នៅតាមក្រោមផ្ទះរបស់អ្នកភូមិគគរ ឃុំកំពង់អំពិល ស្រុកពារាំង គេតែងសង្កេតឃើញមានកីត្បាញកន្ទេល រួមទាំងឧបករណ៍សម្រាប់ចងត្បាញកន្ទេលមួយចំនួនទៀត បោះដុំរៀបហូរហែស្ទើរតែគ្រប់ផ្ទះ។ អ្នកភូមិបានរៀបរាប់អំពីការប្រកបរបរធ្វើកន្ទេលក្រហមនេះ ឲ្យដឹងថា ក្នុងមួយថ្ងៃអ្នកភូមិចំណាយពេលសម្រាប់ត្បាញកន្ទេល ប្រមាណពី ៥ ទៅ ៦ម៉ោង គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ។
អ្នកត្បាញកន្ទេលម្នាក់ វ័យ ៦៥ឆ្នាំ អ្នកស្រី សោ អេង ដៃត្បាញកន្ទេលបណ្ដើរ និយាយរៀបរាប់បណ្ដើរថា ក្រុមគ្រួសាររបស់អ្នកស្រីបានចាប់យកការត្បាញកន្ទេលក្រហមនេះ រយៈពេលជាង ៤០ឆ្នាំមកហើយ។ អ្នកស្រីថាក្នុងមួយថ្ងៃអ្នកស្រីអាចត្បាញបានប្រមាណពី ២ ទៅ ៣កន្ទេល ការត្បាញបានតិចបានច្រើនទៅតាមកម្លាំងដែលខំត្បាញ។
អ្នកស្រីបន្ថែមថា ក្នុងកក់ ១០០គីឡូក្រាម អាចត្បាញកន្ទេលបានប្រមាណពី ៤០ ទៅ ៤៥កន្ទេល ទៅតាមទំហំខ្នាតរបស់កន្ទេល៖« ថ្ងៃណាដែលជ្រលក់ យើងឈប់មួយថ្ងៃហ្នឹង ជ្រលក់មួយថ្ងៃហាលមួយថ្ងៃ។ ហើយបានស្អែកឡើងចាប់ត្បាញរាល់ថ្ងៃអ៊ីចឹង។ ជ្រលក់មួយសាត្បាញបានតែម្ភៃទេ ហើយក្នុង ២០ថ្ងៃហ្នឹង យើងឈប់ ហើយតាំងចាប់ជ្រលក់ម្ដងទៀត។ បានតែ ២០ថ្ងៃទេក្នុង ១០០គីឡូ ហើយផ្ទះខ្ញុំធ្វើរាល់ថ្ងៃបណ្ដោយអត់ដែលខានសោះ។ ព្រោះអីខ្ញុំអត់មានស្ទូងដក កូនចៅវាស្ទូងដកទៅ ខ្ញុំអត់ទេ ខ្ញុំអត់មានខានថ្ងៃណាទេ ខានមិនកើត ព្រោះអីស្រូវជង្រុកហ្នឹងហើយ » ។
អ្នកស្រីបន្តថា ចំពោះទំហំខ្នាតកន្ទេលគេច្រើនធ្វើទំហំទទឹងប្រមាណពី ១.២ម៉ែត្រ ទៅ ១ម៉ែត្រកន្លះ ប្រវែងបណ្ដោយកន្ទេលប្រមាណ ២ម៉ែត្រ។
អ្នកស្រីពន្យល់អំពីរបៀបជ្រលក់ពណ៌កន្ទេលថា ដំបូងគេដាំទឹកឲ្យពុះ រួចយកល័ក្ដតម្រូវតាមពណ៌ផ្សេងៗដែលយើងចង់បានទៅដាក់កូរក្នុងទឹកដែលបានដាំពុះនោះ៖ « លឿងគេជ្រលក់តែលឿងទេ ដល់ពេលក្រហមគេជ្រលក់បង់លឿង២ក្រហមមួយបានទៅជាក្រហម។ លឿង អាល័ក្ដលឿងហ្នឹង បង់វា ២ ក្រហមមួយបានទៅជាលឿងហ្នឹងហើយ ដល់ពេលហើយទៅជ្រលក់ បើជ្រលក់ខ្មៅឧបមាថា ខ្មៅគេបង់ស្វាយបន្តិច គេបង់ក្រហមបន្តិច ហើយគេបង់បៃតងទៅ ទៅជាខ្មៅ អាហ្នឹង ៣មុខបានទៅជាខ្មៅ។ ដល់ពេលបៃតង អាបៃតងនេះគេបង់លឿង២ បៃតង១ បានទៅជាបៃតង » ។
ចំពោះល័ក្ដដែលយកជ្រលក់កន្ទេលក្រហមមានលក្ខណៈខុសពីល័ក្ដដែលគេយកទៅជ្រលក់ក្រមា។ អ្នកស្រីថា កក់ដែលបានជ្រលក់ល័ក្ដហើយ គេត្រូវយកវាទៅហាលឲ្យបានស្ងួតល្អ រួចប្រមូលចង់វាជាដុំៗតាមពណ៌របស់វា រួចប្រមូលយកទៅទុកជាការស្រេច។
ចំណែកឯអ្នកត្បាញកន្ទេល វ័យ ៦៧ឆ្នាំម្នាក់ទៀត លោក យុន យ៉េន ឲ្យដឹងថា របបត្បាញកន្ទេលក្រហម ពុំមានការលំបាកស្មុគស្មាញប៉ុន្មានទេ ប៉ុន្តែការងារនេះ អ្នកត្បាញត្រូវយកចិត្តទុកដាក់ និងមានការអត់ធ្មត់ខ្ពស់ ព្រោះរបរនេះពុំមែនជារបរទទួលបានប្រាក់ចំណូលខ្ពស់នោះឡើយ៖ « ទេបើកក់ខ្លួនឯចេះតែបានចំណូលកម្រៃក្រែល បើថាយើងទិញគេបានបន្តិចៗ ដកដើមទៅគ្មានបានប៉ុន្មានបានចុងបន្តិចៗ។ មួយហ្នឹងលក់តម្លៃបាន ២ម៉ឺនជាង អាមុខ ១.២ម៉ែត្រហ្នឹង ២៣.០០០ពាន់ ២៤.០០០៤អ៊ីចឹងទៅ ... អាធំទៅបាន ៣ម៉ឺនជាង...» ។
លោកថាចំពោះទីផ្សាលក់កន្ទេលក្រហមពុំសូវជាមានបញ្ហាចោទប៉ុន្មានទេ ព្រោះមានឈ្មួញដើរទិញដល់ទីកន្លែងត្បាញកន្ទេលរបស់អ្នកភូមិតែម្ដង។ ប៉ុន្តែតម្លៃកន្ទេលក្រហមនៅមានកម្រិតទាបនៅឡើយ។
ចំណែកឯឈ្មួញទិញកន្ទេលក្រហម វ័យ ៦៧ឆ្នាំ អ្នកស្រី នូន សាន មានប្រសាសន៍ថា អ្នកស្រីបានយកប្រាក់ទៅបណ្ដាក់ឲ្យអ្នកភូមិមុន គឺនៅពេលដែលអ្នកភូមិត្រូវការយកទៅប្រើប្រាស់ក្នុងរដូវធ្វើស្រែ និងយកប្រាក់ទៅទិញកក់សម្រាប់ត្បាញកន្ទេល។ អ្នកស្រីថាកន្ទេលដែលប្រមូលទិញពីអ្នកភូមិបាន មានឈ្មួញមកពីរាជធានីភ្នំពេញ និងឈ្មួញតាមបណ្ដាខេត្តមួយចំនួនជាប់នឹងខេត្តព្រៃវែង គេទិញយកទៅលក់បន្តនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។
អ្នកភូមិត្បាញកន្ទេលក្រហម នៅភូមិគគរ ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង គឺភាគច្រើន ច្រើនត្បាញកន្ទេលក្រហមនៅចន្លោះពីខែមេសា ដល់ខែកក្កដា ពោលគឺខែដែលអ្នកភូមិទំនេរពីការធ្វើស្រែចំការ។
សព្វថ្ងៃ អ្នកប្រកបរបរត្បាញកន្ទេលក្រហម របស់អ្នកភូមិនៅតំបន់នោះ នៅមានសេសសល់ប្រមាណ ៦០គ្រួសារប៉ុណ្ណោះ ក្នុងនោះ អ្នកដែលប្រកបរបរនេះពេញមួយឆ្នាំ ទាំងរដូវប្រាំង និងរដូវវស្សា មានប្រមាណជិត ១០គ្រួសារ។ ចំនួនអ្នកត្បាញកន្ទេលក្រហមនេះ ពីមួយឆ្នាំទៅមួយឆ្នាំមានការថយចុះជាបន្តបន្ទាប់។ អ្នកភូមិថាកត្តាដែលនាំឲ្យបាត់បង់ចំនួនអ្នកត្បាញកន្ទេល ដោយសារទីផ្សាកន្ទេលក្រហមមានតម្លៃទាប។ ដូចនេះអាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិល ដែលមានការពាក់ព័ន្ធនិងបញ្ហានេះ ធ្វើយ៉ាងជួយរកទីផ្សាលក់កន្ទេលក្រហម ដើម្បីឲ្យមានតម្លៃប្រសើរឡើង បើពុំដូច្នេះទេ របរត្បាញកន្ទេលក្រហមរបស់អ្នកភូមិនឹងបាត់បង់នៅថ្ងៃណាមួយជាក់ជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
