព្រះសង្ឃ និង​ដោះ​សម្លៀកបំពាក់​តា​អាចារ្យ ហើយ​ឲ្យ​ស្លៀក​ការុង​ក្នុង​ពេល​ចាប់​ខ្លួន​នោះ​ទេ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្រង៉ែ លោក ស៊ាវ ធឿត ឆ្លើយ​បដិសេធ​ថា ប៉ូលិស​របស់​លោក​មិន​បាន​ចាប់​ខ្លួន​ព្រះសង្ឃ​កម្ពុជា​ក្រោម និង​តា​អាចារ្យ​ម្នាក់​នោះ​ទេ គឺ​ប្រជា​ការពារ​ភូមិ​ស្រង៉ែ ជា​អ្នក​ចាប់​ខ្លួន​មក​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍។ លោក​មេ​ប៉ុស្តិ៍​អះអាង​ទៀត​ថា ប៉ូលិស​ក៏​មិន​បាន​ដោះ​ស្បង់​ចីវរ​ព្រះសង្ឃ និង​តា​អាចារ្យ ឲ្យ​ស្លៀក​ការុង​ដែរ គឺ​អ្នក​ទាំង​ពីរ​នោះ​ស្លៀក​ខ្លួន​ឯង ហើយ​នៅ​ពេល​ដែល​ប៉ូលិស​រក​មិន​ឃើញ​កំហុស ក៏​ដឹក​អ្នក​ទាំង​ពីរ​ទៅ​បេនឡាន​នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ឲ្យ​ជិះ​ឡាន​ក្រុង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នាំ​គ្នា​រត់​ចុះ​ពី​លើ​ម៉ូតូ ហើយ​គេច​ខ្លួន​បាត់​មិន​ដឹង​ទៅ​ទីណា។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល មាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្ត​សៀមរាប កំពុង​ស៊ើប​អង្កេត​រក​តម្រុយ​នៃ​ការ​បាត់​ខ្លួន​ព្រះសង្ឃ​កម្ពុជា​ក្រោម ១​អង្គ និង​តា​អាចារ្យ​ម្នាក់​នេះ ពីព្រោះ​តែ​គេ​ចាប់​អារម្មណ៍​ថា អ្នក​ទាំង​ពីរ​បាន​បាត់​ខ្លួន បន្ទាប់​ពី​ក្រុម​ប្រជា​ការពារ​ភូមិ​ស្រង៉ែ ចាប់​ខ្លួន ហើយ​បញ្ជូន​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។