កម្មករ​រោងចក្រ​វ៉ីបូ​បេស្ត​ប្រូដាក់សិន​តវ៉ា​ទាមទារ​បើក​ប្រាក់​ខែ​ដោយសារ​ក្រុមហ៊ុន​បិទ​ទ្វារ

ដោយ ថា កិត្យា
2016-01-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កម្មករ​រោងចក្រ​វ៉ីបូ បេស្ត ប្រូដាក់សិន (Weibo Best Production Cambodia) ប្រមាណ ២០០​នាក់​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទក់ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
កម្មករ​រោងចក្រ​វ៉ីបូ បេស្ត ប្រូដាក់សិន (Weibo Best Production Cambodia) ប្រមាណ ២០០​នាក់​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទក់ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ខែ​ជូន​ពួក​គាត់ នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
RFA/Tha Kitya

កម្មករ​រោងចក្រ​វ៉ីបូ បេស្ត ប្រូដាក់សិន (Weibo Best Production Cambodia) ប្រមាណ ២០០​នាក់ បាន​ធ្វើ​កូដកម្ម ៣​ថ្ងៃ​ហើយ​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទក់ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ បើក​ប្រាក់​ខែ​ជូន​ពួក​គាត់។

តំណាង​កម្មករ​ម្នាក់​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​វ៉ីបូ ប្រូដាក់សិន មិន​បាន​បើក​ប្រាក់​ខែ​ក្នុង​ខែ​១២ នៅ​ឡើយ ហើយ​បាន​បិទ​ទ្វារ​រោងចក្រ។ ស្ត្រី​រូប​នេះ​បន្ថែម​ថា ប្រាក់​ខែ​របស់​ពួក​គាត់ បើ​បូក​ទាំង​ថែម​ម៉ោង អ្នក​ខ្លះ​បាន ២០០​ដុល្លារ​ដែរ ប៉ុន្តែ​បែរ​ជា​ក្រុមហ៊ុន​បិទ​ទ្វារ​មិន​ទទួល​ខុស​ត្រូវ បណ្ដាល​ឲ្យ​ពួក​គាត់​កំពុង​ជួប​ការ​ខ្វះខាត​ជីវភាព៖ «ខ្ញុំ​សូម​សំពះ​លោក​ដៃ​អង្វរ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ មេត្តា​អាណិត​ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​ក្រុមហ៊ុន​នោះ បើក​លុយ​ឲ្យ​ពួក​ខ្ញុំ​កម្មករ​គ្រប់​គ្នា។ បង​ប្អូន​នៅ​ផ្ទះ​ជួល​ខ្លះ​គ្មាន​លុយ​ទិញ​អី​ហូប​ទេ គ្មាន​លុយ​សង​គេ​ទេ»

ក្រៅ​ពី​នេះ កម្មករ​ទាំងអស់​ក៏​ទាមទារ​ឲ្យ​ក្រុមហ៊ុន បញ្ជាក់​ឲ្យ​ច្បាស់​ថា ក្រុមហ៊ុន​ដំណើរ​ការ​បន្ត ឬ​ក៏​បិទ​ទ្វារ ហើយ​បើ​បិទ​ទ្វារ ត្រូវ​ទូទាត់​តាម​ផ្លូវ​ច្បាប់​ជូន​កម្មករ និង​កម្មការិនី ព្រម​ទាំង​សង​ប្រាក់​រំឭក​អត្ថប្រយោជន៍​ទាំងឡាយ​ដែល​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ជូន​កម្មករ​កន្លង​មក។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ប្រធាន​ប្រតិបត្តិការ​នៃ​សហជីព​ពលកម្ម​កម្ពុជា លោក ឆែ សំអាត លើក​ឡើង​ថា ការ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​កម្មករ ហើយ​មិន​បើក​ប្រាក់​ខែ​ជូន​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​និង​រំលោភ​ច្បាប់​របស់​កម្ពុជា ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ដើម្បី​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុម​សហជីព​អះអាង​ថា ភាគី​ក្រុមហ៊ុន​ហាក់​គ្មាន​ឆន្ទៈ​ដោះស្រាយ​ឡើយ ដោយ​អះអាង​ថា គ្មាន​ថវិកា។

ក្រុម​សហជីព រួម​ជាមួយ​កម្មករ​អះអាង​ថា បើ​ពុំ​មាន​ដំណោះស្រាយ​នោះ​ទេ ពួក​គាត់​នឹង​បន្ត​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ដើម្បី​សុំ​ឲ្យ​ចុះ​ធ្វើ​អធិការកិច្ច និង​វាយ​តម្លៃ​លើ​អចលនវត្ថុ ដើម្បី​លក់​យក​លុយ​មក​បើក​ប្រាក់​ឈ្នួល​ជូន​កម្មករ​ចំនួន​ជាង ១​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ទៅបើកពីអាសហជីពរៀងៗខ្លួនទៅ!!!។ នៅមានរោងចក្រច្រើនទៀតនឹងបិតទ្វា ចាំមើលនរណាជាអ្នកវេទនា?

Jan 13, 2016 02:04 AM

គេហទំព័រ​ទាំងមូល