ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង

ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា បាន​ចែង​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។ ការ​អនុវត្ត​នូវ​ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ក្នុង​សន្តាន​ចិត្ត​ប្រជាជន​កម្ពុជា មាន​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ បច្ចុប្បន្ន ទ្រឹស្ដី​របស់​ព្រះពុទ្ធ​ចំពោះ​ប្រជាជន​ខ្មែរ​ដែល​តែង​តែ​គោរព​ប្រតិបត្តិ ធ្លាក់​ចុះ​ជាង​មុន។
ដោយ សូត សុខប្រាថ្នា
2013.08.10
ស្រាបៀ ៦១០ ឈុត​ពាណិជ្ជកម្ម​ស្រាបៀ​មួយ​តាម​កញ្ចក់​ទូរទស្សន៍។
Youtube Screenshot

ចំណុច​មួយ​នៃ​ទ្រឹស្ដី​របស់​ព្រះពុទ្ធ គឺ​បាន​បញ្ញត្តិ​ឱ្យ​ពុទ្ធសាសនិក​ទាំង​ឡាយ ជៀសវាង​ការ​សេព​គ្រឿង​ស្រវឹង ប៉ុន្តែ​ចំណុច​នេះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​យល់​ថា ទ្រឹស្ដី​ព្រះពុទ្ធ ឬ​ពុទ្ធឱវាទ​នេះ ត្រូវ​បាន​ឥទ្ធិពល​សុរា ឬ​គ្រឿង​ស្រវឹង​គ្រប​ដណ្ដប់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ហើយ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​នេះ។

ទ្រឹស្ដី​របស់​ព្រះពុទ្ធ​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទូន្មាន​ប្រដៅ​ប្រជាជន​ខ្មែរ​ទាំងអស់​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​ប្រជាជន​មួយ​ចំនួន នៅ​តែ​ប្រាសចាក​ពី​ទ្រឹស្ដី​ទាំង​នោះ។ ទ្រឹស្ដី​មួយ​នៅ​ក្នុង​ចំណោម​ទ្រឹស្ដី​ជាច្រើន​របស់​ព្រះពុទ្ធ គឺ​ការ​ហាមប្រាម​ពុទ្ធសាសនិក​ទាំង​ឡាយ​មិន​ឱ្យ​ទទួល​ទាន​នូវ​គ្រឿង​ស្រវឹង ។

ការ​ហាមប្រាម​បែប​នេះ ដោយ​ការ​ប្រមើល​មើល​ឃើញ​នូវ​រឿង​ពិត​ជាច្រើន​នៅ​ក្នុង​សង្គម​ថា កាល​ណា​ជាតិ​ស្រវឹង​បាន​ជ្រាប​ចូល​នៅ​ក្នុង​ខ្លួន​ប្រាណ​របស់​មនុស្ស​ហើយ​នោះ គឺ​ធ្វើ​ឱ្យ​អ្នក​សេព​គ្រឿង​ស្រវឹង​ទាំង​នោះ មិន​អាច​គ្រប់គ្រង​ស្មារតី សតិអារម្មណ៍​របស់​ខ្លួន​បាន​ឡើយ។ ការ​មិន​អាច​គ្រប់គ្រង​ស្មារតី​របស់​ខ្លួន​បាន​នេះ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ជាច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ ដូចជា​ករណី​ឃាតកម្ម ករណី​ចាប់​រំលោភ ករណី​កូន​សម្លាប់​ឪពុក​ម្តាយ គ្រោះថ្នាក់​ចរាចរណ៍ និង​កត្តា​អវិជ្ជមាន​ផ្សេងៗ​ទៀត​ជាច្រើន ដែល​គេ​ឃើញ​មាន​ចុះ​នូវ​ក្នុង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ស្ទើរ​រាល់​ថ្ងៃ។ សកម្មភាព​អបាយ​មុខ​ទាំងអស់ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​នៅ​ក្នុង​សង្គម។

ចំពោះ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង បាន​បញ្ជាក់​ថា ស្ទើរ​តែ​រាល់​ភាព​អសន្តិសុខ និង​ការ​អាប់​អោន​កិត្តិយស​នៅ​ក្នុង​សង្គម ភាគ​ច្រើន​ផ្ដើម​ចេញ​ពី​បុព្វហេតុ​នៃ​គ្រឿង​ស្រវឹង។ លោក​បន្ត​ថា សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រារាំង​មិន​ឲ្យ​មនុស្ស​សេព​គ្រឿង​ស្រវឹង ក៏ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ស្រុក​បើក​ទូលាយ​ឱ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹកគគ្រេង៖ «ដ៏​អ៊ីចឹង​ហើយ បញ្ហា​ស្រា​នេះ​ដែល​យើង​ឃើញ​ថា បើ​យើង​ធៀប​ទៅ​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ហ្នឹង គឺ​ព្រះពុទ្ធ​សាសនា​បាន​ហាម​មិន​ឱ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ ប៉ុន្តែ មែន​ទែន​ទៅ នៅ​ក្នុង​សង្គម​របស់​យើងៗ​យើង​ខំ​ប្រឹង​ផ្សព្វផ្សាយ ខំ​លើក​កម្ពស់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​វិញ​បាទ។ ហ្នឹង នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ឃើញ​ថា ជា​ដើរ​ផ្ទុយ​គ្នា​បាទ»

លោក​បន្ត​ទៀត​ថា ចំពោះ​ឥស្លាម​សាសនិក ភាគ​ច្រើន​គេ​បាន​ប្រតិបត្តិ​ខ្ជាប់ខ្ជួន​ក្នុង​ការ​ជៀសវាង​ការ​សេព​សុរា។ ប៉ុន្តែ ចំពោះ​ព្រះពុទ្ធ​សាសនា​វិញ​នោះ គឺ​លោក​សង្កេត​ឃើញ​ថា ទ្រឹស្ដី និង​ការ​អនុវត្ត គឺ​មាន​ភាព​ខុស​ប្លែក​គ្នា ដោយ​អ្នក​កាន់​ប្រតិបត្តិ​ពុទ្ធសាសនា​មាន​ចំនួន​អ្នក​សេព​គ្រឿង​ស្រវឹង​ច្រើន​លើសលប់ នា​ពេល​បច្ចុប្បន្ន។ លោក​បន្ថែម​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​សង្គម​នោះ គឺ​ស្ថាប័ន​សាសនា និង​រាជ​រដ្ឋាភិបាល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង៖ «ជា​តួនាទី​របស់​ព្រះសង្ឃ​ហ្នឹង​សំខាន់។ តួនាទី​របស់​រដ្ឋ គឺ​រដ្ឋ​ត្រូវ​តែ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ហ្នឹង​ច្រើនៗ​ពេក។ ជា​ពិសេស ពាក់ព័ន្ធ​រឿង​ស្រា រឿង​អី​ហ្នឹង គឺ​គួរ​តែ​មាន​ការ​ហាមឃាត់។ ទី៣ គឺ​យើង​ត្រូវ​មាន​គោល​នយោបាយ​គ្រឿង​ស្រវឹង​ហ្នឹង​ច្បាស់​លាស់»

ដូច​គ្នា​អ៊ីចឹង​ដែរ អ្នក​វិភាគ​សង្គម​ឯករាជ្យ អ្នកស្រី ជា វណ្ណាត ក៏​បាន​មើល​ឃើញ​ថា គ្រឿង​ស្រវឹង​ដែល​កំពុង​តែ​ប្រើប្រាស់​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន មាន​ចំនួន​ច្រើន​លើសលប់។ កត្តា​មាន​ច្រើន​បែប​នេះ អ្នកស្រី​បញ្ជាក់​ថា ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ស្រា គឺ​មាន​ភាព​ទូលំទូលាយ​មែន​ទែន​សម្រាប់​ប្រទេស​កម្ពុជា៖ «ផ្សាយ​ស្រា​អី គេ​ហាម​មិន​ឱ្យ​ឃើញ​សភាព​ជាក់ស្តែង​ដែល​លើក​ឡើង​អក​អីចឹងៗ​ណា! គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ឃើញ​ការ​ទាក់ទាញ​ចិត្ត​យុវជន។ ហើយ​ការ​ដែល​ផ្សាយ​តាម​នែក ប៉ាណូ​ធំៗ​តាម​បៀលប៉ត​ធំៗ (Billboard) តាម​ទី​សាធារណៈ​អី​ហ្នឹង ក៏​គេ​មាន​ការ​បណ្ដឹង​ដែរ គឺ​គេ​មិន​បន្ធូរ​អីចឹង យើង​មើល​សព្វថ្ងៃ ស្រុក​យើង​ហាក់​ដូច​ជា​ជិះ​សេះ​លែង​ដៃ​តែ​ម្តង ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​រឿង​ស្រា​នេះ»

អ្នកស្រី​ក៏​បាន​លើក​ឡើង​ពី​អនុសាសន៍ ដើម្បី​ទប់ស្កាត់​ក្នុង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ ដោយ​នៅ​តែ​លើក​ទឹក​ចិត្ត​ទៅ​ដល់​រដ្ឋាភិបាល ឱ្យ​រឹត​បន្តឹង​រាល់​ពាណិជ្ជកម្ម​ទាំង​អស់​ដែល​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង និង​ជំរុញ​លើក​ទឹក​ចិត្ត​ឪពុក​ម្តាយ​ទាំង​ឡាយ​ឱ្យ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូនៗ៖ «អា​ហ្នឹង​មិន​មែន​ក្រុម​ណា​មួយ​បក្ខពួក​ណា​មួយ អាច​ធ្វើ​បាន​នោះ​ទេ! អា​ហ្នឹង​ទាល់​តែ​សង្គម​មួយ​ទាំង​មូល​ស្រុះស្រួល​គ្នា​ទាំងអស់ ពិសេស​វិន័យ​នៅ​ក្នុង​គ្រួសារ​ហ្នឹង​ធំ​ជាង​គេ ដែល​ថា ក្មេង​វា​កើត​ឡើង​មក​វា​រៀន​ពី​ឪពុក​វា វា​រៀន​ពី​គ្រួសារ​វា តើ​គ្រួសារ​ហ្នឹង​ទទួល​ទាន​ស្រា​ឬ​អត់?»

