មុខរបរត្បាញកន្ទេលក្រហម​របស់អ្នកភូមិ​នៅ​ខេត្ត​ព្រៃវែង

អ្នកភូមិ​នៅ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ ប្រមាណ ​៦០​គ្រួសារ​ បាន​ចាប់​យក​ការងារ​ត្បាញ​កន្ទេល​ក្រហម​ ដែលផលិត​ចេញ​ពី​ដើម​កក់​ធ្វើ​ជាមុខ​របរ​​ទី​២​ បន្ទាប់​ពី​ធ្វើ​ស្រែ​ចំការ។​

0:00 / 0:00

នៅ​តាម​ក្រោម​ផ្ទះ​របស់​អ្នក​ភូមិគគរ​ ឃុំ​កំពង់​អំពិល​ ស្រុកពារាំង គេ​តែង​សង្កេត​ឃើញ​មាន​កី​ត្បាញ​កន្ទេល​ រួម​ទាំង​ឧបករណ៍​សម្រាប់​​ចង​ត្បាញ​កន្ទេល​មួយ​ចំនួន​ទៀត​ បោះ​ដុំរៀប​ហូរហែ​ស្ទើរតែ​គ្រប់​​​​ផ្ទះ​។ អ្នក​ភូមិ​បាន​រៀប​រាប់​អំពី​ការ​ប្រកប​របរ​ធ្វើ​កន្ទេល​ក្រហម​នេះ​​ ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​អ្នក​ភូមិ​ចំណាយ​ពេល​សម្រាប់​ត្បាញ​កន្ទេល​ ប្រមាណ​ពី ៥ ​ទៅ ​​៦​ម៉ោង​ ​គឺ​ចាប់​ពី​ម៉ោង ​៧ព្រឹក​ រហូត​ដល់​ម៉ោង​ ១២​ថ្ងៃ​ត្រង់ ។

អ្នក​ត្បាញ​កន្ទេល​ម្នាក់​ ​វ័យ​ ៦៥​ឆ្នាំ​ អ្នក​ស្រី​ សោ​ អេង​ ដៃ​ត្បាញ​កន្ទេល​បណ្ដើរ​ និយាយ​រៀប​រាប់​បណ្ដើរ​ថា​ ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​បាន​ចាប់​យក​ការ​ត្បាញ​កន្ទេល​ក្រហម​នេះ​ រយៈ​ពេល​ជាង​ ៤០​ឆ្នាំ​មក​ហើយ។ អ្នក​ស្រី​ថា​ក្នុង​មួយ​ថ្ងៃ​​អ្នក​ស្រី​​អាច​ត្បាញ​បាន​ប្រមាណ​ពី​ ២ ​ទៅ ​៣​កន្ទេល​ ការ​ត្បាញ​បាន​តិច​បាន​ច្រើន​ទៅ​តាម​កម្លាំង​ដែល​ខំ​ត្បាញ​។

អ្នក​ស្រី​បន្ថែម​ថា ក្នុង​កក់​ ១០០​​គីឡូក្រាម​ អាច​ត្បាញ​កន្ទេល​បាន​ប្រមាណ​ពី ​៤០​ ទៅ​ ៤៥​កន្ទេល​ ទៅតាម​ទំហំខ្នាត​របស់​កន្ទេល​៖« ថ្ងៃ​ណា​ដែល​ជ្រលក់​ យើង​ឈប់​មួយ​ថ្ងៃ​ហ្នឹង​ ជ្រលក់​មួយ​ថ្ងៃ​ហាល​មួយ​ថ្ងៃ។​ ហើយ​បាន​ស្អែក​ឡើង​ចាប់​ត្បាញ​រាល់​ថ្ងៃ​អ៊ីចឹង។​ ជ្រលក់​មួយ​សា​​ត្បាញ​បាន​តែ​ម្ភៃ​ទេ​ ហើយ​ក្នុង​ ២០​​ថ្ងៃ​​ហ្នឹង ​យើង​ឈប់​ ហើយ​តាំង​ចាប់​ជ្រលក់​ម្ដង​ទៀត​។ ​បាន​តែ​ ២០​ថ្ងៃ​ទេ​ក្នុង ​១០០​គីឡូ​ ហើយ​ផ្ទះ​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ​បណ្ដោយ​អត់​ដែល​ខាន​សោះ​។ ព្រោះ​អី​ខ្ញុំ​អត់​មាន​ស្ទូង​ដក​ កូន​ចៅ​វា​ស្ទូង​ដក​ទៅ ​ខ្ញុំ​អត់​ទេ​ ខ្ញុំ​អត់​មាន​ខានថ្ងៃ​​ណា​ទេ ​ខាន​មិន​កើត ​ព្រោះ​អី​ស្រូវ​ជង្រុក​ហ្នឹង​ហើយ »

អ្នក​ស្រី​បន្ត​ថា​ ចំពោះ​ទំហំ​ខ្នាត​កន្ទេល​គេ​ច្រើន​ធ្វើ​ទំហំ​ទទឹង​ប្រមាណ​ពី ​១.២​ម៉ែត្រ ​​ទៅ ​១ម៉ែត្រ​កន្លះ​ ប្រវែង​បណ្ដោយ​កន្ទេល​ប្រមាណ​ ២​ម៉ែត្រ។

អ្នក​ស្រី​ពន្យល់​អំពី​របៀប​ជ្រលក់​ពណ៌​កន្ទេល​ថា​ ដំបូង​គេ​ដាំ​ទឹក​ឲ្យ​ពុះ​ រួច​យក​ល័ក្ដ​តម្រូវ​តាម​ពណ៌​ផ្សេង​ៗ​ដែល​យើង​ចង់បាន​ទៅ​ដាក់​កូរ​ក្នុង​ទឹក​​​ដែល​បាន​ដាំ​ពុះ​នោះ​​៖​ « លឿង​គេ​ជ្រលក់​តែ​លឿង​ទេ​ ដល់​ពេល​ក្រហម​គេ​ជ្រលក់​បង់​លឿង​២​ក្រហម​មួយ​បាន​ទៅ​ជា​ក្រហម​។ លឿង​ អា​ល័ក្ដ​លឿង​ហ្នឹង ​បង់​វា ​២ ​ក្រហម​មួយ​បាន​ទៅ​ជា​លឿង​ហ្នឹង​ហើយ​ ដល់​ពេល​ហើយ​ទៅ​ជ្រលក់​ បើ​ជ្រលក់​ខ្មៅ​ឧបមា​ថា​ ខ្មៅ​គេ​បង់​ស្វាយ​បន្តិច​ គេ​បង់​ក្រហម​បន្តិច​ ហើយ​គេ​បង់​បៃ​តង​ទៅ​ ទៅ​ជា​ខ្មៅ​ អាហ្នឹង ​៣​មុខ​បាន​ទៅ​ជា​ខ្មៅ​។ ដល់​ពេល​បៃតង​ អា​បៃតង​​នេះ​គេ​បង់​លឿង​​២ បៃ​តង​​១​ បាន​ទៅ​ជា​បៃតង​ »

ចំពោះ​ល័ក្ដ​ដែល​យក​ជ្រលក់​កន្ទេល​ក្រហម​មានលក្ខណៈ​ខុស​ពី​ល័ក្ដ​ដែល​គេ​យក​ទៅ​ជ្រលក់​ក្រមា​។ ​​​​​​​អ្នក​ស្រី​​ថា​ កក់​ដែល​បាន​ជ្រលក់​ល័ក្ដ​ហើយ​ គេ​ត្រូវ​យក​វា​ទៅ​ហាល​ឲ្យ​បាន​ស្ងួត​ល្អ​ រួច​ប្រមូល​ចង់​វា​ជាដុំ​ៗ​តាម​ពណ៌​របស់​វា​ រួច​ប្រមូល​យក​​ទៅ​ទុក​ជា​ការ​ស្រេច។

ចំណែក​ឯ​អ្នក​ត្បាញ​កន្ទេល​ វ័យ​ ៦៧​ឆ្នាំ​ម្នាក់ទៀត​ លោក​ យុន យ៉េន ឲ្យដឹង​ថា​ របប​ត្បាញ​កន្ទេល​​ក្រហម​ ពុំ​មាន​ការ​លំបាក​ស្មុគស្មាញ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ការ​ងារ​នេះ​ អ្នក​ត្បាញ​ត្រូវ​យក​​ចិត្ត​ទុកដាក់​ និង​មាន​ការ​អត់​ធ្មត់​ខ្ពស់​ ព្រោះ​របរ​នេះ​ពុំ​មែន​ជា​របរទទួល​បាន​ប្រាក់ចំណូល​​ខ្ពស់​នោះ​ឡើយ « ទេ​បើ​កក់​ខ្លួន​ឯចេះ​តែ​បាន​ចំណូល​កម្រៃ​ក្រែល​ បើ​ថា​យើង​ទិញ​គេ​បាន​បន្តិចៗ​ ដក​ដើម​ទៅ​គ្មាន​បាន​ប៉ុន្មាន​បាន​ចុង​បន្តិចៗ។ មួយ​ហ្នឹង​លក់​តម្លៃ​បាន​ ២ម៉ឺន​ជាង​ អា​មុខ ​១.២ម៉ែត្រ​ហ្នឹង​ ២​៣.០០០ពាន់ ២៤.០០០​៤​​អ៊ីចឹង​ទៅ ... អាធំ​ទៅ​បាន ​៣ម៉ឺន​ជាង​...»

លោក​ថា​ចំពោះ​ទី​ផ្សា​លក់​កន្ទេល​ក្រហម​ពុំ​សូវ​ជា​​មាន​បញ្ហា​ចោទ​ប៉ុន្មាន​ទេ​​ ព្រោះ​មាន​ឈ្មួញ​ដើរ​ទិញ​ដល់​ទី​កន្លែង​ត្បាញ​កន្ទេល​របស់​អ្នក​ភូមិ​តែ​ម្ដង។ ប៉ុន្តែ​តម្លៃ​កន្ទេល​ក្រហម​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

ចំណែក​ឯ​ឈ្មួញ​ទិញ​កន្ទេល​​ក្រហម​ វ័យ​ ៦៧​ឆ្នាំ​ អ្នក​ស្រី​ នូន​ សាន​ មាន​ប្រសាសន៍​ថា ​ អ្នក​ស្រី​បាន​យក​ប្រាក់​ទៅ​បណ្ដាក់​ឲ្យ​អ្នក​ភូមិ​មុន​ គឺ​នៅ​ពេល​ដែល​អ្នក​ភូមិ​ត្រូវ​ការ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​រដូវ​ធ្វើ​ស្រែ​ និង​យក​ប្រាក់​ទៅ​ទិញ​កក់​សម្រាប់​ត្បាញ​កន្ទេល។ អ្នក​ស្រី​ថា​កន្ទេល​ដែល​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​បាន​ មាន​ឈ្មួញ​មក​ពី​រាជធានី​ភ្នំ​ពេញ​ និង​​ឈ្មួញ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​​ជាប់​នឹង​ខេត្ត​ព្រៃវែង​ គេ​ទិញ​យក​ទៅ​លក់​បន្ត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​​ប្រទេស​កម្ពុជា។

អ្នក​ភូមិ​ត្បាញ​កន្ទេល​ក្រហម​ នៅ​ភូមិ​គគរ​ ឃុំ​កំពង់​អំពិល​ ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង គឺ​ភាគ​ច្រើន​ ច្រើនត្បាញ​កន្ទេល​ក្រហម​​នៅ​ចន្លោះ​ពី​ខែ​មេសា​ ដល់​ខែកក្កដា​ ពោល​គឺ​ខែ​ដែល​អ្នក​ភូមិ​ទំនេរ​ពី​ការ​ធ្វើ​ស្រែ​ចំការ។

សព្វ​ថ្ងៃ​ អ្នក​ប្រកប​របរ​ត្បាញ​កន្ទេល​ក្រហម​ របស់​អ្នក​ភូមិ​នៅ​តំបន់​នោះ​ នៅ​មាន​សេសសល់​ប្រមាណ​ ៦០​គ្រួសារ​ប៉ុណ្ណោះ ​ក្នុង​នោះ​ អ្នក​ដែល​ប្រកប​របរ​នេះ​ពេញ​មួយ​ឆ្នាំ​ ទាំង​រដូវ​ប្រាំង​ និង​រដូវ​វស្សា​ មាន​ប្រមាណ​ជិត​ ១០​គ្រួសារ។ ចំនួន​អ្នក​ត្បាញ​កន្ទេល​ក្រហម​នេះ​​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​មាន​ការ​ថយ​ចុះ​ជា​បន្តបន្ទាប់​។ អ្នក​ភូមិ​ថា​កត្តា​ដែល​នាំ​ឲ្យ​បាត់​បង់​ចំនួន​អ្នក​ត្បាញ​កន្ទេល​ ដោយ​សារ​ទី​ផ្សា​កន្ទេល​ក្រហម​មាន​តម្លៃ​ទាប​។ ដូចនេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​ការ​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​ ធ្វើ​យ៉ាង​ជួយ​រក​ទី​ផ្សា​លក់​កន្ទេល​ក្រហម​ ដើម្បី​ឲ្យ​មាន​តម្លៃ​​ប្រសើរ​ឡើង​ ​បើ​ពុំ​ដូច្នេះ​ទេ ​​របរ​ត្បាញ​កន្ទេល​ក្រហម​របស់​អ្នក​ភូមិ​នឹង​បាត់បង់​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