សហជីព​កម្មករ​ស្នើ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​តម្លៃ​រថយន្ត​ឈ្នួល​ឲ្យ​មាន​ប្រសិទ្ធភាព​អំឡុង​ភ្ជុំបិណ្ឌ

ដោយ ទេព សុរ៉ាវី
2014.09.16
ពលករ​ត្រឡប់​ពី​ថៃ ៦១០ ស្ថានភាព​ពលករ​ខ្មែរ​ដែល​ឆ្លង​ពី​ទឹក​ដី​ថៃ ជិះ​ឡាន​តាក់ស៊ី​ត្រឡប់​ទៅ​ស្រុក​កំណើត ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៤។
Photo Provided

សហជីព​កម្មករ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់ ស្នើសុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព លើ​គោល​នយោបាយ​បញ្ចុះ​តម្លៃ​រថយន្ត​ឈ្នួល​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ភ្ជុំបិណ្ឌ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​បើក​រថយន្ត​ឈ្នួល និង​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ដំឡើង​ថ្លៃ​សេវា​ដឹក​អ្នក​ដំណើរ ចាប់​ពី​ចុង​សប្ដាហ៍​នេះ រហូត​ដល់​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​រួច។

ដូច​រាល់​ឆ្នាំ​ដែរ សម្រាប់​ឆ្នាំ​នេះ សាលា​រាជធានី​ភ្នំពេញ ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ទាំងអស់ កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ពី​អ្នក​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​បណ្ដា​ខេត្ត​នានា ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ ក៏ប៉ុន្តែ វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព ខណៈ​ដែល​ម្ចាស់​ក្រុមហ៊ុន និង​រថយន្ត​ដឹក​អ្នក​ដំណើរ​ខ្លះ បាន​ត្រៀម​ដំឡើង​ថ្លៃ​រួច​ជា​ស្រេច។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា កត់សម្គាល់​ថា នៅ​ពេល​រដូវ​បុណ្យទាន​ធំៗ​របស់​ជាតិ​មក​ដល់ ដូចជា​បុណ្យ​ចូលឆ្នាំ​និង​បុណ្យ​ភ្ជុំបិណ្ឌ ម្ចាស់​រថយន្តឈ្នួល​និង​អាជីវករ​ តែង​ដំឡើង​ឈ្នួល​រថយន្ត​និង​ទំនិញ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​កម្មករ​និយោជិត​ជួប​ការ​លំបាក ទាំង​ការ​ធ្វើ​ដំណើរ​និង​ទិញ​សម្ភារៈ ដោយសារ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់។

លោក ប៉ាវ ស៊ីណា អំពាវនាវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជួយ​ទប់ស្កាត់​បញ្ហា​នេះ និង​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​កម្មករ​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​បាន​គ្រប់ៗ​គ្នា៖ «កាលណា​តែ​បង​ប្អូន​តៃកុង​ឡាន​ឈ្នួល​ទាំង​អស់ ឬ​អាជីវករ​ទាំង​អស់​ធ្វើការ​ដំឡើង​ថ្លៃ​វា​ធ្វើ​ឲ្យ​គាត់ (កម្មករ) កាន់​តែ​ជួប​ប្រទះ​នឹង​ការ​ចំណាយ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សូម​អំពាវនាវ​ដោយ​ទឹក​ចិត្ត ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា សូម​ឲ្យ​គាត់​មេត្តា​យល់​ដល់​បង​ប្អូន​កម្មករ​ខ្មែរ​ដោយសារ​តែ​គាត់​កំពុង​តែ​ខ្វះខាត»

ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ កញ្ញា។ កម្មករ​និយោជិត​ទាំង​អស់​នឹង​ត្រូវ​ឲ្យ​ឈប់​សម្រាក​រយៈពេល ៣​ថ្ងៃ។ ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ កំណត់​ឲ្យ​ខាង​រោងចក្រ​សហគ្រាស ត្រូវ​បើក​ប្រាស់​ឈ្នួល​ឲ្យ​កម្មករ​ឲ្យ​បាន​មុន​បុណ្យ​ភ្ជុំបិណ្ឌ។ តែ​បើ​គ្មាន​លទ្ធភាព​អាច​ឲ្យ​ខ្ចី​ប្រាក់​មុន​យ៉ាង​តិច ៥០​ភាគរយ។

លោក ប៉ាវ ស៊ីណា គិត​ថា ប្រាក់ខែ​តិចតួច​នោះ កម្មករ​ត្រូវ​ចំណាយ​ច្រើន​ហួសហេតុ​ទៅ​លើ​ថ្លៃ​ធ្វើ​ដំណើរ នៅ​ពេល​ដែល​សេវា​ដឹកជញ្ជូន​ត្រូវ​ដំឡើង​ខ្ពស់។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា ខាង​អាជ្ញាធរ​ខណ្ឌ​ទាំង​អស់​បាន​ព្យាយាម​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​នេះ តាម​រយៈ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​បណ្ដា​ក្រុមហ៊ុន​រថយន្ត​ក្រុង​ទាំង​អស់ និង​រថយន្ត​ឈ្នួល​តាម​បេនឡាន​នានា កុំ​ឲ្យ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ កុំ​ឲ្យ​ខុស​បទដ្ឋាន​បច្ចេកទេស និង​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត។

យ៉ាង​ណា​លោក​បញ្ជាក់​ថា ទាំង​រដ្ឋាភិបាល​និង​សាលា​រាជធានី​ភ្នំពេញ មិន​មាន​សិទ្ធិ​ទប់ស្កាត់ ឬ​លូក​ដៃ​កំណត់​តម្លៃ​អាជីវកម្ម​នានា​ក្នុង​របប​ទីផ្សារ​សេរី​បាន​ឡើយ៖ «អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន គឺ​យើង​ជា​ថ្នាក់​រដ្ឋបាល​ក្រោម​ជាតិ ដូច្នេះ​យើង​មិន​អាច​មាន​សិទ្ធិ​ទៅ​លូកដៃ ហើយ​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ក៏​ដូចគ្នា​ដែរ យើង​គ្មាន​គោលនយោបាយ​ណា​ទៅ​លូកដៃ​កំណត់​តម្លៃ​របស់​ការ​ប្រកប​អាជីវកម្ម​នានា​ក្នុង​របប​ទីផ្សារ​សេរី​បាន​ទេ។ អ៊ីចឹង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​យើង​ព្យាយាម​ទប់ស្កាត់​ខាង​ក្រុមហ៊ុន​ទាំង​អស់​ហ្នឹង​កុំ​ឲ្យ​ឡើង​ថ្លៃ»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​យន្តការ​នៃ​ការ​គ្រប់គ្រង​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវគោក​បាន​ហៅ​ការ​លើក​ឡើង​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ ថា​គឺ​ជា​ផ្នែក​មួយ​ហាក់​មិន​មាន​ការ​ទទួល​ខុស​ត្រូវ។

បញ្ហា​នោះ​គឺ​នៅ​ត្រង់​ថា តើ​មាន​មូលហេតុ​អ្វី​បាន​ជា​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ប្រឆាំង​នឹង​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ?

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គីមអេង អះអាង​ថា មាន​មូលហេតុ ៤​យ៉ាង ដែល​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ក្រុង និង​ម្ចាស់​រថយន្ត​ឈ្នួល​អាច​បំពាន​លើ​គោលការណ៍​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ នេះ​បាន។ ទី​១ ដោយសារ​តែ​អាជ្ញាធរ​គ្មាន​ការ​គ្រប់គ្រង​ច្បាស់លាស់។ ទី​២ នៅ​ក្នុង​គោលការណ៍​វិនិយោគ​លើ​វិស័យ​ដឹក​ជញ្ជូន រាជរដ្ឋាភិបាល​ពុំ​មាន​សិទ្ធិ​លូកដៃ​ក្នុង​ការ​កំណត់​តម្លៃ​ឡើង​ចុះ​បាន។ ទី​៣ ម្ចាស់​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នក​ដំណើរ​ច្រើន​តែ​ជា​អ្នកមាន​បណ្ដា​ស័ក្ដិ​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​មាន​មន្ត្រី​ខ្នង​ក្រាស់​នៅ​ពីក្រោយ​នៃ​ការ​វិនិយោគ​នោះ និង​ទី​៤ អាជ្ញាធរ​ពុំ​មាន​ឆន្ទៈ​ប្រើ​ច្បាប់​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ឡើងថ្លៃ​នេះ ជា​ជាង​គ្រាន់​តែ​ចេញ​សេចក្ដី​អំពាវនាវ ឬ​វិធានការ​អត់​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​តែ​ល្អ​មើល និង​បិទ​បាំង​ការ​ពិត​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក យង់ គីមអេង៖ «គឺ​តម្លៃ​នឹង​ឡើង​នៅ​ពេល​ណា​បុណ្យទាន អ៊ីចឹង​អាជ្ញាធរ​ត្រូវ​តែ​ដាក់​កម្រិត​ពេល​បុណ្យទាន ប្រសិនបើ​ក្រុមហ៊ុន​ឡាន​ក្រុង​ណា​ឡើង​ថ្លៃ គឺ​អាជ្ញាធរ​អាច​បញ្ចប់​វិញ្ញាបនបត្រ​របស់​ក្រុមហ៊ុន​នោះ»

