ក្រសួង​អប់រំ​គ្រោង​រៀបចំ​កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា​ថ្នាក់​ឧត្តម​សិក្សា

ដោយ យ៉ង ចាន់តារា
2016.01.17
សិស្ស​ប្រឡង​បាក់ឌុប ២០១៥ ៨៥៥ សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប​នៅ​ថ្ងៃ​ទី​១ នា​មណ្ឌល​ព្រះស៊ីសុវត្ថិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Sereymony

ស្រប​ពេល​ដែល​ក្រសួង​អប់រំ កំពុង​ធ្វើ​កំណែ​ទម្រង់​ឧត្តម​សិក្សា កម្មវិធី​សំខាន់​មួយ​ត្រូវ​បាន​បង្កើត​ឡើង គឺ​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​ដែល​ជួប​ប្រទះ​ការ​ខ្វះខាត ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​អាច​បន្ត​ការ​សិក្សា​ទៅ​មុខ​បាន។ មន្ត្រី​ក្រសួង​អប់រំ បញ្ជាក់​ថា ក្រសួង​កំពុង​ពន្លឿន​កិច្ច​ពិភាក្សា​អំពី​កម្មវិធី​នេះ ហើយ​បើ​គម្រោង​នេះ​អាច​អនុវត្ត​បាន​មែន ចំនួន​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា នឹង​មាន​ការ​កើន​ឡើង ដែល​នឹង​ជួយ​ឲ្យ​កម្ពុជា មាន​ធនធាន​មនុស្ស​កាន់​តែ​ច្រើន។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ កំពុង​ដំណើរ​ការ​រៀបចំ​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា។ កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង និង​ដាក់​បញ្ចូល​ក្នុង​ផែនការ​អនុ​វិស័យ​ការ​អប់រំ​ឧត្តម​សិក្សា ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៤-២០១៨ របស់​ក្រសួង​អប់រំ៖ «ឥឡូវ​នេះ យើង​ពិនិត្យ​មើល​យន្តការ ហើយ​នីតិវិធី​នៃ​ការ​អនុវត្ត និង​ឯកសារ​នានា ដើម្បី​ច្បាស់​ថា នៅ​ពេល​និស្សិត​ម្នាក់​ដែល​គាត់​ខ្ចី​ធនាគារ​មក​រៀន​រហូត​ដល់​គាត់​រៀន​ចប់ តើ​យើង​តាម​ដាន​ការ​សិក្សា​តាម​ដាន​ពិន្ទុ​យ៉ាង​ម៉េច? ចប់​ទៅ គាត់​ទៅ​ធ្វើ​ការ។ តើ​គាត់​បង់​រំលស់​នៃ​កម្ចី​គាត់​ហ្នឹង​មក​ធនាគារ​វិញ​ដោយ​របៀប​ណា? ដោយ​អត្រា​ខ្ទង់​ប៉ុន្មាន? ដើម្បី​ធានា​ថា ដំណើរ​ការ​នេះ​ធនាគារ​ក៏​បាន​ប្រយោជន៍ និស្សិត​ហ្នឹង​ក៏​បាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ខ្លួន​គាត់ អនាគត​គាត់ ហើយ​ទី​បី គឺ​យើង​ធានា​ថា នឹង​មិន​មាន​ហានិភ័យ​កើត​ឡើង​ណា​មួយ​នោះ​ឡើយ»

លោក រស់ សាលីន ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ មករា ថា កម្មវិធី​នេះ​វិនិយោគ​ដោយ​ធនាគារ​ឯកជន​ធំ​មួយ​នៅ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ជា​ធនាគារ​មួយ​ណា និង​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ ពីព្រោះ​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​នៅ​ឡើយ។

លោក រស់ សាលីន បន្ថែម​ថា ដំណើរ​ការ​ប្រជុំ​ពិភាក្សា​រៀបចំ​កម្មវិធី​នេះ សម្រេច​បាន​ប្រហែល​ពាក់​កណ្ដាល​ហើយ ហើយ​ក្រសួង​នឹង​ប្រកាស​ពី​គម្រោង​នេះ​ជា​ផ្លូវ​ការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​អ្នក​សិក្សា​នេះ ត្រូវ​បាន​ក្រុម​យុវជន និង​អ្នក​ស្រាវជ្រាវ​គាំទ្រ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​ក៏​ចង់​ឃើញ​ក្រសួង រៀបចំ​យន្តការ​ឲ្យ​បាន​ច្បាស់លាស់ ទាក់ទង​នឹង​កិច្ចសន្យា ព្រម​ទាំង​ដោះស្រាយ​បញ្ហា​ទីផ្សារ​ការងារ​សម្រាប់​និស្សិត​បញ្ចប់​ការ​សិក្សា។

និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ភ្នំពេញ កញ្ញា សាមឿត ស៊ាវម៉េង យល់​ឃើញ​ថា នេះ​ជា​គម្រោង​ដ៏​ល្អ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​និស្សិត​ចូល​រៀន​នៅ​ឧត្តម​សិក្សា ព្រម​ទាំង​អាច​ជួយ​ឲ្យ​និស្សិត​មួយ​ចំនួន ខិតខំ​រៀន​សូត្រ​ដើម្បី​ទទួល​បាន​ការងារ​ល្អ អាច​សង​បំណុល​ត្រឡប់​ទៅ​វិញ​ក្រោយ​បញ្ចប់​ការ​សិក្សា៖ «បើ​សិន​ជា​មាន​កម្មវិធី​ហ្នឹង​មែន ចំនួន​អ្នក​ចង់​រៀន​សូត្រ​ប៉ុន្តែ​គ្មាន​លុយ ចំនួន​ហ្នឹង​នឹង​មាន​ការ​កើន​ឡើង ពីព្រោះ​នៅ​កម្ពុជា យើង ភាគ​ច្រើន​នៅ​តាម​ខេត្ត ឪពុក​ម្ដាយ​គាត់​ជា​កសិករ។ អ៊ីចឹង​ពេល​ដែល​គាត់​រៀន​ចប់​ទី​១២ គាត់​អត់​មាន​លុយ​រៀន​ត​នៅ​ភ្នំពេញ​ទេ»

យុវ​និស្សិត​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ច័ន្ទសុវណ្ណី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បញ្ចេញ​យោបល់​ថា ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​និស្សិត​នេះ ជា​រឿង​មួយ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​ចំពោះ​វិស័យ​អប់រំ ប៉ុន្តែ​យុវជន​រូប​នេះ​អះអាង​ថា រូប​គេ​ចង់​ឃើញ​ការ​អនុវត្ត​កម្មវិធី​នេះ ធ្វើ​ឡើង​តាម​ផែនការ​ជាក់លាក់៖ «ពេល​ដែល​គាត់​ខ្ចី​កម្ចី​ហ្នឹង ថា​តើ​រដ្ឋាភិបាល​អាច​មាន​ការ​ធានា​ថា គាត់​នឹង​បាន​ការងារ​ធ្វើ​កម្រិត​ណា? ព្រោះ​ថា បើ​សិន​ជា​មាន​គម្រោង​ហ្នឹង​កើត​ឡើង​ពិត​មែន ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​ជា​ផែនការ​មេ (Master Plan) មួយ ដើម្បី​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​កម្ពុជា ខ្វះខាត​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ប៉ុន្មាន? គណនេយ្យ​ប៉ុន្មាន? បច្ចេកទេស​ប៉ុន្មាន?»

ដោយឡែក​អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា លោក​គាំទ្រ​គម្រោង​ផ្តល់​កម្ចី​នេះ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​គួរ​តែ​បង្កើត​គោល​នយោបាយ​គាំទ្រ​ចំពោះ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់ ដោយ​ចេញ​ជា​បដិភាគ​ឲ្យ​គ្រឹះស្ថាន​ទាំង​នោះ អនុវត្ត​គម្រោង​នេះ​ទូទាំង​ប្រទេស ដោយ​អត្រា​ការប្រាក់​ទាប​បំផុត ឬ​គ្មាន​ការប្រាក់​តែ​ម្តង ជា​ជាង​អនុវត្ត​កម្មវិធី​នេះ​ដោយ​ខ្លួន​ឯង៖ «បើ​សិន​ជា​គាត់​រៀន​បាន​ខ្ពស់ តែ​ឱកាស​ការងារ​គាត់​តិច ក៏​នៅ​តែ​អត់​ការងារ​ធ្វើ​ដដែល។ បើ​គាត់​អត់​ការងារ​ធ្វើ ផលវិបាក គឺ​អត់​មាន​លុយ​សង​រដ្ឋ​វិញ។ នេះ​ជា​រឿង​សំខាន់។ អ៊ីចឹង​បាន​ជា​ខ្ញុំ​ថា បច្ចុប្បន្ន​នេះ​មាន​តែ​រដ្ឋ​ត្រៀម​បម្រុង​កញ្ចប់​ថវិកា​សម្រាប់​ផ្តល់​ឲ្យ​សិស្ស​និស្សិត​ណា ដែល​ចេញ​ពី​សាលា ហើយ​ចង់​ប្រកប​មុខ​របរ​ខ្នាត​តូច ប៉ុន្តែ​រដ្ឋ​ត្រូវ​មាន​ប្រព័ន្ធ​តាម​ដាន និង​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ហើយ​រដ្ឋ​ត្រូវ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ឬ​វិស័យ​ឯកជន ដើម្បី​ផ្តល់​ជំនាញ​បច្ចេកទេស នៅ​ពេល​ដែល​គាត់​អនុវត្ត​ផែនការ​ជំនួញ​ខ្នាត​តូច ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ថ្មី»

បច្ចុប្បន្ន​នេះ កម្ពុជា មាន​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ​ចំនួន​៤៣ និង​ឯកជន​ចំនួន ៦៧​គ្រឹះស្ថាន។ និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង​មាន​ចំនួន ១៥.៦៣៥​នាក់ និស្សិត​ថ្នាក់​បរិញ្ញាបត្រ ២២០.០០០​នាក់ បរិញ្ញាបត្រ​ជាន់​ខ្ពស់ ១៨.០១០​នាក់ និង​ថ្នាក់​បណ្ឌិត​មាន​ចំនួន ១.១៨១​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។