ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ចង់​បាន​អ្នក​ដឹកនាំ​មូលដ្ឋាន​ដោះស្រាយ​រឿង​អន្តោប្រវេសន៍​ខុស​ច្បាប់

ដោយ ម៉ែន សុធីរ
2017.02.07
សង្កាត់​ស្ទឹងត្រែង ២០១៧ ៨៥៥ ពលរដ្ឋ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី នា​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។
RFA

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង មើល​ឃើញ​ថា សន្ទុះ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​របស់​ចៅ​សង្កាត់​ស្ទឹងត្រែង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ហាក់​ដូចជា​ចុះ​ខ្សោយ​ទៅ ជាពិសេស​នៅ​អាណត្តិ​ចុង​ក្រោយ​នេះ​មាន​ចំណុច​អវិជ្ជមាន​ច្រើន ដែល​ចៅ​សង្កាត់​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ និង​រក្សា​តាម​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ គឺ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ។ ពួក​គេ​ចង់​ឲ្យ​ចៅ​សង្កាត់​នៅ​អាណត្តិ​បោះឆ្នោត​ថ្មី​ខាង​មុខ​នេះ ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​បាន។

ពលរដ្ឋ​ចង់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ មាន​ឆន្ទៈ​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ មិន​ប្រកាន់​បក្ខពួក​និយម និង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។

ពួក​គេ​កត់​សម្គាល់​ថា នៅ​គ្រា​ដែល​មាន​ការ​ឃោសនា​បោះឆ្នោត​ម្តងៗ មេ​ឃុំ ឬ​ចៅ​សង្កាត់​ហាក់​ដូចជា​សកម្ម​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ ក៏ប៉ុន្តែ​ក្រោយ​ពេល​បោះឆ្នោត​រួច ចំណុច​អវិជ្ជមាន​ជាច្រើន​បាន​ផុស​ឡើង ពោល​គឺ​ពលរដ្ឋ​បាន​ជួប​មេ​ឃុំ ឬ​ចៅ​សង្កាត់ នៅ​គ្រា​ដែល​ពួក​គេ​ទៅ​សាលា​ឃុំ ឬ​ពេល​ខ្លះ​មិន​ជួប​ទៀត​ផង។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង លោក ឡឹប ពៅ មើល​ឃើញ​ថា សន្ទុះ​នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ទាំង​ផ្លូវ​ថ្នល់ អណ្ដូងទឹក និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ តែ​អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ គឺ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ បទល្មើស​ព្រៃ​ឈើ ការ​ជួញដូរ​សត្វ​ព្រៃ និង​បញ្ហា​គ្រឿង​ញៀន​ជាដើម ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ ហាក់​ដូចជា​ធ្មេច​ភ្នែក​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ចេញ​មុខ​អន្តរាគមន៍​ដោះស្រាយ​ទេ។

លោក​ថា ជាក់ស្តែង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​តែ​បន្ត​រស់នៅ​ដោយ​សេរី​នៅ​សង្កាត់​ស្ទឹងត្រែង មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ នេសាទ និង​រក​ស៊ី​ឈើ​ខុស​ច្បាប់ ជាដើម។ លោក​បន្ថែម​ថា កន្លង​ទៅ ការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ​របស់​អាជ្ញាធរ​មូលដ្ឋាន ក៏​មាន​ការ​រើសអើង​ប្រកាន់​បក្ខពួក​និយម ហើយ​ពលរដ្ឋ​ដែល​ប្រឈម​ជាង​គេ គឺ​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ៖ «ឃើញ​ថា​ជនជាតិ​វៀតណាម ហូរ​ចូល​ដោយ​គ្មាន​អាជ្ញាធរ ឬ​ក៏​ឃុំ-សង្កាត់​ទប់ស្កាត់​បញ្ហា​ហ្នឹង​ទេ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ គឺ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទង្វើ​អាជ្ញាធរ ឬ​ក៏​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ដែល​បណ្តោយ​ឲ្យ​ជន​បរទេស ដូចជា​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ក្នុង​ទឹកដី​ខ្មែរ​ដោយ​សេរី»

