មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស៊ើបអង្កេតករណីពុករលួយជុំវិញការតម្រូវឲ្យកាត់ឯកសណ្ឋាន ឬសម្ភារៈប្រើប្រាស់សម្រាប់បំពេញការងារនៅក្នុងស្ថាប័នមួយនេះ។
បញ្ហានេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបដិសេធថាមិនបានតម្រូវឲ្យកូនចៅក្រោមឱវាទ បង់លុយថ្លៃឯកសណ្ឋាន ឬសម្ភារៈប្រើប្រាស់ក្នុងការងារនោះទេ។
ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹងថា មន្ត្រីថ្នាក់លើរបស់ពួកគាត់ តម្រូវឲ្យកាត់ឯកសណ្ឋាន និងទិញសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការងាររដ្ឋនោះ ត្រូវចេញលុយដោយខ្លួនឯង។ កងកម្លាំងទាំងនោះឲ្យដឹងទៀតថា ការតម្រូវឲ្យពួកគេកាត់ឯកសណ្ឋានថ្មីៗ និងមានសម្ភារៈប្រើប្រាស់ថ្មី ឬទំនើប ដើម្បីឲ្យអ្នកផងមើលទៅមានរបៀបរៀបរយ និងស្រស់សង្ហា ជាដើម។
ចំនួនលុយកាក់ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរ៉ាយរ៉ាប់ គឺមានចំនួនទឹកប្រាក់ច្រើនជាង ៤០ដុល្លារសហរដ្ឋអាមេរិក សម្រាប់កងកម្លាំងម្នាក់ៗ។
ផ្ដើមពីបញ្ហានេះ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្នើដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេត រកឲ្យឃើញអ្នកផ្ដើមគំនិតយកលុយថ្លៃកាត់សម្លៀកបំពាក់ពីនាយកងរាជអាវុធហត្ថនាខេត្តព្រះសីហនុ យកមកផ្ដន្ទាទោស។
មន្ត្រីកងរាជអាវុធហត្ថខ្លះចោទថា មន្ត្រីកំពុងបម្រើការនៅក្នុងការិយាល័យភស្តុភារនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាអ្នកតម្រូវឲ្យកាត់ឯកសណ្ឋានថ្មីប្រើប្រាស់ និងតម្រូវឲ្យចេញលុយខ្លួនឯង។
ឆ្លើយតបបញ្ហានេះ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបដិសេធថា ស្ថាប័នលោកគ្មានគោលការណ៍កាត់លុយពីកូនចៅក្រោមឱវាទ ដើម្បីយកទៅទិញសម្ភារៈ ឬឯកសណ្ឋានសម្រាប់បំពេញការងារទេ។ ផ្ទុយទៅវិញ គឺមានតែរូបលោកជួយឧបត្ថម្ភជាសម្ភារៈ ឬថវិកាបន្ថែមជូនដល់កងកម្លាំង ដើម្បីជាការលើកទឹកចិត្តកងកម្លាំង ដែលខិតខំបំពេញការងារទាំងថ្ងៃយប់ ស្ទើរគ្មានពេលសម្រាកទៅវិញទេ៖ «ខ្ញុំមិនដែលបានទទួលបទបញ្ជាពីថ្នាក់ដឹកនាំនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឬក៏ខ្លួនឯងផ្ទាល់ បញ្ជាកាត់លុយពីកូនចៅ ដើម្បីយកទៅទិញសម្ភារៈប្រើប្រាស់ក្នុងការងារប្រតិបត្តិការនោះទេកន្លងមក។ ផ្ទុយទៅវិញ គឺមានតែខ្ញុំខ្លួនឯងក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចេញមុខទទួលខុសត្រូវរាល់ការខ្វះខាតសម្ភារៈ ឬក៏ទទួលខុសត្រូវលើការហូបចុក ឬការស្នាក់នៅរបស់កងកម្លាំងក្រោមឱវាទទៅវិញទេ គឺមិនដែលបានបញ្ជាឲ្យកាត់លុយកូនចៅម្តងណាទេ»។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី៩ ខែកុម្ភៈ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបទបញ្ជាក្តៅ ៣ចំណុច ដាក់ជូនមេបញ្ជាការកងរាជអាវុធហត្ថនៅតាមរាជធានីខេត្តអនុវត្ត។ បទបញ្ជានោះ បានព្រមានដាច់ខាតមិនឲ្យមានការកាត់ប្រាក់ពីនាយ ឬពលរដ្ឋទាហាននៃកងរាជអាវុធហត្ថណាម្នាក់ ដើម្បីយកទៅទិញមួក ស្បែកជើង និងខ្សែក្រវាត់ ដែលជាការបំពេញបន្ថែមលើគោលរបបដែលរដ្ឋផ្តល់ជូននោះទេ។ ហើយថា បញ្ហានេះ គឺជាការទទួលខុសត្រូវរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថតាមរាជធានីខេត្ត ដោយមិនអនុញ្ញាតឲ្យកាត់ប្រាក់ខែ ឬការបង្ខំកាត់លុយទាំងនេះ ទោះក្នុងរូបភាពណាក៏ដោយពីនាយទាហាន ឬពលរដ្ឋទាហានណាម្នាក់ជាដាច់ខាត។
បទបញ្ជារបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានព្រមានថា បើសិនជារកឃើញព័ត៌មានមិនប្រក្រតីនៃការកាត់លុយថ្លៃទិញសម្លៀកបំពាក់ ឬសម្ភារៈពីពលទាហាន ឬនាយទាហាននៃកងរាជអាវុធហត្ថពិតមែននោះ អ្នកជាប់ពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទពិន័យទូទៅនៃកងយោធពលខេមរភូមិន្ទកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។