នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​រង​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិប​កេង​ថវិកា​សាលា

ដោយ យ៉ង ចាន់តារា
2016-03-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ RFA/Chuop Sereyroth
វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ RFA/Chuop Sereyroth
RFA/Chuop Sereyroth

នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ត្រូវ​បាន​គ្រូបង្រៀន​មួយ​ចំនួន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កិប​កេង​ថវិកា​សាលា​យក​ទៅ​ប្រើប្រាស់​ជា​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ក្រុម​គ្រូបង្រៀន​ទាំង​នោះ​អះអាង​ថា លោក​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ប្រព្រឹត្ត​បែប​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ពួក​គាត់​ស្នើ​ដល់​ក្រសួង​អប់រំ ចុះ​ពិនិត្យ និង​ដោះស្រាយ​ករណី​នេះ​ឲ្យ​បាន​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព។

គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចោទ​ប្រកាន់​លោក​នាយក​វិទ្យាល័យ ថា​បាន​កិប​កេង​យក​ថវិកា​ទ្រទ្រង់​សាលា ឬ​ប្រាក់​ភីប៊ី (PB) ដែល​ក្រសួង​អប់រំ ផ្តល់​មក​ឲ្យ​សាលា។

គ្រូបង្រៀន​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​ថា នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង តែង​កិប​កេង​យក​ថវិកា​ភីប៊ី​ជា​រៀង​រាល់​ជុំ ដោយ​ក្នុង​មួយ​ជុំៗ​មាន​ចំនួន​ទឹក​ប្រាក់​ប្រហែល ៤​លាន​រៀល ឬ​ស្មើ​នឹង​ជាង ១០​ភាគរយ​នៃ​ថវិកា​សរុប​ក្នុង​មួយ​ជុំ ដែល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទទួល​បាន។ ប្រភព​រូប​នេះ​បន្ត​ថា ការ​កាត់​ថវិកា​សាលា​នេះ ធ្វើ​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ថ្នាក់​ដឹក​នាំ​ក្រសួង ឬ​មន្ទីរ​អប់រំ ចុះ​មក​ស៊ើប​អង្កេត​រឿង​នេះ​ឡើយ ដោយ​រង់ចាំ​តែ​ពិនិត្យ​បញ្ជី​ចំណូល​ចំណាយ​ប្រចាំ​ខែ​របស់​សាលា ដែល​ត្រូវ​បាន​រៀបចំ​យ៉ាង​ស្អាត​ពី​លោក​នាយក។

គ្រូបង្រៀន​ម្នាក់​ទៀត​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សំឡេង បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គាត់​មិន​ពេញ​ចិត្ត​ឡើយ​នៅ​ពេល​ដឹង​ថា លោក​នាយក​សាលា​កាត់​ថវិកា​ទ្រទ្រង់​សាលា​បែប​នេះ។ គ្រូបង្រៀន​រូប​នេះ​អះអាង​ថា លោក​នាយក​សាលា​បាន​កាត់​ថវិកា​ភីប៊ី​ពី​គ្រប់​គណនី​ទាំងអស់ ដែល​រួម​មាន​គណនី​រដ្ឋបាល គណនី​បរិស្ថាន គណនី​សម្ភារៈ​ប្រើប្រាស់ គណនី​ថែទាំ និង​ជួសជុល​អគារ រួម​ទាំង​គណនី​ថែទាំ និង​ជួសជុល​ឧបករណ៍​ព័ត៌មានវិទ្យា៖ «កាត់​រៀង​រាល់​ជុំ​គ្រប់​ជុំ​ទាំងអស់ ហើយ​មក​ទល់​ឥឡូវ​ក៏​នៅ​តែ​កាត់​អ៊ីចឹង​ដែរ។ ភីប៊ី​ក្នុង​ជុំ​នីមួយៗ គេ​បែង​ចែក​ទៅ​តាម​ការ​ចំណាយ​ផ្សេងៗ តាម​ខ្ទង់​ចំណាយ​របស់​គេ ហើយ​នាយក​រង​នីមួយៗ​កាន់​តាម​ផ្នែក​របស់​គេ ដោយ​មាន​ការ​កាត់​បែប​នេះ។ លោក​នាយក​ប្រាប់​ថា ទី​មួយ​ខណ្ឌ​ជា​អ្នក​កាត់។ ទី​ពីរ អធិការកិច្ច​មន្ទីរ​ជា​អ្នក​កាត់។ អ៊ីចឹង​នាយក​រង​គាត់​អត់​ហ៊ាន​ទេ ព្រោះ​ខ្លាច​ខណ្ឌ ខ្លាច​អធិការកិច្ច​មន្ទីរ ប៉ុន្តែ​តាម​ការ​ពិត​ដែល​ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ថា​អត់​មាន​ខណ្ឌ​កាត់ អត់​មាន​មន្ទីរ​កាត់​អ្វី​ទេ គឺ​លោក​នាយក​កាត់​យក​ខ្លួន​ឯង​តែ​ម្តង»