លោក ឡឹប ពៅ កត់​សម្គាល់​ថា ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងត្រែង ចំនួន ៣​អាណត្តិ​មក​ហើយ កូតា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នៅ​អាណត្តិ​ទី​៤ នេះ ទំនង​ជា​លោក​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងត្រែង លេខ​រៀង​ទី​១ ដដែល។ លោក​ចង់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​គោល​នយោបាយ​ផ្លាស់ប្ដូរ​អ្នក​ដឹកនាំ​មូលដ្ឋាន ដើម្បី​ផ្តល់​លទ្ធភាព​ដល់​យុវជន និង​ពលរដ្ឋ​មាន​ឱកាស​រួម​ចំណែក​បម្រើ​សេវា​សាធារណៈ​នៅ​មូលដ្ឋាន៖ «ម៉េច​បាន​ខ្ញុំ​ថា​រើសអើង? គឺ​រើសអើង​នេះ​ដោយសារ​តែ​អំពើ​ពុក​រលួយ​នេះ​ឯង ហើយ​ខ្ញុំ​ចង់​ឲ្យ​មាន​ដឹកនាំ​ទាំងអស់​ត្រូវ​រៀបចំ​សាជាថ្មី​ម្តង​ទៀត គឺ​មិន​រើសអើង​ភាព​ក្រ និង​អ្នក​មាន»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ៣​អាណត្តិ​កន្លង​ទៅ មាន​គណបក្ស​នយោបាយ​ចំនួន​៣ ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត រួម​មាន​គណបក្ស សម រង្ស៊ី គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្សហ៊្វុនស៊ិនប៉ិច។ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងត្រែង ទាំង ៣​អាណត្តិ​ដែល​មាន​លោក ជា វណ្ណ ជា​មេ​ឃុំ។

ឆ្លើយតប​ការ​លើក​ឡើង​នេះ ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ បាន​ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ ដោយ​លើក​ហេតុផល​ថា នៅ​ពេល​ពលរដ្ឋ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ លោក​តែង​តែងតែ​ចូលរួម​ដោះស្រាយ​តាម​លទ្ធភាព​របស់​អាជ្ញាធរ​ឃុំ ហើយ​រឿង​ណា​ដែល​ឃុំ​ដោះស្រាយ​មិន​បាន លោក​បាន​រុញ​ទៅ​ថ្នាក់​លើ​បន្ត។ លោក​ជឿជាក់​ថា លោក​នឹង​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ស្ទឹងត្រែង ជា​ថ្មី​ទៀត​នៅ​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ខាង​មុខ ដើម្បី​បម្រើ​ពលរដ្ឋ ព្រោះ​ការ​ដឹកនាំ​សង្កាត់​របស់​លោក លោក​តែងតែ​អភិវឌ្ឍ​មូលដ្ឋាន​តាម​តម្រូវការ​របស់​ពលរដ្ឋ​ដូចជា​ផ្លូវ​ថ្នល់ ស្ពាន និង​អណ្ដូងទឹក ជាដើម។ លោក​ប្ដេជ្ញា​ថា នៅ​អាណត្តិ​ទី​៤ នេះ លោក​នឹង​ខំ​ប្រឹងប្រែង​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត៖ «ជា​រៀង​រាល់​ឆ្នាំ ខ្ញុំ​តែងតែ​អភិវឌ្ឍ​អ្វី​ដែល​ជា​តម្រូវការ​របស់​ពលរដ្ឋ​ពេញ​ចិត្ត​យើង​អភិវឌ្ឍ។ យើង​សង្ឃឹម​ថា យើង​នឹង​អភិវឌ្ឍ​បាន​ច្រើន​ជាង​ហ្នឹង​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ចៅ​សង្កាត់ ឬ​មេ​ឃុំ​ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់​បម្រើ​ប្រជាពលរដ្ឋ ហើយ​កុំ​ភ្ជាប់​ការងារ​របស់​ខ្លួន​ជាមួយ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​គណបក្ស​នយោបាយ នៅ​គ្រា​ដែល​ពួក​គេ​បាន​ជាប់​ឆ្នោត​ជា​មេ​ឃុំ ឬ​ចៅ​សង្កាត់ ត្រូវ​បម្រើ​ពលរដ្ឋ​ឲ្យ​ស្មើៗ​គ្នា ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ។ ចំណែក​គណបក្ស​នយោបាយ គួរ​តែ​ផ្តល់​ឱកាស​ឲ្យ​មេ​ឃុំ ឬ​ចៅ​សង្កាត់​បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ច្រើន កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​និន្នាការ​នយោបាយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា សមាគម​អាដហុក​បាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ដែល​រិះគន់​ការ​ដឹកនាំ​របស់​សង្កាត់​ស្ទឹងត្រែង មាន​ការ​រើសអើង បក្ខពួក​និយម និង​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា ចៅ​សង្កាត់​ដែល​ជាប់​ឆ្នោត​ច្រើន​អាណត្តិ ហាក់​មាន​ភាព​ស្ពឹក​ស្រពន់ និង​ពុំ​សូវ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ។ បញ្ហា​នេះ លោក​ចង់​ឲ្យ​គណបក្ស​នយោបាយ​ណា​ជាប់​ឆ្នោត​ច្រើន​អាណត្តិ​មក​ហើយ​នោះ គួរ​តែ​ដាក់​បេក្ខជន​ថ្មី​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មី ដើម្បី​ផ្លាស់ប្ដូរ​មេ​ដឹកនាំ​មូលដ្ឋាន៖ «បើ​គាត់​ចេះ​យក​តួនាទី​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ គឺ​គាត់​គ្មាន​បញ្ហា​អី​ទេ។ គាត់​អាច​បម្រើ​បក្ស​ច្រើន​ជាង។ ចឹង​ទៅ យើង​ធ្លាប់​ឮ​ហើយ មាន​ពលរដ្ឋ​ខ្លះ​ទៅ​រក​គាត់​មិន​ឃើញ ដោយសារ​គាត់​ជាប់​ពង្រឹង​បក្ស​អ៊ីចឹង​ទៅ»

