អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ចាប់​ផ្ដើម​ចុះ​ឈ្មោះ​អាជីវករ​លក់​ដូរ​សេរី​នៅ​ផ្សារ​លើ

ដោយ ជិន ជេដ្ឋា
2014.09.18
អាជីវករ​កំពង់ឆ្នាំង ៦២០ ក្រុម​អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​ជើង​ផ្សារ​លើ ចុះ​ឈ្មោះ និង​ផ្ដល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ដើម្បី​បាន​ចូល​ទៅ​លក់​ដូរ​កន្លែង​ចាស់​របស់​ខ្លួន​វិញ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Chin Chetha

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ចាប់​ផ្ដើម​ចុះ​ឈ្មោះ និង​ប្រមូល​ព័ត៌មាន​ពី​ក្រុម​អាជីវករ​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​ជើង​ផ្សារ​លើ ជាង ៤០០​នាក់ ឬ​កន្លែង។ ក្រុម​អាជីវករ​មួយ​ចំនួន មាន​ការ​សប្បាយ​ចិត្ត និង​ខ្លះ​បារម្ភ​ខ្លាច​មិន​បាន​ចូល​ទៅ​លក់​ដូរ​នៅ​កន្លែង​ដើម​វិញ ដោយសារ​តែ​អាជ្ញាធរ​មិន​ទាន់​បែង​ចែក​ទីតាំង និង​កំណត់​ថ្ងៃ​ឲ្យ​ពួក​គាត់​ចូល​លក់​ដូរ​វិញ​ច្បាស់​លាស់។

ការ​លំបាក​នៅ​កន្លែង​លក់​ដូរ និង​លក់​ខាត​ចុង​ខាត​ដើម​របស់​ក្រុម​អាជីវករ​លក់​ដូរ​សេរី​នៅ​ផ្សារ​លើ បាន​កើត​មាន​ជាង​បី​ខែ​មក​ហើយ គឺ​បន្ទាប់​ពី​ពួក​គេ​រុះរើ​តូប​ចេញ​ពី​ទីតាំង​អម​សង​ខាង​ផ្សារ ដើម្បី​ឲ្យ​គម្រោង ចៃកា (Jica) ប្រទេស​ជប៉ុន ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ជំនន់។ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ប្ដេជ្ញា​រៀបចំ​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​នៅ​ក្បែរ​ផ្សារ ព្រម​ទាំង​រៀបចំ​ឲ្យ​ក្រុម​អាជីវករ បាន​ចូល​ទៅ​លក់​ដូរ​នៅ​កន្លែង​ដើម​វិញ ដោយ​មាន​សណ្ដាប់ធ្នាប់​ល្អ បន្ទាប់​សំណង់​ប្រព័ន្ធ​លូ និង​ទីធ្លា​លក់​ដូរ ត្រូវ​បាន​ស្ថាបនា​រួច។

ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង លោក ម៉ាលី ពិសិដ្ឋ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ថា រយៈពេល​មួយ​ថ្ងៃ​កន្លះ​នៃ​ការ​ចុះ​ឈ្មោះ និង​ប្រមូល​ព័ត៌មាន​បន្ថែម​ពី​ក្រុម​អាជីវករ បាន​ចំនួន​ជិត​ពាក់​កណ្ដាល​ក្នុង​ចំណោម​អាជីវករ​សរុប​ជាង ៤០០​នាក់ ឬ​កន្លែង ហើយ​ការ​ចុះ​ឈ្មោះ​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។

លោក​ថា គម្រោង​ស្ថាបនា​ប្រព័ន្ធ​លូ​នៅ​អម​សង​ខាង​ផ្សារ អាច​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ពេល​នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ធ្វើ​ការ​បែង​ចែក​ទីតាំង ឲ្យ​ស្រប​ទៅ​នឹង​ចំនួន​អាជីវករ​ជាក់ស្ដែង បើ​ទោះ​បី​ជា​អាជីវករ​នោះ​ធ្លាប់​លក់​ដូរ​មួយ​ថ្ងៃ​ពេញ ឬ​តែ​មួយ​ព្រឹក​ក៏ដោយ៖ «គាត់​មិន​លក់​ពេញ​រយៈពេល​មួយ​ថ្ងៃ ហើយ​អ៊ីចឹង​ទៅ​មាន​ការ​ព្រួយ​បារម្ភ ប៉ុន្តែ​សាលា​ក្រុង​របស់​ខ្ញុំ​នេះ រៀបចំ​ឲ្យ​គាត់​មាន​កន្លែង​លក់​ដូរ​ត្រឹមត្រូវ មិន​ថា​គាត់​លក់​មួយ​ភ្លែត ឬ​ក៏​លក់​មួយ​ថ្ងៃ​យ៉ាង​ណា​ក៏ដោយ ព្រោះ​ដើម្បី​ឲ្យ​សោភ័ណភាព​របស់​ក្រុង​យើង​មើល​ទៅ​វា​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ កុំ​ឲ្យ​មាន​ភាព​លក់​រតេតរតូត​ពេញ​ណា​ពេញ​ណី​នៅ​លើ​ដង​ផ្លូវ​អ៊ីចឹង​ទៅ​ណា​បង»