គ្រូបង្រៀន​រូប​នេះ អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង និង​មន្ទីរ​អប់រំ ជួយ​អន្តរាគមន៍​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ប្រើប្រាស់​ថវិកា​ភីប៊ី​របស់​រដ្ឋ ដំណើរ​ការ​ទៅ​ដោយ​ត្រឹមត្រូវ៖ «ខ្ញុំ​ចាត់​ទុក​ការ​កាត់​លុយ​ភីប៊ី​រៀង​រាល់​ជុំ​អស់​ជាច្រើន​បែប​នេះ ជា​អំពើ​ពុក​រលួយ​មួយ​ដែល​មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ។ លោក​នាយក​ព្យាយាម​ឆ្លើយ​ដាក់​ទៅ​ខាង​ខណ្ឌ និង​មន្ទីរ អ៊ីចឹង​ដើម្បី​ឲ្យ​ច្បាស់ សូម​លោកស្រី​ប្រធាន​មន្ទីរ​អប់រំ​រាជធានី ចុះ​មក​ធ្វើ​អធិការកិច្ច​បន្ថែម ដើម្បី​ឲ្យ​ដឹង​ស​ដឹង​ខ្មៅ ថា​តើ​លោក​នាយក​កាត់​យក​ខ្លួន​ឯង​ពិត​ប្រាកដ ឬ​ក៏​ពិត​ជា​កាត់​ទៅ​ឲ្យ​ខណ្ឌ និង​អធិការកិច្ច​មន្ទីរ​មែន»

ឯកសារ​ពីរ​ច្បាប់​ស្ដីពី​ចំណូល​ចំណាយ​របស់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចុះ​កាលបរិច្ឆេទ​ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​មាន​ហត្ថលេខា លោក មូល ស៊ុយហេង ជា​នាយក ហើយ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​មាន​កត់ត្រា​ពី​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​លុយ​ភីប៊ី​ក្នុង​ជុំ​ទី​២ និង​ទី​៣ ឆ្នាំ​២០១៤។ ទឹក​ប្រាក់​ទាំង​នោះ​មាន​ចំនួន​ចន្លោះ​ពី ១៣ ទៅ ១៦​ភាគរយ​នៃ​ទឹក​ថវិកា​ភីប៊ី​សរុប​ជាង ១០​លាន​រៀល​ក្នុង​មួយ​ជុំ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​ការិយាល័យ​អប់រំ​ខណ្ឌ​ដូនពេញ អធិការកិច្ច​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ និង​លោក​នាយក​សាលា​ខ្លួន​ឯង​ផ្ទាល់។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក មូល ស៊ុយហេង បាន​បដិសេធ​ដោយ​ខ្លី​ថា លោក​មិន​ប្រព្រឹត្ត​ដូច​បែប​នេះ​ឡើយ៖ «មិន​ដឹង​បាន​ព័ត៌មាន​នេះ​ពី​ណា​មក​ទេ។ រឿង​នេះ​មិន​ពិត​ទេ»

