រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន ជំរុញ​កុមារ​ឲ្យ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ

ដោយ សាន សែល
2016.11.09
ហង់ ជួន ណារ៉ុន ២០១៦ ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន (កណ្ដាល) ក្នុង​ពិធី​សម្ពោធ​គម្រោង​ស្ទេម (STEM) នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/San Sel
RFA/San Sel

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ជំរុញ​ឲ្យ​កុមារ​សិក្សា​មុខវិជ្ជា​ផ្នែក​វិទ្យាសាស្ត្រ ដើម្បី​ជួយ​បំពេញ​កង្វះ​ខាត​ធនធាន​មនុស្ស។ លោក​បញ្ជាក់​ថា កម្ពុជា កំពុង​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ។ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ខណៈ​សិស្ស​កម្ពុជា ជិត ៥០​ភាគរយ ជ្រើសរើស​មុខវិជ្ជា​ផ្នែក​ពាណិជ្ជកម្ម បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ។

លោក ហង់ ជួនណារ៉ុន ថ្លែង​ថា សិស្ស​និស្សិត​កម្ពុជា គួរ​ផ្ដើម​ចាប់​អារម្មណ៍​សិក្សា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ «ស្ទេម» (STEM)

STEM គឺ Science Technology Engineering Maths ឬ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ មុខវិជ្ជា​ទាំងនេះ​ទាក់ទង​នឹង​លេខនព្វន្ត ប្រព័ន្ធ​ទិន្នន័យ និង​ការ​អនុវត្ត​ពិសោធ​ជាក់ស្តែង។

ដោយឡែក​គម្រោង​ថ្មី​ចំនួន​ពីរ​ដែល​ផ្ដួចផ្ដើម​ដោយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ការ​ចាប់​អារម្មណ៍​លើ​វិស័យ STEM នៅ​កម្ពុជា។ គម្រោង​ទី​មួយ គឺ STEM Hub និង​ទី​ពីរ គឺ​ទស្សនាវដ្ដី​អ្នក​វិទ្យាសាស្ត្រ​តូច (Little Scientists)STEM Hub គឺ​ជា​ការ​រៀបចំ​វេទិកា​ត​គ្នា ចែក​រំលែក​គំនិត​ពី​វិស័យ STEM ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​ជជែក​ពី​វិស័យ STEM កាន់​តែ​ទូលាយ។

ចំណែក​អ្នក​វិទ្យាសាស្ត្រ​តូច គឺ​ទស្សនាវដ្ដី​សម្រាប់​កុមារ​ដែល​មាន​ល្បង​ប្រាជ្ញា បទសម្ភាសន៍ អត្ថបទ និង​រឿង​និទាន​ស្ដីពី​វិស័យ STEM

លោក ហង់ ជួនណារ៉ុន យល់​ថា គម្រោង​ទាំងនេះ​ជា​កិច្ច​សហការ​ល្អ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី STEM«គម្រោង​ទាំង​ពីរ​នេះ​នឹង​ជំរុញ​ឲ្យ​យុវជន​យើង​រៀន​មុខវិជ្ជា​វិទ្យាសាស្ត្រ»

លោក ឡដ ពុតណាម (Lord Puttnam) ប្រេសិត​នៃ​ចក្រភព​អង់គ្លេស ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​កម្ពុជា លើក​ឡើង​ថា នៅ​ចក្រភព​អង់គ្លេស ក្មេងៗ​តែង​ត្រូវ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ចាប់​អារម្មណ៍​ផ្នែក​វិទ្យាសាស្ត្រ។ លោក​ថា ការ​បង្រៀន​ត​គ្នា​ពី STEM ជួយ​ជំរុញ​ឲ្យ​កុមារ​កាន់​តែ​ចង់​ស្វែងយល់​ពី STEM

ការ​សម្ពោធ​គម្រោង​នេះ មាន​សិស្ស​បឋម​សិក្សា​បង្ហាញ​ពី​ការ​ពិសោធ​គុណភាព​ទឹក បង្ហាញ​ពី​ការ​សរសេរ​កូដកម្ម​វិធី (coding) និង​ការ​បង្កើត​ហ្គេម។

តាំង វួចនា អាយុ ១១​ឆ្នាំ កំពុង​រៀន​ថ្នាក់​ទី​៦។ នាង​ចេះ​សរសេរ​កូដ​ដើម្បី​ប្ដូរ​រូបភាព​លើ​ទំព័រ​ស្រាវជ្រាវ Google លើ​កុំព្យូទ័រ​របស់​នាង។ នាង​និយាយ​ថា នាង​ចាប់​អារម្មណ៍ STEM ប្រមាណ ៣​ខែ​មុន បន្ទាប់​ពី​គ្រូ​ណែនាំ​នាង​ឲ្យ​ស្គាល់​លោក ម៉ាក សាកឃឺបឺហ្គ (Mark Zuckerberg) អ្នក​បង្កើត​គេហទំព័រ​ហ្វេសប៊ុក (Facebook) ដ៏​ល្បីល្បាញ៖ «រៀន​មុខវិជ្ជា​នេះ ពេល​ខ្លះ​ពិបាក ពេល​ខ្លះ​សប្បាយ។ រៀន (សរសេរ​កូដ) នេះ ត្រូវ​ចំណាយ​ពេល​ច្រើន ប្រហែល​មួយ​អាទិត្យ ដើម្បី​ចេះ​វា។ តែ​រៀន​នេះ​វា​សប្បាយ​ជាង​ភាព​ពិបាក​របស់​យើង»

ក្រៅ​ពី​ជំរុញ​ឲ្យ​កុមារ​ងាក​មក​ចាប់​អារម្មណ៍​លើ​វិស័យ STEM រដ្ឋមន្ត្រី​ក្រសួង​អប់រំ ចង់​ឃើញ​វិស័យ​ឯកជន សហការ​ជាមួយ​ក្រសួង​អប់រំ ដើម្បី​ពង្រឹង STEM ឲ្យ​កាន់​តែ​រឹងមាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។