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា មេ​ឃុំ ឬ​ចៅ​សង្កាត់ ត្រូវ​មាន​គោលការណ៍​គ្រឹះ​ចំនួន​៣ ក្នុង​ការ​ដឹកនាំ​មូលដ្ឋាន។ ទី​១ ថា​តើ​មេ​ឃុំ ឬ​ចៅ​សង្កាត់​មាន​តម្លាភាព​ដែល​ឬ​ទេ​ក្នុង​ការ​ចំណាយ​ផែនការ​អភិវឌ្ឍន៍​ឃុំ? ទី​២ ថា​តើ​មាន​ប្រព័ន្ធ​គណនេយ្យ​ភាព​អនុវត្ត​បទដ្ឋាន​ច្បាប់​បាន​កម្រិត​ណា និង​មាន​ការ​ឆ្លើយតប​សំណូមពរ​របស់​ពលរដ្ឋ​ដែរ​ឬ​ទេ? និង​ទី​៣ ការ​ចូលរួម​របស់​មេ​ឃុំ ឬ​ចៅ​សង្កាត់ ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ចូលរួម​អភិវឌ្ឍ​អភិបាលកិច្ច​ល្អ​ដែរ​ឬ​ទេ?

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា ប្រជាពលរដ្ឋ​ខ្លួន​ឯង​ត្រូវ​តែ​ពិនិត្យ​មើល​ទៅ​លើ​ឥរិយាបថ​លើ​ចៅ​សង្កាត់ ឬ​មេ​ឃុំ​ណា​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​បាន មុន​នឹង​សម្រេច​ចិត្ត​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ហើយ​ការ​រីក​ចម្រើន​របស់​ពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ក៏​អាស្រ័យ​លើ​សន្លឹក​ឆ្នោត​របស់​ពលរដ្ឋ​ដែរ។ លោក​រំពឹង​ថា ប្រជាពលរដ្ឋ​នឹង​មាន​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ដើម្បី​រើស​មេ​ឃុំ​ល្អ មាន​ឆន្ទៈ និង​សមត្ថភាព​គ្រប់គ្រាន់​ដឹកនាំ​មូលដ្ឋាន។ លោក​ថា គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ គឺ​ធ្វើ​ឡើង​តាម​រយៈ​ឃុំ តែ​បើ​មេ​ឃុំ​អសកម្ម​ហើយ លោក​មិន​សង្ឃឹម​ថា ពលរដ្ឋ​នឹង​បាន​ទទួល​ផល​អភិវឌ្ឍន៍​មូលដ្ឋាន​ទេ។

លោក​បញ្ជាក់​ថា មេ​ឃុំ ឬ​ចៅ​សង្កាត់ ត្រូវ​តែ​សកម្ម​ក្នុង​ការ​ធ្វើ​ផែនការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្តល់​ដំណឹង​ទៅ​ពលរដ្ឋ​ពី​ចំនួន​ថវិកា​ជាតិ​ក្នុង​មួយ​ឆ្នាំៗ៖ «បើ​ចឹង​ទាល់​តែ​មេ​ឃុំ​គាត់​សកម្ម គាត់​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ផែនការ គាត់​ពិគ្រោះ​ជាមួយ​ពលរដ្ឋ ហើយ​គាត់​ប្រាប់​ពលរដ្ឋ​ពី​ចំនួន​ថវិកា និង​ត្រូវ​ពិគ្រោះ​យោបល់​ពី​ពលរដ្ឋ បើ​មិន​ពិគ្រោះ​យោបល់​មួយ​ឆ្នាំៗ ឃើញ​តែ​ខូច​ចឹង វា​អត់​ប្រយោជន៍ លុយ​ចេះ​តែ​អស់​ទៅ ហើយ​ផ្លូវ​ធ្វើ​ហើយ​ខូចៗ»

សង្កាត់​ស្ទឹងត្រែង មាន ៥​ភូមិ រួម​មាន​ភូមិ​កណ្ដាល ភូមិ​រាជានុកូល ភូមិ​ព្រែក ភូមិ​ស្ពានថ្ម និង​ភូមិ​ត្រពាំងព្រីង។ ភូមិ​ទាំងនោះ​មាន​ពលរដ្ឋ​រស់នៅ ៣.១៩៦​គ្រួសារ ស្មើ​នឹង​ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៤​ពាន់​នាក់ (១៤.៩៨៧​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។