ពលរដ្ឋ​៤១​គ្រួសារ​នៅ​ភូមិ​សន្ទូច​ខេត្ត​កំពង់ឆ្នាំង​ព្រមាន​តវ៉ា​នៅ​សាលា​ស្រុក​សុំ​បើក​ផ្លូវ​ដើរ​១​ខ្សែ

ដោយ ជិន ជេដ្ឋា
2017-02-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ភូមិ​សន្ទូច ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​បើក​ផ្លូវ​ដើរ​មួយ​កន្លែង។ រូបថត​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha
ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ភូមិ​សន្ទូច ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​បើក​ផ្លូវ​ដើរ​មួយ​កន្លែង។ រូបថត​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Chin Chetha
RFA/Chin Chetha

មន្ត្រី​រាជការ និង​ពលរដ្ឋ​រស់នៅ​ភូមិ​សន្ទូច ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង គ្រោង​លើក​គ្នា​ទៅ​សាលា​ស្រុក ដើម្បី​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​បើក​ផ្លូវ​ដើរ​មួយ​កន្លែង។ ការ​ព្រមាន​លើក​គ្នា​ទៅ​សាលា​ស្រុក​នេះ បន្ទាប់​ពី​បណ្ដឹង​ភ្ជាប់​ស្នាម​មេដៃ​ចំនួន ៤១​គ្រួសារ​របស់​ពួក​គេ ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ដោះស្រាយ​មិន​ចេញ ហើយ​ភាគី​ធ្វើ​របង​បិទ​ផ្លូវ​នៅ​តែ​ប្រកាន់​ជំហរ​មិន​រុះរើ​របង។

អ្នក​ភូមិ​សន្ទូច ចោទ​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​រស់នៅ​ភូមិ​ជាមួយ​គ្នា ថា​បាន​ធ្វើ​របង​បិទ​ផ្លូវ​ក្នុង​ភូមិ​ដែល​ពលរដ្ឋ​ធ្លាប់​ដើរ​ឆ្លង​កាត់​តាំង​ពី​ឆ្នាំ​១៩៧៩ ហើយ​ថែម​ទាំង​ចិញ្ចឹម​ជ្រូក​ជាច្រើន​ក្បាល​បង្ក​ក្លិន​ស្អុយ​ជះ​មក​លើ​អ្នក​ភូមិ​ទៀត​ផង។ ក្រុម​អ្នក​ភូមិ​ស្នើ​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ជួយ​ដោះស្រាយ​បញ្ហា​ទាំង​ពីរ​នេះ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​បណ្ដឹង​តវ៉ា​របស់​ពួក​គេ បាន​បញ្ជូន​ទៅ​សាលា​ស្រុក​ហើយ។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​រលាប្អៀរ លោក សូ គឹមយ៉ាន ដែល​បាន​ផ្ដិត​មេដៃ​ក្នុង​ពាក្យ​ប្ដឹង​សុំ​អន្តរាគមន៍​ជាមួយ​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ​ទៀត​នោះ ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ថា អ្នក​ភូមិ​ប្រតិកម្ម​នឹង​បុគ្គល​ឈ្មោះ គី សំណាង ក្រោយ​ពី​ធ្វើ​របង​ថ្ម​រឹងមាំ​រំលោភ​យក​ដី​ផ្លូវ​សាធារណៈ។ មុន​នឹង​ធ្វើ​របង​រឹងមាំ​នេះ មាន​ពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ទៅ​ហាមឃាត់​ដែរ តែ​លោក គី សំណាង មិន​ស្ដាប់៖ «ប្រជាពលរដ្ឋ​នេះ​មាន​សុំ​ស្អី? សុំ​តែ​ឲ្យ​គាត់​បើក​ផ្លូវ​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា​ដើរ មិន​ថា​គាត់ កូន​គាត់ ចៅ​គាត់ ដល់​ទី​បញ្ចប់ គាត់​ថា​អត់​ឲ្យ។ ផ្លូវ​ហ្នឹង​តាំង​ពី​បរមបូរាណ​មក ប្រជាពលរដ្ឋ​ដើរ​ទៅ​ស្ទូង ដើរ​ទៅ​ស្អី​អ៊ីចឹង​ទៅ​ណា»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក ងិន សំអាត ថា​ក្រុម​អ្នក​ភូមិ​នឹង​ឡើង​ទៅ​ដោះស្រាយ​នៅ​ថ្នាក់​ស្រុក​ទៀត ហើយ​សង្ឃឹម​ថា​ទទួល​បាន​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ។ លោក​ថា អ្នក​ភូមិ​ជាច្រើន​ទៀត​ក៏​រង​ផល​ប៉ះពាល់​ពី​ក្លិន​ស្អុយ​ចេញ​ពី​ទ្រុង​ជ្រូក​របស់​ឈ្មោះ គី សំណាង ដែល​មិន​បាន​ដាក់​លូ ឬ​កន្លែង​ផ្ទុក​លាមក​ជ្រូក​ឲ្យ​បាន​ត្រឹមត្រូវ ទើប​ពលរដ្ឋ​មិន​ពេញ​ចិត្ត​លោក គី សំណាង កាន់​តែ​ខ្លាំង៖ «ប៉ះពាល់​ច្រើន​ណាស់​គាត់​ហ្នឹង​ណា! អា​ហ្នឹង​ក៏​សំណូមពរ​ដែរ ព្រោះ​វា​ជះ​ក្លិនរក​តែ​គ្នា​ហូប​ចុក​អី​ក៏​អត់​កើត​ដែរ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោក គី សំណាង ដើម្បី​ឆ្លើយតប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

ជំទប់​ទី​២ ឃុំ​ស្រែថ្មី លោក ផង់ ផាត ដែល​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​នេះ ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ជួប​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​ពីរ​លើក ភាគី​ចុង​ចម្លើយ គឺ​លោក គី សំណាង នៅ​តែ​មិន​ព្រម​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ដោយ សំអាង​ថា របង​ធ្វើ​អស់​លុយ​ច្រើន ហើយ​ផ្លូវ​នោះ​អ្នក​ភូមិ​ខាន​ដើរ​ច្រើន​ឆ្នាំ​ហើយ៖ «បើ​និយាយ​ទៅ​ដោះស្រាយ​ពីរ​លើក​ហើយ វា​អស់​សមត្ថភាព​នឹង​ដោះស្រាយ​ទៀត។ គេ​អត់​ចុះ​សម្រុង​នឹង​គ្នា។ អ៊ីចឹង​ក្នុង​នាម​ខ្ញុំ​បាន​តែ​សម្របសម្រួល អត់​មាន​វះ​កាត់​អី​បាន ហើយ​បាន​បញ្ជូន​ទៅ​លើ ទៅ​ស្រុកមើល​ឃើញ​ជាក់ស្ដែង​កន្លែង​បិទ​ហ្នឹង​ប្រជាពលរដ្ឋ​គាត់​ថា​វា​ត្រូវ​ដែរ»

លោក ផង់ ផាត បញ្ជាក់​ថា ដី​ផ្លូវ​ដែល​កំពុង​មាន​ជម្លោះ​នោះ​មាន​ប្រវែង​ប្រហែល ២០​ម៉ែត្រ និង​ទទឹង ៤​ម៉ែត្រ។ មុន​ដោះស្រាយ​ជម្លោះ លោក​បាន​ចុះ​ពិនិត្យ​មើល​ផ្លូវ​នេះ ឃើញ​ពិត​ជា​ផ្លូវ​ចាស់​បុរាណ​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល