ក្រសួង​សន្យា​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​៣​ចំណុច​ជូន​កម្មករ​រោងចក្រ​សេរី​នៅ​កំពង់ស្ពឺ

ដោយ អ៊ុំ រង្សី
2016-01-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មការិនី​រោងចក្រ​សេរី (Cerie)  ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី នា​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
កម្មការិនី​រោងចក្រ​សេរី (Cerie) ផ្ដល់​បទ​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី នា​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សន្យា​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ​ចំនួន ៣​ចំណុច ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង ៧​ចំណុច​ដែល​កម្មករ​ទាមទារ ជា​ថ្នូរ​នឹង​ឲ្យ​កម្មករ​រោងចក្រ សេរី (Cerie) ដែល​ឋិត​នៅ​ស្រុក​សំរោងទង វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។ ការ​សន្យា​នេះ នៅ​បន្ទាប់​ពី​កម្មករ​នាំ​គ្នា​ហែ​ក្បួន​តាម​រថយន្ត មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​១៩ មករា។

លក្ខខណ្ឌ​ការងារ ៤​ចំណុច​ទៀត​ដែល​ក្រសួង​ការងារ មិន​ទាន់​សន្យា​ថា នឹង​ដោះស្រាយ​ជូន​កម្មករ​នោះ ដោយសារ​លក្ខខណ្ឌ​ទាំង ៤​ចំណុច​នេះ មិន​សូវ​សំខាន់។

លក្ខខណ្ឌ​ការងារ ៣​ចំណុច​ដែល​ក្រសួង​យល់ព្រម​ដោះស្រាយ​ជូន​កម្មករ​នៅ​ពេល​នេះ រួម​មាន កម្មករ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​ចូល​ធ្វើ​ការ​វិញ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​រំឭក​ពី​ថ្ងៃ​បញ្ឈប់ ដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ និង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​កូដកម្ម។ ក្រសួង​ទទួល​យក​សំណើ​កម្មករ​រោងចក្រ​សម្លៀកបំពាក់​សេរី នេះ នៅ​ក្រោយ​ពេល​កម្មករ​នាំ​គ្នា​ហែ​ក្បួន​តាម​រថយន្ត មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​ឲ្យ​ជួយ​ឲ្យ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ទាំង ៧​ចំណុច។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​មក​ពី​រោងចក្រ​សេរី ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង កញ្ញា ហ៊ឹម សុខឃាង ថ្លែង​ថា ពួក​គេ​ធ្វើ​កូដកម្ម​តាំង​ពី​ដើម​ខែ​មករា តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ។ កញ្ញា​ឲ្យ​ដឹង​ថា ពួក​គេ​មក​តវ៉ា​នៅ​ក្រសួង​នេះ​ពីរ​លើក​មក​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៧​ចំណុច ដែល​ពួក​កម្មករ​យល់​ថា ថៅកែ​រោងចក្រ​នេះ​បាន​រំលោភ​សិទ្ធិ​កម្មករ៖ «ពួក​ខ្ញុំ​ស្នើ​ឲ្យ​កម្មករ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​ចូល​ធ្វើ​ការ​វិញ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​រំឭក​ពី​ថ្ងៃ​បញ្ឈប់ ដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ និង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​កូដកម្ម ស្នើ​ឲ្យ​ថែម​លុយ​ថ្លៃ​បាយ លុយ​ធ្វើ​ដំណើរ ព្រម​ទទួល​លិខិត​ពេទ្យ ទោះ​ជា​សំបុត្រ​ឯកជន​ក៏ដោយ ស្នើ​ឲ្យ​កុំ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ»

ក្រោយ​ពី​មាន​ការ​តវ៉ា​អស់​រយៈពេល​ជាច្រើន​ម៉ោង អគ្គលេខាធិការ​ង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា លោក លី សុធា បាន​បើក​កិច្ច​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ រួម​មាន តំណាង​កម្មករ និង​មន្ត្រី​សហជីព នា​ទីស្ដីការ​ក្រសួង​ការងារ។ ជា​លទ្ធផល​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា លោក លី សុធា បាន​ទទួល​យក ៣​ចំណុច​ក្នុង​ចំណោម ៧​ចំណុច ដែល​កម្មករ​ទាមទារ។ មន្ត្រី​ក្រសួង​ការងារ​រូប​នេះ​អះអាង​ថា ទាំង ៣​ចំណុច​នេះ នឹង​លើក​យក​ទៅ​ពិភាក្សា​រក​ដំណោះស្រាយ​ជាមួយ​ថៅកែ​រោងចក្រ ឬ​តំណាង​និយោជក​នៅ​ថ្ងៃ​ពុធ ទី​២០ មករា។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដែរ កញ្ញា យ៉ុង លាភ សាទរ​ចំពោះ​ការ​សន្យា​ជួយ​ដោះស្រាយ​ជុំវិញ​បញ្ហា​របស់​កម្មករ​នៅ​ពេល​នេះ។ កញ្ញា​រំពឹង​ថា ការ​សន្យា​នេះ​នឹង​មាន​ប្រសិទ្ធភាព ធ្វើ​យ៉ាង​ណា​ក្រសួង​ការងារ ត្រូវ​តែ​ជំរុញ​ទៅ​និយោជក អនុវត្ត​ទៅ​តាម​ច្បាប់ និង​បញ្ឈប់​រាល់​សកម្មភាព​រំលោភ​សិទ្ធិ​កម្មករ​បន្ត​ទៀត៖ «ខ្ញុំ​មិន​ទាន់​ជឿជាក់ ១០០% នៅ​ឡើយ​ថា ក្រសួង​នឹង​ដោះ​លែង​មែន​ក៏​អត់​ទេ តែ​ពួក​យើង​គ្រាន់​តែ​ចង់​ឲ្យ​ក្រសួង​ដែល​ជា​ម៉ែ​ជា​ឪ ជួយ​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់ ដែល​ធ្វើ​ខុស​ទៅ​នឹង​ច្បាប់ ពិសេស​សេចក្តី​ប្រកាស​លេខ​៣០៥ ប៉ុណ្ណោះ»

បើ​ទោះ​ជា​មាន​សន្យា​ពី​ភាគី​ក្រសួង ថា​នឹង​ជួយ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ចំនួន ៣​ចំណុច​ជូន​កម្មករ​បែប​នេះ​ក្តី កម្មករ​ដែល​តវ៉ា​នៅ​តែ​អះអាង​ថា ប្រសិន​បើ​ការ​សន្យា​នេះ​គ្រាន់​តែ​ជា​សន្យា​ខ្យល់ ឬ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ពួក​គេ​នឹង​នាំ​គ្នា​បន្ត​នាំ​ញត្តិ​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ រហូត​ពួក​គេ​ទទួល​បាន​ដំណោះស្រាយ​ជាក់លាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល