លីកាដូ​និង​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ចាត់​វិធានការ​រឿង​វៀតណាម​លក់​ឆ្នោត

ដោយ ថា កិត្យា
2015.08.25
ឆ្នោត​វៀតណាម ស្វាយរៀង ៦២០ ស្ត្រី​ជនជាតិ​វៀតណាម ដើរ​កាន់​សន្លឹក​ឆ្នោត​លក់​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​ក្នុង​ទី​រួម​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៥។
RFA

អង្គការ​លីកាដូ (LICADHO) និង​ប្រជាពលរដ្ឋ​ខ្មែរ ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ទប់ស្កាត់​ជនជាតិ​វៀតណាម ដែល​ចូល​លក់​ឆ្នោត​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្ត​ស្វាយរៀង ដោយ​ពួកគាត់​មើល​ឃើញ​ថា បញ្ហា​នេះ​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា។ ទាក់ទិន​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ថា ការ​ចេញ​ចូល​រក​ស៊ី​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ គឺ​វៀតណាម និង​ខ្មែរ​នោះ គឺ​ជា​រឿង​ធម្មតា។

ជា​រៀងរាល់​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម កាន់តែ​ច្រើន​ឡើង​ដើរ​លក់​ឆ្នោត​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ហាង​កាហ្វេ តាម​ភោជនីយដ្ឋាន​នានា និង​តាម​ទីប្រជុំជន នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ភ្នែក​ច្រមុះ​របស់​អាជ្ញាធរ​ខ្មែរ។

មើល​តែ​មួយ​ជ្រុង​ក្នុង​ខេត្ត​ស្វាយរៀង ប៉ុណ្ណោះ គឺ​ពលរដ្ឋ​ខ្មែរ​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​វៀតណាម ជាង ១០០​នាក់ មាន​ក្មេង​ចាស់ ស្រី ប្រុស ដើរ​កាន់​សន្លឹកឆ្នោត​លក់​អោយ​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ដោយ​គ្មាន​លាក់បាំង​នោះ​ទេ។

យុវជន​សម្បុរ​ខ្មៅ​ម្នាក់​រៀបរាប់​ថា បញ្ហា​ជនជាតិ​វៀតណាម ចូល​មក​លក់​សន្លឹក​ឆ្នោត​នេះ គឺ​អាជ្ញាធរ​ខ្មែរ​នៅ​ខេត្ត​ស្វាយរៀង ហាក់​មិន​ចាប់​អារម្មណ៍​ទប់ស្កាត់​នោះ​ឡើយ ដោយ​ចាត់​ទុក​ថា ជា​រឿង​កំប៉ិកកំប៉ុក​ទៅ​វិញ។ តែ​យ៉ាងណា​សម្រាប់​លោក​មើល​ឃើញ​ថា វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សង្គម និង​ពិបាក​គ្រប់គ្រង​ជន​អន្តោប្រវេសន៍៖ «ខ្ញុំ​អំពាវនាវ​អោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ទាំង​នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ដោះស្រាយ​ការពារ​សណ្ដាប់ធ្នាប់​សង្គម ជាពិសេស​គឺ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​យើង»

​សន្លឹក​ឆ្នោត​ដែល​មាន​ប្រភព​ចេញ​ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​ត្រូវ​បាន​គេ​នាំ​ចូល​មក​លក់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទិញ​ផ្ទៀង​នោះ គឺ​ក្នុង​តម្លៃ ២.០០០ ទៅ ២.៥០០​រៀល ក្នុង ១​សន្លឹក ដែល​ជនជាតិ​វៀតណាម ចំណេញ​ចាប់​ពី ១.០០០ ទៅ ១.៥០០​រៀល ក្នុង ១​សន្លឹក​ដែរ។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន គត់​សម្គាល់​ថា សកម្មភាព​ជនជាតិ​វៀតណាម ដើរ​លក់​ឆ្នោត បាន​ចាប់​ផ្ដើម​កើត​ឡើង​វិញ​ពេញ​បន្ទុក ក្រោយ​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្អាក​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ចុះ​ពិនិត្យ​ព្រំដែន។

លោក​សង្កេត​ឃើញ​ថា ការ​ចេញ​ចូល​របស់​ជនជាតិ​វៀតណាម ទាំង​នោះ គឺ​ខុស​នឹង​ច្បាប់៖ «មិន​មាន​អី​ត្រូវ​នឹង​ច្បាប់​ទេ ជនជាតិ​វៀតណាម​ខ្លះ ល្ងាច​ឡើង​ចេញ​ទៅ​វិញ ហើយ​អ្នក​ខ្លះ​ជួយ​ផ្ទះ​ដេក​នៅ​ហ្នឹង ហើយ​មក​ទាំង​ម៉ូតូ​ដែល​មាន​ស្លាក​វៀតណាម តែ​ខ្មែរ​យើង​ធ្លាប់​ទៅ​វៀតណាម គឺ​គ្មាន​ម៉ូតូ​ណា​ទៅ​បើក​តាម​ជាយ​ក្រុង​អី​ទេ»

​ជា​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មាន​ប្រសាសន៍​ថា ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​គឺ​ជា​រឿង​ធម្មតា ព្រោះ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ចូល​ព្រឹក ហើយ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​រៀងៗ​ខ្លួន​នៅ​ពេល​ល្ងាច​ដូចៗ​គ្នា។

ទោះ​យ៉ាង​ណា លោក​ក៏​មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​ការ​លក់​ឆ្នោត​ជាតិ​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា នេះ ជា​ការ​លក់​ដោយ​ស្រប​ច្បាប់ ឬ​ក៏​អត់​ច្បាប់​នៅ​ឡើយ៖ «ស្រប  (ច្បាប់) មិន​ស្រប​អី អា​ហ្នឹង​បើ​យើង​ទៅ​រក​ស៊ី​ស្រុក​គេ មាន​គេ​មក​រក​ស៊ី​នៅ​ស្រុក​យើង​ក៏​មាន​ដូច​តែ​គ្នា​ហ្នឹង»

​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដដែល​បញ្ជាក់​ថា ឆ្នោត​គឺ​ជា​ល្បែង​ស៊ីសង​ដែល​វា​ខុស​នឹង​ច្បាប់​កម្ពុជា តែ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​ឃើញ​មាន​ការ​អប់រំ​ណែនាំ​ណា​មួយ និង​ពុំ​មាន​ការ​ចាប់​បង្ក្រាប​មេ​ឆ្នោត​នោះ​ទេ ដោយ​លោក​សង្ស័យ​ថា អាច​ជា​ការ​ត្រូវរ៉ូវ​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ស្រុក។

​បញ្ហា​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម លក់​ឆ្នោត​ដោយ​គ្មាន​ការ​ទប់ស្កាត់ និង​គ្រប់គ្រង​ត្រឹមត្រូវ​នេះ គឺ​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម និង​សេដ្ឋកិច្ច​ជាតិ​កម្ពុជា។ ប៉ះពាល់​ព្រោះ​ថា លំហូរ​សាច់​ប្រាក់​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​រយៈ​ការ​ទិញ​សន្លឹក​ឆ្នោត ដែល​គេ​មិន​អាច​ប៉ាន់ស្មាន​បាន​ក្នុង​មួយ​ថ្ងៃៗ។ ជាង​នេះ​ទៅ​ទៀត មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ថា វៀតណាម មិន​បាន​បង់ពន្ធ​ជូន​កម្ពុជា ឡើយ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ទៀត​ផង ដែល​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា មិន​គួរ​មើល​រំលង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។