អតីត​នាយិកា​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​ប្រធាន​មន្ទីរ​អប់រំ​ថា​លុប​ឈ្មោះ​គាត់​ដោយ​គ្មាន​មូលហេតុ

ដោយ ម៉ែន សុធីរ
2016.12.01
ចន្ទ ធីតា ស្ទឹងត្រែង ២០១៦ ៨៥៥ អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ខេត្ត​ស្ទឹងត្រែង អ្នកស្រី ចន្ទ ធីតា ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

គ្រូបង្រៀន​នៅ​ខែត្រ​ស្ទឹងត្រែង ចោទ​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​នេះ ថា​បាន​លុប​ឈ្មោះ​គាត់​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​គ្មាន​មូលហេតុ។ អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ឲ្យ​ដឹង​ថា ប្រធាន​មន្ទីរ​អប់រំ ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មាន​ចេតនា​បញ្ឈប់​អ្នកស្រី​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ដោយ​មើល​ឃើញ​ថា​អ្នកស្រី​មាន​សាច់ញាតិ​ជា​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង និង​សង្ស័យ​ថា​អ្នកស្រី​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ និង​ជា​គ្រូបង្រៀន​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង អំពាវនាវ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា សុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ អន្តរាគមន៍​ចំពោះ​វិធានការ​របស់​ប្រធាន​មន្ទីរ​អប់រំ ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បាន​សម្រេច​បញ្ឈប់​អ្នកស្រី​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤។

អតីត​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ អ្នកស្រី ចន្ទ ធីតា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ប្រធាន​មន្ទីរ​អប់រំ ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី មាន​ចេតនា​ផ្តាច់​ឈ្មោះ​នាង​ចេញ​ពី​គ្រូបង្រៀន​ក្របខ័ណ្ឌ​រដ្ឋ នៅ​គ្រា​ដែល​ដឹង​ថា ឪពុកមា និង​ស្វាមី​របស់​អ្នកស្រី មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​កត់​សម្គាល់​ថា លោក ហ៊ាង ប៉ូលី ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ក្នុង​សិក្ខាសាលា ដោយ​បញ្ជាក់​ថា ប្រសិន​បើ​លោក​ព្រម​ឯកភាព​បញ្ចូល​ឈ្មោះ​នាង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​វិញ លោក​នឹង​ចុះ​ចេញ​ពី​តំណែង។ អ្នកស្រី​ចាត់​ទុក​ការ​ប្រកាស​បែប​នេះ ថា​ជា​សារ​ព្រមាន​ដល់​ក្រុម​គ្រូបង្រៀន​ផ្សេង​ទៀត​មិន​ឲ្យ​រើ​បម្រះ នៅ​ពេល​ដែល​មាន​គ្រូបង្រៀន​មួយ​ចំនួន​កំពុង​រង​ការ​គាប​សង្កត់​ពី​ប្រធាន​មន្ទីរ​អប់រំ។

អ្នកស្រី​ចាត់​ទុក​ការ​សម្រេច​នេះ ធ្វើ​ឡើង​គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់៖ «ការ​លុប​ឈ្មោះ​ខ្ញុំ​ចេញ​ពី​គ្រូបង្រៀន​របស់​លោក ហ៊ាង ប៉ូលី ជា​រឿង​អយុត្តិធម៌ និង​ជា​ឃោរឃៅ​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​អី​អត់​មាន​ហេតុផល​ច្បាស់លាស់ ហើយ​អត់​មាន​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​ថា នាង​ខ្ញុំ​ឈ្មោះ​អី ហៅ​ទៅ​ណែនាំ​តាម​សារាចរ​តាម​ក្រសួង​អប់រំ គេ​កំណត់​សោះ»

អ្នកស្រី ចន្ទ ធីតា បន្ថែម​ថា ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បាន​យក​អំណាច​ជា​ប្រធាន​មន្ទីរ​ដក​ឈ្មោះ​គ្រូបង្រៀន និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គ្រូ​ដទៃ​ទៀត​ជាច្រើន​នាក់ ហើយ​ក្រុម​គ្រូបង្រៀន​ទាំងនោះ​បាន​ប្ដឹង​ទាមទារ​រក​យុត្តិធម៌​ច្រើន​ករណី តែ​ពុំ​ទទួល​លទ្ធផល។ អ្នកស្រី​ត្អូញ​ថា ក្រោយ​ពី​ក្រសួង​អប់រំ បាន​ផ្តាច់​ឈ្មោះ​អ្នកស្រី​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន បណ្ដាល​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ម្យ៉ាង​អ្នកស្រី​បាន​ខ្ចី​បុល​ប្រាក់​ខែ​គេ​មុន​ជាច្រើន​លាន​រៀល ដោយ​រំពឹង​ថា​ប្រាក់​ខែ​របស់​ខ្លួន​អាច​ទូទាត់​សង​ត្រឡប់​វិញ។ តែ​ផ្ទុយ​ទៅ​វិញ អ្នកស្រី​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ ហើយ​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល​នោះ​ទេ៖ «បន្ទាប់​ពី​គេ​លុប​ឈ្មោះ​នាង​ខ្ញុំ​ចេញ​ពី​គ្រូបង្រៀន​មក នាង​ខ្ញុំ​អត់​បាន​ធ្វើ​ការងារ​អី​ទេ ព្រោះ​អី​មុខ​របរ​ជា​គ្រូបង្រៀន​ហ្នឹង​ខ្ញុំ​ស្រឡាញ់។ ជីវភាព​ខ្ញុំ​លំបាក​ណាស់ ព្រោះ​អី​ការងារ​ហ្នឹង ខ្ញុំ​ពឹង​តែ​មុខ​របរ​បង្រៀន​ហ្នឹង»

