យុវជន​២​នាក់​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​រឿង​យន្តហោះ​ធ្លាក់​ត្រូវ​បាន​ដោះលែង

ដោយ ហង្ស សាវយុត
2017.07.23
ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប ៦២០ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​ មើល​ពី​មុខចំ​។ រូបថតឯកសារ
RFA/Hang Savyouth

ប៉ូលិស​នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប យល់​ថា យុវជន​ម្នាក់ និង​យុវនារី​ម្នាក់​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ជុំវិញ​រឿង​យន្តហោះ​ចុះ​ចត​ធ្លាក់​ផ្លូវ​នោះ គឺ​មិន​មាន​កំហុស​អ្វី​ធំដុំ​គួរ​ឲ្យ​មាន​ទោស​ទេ។

បន្ទាប់​ពី​ប៉ូលិស​បាន​ឃាត់​ខ្លួន​យុវជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​មក​សាកសួរ​រយៈពេល​ជិត ២០​ម៉ោង​មក គឺ​ប៉ូលិស​បាន​អប់រំ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងនោះ​ឈប់​បង្ហោះ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​តទៅទៀត​ប៉ុណ្ណោះ។

ប៉ូលិស​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​សម្រេច​ដោះលែង​យុវជន​ម្នាក់​ឈ្មោះ ផាវ សុជុំ ជា​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​នៃ​ក្រុមហ៊ុន​ស្កាយ​អង្គរ អែរឡាញ (Sky Angkor Airline) វិញ​ហើយ កាល​ពី​វេលា​ម៉ោង​ជាង ១​រសៀល​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា។

ប្រធាន​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប គឺ​លោក ភឹង សម្បត្តិ។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ថា ក្រោយ​ពី​សាកសួរ​យុវជន​ឈ្មោះ ផាវ សុជុំ អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ត្រយ៉ង ស្រុក​ពួក អស់​រយៈពេល​ជិត ២០​ម៉ោង​មក​ឃើញ​ថា ឈ្មោះ​នោះ​គឺ​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត ជុំវិញ​រឿង​ដែល​ថា​មាន​យន្តហោះ​ចុះ​ចត​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​សៀមរាប ដោយ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​សាធារណៈ​នោះ​មែន។

ទោះ​យ៉ាង​ណា លោក ភឹង សម្បត្តិ យល់​ថា យុវជន​នោះ​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ឡើយ។ ប៉ូលិស​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​ធ្វើ​ការ​អប់រំ​យុវជន​នោះ ព្រម​ទាំង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ប៉ុណ្ណោះ រួច​ហើយ​ត្រូវ​ដោះលែង​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ៖ «បន្ទាប់​ពី​យើង​សាកសួរ ទាំង​អ្នក​បង្ហោះ ទាំង​អ្នក​ដែល​យើង​អញ្ជើញ​មក​សាកសួរ​បំភ្លឺ​បន្ថែម​ហ្នឹង ឃើញ​ថា​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​នោះ​មិន​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​ទេ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ប៉ូលិស​អះអាង​ថា គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខ្លះ​ទៀត​ដែល​បាន​ផ្សព្វផ្សាយ​បន្ត​ជុំវិញ​ព័ត៌មាន​រឿង​ធ្លាក់​យន្តហោះ​នោះ​រួច​ខ្លួន​ឡើយ គឺ​សមត្ថកិច្ច​នឹង​បន្ត​តាម​រក​អ្នក​ផ្សេងៗ​ទៀត​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​រឿង​មិន​ពិត​នោះ​ដូច​គ្នា​ដែរ។

កាល​ពី​ម៉ោង ៥ និង ៣០​នាទី ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​យុវជន​ឈ្មោះ ផាវ សុជុំ ជា​អ្នក​បម្រើ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន ស្កាយ អង្គរ អែរឡាញ (Sky Angkor Airline) បន្ទាប់​ពី​គណនី​បណ្ដាញ​សង្គម​របស់​គាត់ បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​រឿង​ថា មាន​យន្តហោះ​មួយ​គ្រឿង​ចុះ​ចត​ធ្លាក់​ផ្លូវ​នៅ​ខេត្ត​សៀមរាប ធ្វើ​ឲ្យ​មាន​ការ​ជ្រួល​ច្របល់។ បន្ទាប់​គ្នា​នេះ ប៉ូលិស​ក៏​បាន​នាំ​ខ្លួន​កញ្ញា​ម្នាក់​ទៀត​ឈ្មោះ ពន្លឺ សោភា អាយុ ២១​ឆ្នាំ នៅ​ភូមិ​បន្ទាយចាស់ សង្កាត់​ស្លក្រាម ជា​បុគ្គលិក​បម្រើ​នៅ​លើ​យន្តហោះ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា ដែល​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដូច​គ្នា មក​សាកសួរ​ដែរ ប៉ុន្តែ​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយសារ​តែ​នាង​គ្មាន​កំហុស។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​កក្កដា ប្រធាន​អាកាសចរណ៍​ស៊ីវិល​ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប លោក ប៊ុន រដ្ឋា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នៅ​តាម​បណ្ដាញ​សង្គម ជុំវិញ​រឿង​យន្តហោះ​ធ្លាក់​នៅ​ខេត្ត​សៀមរាប នោះ។ លោក ប៊ុន រដ្ឋា បាន​ចាត់​ទុក​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​រឿង​យន្តហោះ​ធ្លាក់​នៅ​ខេត្ត​សៀមរាប នោះ គឺ​ជា​អំពើ​វិទ្ធង្សនា​ទៅ​លើ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា៖ «អា​ហ្នឹង​បើ​យោង​ទៅ​លើ​ច្បាប់​អាកាសចរណ៍​ស៊ីវិល គឺ​អ្នក​ដែល​ធ្វើ​វិទ្ធង្សនា​ទៅ​លើ​វិស័យ​អាកាសចរណ៍ ត្រូវ​មាន​ទោស»

ចំណែក​យុវជន ផាវ សុជុំ មាន​ប្រសាសន៍​ថា រូប​គាត់​ពិត​ជា​បាន​ចែក​ផ្សាយ​បន្ត​នូវ​រូបភាព​យន្តហោះ ១​គ្រឿង ដែល​បាន​ធ្លាក់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ទៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រម​ទាំង​អធិប្បាយ​ហេតុការណ៍​នោះ​ថា កើត​ឡើង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប មែន។ យុវជន​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​ចែក​រំលែក​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ហើយ​អធិប្បាយ​ច្រឡំ​ថា​ជា​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ខេត្ត​សៀមរាប នោះ ដោយសារ​តែ​រូប​គាត់​កំពុង​បើក​ឡាន ពេល​ឃើញ​រូប​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ហ្វេសប៊ុក ហើយ​មិន​បាន​អាន​អត្ថបទ​ឲ្យ​ច្បាស់លាស់ ក៏​យល់​ថា​ទេសភាព​កន្លែង​យន្តហោះ​ធ្លាក់​នោះ​ដូចជា​នៅ​ខេត្ត​សៀមរាប ក៏​អធិប្បាយ​ខុស​តែ​ម្ដង។

លោក ផាវ សុជុំ មាន​ការ​សោកស្ដាយ​ដោយ​លោក​មិន​នឹក​ស្មាន​ថា ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​របស់​គាត់ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់​ផ្អើល និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ដូច្នេះ​ទេ៖ «ពេល​មួយ​ភ្លែត​បន្ទាប់​ពី​ខ្ញុំ Post ហើយ​បាន​ប្រហែល​ជា ១០​នាទី ឃើញ​ចំនួន​អ្នក Share ប្រហែល​ជាង .០០០​នាក់Page ស្ករ​ស្នេហ៍​ខ្ញុំ​មើល​ទៅ​ខ្ញុំ​ស្រឡាំងកាំង​តែ​ម្ដង»

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប៉ូលិស​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​អ្នក​លេង​បណ្ដាញ​សង្គម​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។

ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​គាំទ្រ​ទៅ​លើ​ចំណាត់ការ​ប៉ូលិស​ខេត្ត​សៀមរាប ដែល​ចាប់​ខ្លួន​អ្នក​លេង​បណ្ដាញ​សង្គម​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​ជា​ម្ចាស់​គណនី​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជាច្រើន ធ្វើ​ឲ្យ​សង្គម​ចាប់​ផ្ដើម​ពុល មិន​ដឹង​ថា​អ្វី​ជា​រឿង​ពិត និង​អ្វី​មិន​ពិត​ទេ។ លោក ប៉ែន បូណា បញ្ជាក់​ថា រយៈពេល​ជាច្រើន​ខែ​ចុង​ក្រោយ​នេះ លោក​សម្គាល់​ឃើញ​ថា ម្ចាស់​ហ្វេសប៊ុក​ជាច្រើន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ច្រើន ធ្វើ​ឲ្យ​អារម្មណ៍​របស់​ពលរដ្ឋ​ជាច្រើន​វិលវល់ មិន​យល់​ដឹង​អំពី​បញ្ហា​សង្គម​ពិតប្រាកដ៖ «ព័ត៌មាន​ខ្លះ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ផង អ៊ីចឹង​ខ្ញុំ​សូម​ឲ្យអ្នក​លេងហ្វេសប៊ុក​ទាំងអស់​សូម​ប្រយ័ត្ន​ទៅ​លើការ​ប្រើប្រាស់សេរីភាព​នៅ​តាម​បណ្ដាញ​សង្គម»

បន្ថែម​លើ​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ក៏​អំពាវនាវ​ដល់​អ្នក​កាសែត​អាជីព​ទាំងអស់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិជ្ជាជីវៈ ក៏​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដែល​ឃើញ​ព័ត៌មាន​ណា​មួយ​ចែកចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បើ​មិន​ច្បាស់លាស់​ទេ គឺ​មិន​ត្រូវ​ចុច Like ឬ​ក៏ Share ទេ ប្រសិន​បើ​អ្នក​កាសែត​ខ្លួន​ឯង​មិន​បាន​ផ្ទៀងផ្ទាត់​ប្រភព​ឲ្យ​បាន​ច្បាស់លាស់​ទេ។

ចំពោះ​យុវជន​ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៃ​រូប​យន្តហោះ​ធ្លាក់​នោះ ថ្វីត្បិតតែ​មិន​ទទួល​រង​ការ​ពិន័យ​ពី​អាជ្ញាធរ​របស់​រដ្ឋ ប៉ុន្តែ​គេ​នៅ​មិន​ប្រាកដ​ថា តើ​ក្រុមហ៊ុន​ដែល​រូប​គាត់​បម្រើ​ការ​នោះ មាន​ប្រតិកម្ម​យ៉ាង​ណា​ឡើយ​បន្ទាប់​ពី​ប៉ូលិស​ដោះលែង​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។