ស្ថានភាព​រស់នៅ​របស់​ភរិយា​និង​កូនៗ​បណ្ឌិត កែម ឡី កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស

ដោយ ខែ សុណង
2017.07.09
ប៊ូ រចនា ២០១៧ ១៤៤០ ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូនៗ កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Cheu Sideth

មួយ​ឆ្នាំ​ក្រោយ​ការ​បាត់បង់​ស្វាមី និង​ឪពុក​ជា​ទី​ស្រឡាញ់ ភរិយា និង​កូន​ប្រុស​ទាំង​ប្រាំ​រូប​របស់ បណ្ឌិត កែម ឡី ដែល​ជា​ជន​រងគ្រោះ​នៃ​ឃាតកម្ម​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នោះ កំពុង​បន្ត​រស់នៅ​ស្រុក​គេ​ដោយ​បារម្ភ​ពី​សុវត្ថិភាព។

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូនៗ កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​បី។ តើ​ជីវភាព​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​ថែទាំ​កូន​ប្រុស ៥​នាក់ មាន​សភាព​បែប​ណា?

ជា​ស្ត្រី​មេម៉ាយ​ស្ថិត​ក្នុង​វ័យ​កណ្ដាល មុខ​មាត់ និង​សម្បុរ​ស្រអែម​ស្រស់​មាន​កូន​ប្រុស ៥​នាក់​នៅ​ក្នុង​បន្ទុក គឺ​លោកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ស្វាមី​ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី ១​ឆ្នាំ​មុន។

លោកស្រី ប៊ូ រចនា ថ្លែង​ថា ១​ឆ្នាំ​គត់​ហើយ​ដែល​លោកស្រី​ពុំ​មាន​ឱកាស​ធ្វើ​បុណ្យ​ជូន​ស្វាមី​នោះ​ទេ៖ «និយាយ​រួម​ទៅ តាំង​ពី​ខ្ញុំ​មក​នេះ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​បុណ្យ​ជូន​ស្វាមី​ទេ មិន​ដឹង​ថា​មាន​វត្ត​កន្លែង​ណា​សម្រាប់​ធ្វើ​បុណ្យ​ឲ្យ​គាត់ ព្រោះ​យើង​ជា​ជន​ភៀស​ខ្លួន​ម្នាក់ មិន​ដឹង​ថា​រក​ទីកន្លែង​ណា​ស័ក្តិសម​ដែល​យើង​ធ្វើ​បុណ្យ​ឲ្យ​គាត់។ យក​ចង្ហាន់​មក​ប្រគេន​លោក ដើម្បី​ឧទ្ទិស​ក្នុង​រយៈ​ខួប​គម្រប់ ១​ឆ្នាំ។ ខ្ញុំ​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក ឲ្យ​ជួយ​រក​យុត្តិធម៌ ចង់​ឲ្យ​ប្រទេស​យើង​ទទួល​បាន​តុលាការ​ឯករាជ្យ អ្នក​មិន​ទទួល​បាន​យុត្តិធម៌​ពី​មុនៗ​មក ទទួល​បាន​យុត្តិធម៌​ទាំងអស់​គ្នា»

ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក​បណ្ឌិត កែម ឡី ហ៊ាន​និយាយ​ចំៗ​រិះគន់​មិន​ញញើត​ចំពោះ​ភាព​អសកម្ម​របស់​រាជ​រដ្ឋាភិបាល​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​ត្រកូល​ហ៊ុន ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំនួញ​ធំៗ​លើ​សេដ្ឋកិច្ច​ជាតិ។ លោក​ថែម​ទាំង​រិះគន់​ទៅ​លើ​អ្នក​នយោបាយ​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ដោយ​មិន​ភ័យ​ខ្លាច ទោះ​បី​ដឹង​ខ្លួន​ថា ការ​បញ្ចេញ​មតិ​របស់​លោក អាច​នឹង​ត្រូវ​មាន​គ្រោះថ្នាក់​ក្ដី។

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូនៗ កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។
ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូនៗ កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Cheu Sideth

លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​ស្តារ​ម៉ាត (Star Mart) ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ជិត​ស្តុប​បូកគោ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ គិត​ចាប់​ពី​ថ្ងៃ​បាញ់​ប្រហារ​រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ឃាតក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​បាន​សារភាព​ថា ខ្លួន​ជា​ជន​ដៃ​ដល់​តែ​ម្នាក់​គត់​ដែល​បាន​កេះ​កៃ​កាំភ្លើង​សម្លាប់​បណ្ឌិត កែម ឡី។ ទោះ​ជា​យ៉ាង​ណា សំណុំ​រឿង​នេះ​នៅ​បន្សល់​ភាព​មន្ទិល​ជាច្រើន​សម្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ៖ «រឿង​ឃាតកម្ម​ប្ដី​ខ្ញុំ​នេះ​វា​ដក់​នៅ​ក្នុង​ចិត្ត​រហូត ទោះ​បី​ពេលវេលា​យូរ​ប៉ុនណា​ក៏​ដូច​ថ្មីៗ​អ៊ីចឹង។ វា​អត់​បំភ្លេច​បាន​ទេ ព្រោះ​យើង​ឃើញ​វា​នៅ​នឹង​ភ្នែក យើង​ឃើញ​សកម្មភាព ឃើញ​ឈាម​ហូរ​នៅ​ដាប​ពេញ​ខ្លួន។ យើង​មើល​រូបថត​គាត់ ខ្ញុំ​នៅ​តែ​គិត​ថា​គាត់​មិន​ទាន់​ស្លាប់ យើង​នៅ​មាន​អារម្មណ៍​ថា​គាត់​ទៅ​ធ្វើ​ការ​សង្គម​នៅ​ក្រៅ​ប្រទេស ចេះ​តែ​កុហក​ខ្លួន​ឯង តែ​ការពិត គាត់​បាន​ស្លាប់​ទៅ​ហើយ។ ជួប សម្លាប់ ដែល​ជា​ឃាតក ក៏​ខ្ញុំ​អត់​ទទួល​ស្គាល់ អ្វី​ដែល​តុលាការ​កាត់​ទោស​ឲ្យ​អ្នក​ដែល​ឃាតក​ជាប់​ទោស​មួយ​ជីវិត គឺ​ខ្ញុំ​អត់​ទទួល​ស្គាល់​ដឹង​ឮ​ទាំងអស់ ព្រោះ​តុលាការ​ស្រុក​ខ្មែរ ទាំង​ប្រជាពលរដ្ឋ ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក៏​មិន​ទុក​ចិត្ត​ថា​មិន​ឯករាជ្យ​ដែរ។ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ស្រាវជ្រាវ ព្រោះ​ថា​ប្ដី​ខ្ញុំ​មិន​ដឹង​ជា​ស្លាប់​អង្គុយ​លើ​កៅអី ឬ​ដេក​ទេ ដោយសារ​ពេល​ខ្ញុំ​ដល់​កន្លែង​កើត​ហេតុ គឺ​ខ្ញុំ​ឃើញ​សព​គាត់​លើ​ឥដ្ឋ​ទៅ​ហើយ បើ​សិន​ជា​ប្ដី​ខ្ញុំ​គាត់​ស្លាប់ គាត់​ធ្លាក់​លើ​ឥដ្ឋ គឺ​កៅអី និង​តុ​មិន​មែន​ដូច​រៀបចំ​ទេ វា​ត្រូវ​រញ៉េរញ៉ៃ​ដួល​ពេញ​ហ្នឹង​ហើយ។ តុលាការ​ត្រូវ​ស្រាវជ្រាវ​សាថ្មី គឺ​ខ្ញុំ​អត់​ជឿ​ថា​ចឹង​ទេ ហេតុ​អី​មាន​ជន​ណា​ទម្លាក់​សព​គាត់​នៅ​លើ​ឥដ្ឋ»

ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​បុណ្យ និង​តម្កល់​សព​របស់​លោក​នៅ​វត្ត​ចាស់ ស្ថិត​ត្រើយ​ម្ខាង​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ចំនួន​ពីរ​សប្ដាហ៍ ដោយ​មាន​មន្ត្រី​ស្ថានទូត អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​ដែល​ស្រឡាញ់​រាប់​អាន​លោក បាន​ចូលរួម​រាប់​រយ​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ រួច​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ខេត្ត​តាកែវ ជា​ស្រុក​កំណើត​របស់​លោក។

បន្ទាប់​ពី​ធ្វើ​បុណ្យ​ហើយ​ភ្លាម លោកស្រី ប៊ូ រចនា និង​កូនៗ បាន​ភៀស​ខ្លួន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​បរទេស​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ទី​៣ ទាំង​មាន​ផ្ទៃពោះ ដោយសារ​តែ​ពួក​គេ​តក់ស្លុត និង​ភ័យ​ខ្លាច​ពី​សុវត្ថិភាព៖ «ខ្ញុំ​តូច​ចិត្ត​មួយ​ប្ដី​បាន​ស្លាប់​ហើយ យើង​ក៏​ចាកចោល​ស្រុក​ខ្លួន​ឯង ផ្ទះ​ដែល​យើង​ធ្វើ​មិន​ទាន់​បាន​រស់នៅ​ផង ត្រូវ​បោះបង់​ចោល​ផ្ទះ​នោះ​ទៀត។ ផ្ទះ​បញ្ចុះ​សព​គាត់​រាល់​ថ្ងៃ​នោះ គឺ​ធ្វើ​សម្រាប់​ពេល​ចាស់​ទៅ ទៅ​នៅ​ស្រែ។ អ្វី​ដែល​សោកស្ដាយ​បំផុត​នោះ គឺ​ការ​សុបិន​របស់​យើង​ក្លាយ​ជា​អត់​ន័យ រលាយ​អស់​ក្នុង​រយៈពេល​មួយ​ប៉ប្រិច​ភ្នែក។ ម្ដាយ​ចាស់​ហើយ គាត់​ឈឺ​សន្លាក់ យើង​គ្មាន​ឱកាស​មើល​គាត់។ ពេល​មើល​ហ្វេសប៊ុក​ម្ដងៗ គាត់​នៅ​តែ​ជាមួយ​ផ្នូរ​កូន។ ខ្ញុំ​អាណិត​គាត់ ហើយ​ខ្លួន​យើង​ក៏​លំបាក»

ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ លោកស្រី ប៊ូ រចនា ដែល​ពេល​នេះ​លោកស្រី​ដើរ​តួនាទី​ជា​ម្ដាយ​ផង ជា​ឪពុក​ផង​ក្នុង​ការ​អប់រំ​ថែទាំ​ប្រៀន​ប្រដៅ និង​ពង្រឹង​ខ្លួន​ឯង​ផង​នោះ លោកស្រី​អះអាង​ថា នឹង​ខិតខំ​ប្រឹងប្រែង​តស៊ូ​នៅ​ក្នុង​ជីវិត​ដើម្បី​អនាគត​របស់​ពួក​គេ៖ «ឥឡូវ​នេះ​យើង​កំពុង​តែ​ភៀស​ខ្លួន​ហើយ អារម្មណ៍​យើង​ក៏​មិន​ល្អ​ដូច​ដើម ព្រោះ​អី​យើង​បាត់បង់​មនុស្ស​ដែល​សំខាន់​នៅ​ក្នុង​គ្រួសារ​ជា​បង្គោល​កណ្ដាល នៅ​ក្នុង​គ្រួសារ​មាន​កូន​ដល់ ៥​នាក់ ត្រូវការ​អប់រំ​កូន​បាន​ច្រើន ត្រូវការ​ពេលវេលា​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​កូន ពង្រឹង​ខ្លួន​ឯង​កុំ​ទន់ជ្រាយ ត្រូវ​តែ​ណែនាំ​កូន​ឲ្យ​គាត់​យល់​ដឹង​យក​ចិត្ត​ទុក​ដាក់​រៀនសូត្រ»

នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត ពួក​គេ​ទាំង ៦​នាក់ ជីវិត​ប្រៀប​បាន​នឹង​សត្វ​ចិញ្ចឹម​ដែល​គេ​ដាក់​នៅ​ទ្រុង​គ្មាន​សិទ្ធិ​សេរីភាព។ ជា​រៀង​រាល់​ថ្ងៃ ម្ដាយ និង​កូន​មាន​ពេល​ទំនេរ​ច្រើន​ណាស់ ត្បិត​អី​ម្ដាយ​ក៏​គ្មាន​មុខ​របរ​ដូច​ពី​មុន ក្មេងៗ​ក៏​មិន​បាន​ទៅ​រៀនសូត្រ។ ដើម្បី​បំបាត់​ទុក្ខ​កង្វល់ លោកស្រី​មាន​តែ​ប្រលែង​លេង​ជាមួយ​កូន។ ចំណែក​ក្មេងៗ​វិញ មាន​តែ​ទូរស័ព្ទ​ទេ​ជា​មិត្ត​ជិតស្និទ្ធ​របស់​ពួក​គេ៖ «យើង​រស់នៅ​ក្នុង​បន្ទប់​មួយ ៤​ម៉ែត្រ ៤​ជ្រុង វា​ពិបាក​រស់នៅ អត់​មាន​សិទ្ធិ​ដើរ​ហើរ យើង​ត្រូវ​ការពារ​ខ្លួន​អត់​មាន​សុវត្ថិភាព​តាំង​ការ​និយាយ​ស្ដី ទាំង​ចំណូល​ក៏​អត់​មាន មក​នេះ​សម្ងំ​ពួន។ និយាយ​រួម​មួយ​ម៉ាត់ នេះ​ដូច​ជាប់​គុក​អ៊ីចឹង»