ក្រោយ​ពី​ក្រសួង​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ពលរដ្ឋ​រស់នៅ​ភូមិ​ខាំផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ជាង ១០​គ្រួសារ បាន​ផ្ដិត​មេដៃ​ជំទាស់​សេចក្តី​សម្រេច​នេះ និង​សុំ​ឲ្យ​ក្រសួង​បញ្ចូល​ឈ្មោះ​អ្នកស្រី ចន្ទ ធីតា ជា​គ្រូបង្រៀន​ក្របខ័ណ្ឌ​រដ្ឋ​នៅ​សាលា​បឋម​សិក្សា ខាំផាន់ វិញ។

៣០-វិច្ឆិកា-២០១៦៖ មន្ទីរ​អប់រំ យុវជន និង​កីឡា ខែត្រ​ស្ទឹងត្រែង។ RFA/Men Sothyr
៣០-វិច្ឆិកា-២០១៦៖ មន្ទីរ​អប់រំ យុវជន និង​កីឡា ខែត្រ​ស្ទឹងត្រែង។ RFA/Men Sothyr
RFA/Men Sothyr

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ខាំផាន់ ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត ដែល​បាន​ផ្ដិត​មេដៃ​ជំទាស់​សេចក្តី​សម្រេច​របស់​ក្រសួង គឺ​លោក ប៉ាន់ ឈុន ចាត់​ទុក​ការ​បញ្ឈប់​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ធ្វើ​ឡើង​មិន​សម​ហេតុផល និង​ប្រកាន់​និន្នាការ​បក្ខពួក​និយម។ លោក​អះអាង​ថា ពលរដ្ឋ​ជាង ១០​គ្រួសារ ស្ម័គ្រ​ចិត្ត​ផ្ដិត​មេដៃ​ស្នើ​ឲ្យ​ក្រសួង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ តែ​មក​ទល់​ពេល​នេះ នៅ​តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ៖ «ខ្ញុំ​សុំ​អំពាវនាវ​ខាង​ក្រសួង​អប់រំ និង​រាជ​រដ្ឋាភិបាល​មេត្តា​ជួយ​ដោះស្រាយ​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ថា​មិន​ឲ្យ​ធ្វើ​គ្រូ​ក៏ដោយ ឬ​ផ្លាស់​ទៅ​ណា​ក៏ដោយ ឲ្យ​វា​ចេញ​លទ្ធផល​ខ្លះ​ក្មួយ។ កុំ​ឲ្យ​ថា សំណើ​ស្នើ​ទៅ​ស្ងាត់ឈឹង​ចឹង ធ្វើ​មើល​តែ​មនុស្ស​ហ្នឹង​ដូច​គ្មាន​ក្របខ័ណ្ឌ»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៥ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត​នៃ​ព្រឹទ្ធសភា បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ដោយ​យុត្តិធម៌ និង​សុំ​បញ្ចូល​ឈ្មោះ​អ្នកស្រី ចន្ទ ធីតា ក្នុង​ក្របខ័ណ្ឌ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ខាំផាន់ វិញ ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​ចំណាត់​ការ​នៅ​ឡើយ។

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង លោក ហ៊ាង ប៉ូលី ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន បាន​ផ្តាច់​ទូរស័ព្ទ​នៅ​គ្រា​ដែល​អាស៊ីសេរី ទូរស័ព្ទ​ចូល។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី កត់​សម្គាល់​ថា សមាគម​របស់​អ្នកស្រី បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ហើយ និង​ស្វែងរក​យន្តការ​អន្តរាគមន៍​ទៅ​ក្រសួង ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​នៅ​តែ​ពុំ​មាន​លទ្ធផល។ អ្នកស្រី​យល់​ថា ក្រសួង​អប់រំ គួរ​តែ​ស្រាវជ្រាវ​បញ្ហា​នេះ​ដោយ​ត្រឹមត្រូវ មុន​សម្រេច​លុប​ឈ្មោះ​គ្រូបង្រៀន​តាម​សំណើ​របស់​មន្ទីរ​អប់រំ​ខែត្រ។

