ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ទទួល​បាន​ពានរង្វាន់​វីរបុរស​មនុស្សធម៌

ដោយ អ៊ួន ឈិន
2014.11.23
អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ PSE ៦២០ លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ(PSE)ផ្ដល់​បទ​សម្ភាសន៍ នៅ​​ថ្ងៃ​ទី ១៥ វិច្ឆិកា ២០១៤។
RFA/Uon Chhin

ផ្ដើម​ចេញ​ពី​សេចក្ដី​ស្រឡាញ់ អាណិត មេត្តា និង​ការ​ជួយ​ថែ​រក្សា​ទំនុក​បម្រុង​កុមារ​កម្ពុជា​ដែល​ក្រីក្រ​បំផុត គូ​ស្វាមី​ភរិយា​ជនជាតិ​បារាំង​មួយ​គូ​បាន​ទទួល​ជ័យ​លាភី​ពានរង្វាន់​វីរបុរស​មនុស្សធម៌​លំដាប់​សហភាព​អឺរ៉ុប។

គូ​ស្វាមី​ភរិយា​ដែល​ជា​ជ័យ​លាភី​ពានរង្វាន់​វីរបុរស​មនុស្សធម៌​នោះ​គឺ​លោក គ្រិស្តស្យង់ (Christian) និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ (Marie-France des Pallières) ។ អ្នក​ទាំង​ពីរ​ជា​ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែល​គេ​ហៅ​កាត់​តាម​ភាសា​បារាំង​ថា ប៉េ.អេស.អឺ (PSE “ Pour un Sourire d'Enfant”)

លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ បង្ហាញ​នូវ​អារម្មណ៍​របស់​ពួក​គាត់​បន្ទាប់​ពី​ពួក​គាត់​បាន​ដឹង​ថា​ជាប់​ជា​ជ័យ​លាភី​ពានរង្វាន់ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​នោះ។ អ្នកស្រី ម៉ារីហ្វ្រង់ ៖ «ពេល​នោះ​ខ្ញុំ​កំពុង​អង្គុយ​នៅ​ពី​មុខ​អេក្រង់​កុំព្យូទ័រ ។ ខ្ញុំ​បាន​បើក​កុំព្យូទ័រ​ហើយ​ក៏​ឃើញ​អ៊ីម៉េល​របស់​អ្នក​ដែល​រៀបចំ​ពានរង្វាន់ ។ គេ​ប្រាប់​ថា​យើង​ជាប់​ជា​ជ័យ​លាភី​ពានរង្វាន់។ ពេល​ហ្នឹង​ប្ដី​របស់​ខ្ញុំ​កំពុង​តែ​ប្រជុំ​ជាមួយ​សិស្ស​នៅ​ក្នុង​សាលា​ភាពយន្ត ហើយ​ខ្ញុំ​ក៏​ចូល​ទៅ​ប្រកាស​ប្រាប់​គាត់​ដោយ​កាត់​ផ្ដាច់​កិច្ចប្រជុំ​តែ​ម្ដង»។ លោក គ្រិស្តស្យង់៖ «ពានរង្វាន់​មួយ​នេះ​បាន​បញ្ជាក់​ពី​តម្លាភាព​របស់​អង្គការ ប៉េ.អេស.អឺ ព្រោះ​មុន​នឹង​ផ្ដល់​ពានរង្វាន់ គណៈកម្មការ​បាន​ធ្វើ​ការ​អង្កេត​ថា​តើ​អង្គការ ប៉េ.អេស.អឺ មាន​គុណសម្បត្តិ​យ៉ាង​ណា។ ដូច្នេះ​វា​កាន់​តែ​ធ្វើ​ឲ្យ​សប្បុរសជន​ទាំង​ចាស់​ទាំង​ថ្មី​មាន​ទំនុក​ចិត្ត និង​ការ​ជឿជាក់​ចំពោះ​អង្គការ ប៉េ.អេស.អឺ ខ្លាំង​ថែម​ទៀត»

ការ​ទទួល​បាន​ពានរង្វាន់​នេះ​គឺ​ជា​ការ​ជ្រើសរើស​ចេញ​ពី​ចំណោម​ស្ថាប័ន​ចំនួន ៥​មក​ពី​ជុំ​វិញ​ពិភពលោក​ដែល​កំពុង​តែ​ធ្វើ​ការ​ទាក់ទង​ផ្នែក​មនុស្សធម៌ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​យក​ពានរង្វាន់​វីរបុរស​មនុស្សធម៌​អេដដិក ឆ្នាំ​២០១៤» (2014 AidEx Humanitarian Hero Award) នៅ​ទីក្រុង​ប៊្រូហ្សែល (Brussels) ប្រទេស​បែលហ្ស៊ិក(Belgium) ហើយ​និង​ការ​បោះឆ្នោត​គាំទ្រ​តាម​អ៊ីនធឺណិត​ផង។

លោក គ្រិស្តស្យង់ មាន​ប្រសាសន៍​ថា ពានរង្វាន់​នេះ​គឺ​ជា​ជោគជ័យ​រួម​របស់​បុគ្គលិក និង​កុមារ​នៃ​អង្គការ ប៉េ.អេស.អឺ ទាំង​មូល ព្រម​ទាំង​ដៃគូ​សហការ​ទាំង​អស់។ ដោយ​ឡែក​វា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រូប​លោក​ក្នុង​ការ​បន្ត​ជួយ​កុមារ​កម្ពុជា ហើយ​ក៏​វា​ជា​ការ​ជួយ​ឲ្យ​សប្បុរសជន​ជាតិ និង​អន្តរជាតិ​ស្គាល់​អង្គការ ប៉េ.អេស.អឺ កាន់​តែ​ច្បាស់​បន្ថែម​ទៀត​ដែរ។

លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ បាន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ ដោយ​លោក គ្រិស្តស្យង់ មាន​ការងារ​មួយ​រយៈ​ជាមួយ​អង្គការ ស៊ីប៉ា (Sipar) ជា​អង្គការ​មួយ​ដែល​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា។

ថ្ងៃ​មួយ លោក គ្រិស្តស្យង់ បាន​ទៅ​ទស្សនា​គំនរ​សំរាម​ស្ទឹងមានជ័យ គឺ​ទី​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​កុមារ​ក្រីក្រ​កម្ពុជា​ឆក់​យក​បេះដូង​របស់​គាត់​បាន។ លោក គ្រិស្តស្យង់ រៀបរាប់​ពី​ដំណើរ​ដើម​ទង​ដែល​ចង​ចិត្ត​ពួក​គាត់​ឲ្យ​នៅ​ដិត​ជាប់​នឹង​កុមារ​កម្ពុជា ដោយ​បាន​លើក​​រូប​ថត​មួយ​ចំនួន​បង្ហាញ​ផង៖ «ចាប់​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​លែង​ទៅ​ភោជនីយដ្ឋាន (រេស្តូរ៉ង់)​ទៀត​កើត ។ រូបភាព​លំបាក​វេទនា​របស់​កុមារ​ស្ថិត​ក្នុង​អារម្មណ៍​ខ្ញុំ​ជានិច្ច។ ដេក​ក៏​មិន​លក់ ពិបាក​រស់​ជាង​មុន។ ដូច្នេះ​នៅ​ពេល​នោះ យើង​ក៏​បាន​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​អ្វី​មួយ»

រូប​ថត​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​៥០ របស់​លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ(PSE) រូប​ថត​ថ្ងៃ​ទី ៣០ តុលា ២០១៤។
រូប​ថត​ខួប​អាពាហ៍ពិពាហ៍​លើក​ទី​៥០ របស់​លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ ស្ថាបនិក​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ(PSE) រូប​ថត​ថ្ងៃ​ទី ៣០ តុលា ២០១៤។
RFA/Uon Chhin

ក្រោយ​ពី​បាន​ឃើញ​ស្ថានភាព​របស់​កុមារ​នៅ​លើ​គំនរ​សំរាម​ហើយ លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។ ជា​ដំបូង​អ្នក​ទាំង​ពីរ​បាន​ប្រាប់​រឿង​នេះ​ដល់​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត​របស់​ពួក​គាត់។

បន្ទាប់​មក​ពួក​គាត់​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​អង្គការ ប៉េ.អេស.អឺ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ចាប់​ពី​ខែ​មេសា ឆ្នាំ​១៩៩៥ ។

ជិត​ពីរ​ទសវត្ស​កន្លង​ផុត​ទៅ ប៉េ.អេស.អឺ បាន​ជួយ​កែប្រែ​វាសនា​កុមារ​កម្ពុជា​ដែល​មក​ពី​គ្រួសារ​ក្រីក្រ​បំផុត​បាន​ជាង ១​ម៉ឺន​នាក់​ហើយ គឺ​ជួយ​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ មាន​កន្លែង​ស្នាក់នៅ និង​ទទួល​បាន​ការ​អប់រំ​តាំង​ពី​ថ្នាក់​មត្តេយ្យកៈ​រហូត​ដល់​ឧត្ដមសិក្សា ។ ប៉េ.អេស.អឺ មាន​វិជ្ជាស្ថាន​និង​សាលា​បណ្ដុះបណ្ដាល​មុខ​ជំនាញ​វិជ្ជាជីវៈ​ជិត ៣០​ជំនាញ ក្នុង​នោះ​មាន​ជំនាញ​កិច្ចការ​រដ្ឋបាល ជំនាញ​ជួសជុល​រថយន្ត ជំនាញ​ផលិត​ភាពយន្ត ដូរ្យតន្ត្រី និង​ជំនាញ​ធ្វើ​ម្ហូប​អាហារ​ជា​ដើម។

ប៉េ.អេស.អឺ បាន​ធ្វើ​ឲ្យ​កុមារ​ក្រីក្រ​កម្ពុជា​មាន​អាហារ​ហូប​ចុក មាន​ខោ​អាវ​ស្លៀកពាក់​ដូច​កូន​អ្នក​ធូរធារ និង​ទទួល​បាន​ការ​សិក្សា​អប់រំ​ដែល​មាន​ស្តង់ដារ​ខ្ពស់ រហូត​បណ្ដាល​ឲ្យ​កូន​អ្នក​មាន​ខ្លះ​ភ្លាត់​មាត់​ថា​ច្រណែន​នឹង​វាសនា​របស់​កុមារ ប៉េ.អេស.អឺ ទៀត​ផង។

មក​ដល់​ពេល​នេះ យុវជន​ដែល​ជា​អតីត​កុមារ ប៉េ.អេស.អឺ ជាង ៣​ពាន់​នាក់​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ទទួល​បាន​ការងារ​នៅ​តាម​ក្រុមហ៊ុន​និង​ស្ថាប័ន​ផ្សេង​ៗ។ ចំណែក​ឯ​កុមារ និង​យុវជន​ជាង ៧​ពាន់​នាក់​ទៀត ពួក​គេ​កំពុង​តែ​ទទួល​ការ​ថែទាំ និង​ទទួល​ការ​សិក្សា​ពី​អង្គការ​ប៉េ.អេស.អឺ។

អ្នកស្រី ម៉ារីហ្វ្រង់ ថ្លែង​ថា​ពួក​គាត់​ហាក់​ត្រូវ​មន្ត​សណ្ដំ​អ្វី​ម៉្យាង ហើយ​ពួក​គាត់​មាន​ក្ដី​រំភើប​ណាស់​នៅ​ពេល​ឮ​គេ​ហៅ​ពួក​គាត់​ថា ម៉ាមី និង ប៉ាពី ស្ទើរ​តែ​គ្រប់​ទី​កន្លែង។ អ្នកស្រី ម៉ារីហ្វ្រង់៖ «មនុស្ស​ជា​ច្រើន​សួរ​យើង​ខ្ញុំ​ថា តើ​ពេល​ណា​អ្នក​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ? យើង​ឆ្លើយ​ថា យើង​នឹង​មិន​ទៅ​ទេ គឺ​យើង​នៅ​ទី​នេះ​ជាមួយ​កូនៗ នៅ​ក្នុង​មជ្ឈមណ្ឌល​ក្នុង​ចំណោម​កុមារ​ទាំង​អស់។ យើង​មិន​ចង់​ត្រឡប់​ទៅ​វិញ​ទេ»

តាម​រយៈ​ការងារ​មនុស្សធម៌​នេះ​ដែរ លោក គ្រិស្តស្យង់ និង អ្នកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយែរ បាន​ទទួល​ការ​ប្រទាន​សញ្ជាតិ​កម្ពុជា​ពី​អតីត​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅ​ឆ្នាំ​២០០២។ លោក គ្រិស្តស្យង់ សម្ដែង​មោទនភាព​ចំពោះ​ការ​ទទួល​បាន​សញ្ជាតិ​នេះ៖ «យើង​សប្បាយ​ចិត្ត​ណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ព្រះមហាក្សត្រ​បាន​ផ្ដល់​សញ្ជាតិ​ដល់​យើង​ខ្ញុំ។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ការងារ​របស់​យើង​ខ្ញុំ​នៅ​កម្ពុជា ហើយ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ ដែល​យើង​ខ្ញុំ​ទទួល​បាន​នូវ​សញ្ជាតិ​នេះ ព្រោះ​អី​យើង​ខ្ញុំ​ជួយ​កូន​ខ្មែរ ហើយ​យើង​ខ្ញុំ​មាន​សញ្ជាតិ​ដូច​ជា​កូន​ៗ​ដែរ គឺ​យើ​ង​ជា​គ្រួសារ​តែ​មួយ»

ក្រៅ​ពី​នោះ ពួក​គាត់​បាន​ទទួល​គ្រឿង​ឥស្សរិយយស និង​ព្រះរាជ​អំណោយ​ជា​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ទៀត​ពី​ព្រះមហាក្សត្រ ទាំង​ពី​ព្រះបាទ នរោត្តម សីហនុ ទាំង​ព្រះបាទ បរមនាថ នរោត្តម សីហមុនី ។

ទោះ​យ៉ាង​ណា​ក៏​ដោយ លោក គ្រិស្តស្យង់ មាន​ប្រសាសន៍​បញ្ជាក់​ថា បេសកកម្ម​របស់​ពួក​គាត់​សម្រាប់​កុមារ​កម្ពុជា​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​ដរាប​ណា​គាត់​នៅ​មាន​ជីវិត។ ទន្ទឹម​នឹង​នេះ​ដែរ លោក​បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​ទាំង​អស់ ក្នុង​និង​ក្រៅ​ប្រទេស​ដែល​បាន​គាំទ្រ និង​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​កុមារ ប៉េ.អេស.អឺ ហើយ​លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​អំណោយ​មនុស្សធម៌​សម្រាប់​ជួយ​កុមារ​ពី​គ្រួសារ​ទុគ៌ត​ជា​ច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។