ក្រុម​អាជីវករ​សប្បាយ​ចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​អាជ្ញាធរ និង​នាំ​គ្នា​មក​ចុះ​ឈ្មោះ ឬ​ផ្ដល់​ព័ត៌មាន​អំពី​ការ​លក់​ដូរ​របស់​ខ្លួន​ជា​ហូរហែ តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

អាជីវករ​ម្នាក់ ឈ្មោះ វ៉ាន ស្រីឡូត ឲ្យ​ដឹង​ថា សព្វថ្ងៃ​អ្នកស្រី​លក់​ផ្លែ​ឈើ​ប្រជ្រៀត​គ្នា​នៅ​ប៉ែក​ខាង​ក្រោយ​ផ្សារ រង់ចាំ​គេ​ស្ថាបនា​ប្រព័ន្ធ​លូ​រួច នឹង​អាល​បាន​ចូល​មក​លក់​នៅ​កន្លែង​ដើម​វិញ។ អ្នកស្រី​សង្ឃឹម​ថា នឹង​បាន​ចូល​លក់​នៅ​កន្លែង​ដើម​ត្រឹមត្រូវ​វិញ​ក្នុង​ពេល​ឆាប់ៗ បើ​ទោះ​បី​ជា​ដំណាក់​កាល​នៃ​ការ​រៀបចំ​កន្លែង​លក់​ដូរ​មិន​ទាន់​ហើយ​ទាំង​ស្រុង៖ «មាន​យល់​ឃើញ​យ៉ាង​ម៉េច បើ​គ្រាន់​ថា​ខ្ញុំ​ជា​អាជីវករ​លក់​ដូរ។ ដល់​ពេល​គេ​ហៅ​អ៊ីចឹង មក​ចុះ​ឈ្មោះ​លក់​ដូរ​អ៊ីចឹង បាន​កន្លែង​អ៊ីចឹង សប្បាយ​ចិត្ត។ និយាយ​ទៅ​វា​អត់​លំបាក​ប៉ុន្មាន​ទេ បើ​ធម្មតា​លក់​ដូចៗ​តែ​គ្នា គ្រាន់​តែ​វា​ចង្អៀត​ជាង​មុន​អី​បន្តិច វា​ពិបាក​មិន​សូវ​ដូច​មុន កន្លែង​យើង​អត់​សូវ​មាន បន់​ឲ្យ​តែ​បាន​កន្លែង​ហ្នឹង​ធឹង​មួយ​លក់​ដូរ​អ៊ីចឹង គ្រាន់​ស្រួល»

យ៉ាង​ណា មាន​អាជីវករ​ខ្លះ​មិន​សប្បាយ​ចិត្ត និង​នៅ​តែ​បារម្ភ​ខ្លាច​មិន​បាន​ចូល​ទៅ​លក់​នៅ​កន្លែង​ដើម​វិញ ដោយសារ​តែ​អាជ្ញាធរ​មិន​ទាន់​អាច​កំណត់​ពេល​វេលា​ចូល​លក់ និង​ការ​រៀបចំ​កន្លែង​លក់​ដូរ​សម្រាប់​ពួក​គាត់​យ៉ាង​ណា​ច្បាស់​លាស់៖ «ពេល​នេះ​មិន​ទាន់​សង្ឃឹម​ថា​ប៉ុណ្ណា​ទេ មិន​ទាន់​ដឹង​នៅ​ឡើយ។ សព្វថ្ងៃ​កំពុង​លក់ៗ​អត់​កន្លែង​លក់ បើ​អ៊ីចឹង​ជីវិត​ខ្ញុំ​រក​ស៊ី​រាល់​ថ្ងៃ​សង្ឃឹម​នឹង​ការ​លក់​ដូរ បើ​ចេះ​តែ​រត់​ចុះ​រត់​ឡើង​អ៊ីចឹង។ សង្ឃឹម ៥០ ទៅ ៦០​ភាគរយ (បាន​កន្លែង​លក់​ដូរ) ព្រោះ​អត់​ទាន់​ដឹង​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ដែរ ពិបាក​ណាស់​រើ​ចុះ​រើ​ឡើង ឥឡូវ​ផ្អាក​លក់​សិន​លក់​អីវ៉ាន់​បន្តិចៗ​គ្រាន់​ចិញ្ចឹម​កូន»

បច្ចុប្បន្ន ក្រុម​អាជីវករ​ដែល​មាន​តូប​លក់​ដូរ​សេរី​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​ជាង ៤០០​កន្លែង កំពុង​លក់​ដូរ​នៅ​តាម​មុខ​ផ្ទះ​គេ និង​ខ្លះ​ចល័ត​ទីតាំង​របស់​ខ្លួន​ចុះ​ឡើង បន្ទាប់​ពី​ក្រុម​ការងារ​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឲ្យ​រុះរើ​តូប ដើម្បី​ចាប់​ផ្ដើម​ការងារ​ស្ថាបនា​ជាង ៣​ខែ​មក​ហើយ។ នៅ​ក្នុង​រយៈពេល​នេះ មាន​អាជីវករ​ជាច្រើន​នាក់​ត្អូញត្អែរ​ពី​ការ​លក់​ដូរ​មិន​សូវ​ដាច់ និង​ខាត​ចុង​ខាត​ដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។