ព្រះសង្ឃ​និង​ពលរដ្ឋ​ស្នើ​អភិបាលខេត្ត​ព្រះសីហនុ​ពិនិត្យ​សកម្មភាព​ព្រះចៅ​អធិការ​វត្ត​លើ

ដោយ ដែន អយុធ្យា
2015.04.17
ព្រះតេជព្រះគុណ គៀត ចន្ទធុច ៦២០ ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ចន្ទធុច (រូប​ឆ្វេង) នៅ​ថ្ងៃ​ទទួល​តំណែង​ជា​ព្រះមេគណ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: Provided

ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជោតញាណ ហៅ​វត្ត​លើ និង​ព្រះសង្ឃ​មួយ​ចំនួន​គង់​ក្នុង​វត្ត​នេះ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចុះ​អង្កេត​ចំពោះ​សកម្មភាព របស់​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ចន្ទធុច ដោយ​ចោទ​ព្រះចៅ​អធិការ​អង្គ​នេះ ថា​បាន​ប្រព្រឹត្តិ ឬ​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ធម៌​វិន័យ​ព្រះសង្ឃ ឬ​ព្រះពុទ្ធសាសនា​ធ្ងន់ធ្ងរ។

បញ្ហា​នេះ​ថ្នាក់ដឹកនាំ និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹងឮ​រួច​ហើយៗ បាន​បញ្ជាក់​ថា កំពុង​តាមដាន​សកម្មភាព​ព្រះចៅ​អធិការ​អង្គ​នេះ និង​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​មែន​នោះ។

ព្រះសង្ឃ​គង់នៅ​វត្ត​ជោតញាណ ហៅ​វត្ត​លើ និង​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​នេះ ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​មួយ​ចំនួន បាន​ចោទ​ព្រះចៅ​អធិការ គៀត ចន្ទធុច ថា​បាន​ឆាន់​គ្រឿង​ស្រវឹង ឬ​នៅ​ពេល​ស្រវឹង​ស្រា​ម្ដងៗ តែង​បាន​ប្រើ​ថេរៈ​ដីកា​(សម្ដី)​ប្រមាថ មិន​សមរម្យ​ទៅលើ​ព្រះសង្ឃ​ក្រោម​ឱវាទ និង​មាន​ពេល​ខ្លះ​បាន​យក​កាំភ្លើងខ្លី​មក​គំរាម​ព្រះសង្ឃ​មួយ​ចំនួន​គង់​ក្នុង​វត្ត​នេះ​ថែមទៀត។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​លើ​មួយ​ចំនួន បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា នៅ​មុន​ប៉ុន្មាន​ថ្ងៃ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ចូល​មក​ដល់ ចៅអធិការ ព្រះនាម គៀត ចន្ទធុច បាន​ឆាន់​ស្រា​ស្រវឹង និង​បាន​ចាក់​ធុងបាស​ក្នុង​សំឡេង​ខ្លាំងៗ ព្រមទាំង​បាន​បណ្ដេញ​ព្រះសង្ឃ ខ្លះ​ចេញពី​វត្ត​នេះ​ថែមទៀត។

ផ្ដើម​ពី​បញ្ហា​នេះ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ បរិស័ទ​វត្ត​លើ ដែល​ដឹងឮ​រឿង​នេះ បាន​សំណូមពរ​ដល់​លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អង្កេត​ចំពោះ​សកម្មភាព របស់​ព្រះចៅ​អធិការ​វត្ត​លើ​ឲ្យ​បាន​ត្រឹមត្រូវ និង​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​សកម្មភាព របស់​ព្រះចៅ​អធិការ គៀត ចន្ទធុច ធ្លាប់​បាន​ប្រព្រឹត្តិ​ល្មើស​ពី​វិន័យ​ព្រះពុទ្ធសាសនា​ជាច្រើនលើក​ច្រើន​សារ​កន្លង​មក​ហើយ។

ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍ថា រូប​លោក និង​សមត្ថកិច្ច​ខេត្ត​នេះ កំពុង​អង្កេត​ទៅលើ​សកម្មភាព របស់​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ចន្ទធុច ដែល​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នេះ បាន​ចោទ​ថា ឆាន់​ស្រា ឬ​ប៊ីយែរ និង​មាន​អាវុធ​ខ្លី​ប្រើប្រាស់​នេះ​ហើយ។ ប៉ុន្តែ​មិនទាន់​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​នៅឡើយ​ទេ។

លោក ឈិត សុខុន សង្កត់ធ្ងន់​ថា បើ​ពិតជា​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការចោទប្រកាន់​ពិតមែន ព្រះសង្ឃ​នាម គៀត ចន្ទធុច នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់។

ចំណែក លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ទើប​ចូលកាន់​តំណែង​ថ្មី បញ្ជាក់​ថា ក្រោយពេល​ទទួល​បាន​ដំណឹង​បញ្ហា​កើត​មាននៅ​វត្ត​លើ រូបលោក​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​អង្កេត និង​តាមដាន​សកម្មភាព របស់ ព្រះចៅ​អធិការ គៀត ចន្ទធុច ប៉ុន្តែ​រក​មិន​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​ទេ។ យ៉ាងណា​លោក​ថា បើ​រក​ឃើញ​កំហុស​ឆ្គង​ដូច​ការ​ចោទ​មែន​នោះ កម្លាំង​សមត្ថកិច្ច​លោក នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះចៅ​អធិការ​វត្ត​លើ ខេត្ត​ព្រះសីហនុ។
ព្រះតេជព្រះគុណ គៀត ច័ន្ទធុច ព្រះចៅ​អធិការ​វត្ត​លើ ខេត្ត​ព្រះសីហនុ។
Photo: Provided

ទាក់ទិន​ការ​ចោទ​នេះ​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ចន្ទធុច ដោយ​ផ្ទាល់​ដល់​ទី​អារាម និង​តាម​ទូរស័ព្ទ ប៉ុន្តែ​មិន​អាច​ទាក់ទង​បានទេ។

ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​លើ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដំបូង និង​ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំនេះ មិនសូវ​ឃើញ​មាន​មនុស្ស​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ច្រើន​កុះករ​ដូច​បណ្ដា​ឆ្នាំ​មុនៗ​ទេ។

ហើយ​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត ពលរដ្ឋ​មាន​ចម្ងល់​ថា មិន​ដឹង​ជា​បណ្ដាល​មកពី​មូលហេតុ​អ្វី​ទេ ឬមួយ​អាច​ជា​ថ្ងៃ​ដំបូង នៃ​ពិធីបុណ្យ​ចូលឆ្នាំ ទើប​មិន​សូវ​មាន​មនុស្ស​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​លើ។

ទោះ​យ៉ាងណា មន្ត្រីរាជការ​បម្រើ​ការ​ងារ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ក៏បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ចុះ​អង្កេត​ទៅលើ​សកម្មភាព​របស់ ព្រះសង្ឃ គៀត ចន្ធធុច ដូច​ប្រជាពលរដ្ឋ​លើកឡើង​ដែរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​ធ្ងន់ធ្ងរ​នា​ថ្ងៃ​អនាគត។

មន្ត្រីរាជការ​មួយ​ចំនួន បាន​អះអាង​ថា កន្លងមក​ព្រះចៅ​អធិការ​វត្ត​លើ ព្រះនាម គៀត ចន្ទធុច ពិតជា​បាន​ប្រព្រឹត្តិ​ខុស​ធម៌​វិន័យ​ព្រះពុទ្ធសាសនា ឬ​មាន​ឆាន់​ស្រា​ជាប្រចាំ​ថ្ងៃ​ពិតមែន​។ ហើយ​ថា សកម្មភាព​មិន​ប្រក្រតី របស់​ព្រះសង្ឃ​អង្គ​នេះ មិន​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ ព្រោះ​ទំនងជា​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មិន​ហ៊ាន​អនុវត្ត​ច្បាប់ ឬ​យល់ថា ព្រះសង្ឃ គៀត ចន្ទធុច មាន​ខ្សែ​ស្រឡាយ​អ្នកធំ កាង​ការពារ ឬ​មាន​សាច់ញាតិ​កំពុង​បម្រើ​ការងារ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។