កម្មករ​រោងចក្រ​នៅ​កំពង់ចាម​តវ៉ា​មុខ​ទូត​អាមេរិក​ស្នើសុំ​អន្តរាគមន៍

ដោយ អ៊ុក សាវបូរី
2015.01.30
កម្មករ​រោងចក្រ​មេនហាតធេន ​តវ៉ា​នៅ​ភ្នំពេញ ៦២០ កម្មករ​រោងចក្រ​កាត់ដេរ​មេនហាតធេន(Manhatten) មក​ពី​ខេត្ត​កំពង់ចាម លើក​បដា​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​៣០ ខែ​មករា ២០១៥។
RFA/Ouk Savborey

កម្មករ​រោងចក្រ​កាត់​ដេរ​មេនហាតធេន (Manhattan) ខេត្ត​កំពង់ចាម ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក បន្ទាប់​ពី​ថៅកែ​រោងចក្រ​បញ្ឈប់​ពួក​គេ ១០៧​នាក់ ដោយសារ​ពួក​គេ​ចូលរួម​ធ្វើ​បាតុកម្ម​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​ជាង ៨០​ដុល្លារ​ទៅ ១៦០​ដុល្លារ។

កម្មករ​តវ៉ា​ជាង ១០០​នាក់​ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ បាន​ព្រម​ឲ្យ​ចូល​ធ្វើ​ការ​វិញ នៅ​សល់​តែ​តំណាង​សម្ព័ន្ធ​សហជីព​កម្ពុជា ៣​នាក់​មាន​ឈ្មោះ ចន ធាង ផាន់ ចន្នី និង ប៉េង ផល្លា មិន​ឲ្យ​ចូល​ធ្វើ​ការ។ ក្នុង​ករណី​នោះ នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចេញ​សេចក្តី​បង្គាប់​ឲ្យ​ថៅកែ​រោងចក្រ ទទួល​យក លោក ផាន់ ចន្នី និង​លោក ប៉េង ផល្លា ឲ្យ​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ​ថៅកែ​មិន​បាន​អនុវត្ត​តាម​សេចក្តី​សម្រេច​នោះ​ឡើយ ហើយ​មន្ត្រី​សហជីព​ទាំង ៣​នាក់ នៅ​តែ​មិន​បាន​ចូល​ធ្វើ​ការ ទើប​កម្មករ​បន្ត​តវ៉ា​នៅ​ខេត្ត​កំពង់ចាម និង​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក​បន្ត​ទៀត។

តំណាង​ស្ថានទូត​អាមេរិក បាន​អញ្ជើញ​តំណាង​កម្មករ​រោងចក្រ​កាត់​ដេរ​មេនហាតធេន ចូល​ដាក់​ញត្តិ​នៅ​ម៉ោង​ជិត ១០​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥។

ស្ថានទូត​អាមេរិក ទទួល​យក​ញត្តិ​ពី​កម្មករ​រោងចក្រ​កាត់​ដេរ​មេនហាតធេន បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្មករ​ប្រមាណ ១០០​នាក់ ឈរ​លើក​បដា​នៅ​មុខ​ស្ថានទូត សុំ​ឲ្យ​ជំរុញ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​សហជីព ៣​នាក់​បាន​ចូល​ធ្វើ​ការ និង​សុំ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ រួម​ទាំង​ផ្តល់​ប្រាក់​រំឭក​ដល់​តំណាង​សហជីព ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ​ក្រោយ​ពី​មន្ត្រី​សហជីព ៣​នាក់ និង​កម្មករ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​ពី​ជាង ៨០​ដុល្លារ ទៅ ១៦០​ដុល្លារ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លង​មក។

លោក ចន ធាង មេ​សម្ព័ន្ធ​សហជីព​កម្ពុជា ម្នាក់​ក្នុង​ចំណោម ៣​នាក់​ដែល​ថៅកែ​បញ្ឈប់​នោះ ឲ្យ​ដឹង​ថា មន្ត្រី​ស្ថានទូត​អាមេរិក ដែល​ទទួល​ញត្តិ​ពី​កម្មករ បាន​សន្យា​ថា​នឹង​ជំរុញ​ឲ្យ​ថៅកែ​ឆាប់​ដោះស្រាយ៖ «ព្រោះ​អី​ខ្ញុំ​តវ៉ា​កន្លង​មក​នេះ គឺ​យើង​តវ៉ា​ដោយ​ស្រប​ច្បាប់ ហើយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បាន​កាត់​ឲ្យ​យើង​ឈ្នះ​ទៀត ដាច់​ខាត​បាន​ខ្ញុំ​ត្រូវ​តែ​ទៅ​មុខ​អត់​ថយ​ក្រោយ​ទេ»

លោក ចន ធាង បន្ត​ថា កាល​ពី​ចុង​ឆ្នាំ​២០១៣ កម្មករ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា តវ៉ា​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​ជាង ៨០​ដុល្លារ ទៅ ១៦០​ដុល្លារ។ លោក​ថា ថៅកែ​បញ្ឈប់​គាត់​ពី​ការងារ​ជាង ១​ឆ្នាំ ទោះ​បី​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បញ្ជា​ឲ្យ​ថៅកែ​ទទួល​យក​ពួក​គាត់ ៣​នាក់​ចូល​ធ្វើ​ការ​វិញ ក៏​ថៅកែ​មិន​ព្រម ទើប​កម្មករ​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក។ លោក ចន ធាង ឲ្យ​ដឹង​ថា ពួក​គាត់ ៣​នាក់ ត្រូវ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ហៅ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ខាង​មុខ។

កម្មការិនី​ច្រើន​នាក់​ទៀត​ឲ្យ​ដឹង​ថា ក្រៅ​ពី​រើសអើង​មិន​ឲ្យ​មាន​សហជីព ថៅកែ​ក៏​មិន​ព្រម​យក​កម្មករ​អាយុ​លើស ៣០​ឆ្នាំ​ធ្វើ​ការ និង​ត្រូវ​បញ្ឈប់​កម្មករ​អាយុ​លើស ៣០​ឆ្នាំ​ពី​ការងារ​ច្រើន​នាក់។ កម្មការិនី​ខ្លះ​ទៀត​ឲ្យ​ដឹង​ថា គ្រាន់​តែ​សុំ​ចូល​បន្ទប់​ទឹក ក៏​ថៅកែ​កំណត់​នាទី ហើយ​ចាប់​កំហុស​បញ្ឈប់​ពី​ការងារ​ដែរ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ថៅកែ​រោងចក្រ​កាត់​ដេរ​មេនហាតធេន ជា​ជនជាតិ​អាមេរិកាំង គឺ​ជា​ពលរដ្ឋ​ដែល​យល់​ពី​លទ្ធិប្រជាធិបតេយ្យ និង​យល់​ពី​សិទ្ធិ​នៃ​ការ​តវ៉ា។ លោក​សង្ឃឹម​ថា ស្ថានទូត​អាមេរិក នឹង​អន្តរាគមន៍​ទៅ​ថៅកែ​ជនជាតិ​អាមេរិកាំង​នោះ ឲ្យ​ពន្លឿន​ការ​ដោះស្រាយ និង​មិន​យក​ប្រព័ន្ធ​តុលាការ​ទៅ​ដាក់​គំនាប​លើ​ការ​តវ៉ា​របស់​កម្មករ និង​សហជីព​ទេ៖ «ប្រាក់​ឈ្នួល ៨០​ដុល្លារ​យើង​សួរ​ថា​ឲ្យ​ពួក​គាត់​រស់​បែប​ម៉េច ហើយ​បើ​ហាម​ឃាត់​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ទាមទារ​ទៀត ឲ្យ​ពួក​គាត់​មក​បម្រើ​តែ​និយោជក ហើយ​និយោជក​អត់​ចែក​ផល​ប្រយោជន៍​ឲ្យ​ពួក​គាត់ ពីព្រោះ​យើង​ដឹង​ហើយ​រោងចក្រ​នីមួយៗ​ចំណេញ​ច្រើន​ណាស់ ចំណេញ​សម្បើម​ណាស់»

ដូច​គ្នា​ដែរ មន្ត្រី​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា កម្មករ​ទាមទារ​ឲ្យ​ថៅកែ​គោរព​តាម​បញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល តែ​ថៅកែ​មិន​អនុវត្ត ទើប​ពួក​គេ​លើក​គ្នា​មក​តវ៉ា​សុំ​ឲ្យ​ស្ថានទូត​អាមេរិក ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​កាត់​ដេរ​មេនហាតធេន គោរព​តាម​បញ្ជា​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល៖ «កម្មករ​ទាមទារ​ឲ្យ​គោរព​តែ​ច្បាប់​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក គួរ​តែ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជា​សញ្ជាតិ​របស់​ខ្លួន​ហ្នឹង គោរព​តាម​ច្បាប់​កម្ពុជា ទៅ»

ការ​តវ៉ា​របស់​កម្មករ​ដាក់​ញត្តិ​ដល់​ស្ថានទូត​អាមេរិក​នេះ ត្រូវ​បាន​រដ្ឋបាល​រោងចក្រ​កាត់​ដេរ​មេនហាតធេន លោក តុង ចំរើន ឲ្យ​ដឹង​ថា មិន​ទាន់​អាច​ផ្តល់​ចម្លើយ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ដោយសារ​នាយក​គ្រប់គ្រង​កំពុង​ប្រជុំ​បញ្ហា​នេះ។

ការ​តវ៉ា​របស់​កម្មករ​នៅ​មុខ​ស្ថានទូត​អាមេរិក​នេះ មាន​ការ​ឃ្លាំ​មើល​ពី​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន និង​មាន​សមត្ថកិច្ច​ចម្រុះ​ជួយ​ការពារ​សណ្ដាប់ធ្នាប់​មុខ​ស្ថានទូត​អាមេរិក មិន​មាន​អំពើ​ហិង្សា ឬ​មាន​ការ​រារាំង​កើត​ឡើង​ទេ។ កម្មករ​បាន​ត្រឡប់​ទៅ​ខេត្ត​កំពង់ចាម វិញ បន្ទាប់​ពី​ប្រគល់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។