សហជីព​ជិត​៤០​រោងចក្រ​ពិគ្រោះ​គ្នា​អំពី​តម្រូវការ​របស់​កម្មករ​ដើម្បី​ចរចា​ប្រាក់​ឈ្នួល

ដោយ ឡេង ម៉ាលី
2017-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​អំពី​តម្រូវការ​របស់​កម្មករ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Leng Maly

ក្រុម​សហព័ន្ធ និង​សហជីព​មូលដ្ឋាន​ជិត ៤០​រោងចក្រ និង​អង្គការ​សមាគម​ពាក់ព័ន្ធ​វិស័យ​ការងារ​មួយ​ចំនួន ជួប​ពិគ្រោះ​យោបល់​គ្នា​លើ​លទ្ធផល​សិក្សា​អំពី​តម្រូវការ​រស់នៅ និង​ការ​ប្រឈម​របស់​កម្មករ។ លទ្ធផល​នេះ គឺ​ការ​ត្រៀម​រៀបចំ​សំណើ ដើម្បី​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៨។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ថ្វី​បើ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ថ្មីៗ​នេះ​ក្ដី ក៏​ក្រុម​សហព័ន្ធ និង​សហជីព​មូលដ្ឋាន​ទាំង​ជិត ៤០​រោងចក្រ មាន​ឯកភាព​គ្នា​ដាក់​តួលេខ​ដោយឡែក​មួយ​សម្រាប់​ចរចា​ប្រាក់​ឈ្នួល​កម្មករ៖ «២២៣,៨៤​ដុល្លារ​ជា​តួលេខ​ចុង ដែល​យើង​បាន​ឯកភាព​អម្បាញ់មិញ។ លេខ​នេះ​ជា​លេខ​មូល​មួយ ដែល​យើង​ត្រៀម​នឹង​ធ្វើ​ការ​ចរចា​ជាមួយ​នឹង​និយោជក និង​រដ្ឋាភិបាល ដើម្បី​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។ ជាង​នេះ​ទៅ​ទៀត អង្គ​ប្រជុំ​ក៏​បាន​ឯកភាព​ថា​មិន​គួរ​យក​តែ​ទឡ្ហីករណ៍​ប្រាក់​ឈ្នួល​សុទ្ធ​ទេ គួរ​តែ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ការ​បន្ថយ ឬ​ការ​ធានា​អំពី​អតិផរណា​ផ្សេងៗ កុំ​ឲ្យ​វា​ឡើង​ខ្ពស់​ពេក។ បើ​សិន​ជា​ឡើង​មិន​ខ្ពស់ បាន​ន័យ​ថា​ប្រាក់​ឈ្នួល​យើង​អាច​មាន​ល្មម យើង​អាច​ចាយ​គ្រាន់ តែ​បើ​ឡើង​ខ្ពស់ ទោះ​បី​ឡើង​ទៅ​ទៀត ក៏​ពិបាក»

នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២០ សីហា បាន​សរសេរ​ថា ចំនួន​រោងចក្រ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ដែល​បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ ហើយ​ក្នុង​នោះ​ប្រាក់ខែ​ក៏​ត្រូវ​បាន​ដំឡើង​ជា​បន្តបន្ទាប់ ដែល​នៅ​ឆ្នាំ​២០១៨ តិច​បំផុត គឺ​អាច​ឡើង​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត គឺ​ច្រើន។

លោក អាត់ ធន់ បញ្ជាក់​ថា ការ​ដាក់​តួលេខ​ចំនួន ២២៣,៨៤​ដុល្លារ ដើម្បី​ចរចា​នេះ គឺ​បន្ទាប់​ពី​សហភាព​ការងារ​កម្ពុជា ផ្អែក​លើ​ការ​ស្រាវជ្រាវ​តម្រូវការ ៧​ចំណុច​របស់​កម្មករ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​សមរម្យ៖ «ចុង​ក្រោយ​នេះ គឺ​យើង​រក​ឃើញ​លេខ​១៩៥ គឺ​សម្រាប់​កម្មករ​និយោជិត​ចំណាយ ដោយ​ឥត​គិត​ការ​ផ្ញើ​ទៅ​ផ្ទះ ៣៨​ដុល្លារ​ទេ។ បើ​សិន​ជា​យើង​គិត​ការ​ផ្ញើ​ទៅ​ផ្ទះ​ទៀត គឺ​២២៣»

ទន្ទឹម​គ្នា​នេះ ប្រធាន​សហជីព​ខ្លះ​ដូចជា​លោក ប៊ុន វណ្ណ ដែល​បាន​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​នៅ​រសៀល​ថ្ងៃ​ទី​២៤ សីហា ក៏​លើក​ដែរ​ថា សហភាព​ការងារ​កម្ពុជា គួរ​តែ​ទាមទារ​ឲ្យ​មាន​ការ​ការពារ​អតិផរណា​ដែរ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី​សង្កត់​ធ្ងន់​ចំពោះ​ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល​ឲ្យ​កម្មករ៖ «នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ខែ​មករា នឹង​មក​ដល់​ហើយ។ អ៊ីចឹង​ត្រូវ​គេ​ថា​បិទ​ក្រោល​សេះ មុន​នឹង​សេះ​ចេញ​ផុត។ អ៊ីចឹង​ខ្ញុំ​អំពាវនាវ​ក្នុង​នាម​រាជ​រដ្ឋាភិបាល ទៅ​ចំពោះ​ម្ចាស់​ផ្ទះ​សំណាក់​ទាំងអស់ សុំ​មេត្តា​យោគយល់ និង​សុំ​កុំ​មើល​ឃើញ​ថា​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា​ជូន​កម្មករ គឺ​ជា​សាច់​ជ្រូក​បី​ជាន់​សម្រាប់​អស់​លោក​អ្នក»

ការ​វាយ​តម្លៃ​លើ​បញ្ហា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ការងារ​ត្រីភាគី គឺ​ភាគី​ថៅកែ​រោងចក្រ ភាគី​សហជីព​កម្មករ និង​ភាគី​រាជ​រដ្ឋាភិបាល ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ស្រប​ពេល​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​តិច ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​សហជីព​ដាក់​ចំនួន ២២៣,៨៤​ដុល្លារ ត្រូវ​បាន​លោក អាត់ ធន់ បញ្ជាក់​ថា ជា​ការ​ធ្វើ​តាម​យន្តការ និង​គោលការណ៍​ចរចា​ប្រាក់​ឈ្នួល​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ការងារ​ត្រីភាគី។ លោក​ថា តួលេខ និង​ចំណុច​ទាមទារ​ដែល​ខាង​ភាគី​សហជីព​សម្រេច​នេះ លោក​នឹង​ចងក្រង​ជា​របាយការណ៍​យក​ទៅ​ចរចា​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ការងារ​ត្រីភាគី នៅ​ខែ​កញ្ញា និង​ខែ​តុលា ខាង​មុខ។ ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កំណត់​ថ្មី នឹង​ត្រូវ​ចាប់​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល