រដ្ឋាភិបាលព្រួយបារម្ភចំពោះការកើនឡើងនៃស្ថាប័នហិរញ្ញវត្ថុ
2014.12.05
ការអនុញ្ញាតឲ្យមានការវិនិយោគកាន់តែច្រើនលើស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា នឹងជំរុញឲ្យមានការប្រកួតប្រជែងក្នុងការកាត់បន្ថយអត្រាការប្រាក់។ ទោះបីជាអត្រាការប្រាក់នៅតាមស្ថាប័នហិរញ្ញវត្ថុបានចុះថោកយ៉ាងណាក៏ដោយ តែរាជរដ្ឋាភិបាលកម្ពុជា វិញ នៅតែព្រួយបារម្ភថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា អាចបង្កជាហានិភ័យសម្រាប់សង្គម។
ស្ថាប័នហិរញ្ញវត្ថុ ជាប្រភពទុនមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ជាពិសេសសម្រាប់អ្នកដែលរស់នៅជនបទ សម្រាប់យកទៅប្រកបរបរនានា។ ប៉ុន្តែមានម្ចាស់បំណុលខ្លះ មានលទ្ធភាពសងតិចតួច ដោយសារអតិថិជនទាំងនោះមានបំណុលច្រើនប្រភព ដូចជាខ្ចីលុយពីស្ថាប័នច្រើនដោយពឹងលើវត្ថុបញ្ចាំតែមួយ ឬទំហំឥណទានខ្លះ មិនត្រូវការវត្ថុបញ្ចាំឡើយ។
បញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងព្រួយបារម្ភថា ស្ថាប័នហិរញ្ញវត្ថុដែលកំពុងប្រតិបត្តិការនៅកម្ពុជា បច្ចុប្បន្ន អាចបង្កជាហានិភ័យ ឬបង្កើតជាក្រុមអ្នកងាយរងគ្រោះកាន់តែច្រើន។ ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នៅប្រទេសទាំងអស់បានបង្ហាញថា ទឹកប្រាក់កម្ចីសរុបមានតម្លៃជិត ១០ពាន់លានដុល្លារអាមេរិក បានផ្ដល់ទៅប្រជាពលរដ្ឋជិត ២លានគ្រួសារ។
ការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ច ដដែលបានបង្ហាញទៀតថា ចំនួនអ្នកខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុបានកើនឡើងពី ៩សែននាក់ កាលពីឆ្នាំ២០១១ ដល់ ១លាន ៦សែននាក់នាពេលបច្ចុប្បន្ន។ ចំនួនគ្រឹះស្ថានហិរញ្ញវត្ថុបានកើនឡើងប្រមាណ ៤០ស្ថាប័ន និងចំនួនធនាគារវិញមានចំនួនជាង ១០ស្ថាប័នតែប៉ុណ្ណោះ។ បន្ថែមលើនេះ ទឹកប្រាក់វិនិយោគលើវិស័យមីក្រូហិរញ្ញវត្ថុមាន ១០% នៃទំហំសេដ្ឋកិច្ចជាតិសរុប និងទំហំនៃប្រាក់កម្ចីតំណាង ២០% នៃការឲ្យខ្ចីនៃវិស័យហិរញ្ញវត្ថុកម្ពុជា។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត មានប្រសាសន៍ថា កម្ពុជា កំពុងព្រួយបារម្ភចំពោះការកើនឡើងខ្លាំងនៃវិស័យហិរញ្ញវត្ថុ និងប្រាក់កម្ចី។ ម្យ៉ាងវិញទៀត លោកបញ្ជាក់ទៀតថា ការគ្រប់គ្រងលើវិស័យហិរញ្ញវត្ថុ ហាក់មានការលំបាកដោយសារតែការវិនិយោគរបស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មិនមានការដាក់ប្រាក់បម្រុងសម្រាប់ការពារហានិភ័យ (Reserve Requirement) និងការឲ្យខ្ចីភាគច្រើន មិនទាមទារដាក់វត្ថុបញ្ចាំឡើយ។
លោក វង្សី វិស្សុត មានប្រសាសន៍បន្ថែមទៀតថា ការអង្កេតរបស់ក្រសួងនេះ បានអះអាងថា ហានិភ័យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅពេលអនាគត អាចបណ្ដាលមកពីការកើនលឿនពេកចំពោះវិស័យមីក្រូហិរញ្ញវត្ថុ។ ស្របពេលដែលមានការកើនឡើងនៃវិស័យហិរញ្ញវត្ថុ ចំពោះអត្រាការប្រាក់វិញនៅតែខ្ពស់ ដែលមានអត្រាប្រមាណ ២៥% ជាមធ្យមក្នុងមួយឆ្នាំ។
គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុល មុននឹងឲ្យអតិថិជនខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជៀសវាងការឲ្យខ្ចីជាន់គ្នា។ ម្យ៉ាងវិញទៀត ចំពោះការកាត់បន្ថយអត្រាការប្រាក់វិញ ស្ថាប័នហិរញ្ញវត្ថុទាំងនោះបានអះអាងថា ការកំណត់អត្រាការប្រាក់ គឺអាស្រ័យលើមូលហេតុសំខាន់ពីរ។ ទីមួយ ការប្រាក់នៃប្រភពទុនវិនិយោគ ដែលគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ទាំងអស់ បានខ្ចីពីបរទេស និងទីពីរ ការដាក់ប្រាក់សន្សំរបស់ប្រជាពលរដ្ឋកម្ពុជា នៅមានកម្រិតទាប។
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ប៊ុន មុនី មានប្រសាសន៍ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅជនបទ។ ការកើនឡើងនេះ បានបង្ហាញអំពីការកើនឡើងនៃការទុកចិត្តរបស់អ្នកប្រើប្រាស់។ លោកបញ្ជាក់ថា បើសិនជាមិនមានការវិនិយោគគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ប្រជាពលរដ្ឋកម្ពុជា ត្រូវប្រឈមនឹងការខ្ចីបុលពីឈ្មួញដែលមានអត្រាការប្រាក់មួយខ្ពស់បំផុត។
លោក ប៊ុន មុនី ទទួលស្គាល់ថា ភាពរីកចម្រើនចំពោះការផ្ដល់ហិរញ្ញប្បទានដល់អតិថិជន ក៏អាចកើតមាននូវហានិភ័យដែរ ក្នុងនោះរួមមាន ការសងផលត្រឡប់មិនស្របទៅតាមកាលកំណត់ ឬអតិថិជនមិនមានលទ្ធភាពសងជាដើម។
ការស្រាវជ្រាវដោយការិយាល័យឥណទាននៃកម្ពុជា បានបង្ហាញថា ស្ថានភាពកម្ចី និងប្រាក់សន្សំបានកើនឡើងយ៉ាងហោចណាស់ទ្វេដងនៅរយៈពេលមធ្យមខាងមុខ។ ស្របពេលជាមួយគ្នានេះ ហានិភ័យចំពោះកំណើនស្ថាប័នហិរញ្ញវត្ថុ និងប្រាក់កម្ចី ក៏បានប៉ះពាល់ដល់អតិថិជន ដែលជាអ្នកប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនោះដែរ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អតិថិជនដែលខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនឹងកើនឡើងពីចំនួន ២លាននាក់ដល់ ៣លាន ៣សែននាក់ នៅរយៈពេលដូចគ្នានេះ។ ក្នុងចំណោមអតិថិជនដែលមានអាយុចន្លោះពី ៤០ឆ្នាំទៅ ៤៩ឆ្នាំ ជាក្រុមអតិថិជនដែលខ្ចីលុយច្រើនជាងគេពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ចំពោះការព្យាករនៃការបញ្ចេញប្រាក់កម្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ន មានចំនួន ១លាន ៥សែន និងពីធនាគារពាណិជ្ជមានចំនួន ៤សែនគណនី។ ហើយចំនួននេះ រំពឹងថានឹងកើនឡើងប្រមាណ ១៥០% នៅឆ្នាំ២០២០។
ស្របពេលជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ច និងអ្នកវិភាគអភិវឌ្ឍន៍សង្គមនៅកម្ពុជា ព្រួយបារម្ភថា ភាពរីកចម្រើននេះពិតជាបានជួយប្រជាពលរដ្ឋកម្ពុជា ឬបង្កើតជាហានិភ័យដល់អតិថិជន ដែលអាចធ្វើឲ្យពួកគាត់បាត់បង់ដីធ្លី និងផ្ទះសម្បែងពីហិរញ្ញប្បទានទាំងនោះ។
តាមការប៉ាន់ស្មានដោយស្ថាប័នអភិវឌ្ឍន៍នៅកម្ពុជា រកឃើញថា បច្ចុប្បន្នប្រទេសកម្ពុជា មានក្រុមអ្នកងាយរងគ្រោះកើនឡើងរហូតដល់ ៩លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា សរុប ១៥លាននាក់៕