ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីលៀម ហេដថ៍ (William Heidt) ជំរុញឲ្យយុវជនកម្ពុជា ផ្ដោតលើជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ដែលជាតម្រូវការក្នុងទីផ្សារការងារកម្ពុជា បច្ចុប្បន្ន និងទីផ្សារសេដ្ឋកិច្ចអាស៊ាន។
លោកលើកឡើងបែបនេះ នៅក្នុងសន្និបាតអប់រំរបស់សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ធ្នូ ដោយលោកលើកទឹកចិត្តឲ្យយុវជនកម្ពុជា ចាប់អារម្មណ៍លើជំនាញទាំងនេះ ដោយលោកមើលឃើញពីគម្លាតខ្លាំងរវាងជំនាញដែលយុវជនកម្ពុជា មាន និងតម្រូវការជាក់ស្ដែងក្នុងទីផ្សារការងារបច្ចុប្បន្ន។
ក្នុងសន្និបាតអប់រំនោះដែរ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក យក់ ង៉ុយ ចាត់ទុកកង្វះខាតជំនាញទាំងនេះ ថាជាបញ្ហាប្រឈមចម្បងរបស់យុវជនកម្ពុជា ក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
មន្ត្រីក្រសួងអប់រំ រូបនេះអះអាងថា ដើម្បីបំពាក់យុវជននូវជំនាញទៅតាមតម្រូវការទីផ្សារ ក្រសួងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើបញ្ហានេះ ដោយលោកថា ក្រសួងត្រូវការចំណាយពេលវេលាច្រើន ហើយទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។