ជុំវិញ​ការ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​នេះ អ្នក​រត់​ឡាន​ឈ្នួល​ពី​ភ្នំពេញ ទៅ​ក្រចេះ​ម្នាក់ គឺ​លោក ណាត ឲ្យ​ដឹង​ថា ប្រសិនបើ​លោក​មិន​ដំឡើង​ថ្លៃ​ទេ​នោះ គឺ​លោក​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ឡើយ ដោយសារ​តែ​ពេល​នោះ ខាង​បេនឡាន​បាន​ដំឡើង​ថ្លៃ​បេន ២០​ដុល្លារ ហើយ​មាន​កុងត្រូល​ប៉ូលិស ដាក់​ជា​ហូរហែ​តាម​ផ្លូវ​ស្អេកស្កះ​យក​លុយ​ថែម​ទៀត។ លោក​ប្រាប់​ថា តម្លៃ​ធម្មតា​ភ្នំពេញ ទៅ​ក្រចេះ ម្នាក់ ២​ម៉ឺន​រៀល តែ​តម្លៃ​នេះ​អាច​នឹង​ឡើង​ថ្លៃ ២​ម៉ឺន ៥​ពាន់​រៀល ដល់ ៣​ម៉ឺន​រៀល ចាប់​ពី​ចុង​សប្ដាហ៍​នេះ រហូត​ដល់​ចុង​សប្ដាហ៍​ក្រោយ។

តំណាង​ក្រុមហ៊ុន​ភ្នំពេញ សុរិយា និង​ជា​ប្រធាន​សមាគម​រថយន្តក្រុង លោក ឆឹម ចំណាន ប្រាប់​ថា ខាង​សមាគម​រថយន្តក្រុង​មិន​បាន​ប្រជុំ​ជជែក​ពិភាក្សា​ពី​ការ​កំណត់​ថ្លៃ​ឈ្នួល​រថយន្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ទេ។

លោក​បន្ត​ថា ក្រុមហ៊ុន​ខ្លះ​អាច​ដំឡើង​ថ្លៃ​តាម​តែ​អាច​ធ្វើ​ទៅ​រួច​តែ​ត្រូវ​ស្ថិត​ក្នុង​កម្រិត​សមរម្យ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ក៏​ត្រៀម​ដំឡើង​ថ្លៃ​សេវា​ដឹក​អ្នក​ដំណើរ​ចន្លោះ​ពី ៥​ពាន់ ទៅ ១​ម៉ឺន​រៀល​បន្ថែម​លើ​តម្លៃ​ធម្មតា​ទៅ​តាម​ផ្លូវ​ជិត​ឬ​ផ្លូវ​ឆ្ងាយ៖ «បង​ប្អូន​គាត់​ទៅ​តាម​បណ្ដា​ខេត្ត​ច្រើន ប្រសិនជា​ត្រឡប់​មក​វិញ​អត់​មាន​មនុស្ស​មក គឺ​មាន​ការ​ឡើង​ថ្លៃ​ខ្លះ​ហើយ»

យ៉ាង​ណា​កន្លង​មក ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​កាល​ពី​ឆ្នាំ​មុន ពិសេស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក មាន​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​អ្នក​ដំណើរ​ខ្លះ ថា​ក្រុមហ៊ុន​រថយន្ត​ក្រុង​មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​ទ្វេដង​សម្រាប់​មនុស្ស​ម្នាក់។ ការ​ឡើង​ថ្លៃ​ឈ្នួល​នោះ ហាក់​ធ្វើ​ផ្គើន​ចំពោះ​សេចក្ដី​ណែនាំ ឬ​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ទប់ស្កាត់​មិន​ឲ្យ​យក​ថ្លៃ​ខ្ពស់​ក្នុង​ថ្ងៃបុណ្យ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។