មួយ​ថ្ងៃៗ​ដេក​ក្រោកៗ គឺ​រស់នៅ​ក្នុង​ជីវិត​ដែល​ធុញថប់​ខ្លាំង នៅ​ពេល​លោកស្រី​អត់​ទ្រាំ​នឹង​ការ​រំអុក​របស់​កូន គឺ​មាន​តែ​នាំ​ពួក​គេ​ចេញ​ក្រៅ​ខ្លះ៖ «ការងារ​មាន​តែ​ប៉ុណ្ណឹង មាន​តែ​ព្រឹក​ឡើង​រៀបចំ​ខ្លួន​កូន​ឲ្យ​កូន​ញ៉ាំ​បបរ​ញ៉ាំ​អី អត់​មាន​ការងារ​អី​ធ្វើ​ទេ មាន​តែ​ពេលវេលា​ជុំ​ជាមួយ​កូន​មើល​ថែ​កូន ហើយ​ដល់​ម៉ោង​ត្រូវ​ញ៉ាំ ត្រូវ​ញ៉ាំ​ទៅ គឺ​ផ្លូវ​ចិត្ត​មាន​ការ​គាប​សង្កត់​ខ្លាំង ប៉ះ​ទង្គិច​ខ្លាំង ប្ដី​បាន​ស្លាប់​ទៅ​ហើយ ក៏​មក​រស់នៅ​របៀប​អត់​មាន​សិទ្ធិ​សេរីភាព​នៅ​តែ​ក្នុង​បន្ទប់​ពេក កូន​ក៏​មាន​អារម្មណ៍​អត់​ល្អ ចំណាយ​ពេល​ម្ង៉ៃ​ហ្នឹង​នាំ​កូន​ដើរ​ទៅ​នេះ​ទៅ​នោះ​ខ្លះ​ទៅ»

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​ច្បង ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី នៅ​ក្នុង​វត្ត​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។
ភរិយា​របស់​លោក​បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា និង​កូន​ប្រុស​ច្បង ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី នៅ​ក្នុង​វត្ត​មួយ​នៅ​ក្រៅ​ប្រទេស។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Cheu Sideth

កូន​ប្រុស​ច្បង​របស់​លោក​បណ្ឌិត កែម ឡី គឺ កែម វាសនារ៉ានុច វ័យ ១៥​ឆ្នាំ នៅ​ពេល​គេ​អផ្សុក និង​ធុញ​ថប់​ខ្លាំង គេ​តែងតែ​ទៅ​បញ្ចេញ​ស្ត្រេស (Stress) ដោយ​សុំ​ម្ដាយ​ទៅ​លេង​ស្គី​ទឹកកក។ រ៉ានុច បន្ត​ថា កាល​ពី​ឪពុក​នៅ​មាន​ជីវិត គេ​អាច​ជួបជុំ​គ្រួសារ​ក្នុង​ភាព​សប្បាយ​រីករាយ ដោយ​ដើរ​កម្សាន្ត ឪពុក​បាន​ជួយ​បង្រៀន​គណិតវិទ្យា​ស្ទើរ​រាល់​ថ្ងៃ អប់រំ និង​លើក​ទឹក​ចិត្ត​ឲ្យ​ខិតខំ​រៀនសូត្រ ប៉ុន្តែ​ជីវិត​នៅ​ពេល​នេះ គឺ​ផ្លាស់ប្ដូរ​ទាំង​ស្រុង៖ «ពេល​មើល​ហ្វេសប៊ុក​ឃើញ​រូប​ប៉ា ចេះ​តែ​នឹក​គាត់​រហូត នឹក​អ្វី​ដែល​គាត់​ផ្ដល់​ឲ្យ​ទាំងអស់ ធ្វើ​ឲ្យ​មាន​កិត្តិយស​ដល់​គ្រួសារ​ដល់​ប្រទេស​ជាតិ​ទៀត។ នៅ​ពេល​នឹក​ប៉ា ជួនកាល​ទៅ​លេង វីរៈបុត្រ ជួនកាល​អត់​ដឹង​ធ្វើ​អី គេង! ពេល​ភ្ញាក់​ឡើង​ភ្លេច​អី​ទាំងអស់»

រ៉ានុច អាច​ជំនួស​ដៃ​ជើង​ម្ដាយ​បាន​ច្រើន ទាំង​ភាសា​ទំនាក់ទំនង​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ទិញ​ម្ហូប​អាហារ​ហូប​ចុក និង​មើល​ថែ​ប្អូនៗ។

ដោយឡែក​លោកស្រី ប៊ូ រចនា មាន​ក្ដី​សង្ឃឹម​នៅ​ក្នុង​ចិត្ត​មួយ​ថា នឹង​បាន​ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី ដើម្បី​ឲ្យ​កូនៗ​របស់​លោកស្រី​មាន​អនាគត​ល្អ។

អ្វី​ដែល​ជា​ការ​ដោះដូរ​ស្វាមី​គាត់ គឺ​មាន​តែ​តំណក់​ឈាម​ចុង​ក្រោយ​នេះ​ហើយ គឺ​កូន​ប្រុស​ពៅ ដែល​មាន​ឈ្មោះ​ថា កែម ឡី វីរៈបុត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។