ចំពោះ​អ្នក​វិភាគ​សង្គម​ឯករាជ្យ​មួយ​រូប​ទៀត លោក កែម ឡី បាន​ឱ្យ​ដឹង​ថា ការ​នាំ​ឱ្យ​ប្រជាជន​ខ្មែរ​ដែល​ជា​ពុទ្ធសាសនិក​មាន​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន​លើសលប់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​ការ​បើក​ចំហ​ការ​ធ្វើ​ជំនួញ​ស្រា និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល៖ «មធ្យោបាយ​ជំនួញ​រដ្ឋ​យើង ក៏​ដូច​ជា​អ្នក​ជួញ​ដូរ​ជ្រើស​រើស​មធ្យោបាយ​ជំនួញ កំណើន​សេដ្ឋកិច្ច ថា​អា​ហ្នឹង​ជួយ​កំណើន​សេដ្ឋកិច្ច ជួយ​ចំណូល​ថវិកា​រដ្ឋ ការ​ជួប​ជុំ​គ្នា​អី​យើង​វា​អត់​មាន ហើយ​អាកប្បកិរិយា​របស់​ថ្នាក់​ដឹក​នាំ​យើង​របៀប​ជា​ការ​គាំទ្រ​ទៀត ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ទៀត។ យើង​ឈាន​រហូត​ដល់​ការ​សម្ពោធ​រោងចក្រ​ស្រាបៀ​អីចឹង គឺ​វា​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​ការ​គិត​របស់​អតិថិជន​ជាច្រើន»

លោក​បន្ថែម​ទៀត​ថា ជា​ការ​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ពន្ធ​នាំ​ចូល និង​ការ​ប្រើប្រាស់​ឱ្យ​បាន​ខ្ពស់​បំផុត៖ «រដ្ឋ​ត្រូវ​តែ​ដំឡើង​ពន្ធ​ឱ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​អ្នក​បិទ​ស្រា ចំពោះ​អ្នក​នាំ​ចូល​ស្រា និង​ចំពោះ​អ្នក​លក់​ស្រា។ ខ្ពស់​យក​តែ​មែន​ទែន អា​ហ្នឹង​ទី​មួយ ចំណេញ​ត្រង់​ថា កំណើន​សេដ្ឋកិច្ច ទី​ពីរ គឺ​ចំណេញ​ត្រង់​ថា អ្នក​កាត់​បន្ថយ​ចំនួន​ផឹក ហើយ​អ្នក​ខ្លះ​គាត់​អត់​មាន​លុយ​ច្រើន គាត់​អត់​ផឹក​តែ​ម្តង អា​ហ្នឹង​រឿង​មួយ។ រឿង​ទី​ពីរ គឺ​ពិធី​ធំៗ​របស់​ជាតិ​យើង​ហ្នឹង សូម​កុំ​បញ្ចាំង​តាម​ទូរទស្សន៍​ឱ្យ​ឃើញ​អំពី​ស្រា​ហ្នឹង ហើយ​ចំណុច​ទី៣ គឺ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ទូរទស្សន៍ ឬ​ក្នុង​វិទ្យុ​ហ្នឹង គឺ​ត្រូវ​តែ​ហាម​ឃាត់​ដាច់​ខាត ហើយ​និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដាក់​ប៉ាណូ ដាក់​អី​ហ្នឹង​នៅ​តាម​ថ្នល់​តាម​អី បើ​សិន​ជា​ដាក់​បាន ប៉ុន្តែ​យើង​យក​ពន្ធ​នៅ​ក្នុង​តម្លៃ​ខ្ពស់​បំផុត។ អា​ហ្នឹង​យើង​អាច​ធ្វើ​បាន! បាទ!»

លោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដែល​នាំ​ឱ្យ​ខាត​បង់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​សង្គម​ជាតិ។ មិន​តែ​ប៉ុណ្ណោះ ក៏​នាំ​ឱ្យ​មាន​ហេតុ​ភេទ​ផ្សេងៗ ដែល​នាំ​ឱ្យ​សីលធម៌​នៅ​ក្នុង​សង្គម​ធ្លាក់​ចុះ។ ចំពោះ​តួលេខ​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០១០ ថា មាន​ប្រមាណ​ជា ៩១% នៃ​យុវជន​ជា​បុរស ដែល​មាន​អាយុ​ចាប់​ពី ១០​ឆ្នាំ ទៅ ២៤​ឆ្នាំ និង ៧០% នៃ​យុវជន​ជា​ស្ត្រី ដែល​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​រហូត​ដល់​ស្រវឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។