ចំណែក​ប្រធាន​ការិយាល័យ​អប់រំ​ខណ្ឌ​ដូនពេញ លោក ខៃ សុវឌ្ឍន៍ បាន​អះអាង​ថា លោក​មិន​ដែល​បាន​ទទួល​ថវិកា​ណា​មួយ​ដែល​កាត់​ចេញ​ពី​ប្រាក់​ភីប៊ី​ពី​ខាង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នោះ​ឡើយ។ បន្ថែម​ពី​លើ​នេះ លោក​ក៏​មិន​ដែល​បាន​ទទួល​ព័ត៌មាន​អំពី​រឿង​នេះ​ដែរ៖ «អត់​ដែល​ឮ​សូរ​អ្នក​ណា​រាយការណ៍​មក​ថា​មាន​ការ​កាត់​ទៅ​នេះ​ទៅ​នោះ។ បើ​មាន​អ៊ីចឹង​មែន ខ្ញុំ​នឹង​ឲ្យ​កម្លាំង​ខាង​ខ្ញុំ​នេះ​ចុះ​ទៅ​មើល និង​តាម​ដាន​ថវិកា ពីព្រោះ​ខ្ញុំ​ចុះ​ទៅ​តាម​សាលា​ញឹកញាប់​ដែរ។ ចុះ​ទៅ​មើល​ការ​ចាយ​វាយ ហើយ​ការ​ធ្វើ​គម្រោង​សព្វ​បែប​យ៉ាង​ត្រូវ​ឆ្លង​កាត់​កន្លែង​ខ្ញុំ»

ជុំវិញ​បញ្ហា​នេះ ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ អ្នកស្រី ហួត យ៉ារី ក៏​បាន​បញ្ជាក់​ដែរ​ថា ខាង​មន្ទីរ​អប់រំ មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​រឿង​នេះ​ឡើយ ដ្បិត​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សាលា។ អ្នកស្រី​បន្ត​ថា បើ​សិន​ជា​លោកគ្រូ​អ្នកគ្រូ​ណា​បាន​ដឹង​ពី​រឿង​នេះ អាច​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​មន្ទីរ ដើម្បី​ស្វែងរក​ដំណោះស្រាយ៖ «យើង​ក៏​អត់​បាន​ដឹង​ដែរ​នៅ​ខាង​លើ យើង​អត់​បាន​ដឹង​សោះ។ ដូច្នេះ​រឿង​ផ្ទៃ​ក្នុង​ទេ។ បើ​សិន​ជា​ក្នុង​ករណី​ថា​សាលា​នីមួយៗ​មាន​បញ្ហា មាន​ជា​លិខិត​ស្នាម​មក​ដល់​មន្ទីរ ពេល​នោះ​ខ្ញុំ​នឹង​កោះ​អញ្ជើញ​នាយក និង​អ្នក​ដែល​ប្ដឹង​ទាំង​នោះ​មក​ដោះស្រាយ»

ថវិកា​តាម​កម្មវិធី ឬ​ថវិកា​ភីប៊ី ជា​ទឹក​ប្រាក់​ដែល​ក្រសួង​អប់រំ ផ្តល់​ទៅ​ឲ្យ​សាលា​នីមួយៗ ដើម្បី​ប្រើប្រាស់​ផ្ទៃ​ក្នុង​សាលា ដូចជា​ទិញ​សម្ភារៈ រៀបចំ​ការ​ប្រជុំ ឬ​ក៏​ថែទាំ​សាលា ជាដើម។ ថវិកា​ភីប៊ី ត្រូវ​បាន​ក្រសួង​ទម្លាក់​ឲ្យ​តាម​សាលា​នីមួយៗ​រយៈពេល ៣​ខែ​ម្តង ឬ​ហៅ​ថា​មួយ​ជុំ។

វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កំពុង​អនុវត្ត​គម្រោង​សាលា​ជំនាន់​ថ្មី ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទាំង​របៀប​បង្រៀន​របស់​គ្រូ និង​របៀប​រៀន​របស់​សិស្ស ដើម្បី​ប្រែ​ក្លាយ​ជា​សាលា​ដែល​មាន​គុណភាព​ខ្ពស់ និង​ក្លាយ​ជា​គំរូ​សម្រាប់​សាលា​ដទៃ​នៅ​ទូទាំង​ប្រទេស។ សាលា​ជំនាន់​ថ្មី​នេះ ជា​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន អនុវត្ត​រយៈពេល ៣​ឆ្នាំ ដែល​នឹង​ចំណាយ​អស់​ថវិកា​ជាង ១​លាន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល