សមត្ថកិច្ច​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​២១​នាក់​នៅ​ខេត្ត​សៀមរាប

ដោយ ហង្ស សាវយុត
2016.08.16
ជន​អន្តោប្រវេសន៍​វៀតណាម ២០១៦ ៨៥៥ ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ដែល​ក្នុង​នោះ​មាន​ខ្មែរ​ក្រោម​ខ្លះ ត្រូវ​ប៉ូលិស​អន្តោប្រវេសន៍​ស្នាក់ការ​កណ្ដាល​នៃ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។
Photo: RFA

រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ កម្លាំង​ប៉ូលិស​អន្តោប្រវេសន៍​ស្នាក់ការ​កណ្ដាល​នៃ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប បាន​បើក​ប្រតិបត្តិការ​ចុះ​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ២១​នាក់។

មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នោះ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​គេ​ចាប់​ខ្លួន ២១​នាក់​នោះ គឺ ១៩​នាក់​នឹង​អាច​ទទួល​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់ ៥០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ពី​បទ​ចូល​មក​ធ្វើ​ការងារ​ដោយ​គ្មាន​ប័ណ្ណ​អនុញ្ញាត​ត្រឹមត្រូវ។

ប៉ូលិស​អន្តោប្រវេសន៍​នៃ​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី​ប្រចាំ​ស្នាក់ការ​កណ្ដាល​នៃ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប គ្រោង​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ២១​នាក់​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា។

ការ​សម្រេច​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ឆែកឆេរ ហើយ​ចាប់​ខ្លួន​មនុស្ស​ចំនួន ២១​នាក់​នៅ​តាម​ផ្ទះ​ជួល និង​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​ក្នុង​ទីក្រុង​សៀមរាប។

អនុប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី​របស់​ស្នាក់ការ​កណ្ដាល​នៃ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប គឺ​លោក​ឧត្តមសេនីយ៍ត្រី ប៉ូ សេងលាង។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែ​សីហា ថា ពេញ​មួយ​ថ្ងៃ​ទី​១៥ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា គឺ​កម្លាំង​របស់​លោក​បាន​ប្រមូល​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ២១​នាក់​ពី​កន្លែង​ចំនួន​ពីរ​ផ្សេង​គ្នា។ លោក ប៉ូ សេងលាង បញ្ជាក់​ថា ជន​អន្តោប្រវេសន៍​ទាំង ២១​នាក់​នេះ គឺ​បាន​មក​ស្នាក់នៅ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប៖ «គាត់​ឆ្លង​ដែន​មក គឺ​មិន​មាន​ឯកសារ​អី​ទេ មាន​តែ​អត្តសញ្ញាណប័ណ្ណ​ចេញ​ដោយ​អាជ្ញាធរ​វៀតណាម មិន​មានលិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​អី​ត្រឹមត្រូវ​ទេ»

មន្ត្រី​ប៉ូលិស​ទទួល​ស្គាល់​ថា ក្នុង​ចំណោម​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ២១​នាក់​នោះ គឺ​មាន​ខ្លះ​ជា​ខ្មែរ​ក្រោម​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ចេញ​ដោយ​អាជ្ញាធរ​វៀតណាម ព្រម​ទាំង​បញ្ជាក់​ថា​ជនជាតិ​ខ្មែរ​ផង។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប បញ្ជាក់​ថា គេ​នឹង​បញ្ជូន​ខ្មែរ​ក្រោម​មួយ​ចំនួន​នោះ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពិនិត្យ​អត្តសញ្ញាណ​បន្ថែម មុន​នឹង​សម្រេច​ដោះលែង ឬ​ក៏​យ៉ាង​ណា​នោះ។

មន្ត្រី​គម្រោង​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច លោក សឺន ជុំសុធន មាន​ប្រសាសន៍​ថា លោក​អបអរ​សាទរ​ចំពោះ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ដែល​ចាត់​វិធានការ​ទៅ​លើ​ជន​អន្តោប្រវេសន៍​ដែល​ស្នាក់​នៅ​លើ​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​សមត្ថកិច្ច កុំ​ធ្វើ​បាប​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង​នោះ។ លោក សឺន ជុំសុធន អំពាវនាវ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប គួរ​តែ​ដោះលែង​ខ្មែរ​ក្រោម​មួយ​ចំនួន​ឲ្យ​មាន​សេរីភាព​វិញ៖ «ខ្ញុំ​គិត​ថាប្រសិន​បើ​គាត់​ជា​ខ្មែរ​កម្ពុជា​ក្រោម ក្រសួង​គួរ​តែ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ កុំ​បញ្ជូន​ទៅ​ភ្នំពេញ ឬ​ក៏​ត្រឡប់​ទៅ​វៀតណាម អី»

មន្ត្រី​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី​របស់​ស្នាក់ការ​កណ្ដាល​នៃ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥ រហូត​មក​ដល់​ពេល​នេះ គេ​បាន​ចុះ​ប្រតិបត្តិការ​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន ៧​គោលដៅ​មក​ហើយ។ ក្នុង​ការងារ​នោះ គឺ​គេ​បាន​ចាប់​ខ្លួន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចំនួន​ជាង ៣០​នាក់ ហើយ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។