ក្រុមហ៊ុនរបស់​​ឧកញ៉ា គិត ម៉េង ស្នើ​ស្ថាប័ន​រដ្ឋ​អនុវត្ត​ការងារ​ឲ្យ​មាន​ការ​​ឯកភាព​គ្នា

ដោយ ប្រាជ្ញ ចេវ
2016.01.23
ផែ​ថ្ម​ក្រុមហ៊ុន​នៅ​ឆ្នេរ​អូរត្រេះ ២០១៦ ៨៥៥ សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រុប (Royal Group Koh Rong Development Company) សាងសង់​ផែ​ថ្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​នា​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦។
RFA/Den Ayuthyea

ក្រុមហ៊ុន​រ៉ូយ៉ាល់​ ហ្គ្រុប (Royal Group) របស់​ឧកញ៉ា គិត ម៉េង ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន ពិចារណា​ថ្លឹងថ្លែង មុន​នឹង​ធ្វើ​សេចក្ដី​ជូន​ដំណឹង​បន្ថែម​ណាមួយ ដែល​បង្កើត​ការ​ភ័ន្តច្រឡំ​ក្នុងចំណោម​អ្នក​អនុវត្ត​ច្បាប់។ សំណើ​របស់ ក្រុមហ៊ុន ​រ៉ូយ៉ាល់ ពេល​នេះ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា បញ្ជា​ឲ្យ​រុះរើ​ផែ នៅ​តាម​បណ្ដោយ​ឆ្នេរ​ខ្សាច់ អូ​ត្រេះ ខេត្ត​ព្រះសីហនុ ដែល​ក្រុមហ៊ុន​នេះ សង់​ដើម្បី​ដឹក​ផ្ទេរ​សម្ភារៈ ទៅ​កោះ​រ៉ុង។

លិខិត​របស់​ក្រុមហ៊ុន ​រ៉ូយ៉ាល់​ ហ្គ្រុប អះអាង​ថា ការសាងសង់​ផែ​នេះ ព្រោះ​ក្រុមហ៊ុន​ទទួល​បាន​ការ​អនុញ្ញាត ពី​អតីត​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃខែ​កក្កដា ឆ្នាំ​២០១៥ កន្លងទៅ។

ទាក់ទង​រឿង​នេះ​ដែរ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ បាន​ចេញ​លិខិត​អញ្ជើញ​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន ​រ៉ូយ៉ាល់​ ហ្គ្រុប ចូលរួម​ប្រជុំ​ពិភាក្សា​ជ្រើសរើស​វិធានការ និង​ទីតាំង​សមស្រប​សាងសង់​ផែ នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ខាងមុខ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម និយាយ​ថា លិខិត​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ ហាក់​ផ្គើន​នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​រុះរើ​ផែ​នោះ​ចោល។ លោក​បន្ត​ថា ផែ​របស់​លោក​ឧកញ៉ា គិត ម៉េង គឺ​ល្មើស​ទៅ​ច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​ភូមិបាល ព្រោះ​សំណង់​នេះ​សាងសង់​លើ​ដី​សាធារណៈ​របស់​រដ្ឋ៖ «ក្នុងនាម​ខ្ញុំ​ជា​សង្គម​ស៊ីវិល​ចង់​ឃើញ​អាជ្ញាធរ​ខេត្ត​អនុវត្ត​វិធានការ​តាម​ផ្លូវ​ច្បាប់ មិន​ឲ្យ​ក្រុមហ៊ុន​សាងសង់​រំលោភ​បំពាន់​ដី​រដ្ឋ កាលណា​សាងសង់​ប៉ះពាល់​ឆ្នេរ​បណ្ដាល​ឲ្យ​បាត់បង់​ឆ្នេរ បាត់បង់​ទេសចរណ៍»

ទោះ​ជា​មាន​បម្រាម​ពី​រដ្ឋាភិបាល​ទៅ​ហើយ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ក្រុមហ៊ុន ​​រ៉ូយ៉ាល់​ ហ្គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង នៅ​បន្ត​សកម្មភាព​សាងសង់​ផែ​ថ្ម​មាន​ទីតាំងនៅ​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ​ដដែល។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ថា អាជ្ញាធរ​ត្រៀម​ប្រជុំ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត​នេះ ដើម្បី​ចុះ​បញ្ឈប់​សកម្មភាព​សាងសង់​ឲ្យ​ស្របតាម​លិខិត​របស់​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។