កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្សាច់កណ្ដាល​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ

ដោយ ថា កិត្យា
2016.02.01
កម្មករ​រោងចក្រ ស្ដារ​ឡៃថ៍ តវ៉ា ២០១៦ ៨៥៥ កម្មករ​រោងចក្រ ស្ដារ​ឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល តវ៉ា​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

កម្មករ​រោងចក្រ ស្ដារ​ឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅ​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និង​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បន្ទាប់​ពី​ពួក​គេ​តវ៉ា​នៅ​មុខ​រោងចក្រ​ជាច្រើន​ថ្ងៃ​មិន​បាន​លទ្ធផល ហើយ​ឈាន​ដល់​ផ្ទុះ​ហិង្សា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ កុម្ភៈ។

សំឡេង​កម្មករ​ស្រែក​តវ៉ា៖ «ថៅកែ​រោងចក្រ​ទី​៤ ស្ដារ​ឡៃថ៍ ឃុបឃិត​គ្នា​បង្ក​បញ្ហា និង​ជួល​មនុស្ស​បាត​សង្គម​មក​ធ្វើ​ទុក្ខបុកម្នេញ​បង​ប្អូន​កម្មករ យើង​ទទួល​មិន​បាន​ទេ»

ការ​ជិះ​រថយន្ត​ដង្ហែ​ក្បួន​មក​ឈប់​លើក​បដា និង​ស្រែក​តវ៉ា​ពឹងពាក់​ក្រសួង​ការងារ ហើយ​បន្ត​ដង្ហែ​ក្បួន​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា នេះ គឺ​ក្រុម​កម្មករ​អះអាង​ថា ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន និង​ចាត់​វិធានការ​លើ​ក្រុមហ៊ុន​ដែល​ជួល​ក្រុម​ក្មេង​ទំនើង​ជាច្រើន​នាក់ ឲ្យ​ដេញ​វាយ​កាប់​ចាក់​លើ​មន្ត្រី​សហជីព និង​កម្មករ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​សាមគ្គី​ភាព​ការងារ​កម្ពុជា លោក ច័ន្ទ វាសនា អះអាង​ថា ក្រោយ​មាន​ការ​ស្រែក​តវ៉ា​មួយ​សន្ទុះ​របស់​កម្មករ មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋសភា បាន​ចេញ​មក​ទទួល​ញត្តិ ដោយ​សន្យា​ថា នឹង​ជួយ​តាម​ដាន​ដោះស្រាយ​តាម​សំណើ៖ «ខាង​សម្ដេច ហ៊ុន សែន គ្រាន់​តែ​សន្យា​ថា នឹង​តាម​ដាន​ព័ត៌មាន​នេះ ហើយ​ខាង​សភា​ក៏​ដូច​គ្នា​ដែរ គឺ​ថា​នឹង​ស៊ើប​អង្កេត​ចំពោះ​រឿង​ដែល​កើត​ឡើង​នេះ ហើយ​មិន​បាន​សន្យា​ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ល្អ​ប្រសើរ​នោះ​ទេ»

ចំណែក​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ជាង ១​ម៉ោង​នៅ​ក្រសួង​ការងារ វិញ លោក ច័ន្ទ វាសនា អះអាង​ថា ក្រសួង​ការងារ សន្យា​ថា​នឹង​ពិនិត្យ​ដោះស្រាយ​ភ្លាមៗ។ ចំពោះ​ករណី​ហិង្សា​នោះ គឺ​ក្រសួង​ជំរុញ​ឲ្យ​សហជីព ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស និង​ស្ថាប័ន​តុលាការ៖ «ក្រសួង​ការងារ សន្យា​ថា ថ្ងៃ​នេះ​ហៅ​ភាគី​រោងចក្រ​មក​សួរ​ព័ត៌មាន​រឿង​ហេតុ​កើត​ឡើង ហើយ​ថ្ងៃ​ស្អែក គេ​នឹង​ចុះ​ទៅ​ដោះស្រាយ​ផ្ទាល់»

ទាក់ទិន​ករណី​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ ដោយសារ​ជាប់​រវល់។

ក្រុម​កម្មករ​អះអាង​ថា ពួក​គេ​បាន​ឈរ​តវ៉ា​នៅ​មុខ​រោងចក្រ ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១៨​ចំណុច​រយៈពេល ៨​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​ត្រឹម​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ ថែម​ទាំង​ត្រូវ​បាន​ក្រុមហ៊ុន​ជួល​ក្មេង​ទំនើង​ឲ្យ​ដេញ​វាយ​មន្ត្រី​សហជីព និង​កម្មករ បណ្ដាល​ឲ្យ​រង​របួស ៨​នាក់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​ពួក​គេ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ទៀត​ផង។

កម្មការិនី ផល រ៉ានី រៀបរាប់​ថា មុន​ផ្ទុះ​ហិង្សា​នោះ ដំបូង​ឡើយ ក្រុម​កម្មករ​បាន​ប្រមូល​ផ្តុំ​គ្នា​រៀបចំ​ដង្ហែ​ក្បួន​តវ៉ា​អហិង្សា​ឆ្ពោះ​មក​ភ្នំពេញ ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​មាន​ក្រុម​ក្មេង​ទំនើង​លើស​ពី ១០​នាក់ ប្រដាប់​ដោយ​កាំបិត និង​ដំបង បាន​ដេញ​កាប់​វាយ​មន្ត្រី​សហជីព និង​កម្មករ​ទាំង​កម្រោល ដើម្បី​រាំង​ស្ទះ​មិន​ឲ្យ​កម្មករ​ឡើង​មក​ភ្នំពេញ​នោះ​ទេ៖ «ពួក​វា​ហូត​កាំបិត​មក​ដេញ​កាប់​កម្មករ​ដូច​ដេញ​កាប់​គោ​អ៊ីចឹង។ វា​កាប់​បំផ្លាញ និង​វាយ​មេក្រូ​អាគុយ និង​មួក​សុវត្ថិភាព​ខ្ទេច​អស់ ហើយ​មាន​ម្នាក់​ទៀត​គេ​កាប់​មុត​ក​ដែរ»

ក្រុម​កម្មករ ក៏​សម្ដែង​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​មិន​បាន​ទប់ស្កាត់ ហើយ​បែរ​ជា​មាន​ប៉ូលិស​ប៉េអិម​ខ្លះ​ទៀត ស្លៀកពាក់​ស៊ីវិល​ចូលរួម​បង្ក្រាប​កម្មករ​ដែរ។

រោងចក្រ ស្ដារ​ឡៃថ៍ អឹភែរិល ស្ថិត​នៅ​ភូមិ​សេដា ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​តំណាង​ក្រុមហ៊ុន​បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

លក្ខខណ្ឌ​ការងារ ១៨​ចំណុច​ដែល​ក្រុម​កម្មករ​ទាមទារ​នោះ គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​មន្ត្រី​សហជីព និង​កម្មករ ចូល​ធ្វើ​ការ​ធម្មតា​វិញ បញ្ឈប់​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​កម្មករ និង​ឈប់​ប្រើ​កម្មករ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ពលកម្ម បើក​ប្រាក់​ខែ​សមាមាត្រ​ចំនួន ៣​ខែ​ឲ្យ​កម្មការិនី​សម្រាល​កូន និង​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​អំឡុង​នៃ​ការ​ធ្វើ​កូដកម្ម។

តំណាង​សហជីព​អះអាង​ថា ភាគី​និយោជក​គ្មាន​ឆន្ទៈ​កែ​សម្រួល​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ​នោះ​ទេ ហើយ​តែង​តែ​ព្យាយាម​គេចវេះ​ពី​ការ​ចរចា និង​ប្រើ​ល្បិចកល​បង្ខំ និង​គំរាម​កំហែង​កម្មករ​ឲ្យ​ឈប់​តវ៉ា។

ក្រុម​កម្មករ​ទាំង​នោះ​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល រដ្ឋសភា និង​ក្រសួង​ការងារ មិន​គោរព​ការ​សន្យា​ដោះស្រាយ​វិវាទ​ការងារ​នេះ​ទេ​នោះ ក្រុម​កម្មករ​ទាំងអស់ នឹង​នៅ​តែ​បន្ត​តវ៉ា​រហូត​ដល់​ទឹក​ចុង​ក្រោយ បើ​ទោះ​បី​ជា​រង​នូវ​ហិង្សា និង​ការ​គំរាម​កំហែង​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។