សាច់ញាតិពលករខ្មែរដែលថៅកែជនជាតិថៃ បាញ់សម្លាប់នៅខេត្តឆាក់ឈាងសៅ ប្រទេសថៃ អំពាវនាវឲ្យក្រសួងការបរទេស និងមន្ត្រីពាក់ព័ន្ធ ទាក់ទងទៅសមត្ថកិច្ចប្រទេសថៃ រកយុត្តិធម៌ចាប់ជនសង្ស័យផ្ដន្ទាទោសតាមច្បាប់ឲ្យបានឆាប់។ ពលរដ្ឋបញ្ជាក់ថា មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ ហាក់ពុំបានជួយជំរុញទៅខាងសមត្ថកិច្ចថៃ ជុំវិញករណីនេះនៅឡើយទេ។
សាច់ញាតិពលករដែលស្លាប់នៅប្រទេសថៃ កំពុងព្រួយបារម្ភខ្លាចជនសង្ស័យដែលបាញ់សម្លាប់សាច់ញាតិរបស់ខ្លួន រួចផុតពីទោសពៃរ៍ ពីព្រោះថា ជាង ២ខែមកហើយ ខាងសមត្ថកិច្ចថៃ មិនទាន់ចាត់វិធានការផ្លូវច្បាប់ណាមួយលើជនសង្ស័យនៅឡើយ។
បងថ្លៃពលករដែលថៅកែជនជាតិថែ បាញ់សម្លាប់ គឺលោក ប៉ែន សុផល រស់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី៩ កក្កដា ថា ប្អូនប្រុសរបស់លោកឈ្មោះ ផាត សុអ៊ីន អាយុ ២៤ឆ្នាំ ទៅធ្វើការជាកម្មករសំណង់នៅស្រុកភ្នំសារខាម ខេត្តឆាក់ឈាងសៅ ប្រទេសថៃ ហើយត្រូវថៅកែជនជាតិថៃ ឈ្មោះលោក ឈូឈីម ថាវ៉ាន់ឌី បាញ់សម្លាប់នៅការដ្ឋានសំណង់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។
លោកអះអាងថា ជនសង្ស័យបានប្រើកាំភ្លើងខ្លីបាញ់ចំនួន ៨គ្រាប់ ត្រូវក្បាល និងដងខ្លួនចំនួន ៦គ្រាប់ បណ្ដាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ លោកបញ្ជាក់ថា បន្ទាប់ពីប្អូនរបស់ខ្លួនស្លាប់ភ្លាម លោកបានប្ដឹងទៅស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ ឲ្យជួយអន្តរាគមន៍ទៅសមត្ថកិច្ចថៃ ចាប់ឃាតកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់ទទួលបានលទ្ធផលនៅឡើយ៖ «រហូតមកទល់ពេលនេះ ថៅកែថៃ នៅមានសេរីភាពដដែល ចំពោះអ្នកស្លាប់វិញ ក៏ស្លាប់ទៅដោយពុំទទួលបានសំណងអ្វីឡើយ»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ លោក ឡា ម៉ាទីន មានប្រសាសន៍ថា មន្ត្រីស្ថានទូតកំពុងដំណើរការទាក់ទងទៅខាងសមត្ថកិច្ចថៃ ឲ្យពន្លឿនដោះស្រាយជុំវិញករណីនេះរួចមកហើយ។ លោកអះអាងថា មូលហេតុដែលសមត្ថកិច្ចថៃ ពុំទាន់ចាប់ជនសង្ស័យផ្ដន្ទាទោសតាមច្បាប់នោះ ដោយសារជនសង្ស័យបានតម្កល់ប្រាក់ទៅសមត្ថកិច្ចថៃ នៅក្រៅឃុំបណ្ដោះអាសន្នចំនួន ៥សែនបាត ឬប្រមាណ ១ម៉ឺន ៧ពាន់ដុល្លារអាមេរិក ហើយថាខាងសមត្ថកិច្ចថៃ កំពុងធ្វើការងារនេះ៖ «ខ្ញុំមិនចង់ឲ្យមានភាពអយុត្តិធម៌ទេ ខ្ញុំធ្វើនៅស្ថានទូត ខ្ញុំគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ កន្លងមក ខ្ញុំក៏ការមិនធ្វើការរំលងករណីណាមួយនោះដែរ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ករណីដែលថៅកែជនជាតិថៃ បាញ់សម្លាប់ពលករខ្មែរនោះ ជាអំពើឃាតកម្មមួយឃោរឃៅ ដែលជនសង្ស័យមិនគួរនៅក្រៅឃុំយូរអង្វែងរហូតមកទល់ពេលនេះនោះទេ។ លោកអំពាវនាវឲ្យមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ជំរុញទៅសមត្ថកិច្ចថៃ ឲ្យចាត់វិធានការចាប់ជនសង្ស័យដោះស្រាយផ្លូវច្បាប់ឲ្យឆាប់៖ «កុំឲ្យបទល្មើសនិទ្ទណ្ឌភាពមកលើពលរដ្ឋខ្មែរកើតឡើងនៅប្រទេសថៃ ដដែលៗទៀត។ មន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណា អនុវត្តឲ្យដូចប្រទេសគេក្នុងពិភពលោក ដែលពលរដ្ឋរបស់គេជួបបញ្ហានៅប្រទេសថៃ យើងសង្កេតរដ្ឋាភិបាលរបស់គេ តែងចេញអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគេជានិច្ច»។
កាលពីឆ្នាំ២០១៤ កន្លងទៅ ស្ត្រីខ្មែរម្នាក់ក៏ត្រូវថៅកែជនជាតិថៃ ធ្វើទារុណកម្មសម្រាតខោអាវ ហើយឃុំក្នុងបន្ទប់អស់ច្រើនថ្ងៃនៅក្នុងកាស៊ីណូមួយកន្លែងនៅទីក្រុងបាងកក ប្រទេសថៃ និងបានបង្ហោះរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ទៀតផង។ រហូតមកទល់ពេលនេះ ទាំងស្ត្រីជនរងគ្រោះ និងពលករខ្មែរដែលថៅកែថៃ បាញ់ស្លាប់នៅក្នុងទឹកដីថៃ នោះ ពុំទាន់ទទួលបានសំណង និងផ្ដន្ទាទោសជនល្មើសនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។