កម្ពុជា​បញ្ជូន​ជនជាតិ​វៀតណាម​១៥២​នាក់​ទៅ​ប្រទេស​ខ្លួន​វិញ

ដោយ ឡេង ម៉ាលី
2014.10.02
វៀតណាម មណ្ឌលគិរី ៦១០ សមត្ថកិច្ច​ប៉ូលិស​ខេត្ត​មណ្ឌលគិរី រៀបចំ​ដឹក​ជញ្ជូន​ទណ្ឌិត​វៀតណាម ដែល​ចូល​កាប់​ឈើ​ក្នុង​ទឹក​ដី​កម្ពុជា ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​បាន​រួច​ទោស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
Adhoc Photo

នៅ​ឯ​ខេត្ត​ស្វាយរៀង អាជ្ញាធរ​កម្ពុជា បាន​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន ១៥២​នាក់ ទៅ​ប្រទេស​កំណើត​វិញ តាម​ច្រកព្រំដែន នៅ​ថ្ងៃ​ទី​១ តុលា។

ព័ត៌មាន​លើ​គេហទំព័រ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ផ្សាយ​ថា ជន​ជាតិ​វៀតណាម​ទាំង ១៥២​នាក់ ដែល​បញ្ជូន​ចេញ​នោះ គឺ​ក្នុង​ចំណោម ២៤០​គ្រួសារ ដែល​អាជ្ញាធរ​ធ្វើ​ជំរឿន និង​រក​ឃើញ​ថា បាន​មក​ជួល​ផ្ទះ​ស្នាក់​នៅ និង​ធ្វើ​ការ​ក្នុង​ខេត្ត​ស្វាយរៀង ដោយ​ខុស​ច្បាប់ និង​គ្មាន​ឯកសារ។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ឧត្តម​សេនីយ៍ឯក ម៉ម ស៊្រីមវណ្ណា បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​បាន​ធ្វើ​ជំរឿន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​ចំនួន ៧​ស្រុក ក្នុង​ចំណោម ៨​ស្រុក​នៃ​ខេត្ត​នេះ។ ក្រុម​ការងារ​នឹង​ធ្វើ​នៅ​ទី​៨ គឺ​ក្រុង​បាវិត។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក នុត ប៊ូពិនណារ័ត្ន មាន​ប្រសាសន៍​ថា ជនជាតិ​វៀតណាម​ទាំង ១៥២​នាក់​នោះ គឺ​បញ្ជូន​ចេញ​តាមច្រក​ព្រំដែន​បាវិត៖ «គេ​ធ្វើ​នៅ​ក្រុង​បាវិត ម្សិលមិញ។ ប៉ុន្តែ អ្នក​ដែល​ធ្វើ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង នេះ គឺ​គេ​ស្រង់​បាន ចំនួន តែ​អត់​ទាន់​បាន​គោលការណ៍​បញ្ជូន​ទេ។ អ៊ីចឹង​ម្សិលមិញ​នេះ បញ្ជូន​អ្នក​នៅ​ក្រុង​បាវិត អ្នក​ដែល​ឆ្លង​ចូល​មក​អត់​ច្បាប់ ហើយ​គេច​នៅ​នៅ​ក្រុង​បាវិត​ហ្នឹង។ អ៊ីចឹង​គេ​ធ្វើ​ស្ថិតិ​ហើយ ហើយ​គេ​បញ្ជូន​ទៅ​ម្សិលមិញ អ៊ីចឹង​បាន​ខាង​ខេត្ត​អត់​ដឹង ដោយសារ​គេ​ធ្វើ​ហើយ​ភ្លាម​បញ្ជូន​ទៅ​ភ្លាម ១៥០​នាក់​ហ្នឹង ឱ្យ​ដើរ​ឆ្លង​ទៅ​វិញ»

គេហទំព័រ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នាយ លោក សុខ ផល ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​និរទេស​ជន​បរទេស​ជាង ២០០​នាក់​ហើយ ក្នុង​រយៈ​ពេល ២​ខែ​កន្លង​មក។ អ្នក​ទាំង​នោះ រួម​មាន ជនជាតិ​ស្បែក​ស ស្បែក​ខ្មៅ ជនជាតិ​វៀតណាម ថៃ និង​ចិន ជា​ដើម។ ការ​បញ្ជូន​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​របស់​អាជ្ញាធរ​កម្ពុជា។

លោក សុខ ផល មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា អាជ្ញាធរ​ចាត់​វិធានការ​តាម ៣​របៀប ដែល​មាន​ទី​១ ត្រួត​ពិនិត្យ​ជន​អន្តោប្រវេសន៍​ដែល​មាន​ឯកសារ​ហួស​សុពលភាព។ ទី​២ យើង​ស្ទង់​មតិ​អ្នក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ឯកសារ ហើយ​ទី​៣ យើង​ចាត់​វិធានការ​លើ​អ្នក​ដែល​មិន​មាន​ឯកសារ ហើយ​បញ្ជូន​ត្រឡប់​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។