អ្នកស្រី​ថា គ្រូបង្រៀន​បច្ចុប្បន្ន​កំពុង​រង​ការ​គាប​សង្កត់​បញ្ហា​ជាច្រើន ជាពិសេស​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​ការ​រើសអើង​បក្ខពួក​បាន​ចាក់ឫស​ជ្រៅ​ក្នុង​ចង្កោម​វិស័យ​អប់រំ បណ្ដាល​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​បំពេញ​កាតព្វកិច្ច​គ្រូបង្រៀន ជាពិសេស​គ្រូបង្រៀន​មួយ​ចំនួន​ត្រូវ​គេ​កាត់​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​អយុត្តិធម៌៖ «ខ្ញុំ​សុំ​ទទូច​ដល់​ក្រសួង​អប់រំ ក៏ដូចជា​រដ្ឋាភិបាល មើល​ការ​ខុស​ត្រូវ​ចំពោះ​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​តែងតែ​យក​បុណ្យ​ស័ក្តិ​របស់​ខ្លួន​ទៅ​គាប​សង្កត់​ដល់​លោកគ្រូ​អ្នកគ្រូ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា ការ​បញ្ឈប់ និង​ការ​ចោទ​ប្រកាន់​ណា​មួយ​បែប​លាប​ពណ៌ ព្រោះ​ពាក់ព័ន្ធ​រឿង​នយោបាយ នឹង​នាំ​មក​នូវ​អំពើ​អយុត្តិធម៌​ច្រើន​ដល់​សង្គម ជាពិសេស​ការ​អនុវត្ត​ការងារ​របស់​មន្ត្រី​ជំនាញ​លើស​ពី​ក្របខ័ណ្ឌ​ច្បាប់។ លោក​យល់​ថា ក្រសួង​អប់រំ មុន​សម្រេច​បញ្ឈប់​នាយិកា គួរ​តែ​ស៊ើប​អង្កេត​ដល់​មូលដ្ឋាន​ផ្ទាល់ កុំ​ជឿ​តែ​របាយការណ៍​របស់​មន្ទីរ​អប់រំ​ខែត្រ ព្រោះ​ប្រសិន​បើ​ការ​ឯកភាព​បញ្ឈប់​នាយក​សាលា​ធ្វើ​ឡើង​ដោយ​មិន​ស៊ើប​អង្កេត​គ្រប់​ជ្រុងជ្រោយ នឹង​បង្ក​ប៉ះពាល់​ជីវភាព​គ្រូបង្រៀន​ធ្ងន់ធ្ងរ ជាពិសេស​រឿង​អយុត្តិធម៌​នឹង​កាន់​តែ​កើន​ឡើង៖ «ទោះ​បី​ជា​គ្រួសារ​គាត់ ឬ​ប្ដី​គាត់​ក៏ដោយ ក៏​យើង​មិន​អាច​ចោទ​ប្រកាន់​គាត់​ថា​ជា​សកម្មជន​របស់​គណបក្ស​នយោបាយ​បាន​ដែរ ហើយ​បើ​គ្រាន់​តែ​ការ​សង្ស័យ ហើយ​បញ្ចប់​អាជីព​ការងារ​របស់​គាត់ ខ្ញុំ​ថា​វា​ជា​រឿង​អយុត្តិធម៌​មួយ​ធ្ងន់ធ្ងរ។ ចំណុច​នេះ​វា​ជា​ចំណុច​ខ្វះខាត​របស់​ថ្នាក់​លើ មិន​ព្រម​ស៊ើប​អង្កេត​នៅ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់ ឬ​មាន​ការ​បញ្ឈប់»

អ្នកស្រី ចន្ទ ធីតា បាន​បម្រើ​ការងារ​ជា​គ្រូបង្រៀន​ខែត្រ​ស្ទឹងត្រែង នៅ​ឆ្នាំ​២០០២ និង​ធ្វើ​ជា​នាយិកា​សាលា​បឋម​សិក្សា ខាំផាន់ តាំង​ពី​ឆ្នាំ​២០១១ មក។

ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​មាត្រា​៦ និង​មាត្រា​៧ ចែង​ថា អ្នក​រាជការ​ម្នាក់ៗ​មាន​សិទ្ធិ​សុំ​មើល​កំណត់​ត្រា និង​ឯកសារ​ផ្សេងៗ​ដែល​ជា​សំណុំ​រឿង​ផ្ទាល់​ខ្លួន មុន​នឹង​ទទួល​ខុស​ត្រូវ​ទណ្ឌកម្ម​ខាង​វិន័យ ឬ​មុន​នឹង​ត្រូវ​ផ្លាស់​មុខងារ​ដោយ​បង្ខំ។ អ្នក​រាជការ​ក្របខ័ណ្ឌ អាច​ដាក់​ឲ្យ​ទៅ​បម្រើ​ការ ឬ​មុខងារ​ក្រៅ​ក្របខ័ណ្ឌ​ដើម​របស់​ខ្លួន​បាន ក្នុង​ករណី​ចាំបាច់ និង​មាន​ការ​យល់ព្រម​ពី​សាមី​ខ្លួន។ អ្នក​រាជការ​ក្របខ័ណ្ឌ មាន​សិទ្ធិ​សុំ​ផ្លាស់​កន្លែង​ធ្វើ​ការ​ទៅ​តាម​ប្ដី ឬ​ប្រពន្ធ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។